ទំព័រដើមប្រវត្តិសាស្ត្រតើហ្វូណនដើរតួនាទីដូចម្តេចខ្លះក្នុងការសាយភាយ និងការអភិវឌ្ឍន៍ព្រហ្មញ្ញសាសនា ន...

តើហ្វូណនដើរតួនាទីដូចម្តេចខ្លះក្នុងការសាយភាយ និងការអភិវឌ្ឍន៍ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនានៅកម្ពុជាបុរាណ?

ហ្វូណន គឺជាឈ្មោះរដ្ឋដែលគេស្គាល់ក្នុងកំណត់ត្រារបស់ឯកអគ្គរាជទូតចិន ដែលបានមកទស្សនាស្រុកខ្មែរក្នុងសតវត្សរ៍ទី៣ ដោយបានរៀបរាប់អំពីអារ្យធម៌ ស្តេច និងរឿងរ៉ាវផ្សេងៗ។ យោងតាមទិន្នន័យបុរាណវិទ្យានាពេលថ្មីៗនេះ គេជឿថា ហ្វូណន គឺជាទីក្រុងនយោបាយដ៏សំខាន់មួយ ដែលបានលេចចេញមុនពេលឥណ្ឌានីយកម្ម ហើយក្រោយមកបានក្លាយជារដ្ឋដំបូងគេនៅអាស៊ីអាគ្នេយ៍ដីគោក។ ហ្វូណនមានទីតាំងសំខាន់ៗចំនួនពីរ ដែលទីតាំងទាំងពីរហ៊ុមព័ទ្ធជុំវិញដោយកសិន្ធុ និងជញ្ជាំងឥដ្ឋ ក្នុងនោះមានក្រុងអង្គរបូរី (៣០០ ហិកតា) និងក្រុងកំពង់ផែអូរកែវ (៤៥០ ហិកតា)។ អូរកែវ គឺជាទីតាំងកំពង់ផែសមុទ្រដ៏សំខាន់មួយ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់អាចមើលឃើញពីអាស៊ីខាងត្បូង អាស៊ីកណ្តាល និងចក្រភពរ៉ូមបុរាណ។ ដូច្នេះហើយ ឥទ្ធិពលនៃសាសនាធំៗពីររបស់ប្រទេសឥណ្ឌា គឺព្រះពុទ្ធសាសនា និងសាសនាហិណ្ឌូ ប្រហែលជាបានចូលមកក្នុងសង្គមកម្ពុជាមុនគេ តាមរយៈផ្លូវសមុទ្រទៅកាន់អូរកែវ។ អ្នកប្រាជ្ញជាច្រើនពន្យល់ថា នៅចន្លោះចុងសតវត្សន៍ទី៦នៃគ.ស ហ្វូណនបានដួលរលំតាមរយៈវិបត្តិសេដ្ឋកិច្ចនៃពាណិជ្ជកម្មដែនសមុទ្រដោយសារតែការរកឃើញផ្លូវសមុទ្រថ្មីនៅស្រីវិជ័យ និងស៊ូម៉ាត្រា ហើយបានផ្លាស់ទៅមជ្ឈមណ្ឌលនយោបាយថ្មីមួយនៅភាគខាងជើង នៃប្រទេសដែលស្គាល់ដោយកំណត់ហេ​តុរបស់ចិនហៅឈ្មោះខ្មែរថា “ចេនឡា”។ ទោះជាយ៉ាងណាក៏ដោយ វាកាន់តែមានការណែនាំថា សាសនាទាំងពីរដែលទទួលឥទ្ធិពលពីឥណ្ឌាមិនធ្លាក់ចុះដូចហ្វូណននោះទេ។ អត្ថបទខ្លីនេះនឹងជជែកវែកញែកថា ហ្វូណនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយឥទ្ធិពលព្រះពុទ្ធសាស​នា និងព្រហ្មញ្ញសាសនានៅក្នុងសង្គមកម្ពុជា តាមរយៈការជ្រៀតចូលសាសនាទៅក្នុងសង្គមមនុស្សជនជាតិដើមរបស់ខ្មែរក្នុងទម្រង់នៃ “មូលដ្ឋានីយកម្ម” និងបានរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងសម័យបុរាណថែមទៀតផង។

