ទំព័រដើមទំនៀមទម្លាប់បុរាណរពាក់និងប្រយោជន៍ក្នុងហត្ថកម្ម

រពាក់និងប្រយោជន៍ក្នុងហត្ថកម្ម

រពាក់​ឬនិយាយរត់មាត់ថា “ល្ពាក់” គឺជា​ពពួក​រុក្ខ​ជាតិ​វល្លិតូចៗ​ មានបន្លាល្អិតៗ មាន​​ផ្លែ​ទុំ​ហូប​បាន។ នៅក្នុង​ចំណាត់ថ្នាក់រុក្ខជាតិ គេចាត់ទុក​រពាក់ក្នុង​សន្តាន​ពពួក​ផ្តៅ តែ​វា​មាន​​​​ដើម​តូចជាងផ្តៅ​ មានប្រវែងជា​មធ្យម​​ប្រហែល​២ ទៅ៤ម៉ែត្រ។ ជាទូទៅ​រពាក់​​​ដុះ​នៅ​ដំបូក គម្ពោត ឬ​ដុប​​ព្រៃ​​តូចៗតាម​វាល​ស្រែតំបន់ទំនាប ឬជាប់មាត់​ព្រៃ​​របោះ។ ក្នុង​សង្គម​ខ្មែរគេ​យកដើម​រពាក់ប្រើ​ជា​​ប្រយោជន៍​បាន​យ៉ាង​ច្រើនដូចជា​ ​ធ្វើ​​ខ្នួច ​ឬ​ចំណង ឬជាពិសេសប្រើ​​​​ក្នុង​ការងារ​​ហត្ថកម្ម ត្បាញ​ វេញ​ ឬក្រង​តាម​ចំណេះរៀងៗខ្លួន ឱ្យ​កើត​​បានជា​វត្ថុប្រើ​ប្រាស់​ផ្សេងៗ​​មាន​ជា​អាទិ​ ជាល ត្រក​ បង្គី​ ឈ្នាង ​វត្ថុតាំងលម្អ​ផ្ទះ និង​ប្រើ​​ជា​ផ្នែក​ខ្លះ​នៃគ្រឿង​សង្ហារិម​​​ជាដើម។ វត្ថុ​កើត​​ចេញ​ពី​រពាក់​ទាំង​អស់នេះ គឺជាចំណែក​យ៉ាង​សំខាន់​​ក្នុង​ចំណូល​គ្រួសារ​​របស់​អ្នក​ស្រុក ក្រៅ​ពី​ការងារ​​ស្រែចម្ការ។ ប៉ុន្តែបច្ចុប្បន្ន កត្តា​បរិស្ថាន​​និង​ការ​រាន​ដី​​យ៉ាង​រហ័ស​ គឺ​​ជា​ចំណោទ​នៃ​កង្វះ​​រពាក់។

រពាក់ គឺជាពពួក​​វល្លិបន្លា​ស្ថិត​ក្នុងអំបូរផ្តៅ ទាំងស្លឹក ទាំងដើម និងផ្លែមានរូបរាង​ដូច​ផ្តៅ គ្រាន់តែរពាក់​តូចជាងផ្តៅ ហើយ​មាន​ឈ្មោះ​​វិទ្យាសាស្រ្ត​ថា “​Calamus salicifolius Bec”។ ជា​ទូទៅ​​ដើម​រពាក់​មាន​ទំហំ​ប៉ុន​​ចុងចង្កឹះ ឬ​តូច​ជា​ងនោះ​ក៏មាន​ ហើយ​ដើម​​​ស្រួយជាង​ផ្តៅបន្តិច។​​​ ផ្លែ​រពាក់​ខ្ចីមានសម្បកពណ៌បៃតង មានរសជាតិចត់ខ្លាំង។ ឈាន​ចូលដល់​ដើមរដូវក្តៅ (រវាង​ខែមីនា ឬមេសា) ផ្លែរពាក់​ចាប់ផ្តើម​ទុំ​ សម្បក​ប្រែពណ៌​លឿង​ស្រាល ​សាច់​ខាងក្នុង​ទៅជាពណ៌ត្នោត ឬខ្មៅ ហើយ​មាន​រសជាតិ​ផ្អែម​​លាយ​​ចត់​​តិចៗ។ ប៉ុន្តែដើម្បីបន្ថយជាតិចត់ និង​បង្កើនរសជាតិឱ្យ​ត្រូវមាត់ គេ​​អាច​​បក​​សម្បក​ចេញ ហើយក្រឡុក​ជាមួយ​អំបិល​ម្ទេស​ក៏បាន។ ក្នុង​រដូវ​រពាក់​ទុំនេះ អ្នក​​​ស្រុក​​តំបន់​ខ្លះ​​តែង​​បេះយក​ទៅ​ចង​ចង្កោម​លក់​តាមផ្សារជា​ហូរហែ។

ដោយឡែក បើមើលតាម​តម្រាក្បួនថ្នាំ​បុរាណ ​គេតែង​យក​ឫសរពាក់​ផ្សំនឹងឫស​រុក្ខជាតិ​ផ្សេងៗ​​ទៀត ​​មាន​គុណប្រយោជន៍​ព្យាបាល​ជំងឺ​ប្រគ្រីវ។ មិនតែប៉ុណ្ណោះ នៅក្នុង​ឯកសារ​​​ស្តីពី​រុក្ខ​ជាតិ​ឱសថកម្ពុជា​ឱ្យដឹងថា រពាក់​​ក៏​មាន​​​គុណ​ប្រយោជន៍​​ព្យាបាល​​រោគ​ស្រ្តី​​ក្រោយ​ឆ្លង​ទន្លេ​ ជួយ​ឱ្យ​បាយឆ្ងាញ់ ព្យាបាល​លើស​ឈាម គ្រុន​ចាញ់ និង​ជំងឺថ្លើម​​ដែរ។​ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ បើមើល​ចំពោះ​សារៈ​ប្រយោជន៍​​​រពាក់​ក្នុង​ការប្រើ​ប្រាស់​ទូទៅ និង​ការងារ​ហត្ថកម្ម​ផ្សេងៗ គេឃើញ​មាន​ច្រើន​បែប​ណាស់ ពោលគឺ​អាស្រ័យ​ដោយ​ចំណេះ​​​ច្នៃប្រើ​ប្រាស់។​ ចំណេះ​​ហត្ថកម្មផ​លិត​សម្ភារៈទាំងនេះ អ្នកស្រុកតែង​សង្កេត ស្វែង​​យល់​ និងរៀន​បន្តគ្នា​ក្នុងគ្រួសារ ឬក្នុង​ភូមិស្រុក​ជុំវិញគ្នា​ជាធម្មតា ហើយ​អ្វី​ដែល​យើង​គួរ​សង្កេត​ សូម្បី​តែ​កិច្ចការ​ហត្ថកម្ម​សិស្ស​​សាលា​ជំនាន់មុន ក៏តែងឃើញ​គ្រូតម្រូវ​ឱ្យសិស្ស​ត្បាញ ឬធ្វើ​របស់​ប្រើប្រាស់​ផ្សេងៗ​ដែល​គ្រួសារ​របស់ខ្លួនចេះ យកទៅប្រើក្នុងសាលាដែរ​។ ជាការ​ពិត រពាក់ច្រើន​ដុះតាម​ដំបូក ឬគម្ពោត​ព្រៃដីទំនេរក្បែរ​ៗភូមិអ្នក​ស្រុក តែ​ដោយ​កត្តា​តម្រូវការ​ខ្ពស់ អ្នកភូមិ​ខ្លះត្រូវ​ចំណាយ​ពេល​ទៅកាប់​រពាក់​ពី​តំបន់​​​ឆ្ងាយ​យក​មក​​ប្រើប្រាស់។ បច្ចុប្បន្នមាន​ករណីអ្នកស្រុក​តំបន់អង្គរ​មួយ​​ភាគ​ធំ ច្រើន​តែ​ឆ្លង​ទៅរក​រពាក់​​​​​ដល់​​​តំបន់ខ្លះ​នៃស្រុក​ប្រាសាទ​បាល័ង្ក ខេត្ត​កំពង់​ធំ សម្រាប់យកទៅផ្គត់ផ្គង់​ការ​ត្បាញ​​​សម្ភារៈ​ប្រើ​ប្រាស់​តម្រូវ​​​​​ទីផ្សារ។ ចំពោះការងារ​បោចរពាក់នេះ ជាទូទៅគេ​ច្រើន​រក​នៅ​ខែប្រាំង ផុត​ពី​ការងារ​​​ស្រែ​​​ចម្ការ។ ជា​ធម្មតា ​គេតែងកាប់និង​សម្អាត​បន្លា​នៅនឹង​គុម្ព​រពាក់​​ឱ្យ​​ស្រេច ទើប​គេចងជា​បាច់តូចៗល្មម​ជញ្ជូន​យកទៅ​ផ្ទះ។ លុះ​ដឹក​ជញ្ជូន​​ដល់ផ្ទះហើយ គេត្រូវ​រក្សា​​​​ទុក​បាច់រពាក់ទាំងនោះនៅក្នុង​ម្លប់ ដើម្បីបង្ការ​កុំឱ្យ​រពាក់​ស្ងួត​ពេក នាំឱ្យស្រួយ​​មិន​អាច​ប្រើបាន។