ប្រវត្ដិវិទូជាច្រើនជឿថា ក្នុងសម័យដើម ផ្លូវពាណិជ្ជកម្មតាមផ្លូវសមុទ្ររវាងអាស៊ីខាងត្បូង អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ បាននាំទំនិញពីអាស៊ីខាងត្បូង ចក្រភពរ៉ូម ចក្រភពសាសានៀន និងចិនចូលអាស៊ីអាគ្នេយ៍ដីគោក ហើយទំនិញពីអាស៊ីអាគ្នេយ៍ក៏បាននាំចេញទៅវិញតាមរយៈផ្លូវពាណិជ្ជកម្មនេះដែរ។ ដូច្នេះ ហ្វូណន ដែលមានទីតាំងនៅតំបន់ដីសណ្តទន្លេមេគង្គ ជាមួយនឹងកំពង់ផែសមុទ្រអូរកែវ ជាមជ្ឈមណ្ឌលសំខាន់ និងតំបន់ផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ដីគោក ហាក់ដូចជាបានភ្ជាប់ជាមួយអាស៊ីខាងត្បូង ទាំងផ្នែកពាណិជ្ជកម្ម និងមនោគមវិជ្ជា។ ជាក់ស្តែង នៅចន្លោះឆ្នាំ ១៩៥៩ និង ១៩៦៣ លោក Malleret បានធ្វើកំណាយផ្នែកបុរាណវិទ្យា ដោយបានរកឃើញភស្តុតាងនៃការផលិតសិប្បកម្ម និងទំនិញដែលនាំចូលពីអាស៊ីខាងត្បូង ព្រមទាំងកាក់មួយចំនួនដែលផលិតនៅចក្រភពរ៉ូម៉ាំង និងសាសានៀនថែមទៀតផង។ ព័ត៌មាន​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​អូរ​កែវ និង​ឈ្មួញ​ខាងក្រៅ​តាម​ផ្លូវ​សមុទ្រ។ ដោយសារអូរកែវជាកំពង់ផែសមុទ្ររបស់  ហ្វូណន អ្នកប្រាជ្ញខ្លះបានលើកឡើងថា ហ្វូណនគឺជារដ្ឋនយោបាយដែនសមុទ្រស្រដៀងនឹងក្រុងស្រីវិជ័យដែរ។

គួរកត់សម្គាល់ថា ហ្វូណនបានពង្រីកគោលនយោបាយផ្លូវទឹករបស់ភ្ជាប់ទៅទីតាំងដែល   សំខាន់ៗជុំវិញកំពង់ផែ ជាពិសេស គឺយើងមានប្រឡាយប្រវែង ៧០ គីឡូម៉ែត្រ តភ្ជាប់ពីអូរកែវទៅអង្គរបូរី។ ប្រព័ន្ធប្រឡាយជាច្រើននៅអង្គរបូរី និងអូរកែវ ត្រូវបានគេជឿថា អាចជីកឡើងមុនពេលសញ្ញាដំបូងនៃ «ឥណ្ឌានីយកម្ម» បានលេចឡើង។ តាមរយៈប្រព័ន្ធទឹកនេះ វាអាចជាផ្នែកមួយដែលអាចមើលឃើញនៃការផ្លាស់ប្តូរទំនិញក្នុងស្រុក និងទំនាក់ទំនងមនុស្សពីតំបន់សំខាន់ៗនៃហ្វូណនទៅកាន់តំបន់ជាច្រើនទៀត។ ជាឧទាហរណ៍ យោងតាមលោកស្រី Carter  ពន្យល់ថា អង្កាំថ្មដែលប្រើនៅតំបន់ដីសណ្តទន្លេមេគង្គ ក៏មានប្រើប្រាស់នៅភាគពាយព្យប្រទេសកម្ពុជា និងភាគឦសានប្រទេសថៃដែរ។ លោកស្រី Stark និងលោក Manguin បានពន្យល់ថា ហ្វូណន មិនមែនជាការតម្រង់ទិសដែនសមុទ្រយ៉ាងតឹងរឹង ឬបង្កើតឡើងពីខាងក្រៅនោះទេ ហើយវាមិនមែនជារដ្ឋឯករាជ្យដូចឯកសារចិនបានអះអាងនោះទេ។

គេដឹងថា ហ្វូណន គឺជារដ្ឋដែលជាប់ទាក់ទងជាមួយប្រទេសចិន ដូចដែលបានបង្ហាញដោយកំណត់ត្រាចិននៅសតវត្សទី៣ និងទី៦។ ប៉ុន្តែ​ភស្តុតាង​ផ្នែកបុរាណវិទ្យាអំពី​ទំនាក់ទំនង​រវាង​ហ្វូណន និងរាជវង្ស​វូ​នៃ​ប្រទេស​ចិន​មាន​កម្រិតតិចតួចនៅឡើយ។ ជាឧទាហរណ៍ ទំនិញរបស់ចិន ដូចជាសូត្រ ដែលគេអះអាងថាលក់ដូរនៅហ្វូណន ពុំមាននៅសល់ដានទុកសម្រាប់ការសិក្សាឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការកំណាយតាមបែបបុរាណវិទ្យារបស់លោក Malleret (១៩៥៣-១៩៦៣) បានរកឃើញកញ្ចក់ឆ្លុះមុខ និងរូបបដិមាព្រះពុទ្ធតូចៗចំនួនពីរសាងនៅសតវត្សរ៍ទី៦ នៃគ.ស. នាំចូលមកពីរាជវង្សហានរបស់ចិន ដែលទាំងនេះក៏សុទ្ធតែជាភស្តុតាងបង្ហាញពីទំនាក់ទំនងរវាងចិន និងហ្វូណនដែរ។

លោក Coedès ស្នើថា ហ្វូណន គឺជារដ្ឋឥណ្ឌាដំបូងគេនៅអាស៊ីអាគ្នេយ៍ ហើយការមកដល់ របស់ជនជាតិឥណ្ឌាចូលទៅក្នុងទឹកដីអាស៊ីអាគ្នេយ៍ គឺដោយសារហេតុផលសំខាន់ៗចំនួនបី រួមមាន ការចូលមកតាមរយៈសង្គ្រាមនាំឱ្យជនភៀសខ្លួនពីឥណ្ឌាចូលអាស៊ីអាគ្នេយ៍ ការចូលមកតាមរយៈការធ្វើពាណិជ្ជកម្ម និងការចូលមកតាមរយៈការងារផ្សព្វផ្សាយសាសនា។ លោក Vickery មិនគាំទ្រគំនិតនេះឡើយ ដោយលោកជឿថា គ្មានឥស្សរជនឥណ្ឌាណាមួយមកអាស៊ីអាគ្នេយ៍នោះទេ មានតែមនុស្សនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះដែលបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាផ្ទាល់ ហើយនាំយកមកវិញនូវបរិបទវប្បធម៌ឥណ្ឌាត្រឡប់មកផ្សព្វផ្សាយ និងអនុវត្តនៅក្នុងសង្គមអាស៊ីអាគ្នេយ៍វិញ។ ក្នុងករណីនេះ បើតាមគំនិតរបស់លោក Vickery គឺថាឥទ្ធិពលនៃការលេចចេញព្រហ្មញ្ញ​សាសនា និងព្រះពុទ្ធសាសនាក្នុងសង្គមអាស៊ីអាគ្នេយ៍ រួមទាំងហ្វូណនផងដែរនោះ គឺទំនងបានកើតឡើងដោយសារតែឯកអគ្គរាជទូតរបស់ហ្វូណនបានទៅកាន់ប្រទេសឥណ្ឌា ដើម្បីសិក្សាអំពីសាសនាទាំងនោះនៅប្រទេសឥណ្ឌា ហើយនាំយកមកអនុវត្ត ឬគោរពបូជាផ្ទាល់នៅក្នុងសង្គមកម្ពុជាវិញដោយខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ លោក Higham លើកឡើងថា សិប្បករ ពាណិជ្ជករ ព្រះសង្ឃ និងព្រាហ្មណ៍នៅអាស៊ីខាងត្បូងបានធ្វើដំណើរទៅកាន់អាស៊ីអាគ្នេយ៍ក្រោមឥទ្ធិពលនៃខ្យល់មូសុង ហើយនៅពេលដែលពួកគេបានមកដល់អាស៊ីអាគ្នេយ៍ ពួកគេត្រូវរង់ចាំមួយខែយ៉ាងយូររហូតដល់របបខ្យល់មូសុងបានផ្លាស់ប្តូរ។ ជាឧទាហរណ៍ នៅស្ថានីយ Khao Sam Kaeo ក្នុងតំបន់ឧបទ្វីបថៃ-ម៉ាឡេ គេបានរកឃើញភស្តុតាងបុរាណវិទ្យាជាច្រើនដែលបញ្ជាក់ថា​ មនុស្សមកពីអាស៊ីខាងត្បូង ទំនងជាចតសំពៅនៅរង់ចាំដល់របបខ្យល់មូសុងផ្លាស់ប្តូរទើបបន្តដំណើរទៅមុខទៀត ដោយមានន័យថា Khao Sam Kaeo គឺជាកំពង់ផែមួយអាចឱ្យមនុស្សទាំងនោះចតសំពៅរស់នៅឬជួញដូរជាមួយមនុស្សនៅក្នុងតំបន់បាន។ បើដូច្នេះមែន វាអាចមានលទ្ធភាពក្នុងការអះអាងថា ការអនុម័តគោលគំនិតរាជាធិបតេយ្យ និងសាសនារបស់ប្រទេសឥណ្ឌាមានសារៈសំខាន់សម្រាប់ការបង្រួបបង្រួមអំណាចនៅអាស៊ីអាគ្នេយ៍ ដោយសារពួកឥស្សរជននៅតំបន់អាស៊ីអាគ្នេយ៍បានទទួលយកភាពអស្ចារ្យរបស់ប្រទេសឥណ្ឌា ជាពិសេសទិដ្ឋភាពនិងវប្បធម៌ព្រហ្មញ្ញសាសនា។

ឥទ្ធិពលរបស់ឥណ្ឌាមកលើសង្គមកម្ពុជា គេអាចមើលឃើញតាមវិធីឬរបត់ជាច្រើនទៀត។ ជាក់ស្តែង ការងារស្រាវជ្រាវរបស់លោក Malleret បានឱ្យដឹងថា លោកបានរកឃើញស្ថានីយបុរាណវិទ្យាចំនួន ៣០០ (ភាគច្រើនជាស្ថានីយមានសំណង់ឥដ្ឋនៅសម័យបុរាណ) (រូបលេខ១) និងវត្ថុបុរាណប្រមាណ ១៣០០ វត្ថុ។ ក្នុងអំឡុងពេលធ្វើកំណាយបុរាណវិទ្យា អ្នកស្រាវជ្រាវរូបនេះ ក៏បានរកឃើញព្រះពុទ្ធបដិមាឈើចំនួនបួនអង្គ ដែលបដិមាមួយរកឃើញនៅ Go Thap មួយអង្គទៀតរកឃើញនៅ Phong Ny និងរូបសំណាកពីរផ្សេងទៀតនៅ Binh Hoa។ ក្នុងនោះ ក៏មានវត្ថុ​សិល្បៈ​មួយ​ចំនួនដែល​នាំ​ចូលមក​ពី​ប្រទេស​ឥណ្ឌា​ មាន​អាយុកាល​តាំង​ពី​សតវត្ស​រ៍ទី៤ ថែមទៀតផង។ ការសិក្សានៅពេលបន្ទាប់ទៀត ដោយ Canh and Khoo បង្ហាញថា ព្រះពុទ្ធរូបធ្វើអំពីឈើជាច្រើនទៀតដែលបានរកឃើញនៅអូរកែវ មានកាលបរិច្ឆេទចន្លោះពីឆ្នាំ ២០០ ដល់ ៣០០ នៃគ.ស. (រូបលេខ២)។ ឧទាហរណ៍​ទាំងនេះ​បង្ហាញ​ឱ្យឃើញថា​ ​ទស្សនៈ​ និងវប្បធម៌ឥណ្ឌា​ជា​ច្រើន ​មានការអនុវត្តន៍នៅ​ក្នុង​ប្រទេស​កម្ពុជានៅ​ក្នុង​ប្រវត្តិសាស្ត្រខ្មែរ នា​ដើម​សម័យ​ហ្វូណន ហើយវាក៏អាច​និយាយ​បាន​ថា ការ​ផុស​ឡើង​នៃ​ពុទ្ធសាសនា​បាន​ចាប់​ផ្ដើមឡើងនៅក្នុងសង្គមខ្មែរ​នៅ​សម័យ​ហ្វូណន បើ​ទោះ​បីជា​ព្រះពុទ្ធ​បដិមា​ឈើ​ទាំង​នេះ​នាំចូលមកពីប្រទេស​ឥណ្ឌា និងមិនមែនជាវត្ថុដែលផលិតនៅក្នុងស្រុក​ក៏​ដោយ។