ចំពោះសម្ភារៈ​ប្រើប្រាស់​ទាំងឡាយ ​ដែល​កើត​ពីការ​ត្បាញ ឬក្រង​រពាក់មាន​ច្រើន​​បែប​​ច្រើនសណ្ឋាន​ណាស់ ​ពោលគឺ​អាស្រ័យ​លើគំនិត​បញ្ញា​របស់អ្នកត្បាញចេះ​ច្នៃ​បង្កើត​​​ឡើង។ មិន​តែប៉ុណ្ណោះ រពាក់ក៏ប្រើ​ជា​ផ្នែក​ខ្លះនៃសង្ហារិមដែរ​ ជាពិសេសគេអាច​ប្រើ​រពាក់​​ផ្សំ​ជា​មួយ​ផ្តៅ ឫស្សី ឬវល្លិថ្នឹងដូចជា កៅអី ឬ​សាឡុង។​ លើស​ពីនេះក្នុង​រយៈ​ពេល​ចុង​ក្រោយ​ គេសង្កេតឃើញ​មាន​អង្គការ​ខ្លះ​ចុះ​ប្រមូល​ផ្តុំ​អ្នកភូមិ​ជា​ក្រុម ហើយ​បង្ហាត់​បង្រៀន​​គំរូ ឬទម្រង់​វត្ថុ​ប្រើប្រាស់ថ្មីៗជា​ច្រើន​ទៀត​ដែល​អាច​​ត្បាញ ឬក្រងចេញពីរពាក់។ វត្ថុ​ទាំង​អស់នោះ គេ​ដឹង​ថា​ខ្លះ​សម្រាប់​លក់ដូរ​ក្នុង​ស្រុក ហើយ​​មួយ​ចំនួន​ទៀត​​មាន​ឈ្មួញ​ដើរ​ប្រមូល​ទិញ​នាំទៅលក់​ក្រៅ​ស្រុក។

សម្ភារៈប្រើប្រាស់ផ្សេងៗត្បាញពីរពាក់ (ប្រភព៖ ជីវៈចម្រុះនៃប្រទេស​កម្ពុជា)

ការប្រើប្រាស់​វត្ថុ​ផ្សេងៗ​ត្បាញ ឬក្រងអំពីរពាក់​ គេសង្កេត​​ឃើញមាន​ច្រើន​នៅ​តាម​ផ្ទះ ឬ​វត្ត​អារាម​តាម​តំបន់​​ស្រុក​ស្រែ​ចម្ការ​។ សម្ភារៈ​ខ្លះ ជា​វត្ថុ​ដែល​យើង​សង្កេត​ឃើញ​​​អ្នក​ស្រុក​ប្រើ​ប្រាស់​តាំងពី​ដើម​មក​ដូចជា កំប្រោង​ ត្រកដាក់​ត្រី កញ្ច្រែង​ដាក់​នំ​បញ្ចុក បង្គី​ ឬ​ឈ្នាង​ជញ្ជាត់ត្រី​ (ខ្លះធ្វើ​ពីឫស្សី) ជាដើម។ ​​​ប៉ុន្តែ​វត្ថុ​ខ្លះទៀត កើត​ពី​ការ​សង្កេត​ រៀនសូត្រ​ច្នៃបន្ថែម​ឱ្យ​កើត​ជា​រូប​រាង​ប្លែកៗ​​តម្រូវ​តាម​ទីផ្សារ និង​ការ​រីក​ចម្រើន​សព្វថ្ងៃ​ដូចជា ប្រអប់​ក្រដាស​​ជូត​មាត់ បំពង់​ដាក់​​ប៊ិច គម្រប​​សម្រាប់​គ្រប​ម្ហូបអហារ កញ្ច្រែងដាក់​ចាន​ ឬកន្រ្តក​ដាក់​សម្លៀកបំពាក់។ ជាក់ស្តែង​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​រដ្ឋបាល​ស្រុក​បន្ទាយ​ស្រី នៃ​ខេត្ត​សៀម​រាប​ បាន​ច្នៃ​ត្បាញ​ធុង​សំរាម​អំពី​រពាក់ ដែល​ជា​ផ្នែក​មួយ​ជួយ​ដល់​បរិស្ថាន និង​ការ​លើក​តម្លៃ​សម្ភារៈ​ហត្ថកម្ម​របស់​អ្នក​ស្រុក។ លើសពីនេះ គេ​​សម្គាល់​​ឃើញ​​វត្ថុ​​ត្បាញ​ពីរពាក់​មាន​តម្លៃ​សមរម្យ និង​ប្រើប្រាស់​បាន​យូរ។

សង្ខេប​សេចក្តីមក រពាក់​ជា​រុក្ខជាតិ​មាន​ប្រយោជន៍​ច្រើ​ន​ក្នុង​សង្គម​ខ្មែរ ជាពិសេស​នៅក្នុង​ការងារ​ហត្ថកម្ម ត្បាញ  ឬក្រង​ជា​វត្ថុ​ប្រើប្រាស់​ផ្សេងៗ និង​លក់​ដូរ​ទៅក្នុង​ទីផ្សារ​ជិត​ឆ្ងាយ​នានា។ ប៉ុន្តែ​បច្ចុប្បន្ន ការថយ​ចុះ​ព្រៃរពាក់​ជា​មូលហេតុ​ធំ​នៃ​ការ​ឈាន​ទៅ​​បាត់​បង់​ការ​ផ្ទេរ​ចំណេះដឹង​ហត្ថ​កម្ម​បែបប្រពៃណី​នៅក្នុង​គ្រួសារ និង​សហគមន៍ ស្រប​នឹង​កំណើន​នៃវត្ថុ​ប្រើប្រាស់​ជំនួស​ដែល​ផលិត​ពី​ជ័រ និងលោហៈ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត


[1] សូមអាន៖ ឆែម គាត រឹទ្ធី និ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!