លើសពីនេះ វត្ថុសិល្បៈ សិលាចារឹក និងភស្តុតាងផ្នែកបុរាណវិទ្យាមួយចំនួន ផ្តល់ភស្តុតាងយ៉ាងមុតមាំថា ព្រហ្មញ្ញសាសនាបានលេចឡើងក្នុងសង្គមខ្មែរក្នុងសម័យហ្វូណន នៅចុងសតវត្សរ៍ទី៥ ឬដើមសតវត្សរ៍ទី៦។ គួរកត់សម្គាល់ថា ប្រភពពីឯកសារចិនដែលកត់ត្រាអំពីរឿងរ៉ាវរបស់ហ្វូណន គឺស្ថិតនៅរវាងសតវត្សរ៍ទី៣ ប៉ុន្តែសិលាចារឹកក្នុងស្រុកដែលសរសេរជាភាសាសំស្រ្កឹត ទើបតែលេចចេញជាលើកដំបូងនៅចន្លោះសតវត្សរ៍ទី៥តែប៉ុណ្ណោះ (សិលាចារឹកវត្តលួងកៅ ក្បែរវត្តភូ ខេត្តចំប៉ាសាក់ ប្រទេសលាវ) ហើយ​សិលាចារឹកសរសេរជាភាសា​ខ្មែរ​ដំបូង​គេ​ក៏ទើបលេចចេញដំបូង​នៅ​គ.ស.៦១១ដែរ (សិលាចារឹក​វត្តគំនូរ ស្រុក​អង្គរបុរី ខេត្តតាកែវ)។ ក្នុងពេលដំណាលគ្នាជាមួយការលេចចេញនូវសិលាចារឹកនោះ រូបបដិមាបែបឥណ្ឌា ក៏បង្ហាញខ្លួនជាលើកដំបូងនៅក្នុងសិល្បៈខ្មែរផងដែរ ដូចដែលបានឃើញនៅស្រុកអង្គរបុរី (ភ្នំដា) ខេត្តតាកែវ ដែលរួមមានទាំងបដិមាព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា (រូបលេខ៣-៤)។ លើសពីនេះទៅទៀត គេដឹងថាភស្ដុតាងព្រហ្មញ្ញសាសនាសម័យដើមនៅភាគខាងត្បូង ប្រទេសកម្ពុជា គេនិយមលើនិកាយវៃស្នវ (Vaishnava) (និកាយព្រះវិស្ណុ) ហើយបន្តិចក្រោយមកបន្ទាប់ពីរដ្ឋបាលមជ្ឈឹមបានផ្លាស់ប្តូរទៅកាន់ភាគខាងជើងប្រទេសកម្ពុជា មេដឹកនាំ និងឥស្សរជនសំខាន់ៗបានប្តូរទៅនិយមនិកាយសៃវ (Shaivite) (និកាយព្រះឥសូរ) និងហរិហរ វិញម្តង (រូបលេខ៥)។ ក្នុងពេលជាមួយគ្នានោះដែរ នៅរវាងដើមសតវត្សរ៍ទី៧ និកាយ Paśupata ក៏បានចាប់ផ្តើមសាយភាយចូលទៅក្នុងសង្គមខ្មែរ ហើយបានវិវត្តទៅជានិកាយមួយនៃព្រហ្មញ្ញសាសនាដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍសង្គមកម្ពុជាក្នុងសម័យក្រោយៗថែមទៀតផង (សម័យអង្គរ ស.វ.ទី៩ ដល់ទី១៤)។ ដូច្នេះហើយ ព័ត៌មាននេះបង្ហាញថា ការរីករាលដាល ឬការសាយភាយនៃឥទ្ធិពលសាសនាធំៗទាំងពីរចូលទៅក្នុងសង្គមខ្មែរ គឺផ្តើមចេញពីតួនាទីរបស់ហ្វូណនដោយមិនប្រកែកបានឡើយ។

ការលេចចេញរូបបដិមាព្រះវិស្ណុដំបូងក្នុងប្រទេសកម្ពុជា មិនមែនជារឿងចម្លែកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះទេ ព្រោះតំបន់ផ្សេងទៀតក៏គេបានរកឃើញច្រើនដែរក្នុងពេលជាមួយគ្នា។ ឧទាហរណ៍ បដិមាព្រះវិស្ណុមានព្រះហស្តបួន បានរកឃើញនៅតំបន់ឧបទ្វីបថៃ-ម៉ាឡេ និងតំបន់ផ្សេងទៀតដែលមានអាយុកាលតាំងពីសតវត្សរ៍ទី៥ ដល់ទី៨ នៃគ.ស.។ ដោយសារព្រះវិស្ណុ ជាអាទិទេពព្រហ្មញ្ញសាសនា ដែលមានតួនាទីគ្រប់គ្រង និងថែរក្សាការពារលោក អ្នកស្រាវជ្រាវមួយចំនួនបានសន្និដ្ឋានថា ការលេចចេញជារូបរាងដំបូងរបស់អាទិទេពនេះក្នុងសង្គមកម្ពុជា ប្រហែលជាដោយសារស្តេចកម្ពុជាបានប្រដូចកិត្តិនាមរបស់ខ្លួនឱ្យដូចទៅនឹងព្រះនៅស្ថានសួគ៌ដែរ ដែលដើរតួនាទីដ៏សំខាន់ក្នុងការគ្រប់គ្រងប្រទេស និងប្រជារាស្រ្តរបស់ទ្រង់។ ជាទូទៅ សាសនាឥណ្ឌាបានចូលមកក្នុងសង្គមកម្ពុជា គឺជាការទទួលយកដោយមិនបង្ខិតបង្ខំអ្វីឡើយ ដែលមានន័យថា សាសនាទាំងនោះបានសម្របខ្លួនបានយ៉ាងល្អប្រសើរ តាមរយៈការធ្វើមូលដ្ឋាននីយកម្មជាមួយនឹងវប្បធម៌ជនជាតិដើមតាមវិធីផ្សេងៗ។ ឧទាហរណ៍ជាក់ស្តែង ឥស្សរជនខ្មែរដ៏លេចធ្លោបានសាងសង់ប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដោយមានចារទាំងសិលាចារឹកខ្មែរ និងសំស្រ្កឹតបង្ហាញអំពីភក្តីភាពនៃការគោរពបូជារបស់ពួកគេ (Bhakti) ចំពោះព្រះអាទិទេពនៃសាសនាធំៗទាំងពីរ។ វាអាច​សន្និដ្ឋាន​បាន​ថា​ ការចារសិលាចារឹកជាពីរភាសានេះ គឺជា​ការ​រួម​បញ្ចូល​គ្នា​នៃ​អារ្យធម៌​កម្ពុជា (ភាសាខ្មែរ) និង​អារ្យធម៌ឥណ្ឌា (ភាសាសំស្ក្រឹត)។ ការ​គោរព​សាសនា​ឥណ្ឌា​ក្នុង​សង្គម​ខ្មែរ​នេះ មិន​ត្រឹម​តែ​មាន​អ្នក​មាន​អំណាច​ក្នុង​សង្គម និង​មនុស្ស​សំខាន់ៗ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​មនុស្ស​ធម្មតា​ក៏​គោរពបូជាដូចគ្នាដែរ។ ឧទាហរណ៍ ភស្តុតាងសិលាចារឹកនៅសតវត្សរ៍ទី៧ បានបង្ហាញថា មនុស្សដែលមានវណ្ណៈទាបនៅក្នុងសង្គម ដូចជា កសិករ អ្នកបម្រើតាមប្រាសាទ បានថ្វាយយញ្ញបូជាដល់អាទិទេពនៅក្នុងប្រាសាទជាច្រើនកន្លែង។ ឧទាហរណ៍ស្រដៀងគ្នានេះដែរ បើយោងតាមទិន្នន័យបុរាណវិទ្យាពីតំបន់ដីសណ្តទន្លេមេគង្គ បានរកឃើញថា ការថ្វាយមាសក្នុងបរិមាណតិចតួចដល់ព្រះនៅក្នុងនិកាយវៃស្ណវ (Vaishnava) អាចបង្ហាញថាសាសនាក៏ជាកិច្ចការសាធារណៈ និងសមូហភាពផងដែរ។

ដោយឡែក ចំពោះភស្តុតាងនៃស្ថាបត្យកម្មសាសនាក្នុងសម័យហ្វូណន គេសង្កេតឃើញថា សិល្បៈនៃការលុងភ្នំដែលមានរកឃើញនៅភ្នំដា ស្រុកអង្គរបុរី គឺជាស្ថាបត្យកម្មដ៏ពិសេសបំផុត និងដើមដំបូងនៃសិល្បៈខ្មែរផងដែរ។ ទីសក្ការលុងភ្នំទាំងនេះ បានតម្កល់នូវរូបបដិមាជាច្រើននៅក្នុងនិកាយវៃស្ណវ (Vaishnava) ដូចជា បដិមាព្រះក្រឹស្ណ ព្រះពលរាម ព្រះបរសុរាម និងព្រះរាម។ ចំណែកឯ ភស្តុតាងជាប្រាសាទបុរាណនៅសម័យហ្វូណនឧទ្ទិសដល់​ព្រហ្មញ្ញសាសនា និងព្រះ​ពុទ្ធសាសនា​ ពុំមាននៅសល់រូបរាងទៀតឡើយ ដោយសារប្រាសាទទាំងអស់បានបាក់រលំអស់ទៅហើយ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ប្រាសាទធ្វើអំពីថ្មបាសាល់មួយ មានឈ្មោះថា “ប្រាសាទអាស្រមមហាឥសី” ដែលសាងសង់ឡើងនៅជើងភ្នំដា (រូបលេខ៧) ទំនងជាស្ថាបត្យកម្មប្រាសាទដែលអាច​សាង​សង់ឡើង​នៅ​ចុង​សម័យ​ហ្វូណន។ លើសពីនេះទៅទៀត នៅភ្នំដាដដែល នៅលើកំពូលភ្នំ មានប្រាសាទមួយធ្វើអំពីឥដ្ឋ និងថ្មបាយក្រៀម សាងសង់ក្នុងសតវត្សរ៍ទី១១ ប៉ុន្តែប្រាសាទបានសាងសង់លើគ្រឹះប្រាសាទចាស់ក្នុងសម័យហ្វូណន (រូបលេខ៨)។ ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះគឺ គេបានរកឃើញសិលាចារឹកសម័យអង្គរនៅប្រាសាទនេះ តែខ្លឹមសារបានរៀបរាប់រំឭកអំពីព្រះបាទរុទ្រវរ្ម័ន ដែលជាស្តេចចុងក្រោយនៃសម័យហ្វូណន បានសង់រូបសំណាកព្រះវិស្ណុជាច្រើន តម្កល់នៅទីសក្ការបូជានៅភ្នំដានេះ។ តាម​សិលាចារឹក​នេះ​បញ្ជាក់​ថា ព្រះរាជានៅសម័យហ្វូណន​ ទ្រង់មាន​ភក្តីភាព​ក្នុង​ការ​គោរពសក្ការដល់​ព្រះ​វិស្ណុ​ដែលជា​អាទិទេព​សំខាន់​ក្នុង​សាសនា​ព្រាហ្មណ៍។ ម្យ៉ាងវិញទៀត យើងក៏អាច​លើក​ឡើង​ថាព្រះរាជាសម័យ​ហ្វូណន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ឥទ្ធិពល​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​ក្នុង​សង្គម​កម្ពុជា ហើយវាពិតជាមិនអាចប្រកែកបានថា ហ្វូណនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនានៅសម័យបុរាណនៃប្រទេសកម្ពុជា។

ការសន្និដ្ឋានជារួមមក ទោះបីជានយោបាយហ្វូណនបានធ្លាក់ចុះដោយសារវិបត្តិផ្សេងៗ ហើយអូរកែវជាកំពង់ផែសមុទ្រដ៏សំខាន់ហាក់ដូចជាបានបោះបង់ចោលក៏ដោយ ក៏មានភស្តុតាងជាច្រើននៅតែអាចអះអាងថា អារ្យធម៌ហ្វូណននៅតែដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយឥទ្ធិពលព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាកាលពីសម័យដំបូង។ វាមានតឹកតាងបញ្ជាក់យ៉ាងច្បាស់ណាស់ថា រាជធានីបានផ្លាស់ប្តូរពីភាគខាងត្បូងទៅភាគកណ្តាល និងខាងជើងនៃប្រទេសកម្ពុជាក្បែរនឹងបឹងទន្លេសាបពិតប្រាកដមែន ប៉ុន្តែព្រហ្មញ្ញសាសនា ដែលជាកេរ្តិ៍ដំណែ​លវប្បធម៌របស់ហ្វូណនបានក្លាយជាសាសនាសំខាន់របស់រដ្ឋ បើទោះបីជាមានការផ្លាស់ប្ដូរពីនិកាយវៃស្ណវទៅជានិកាយសៃវក៏ដោយ។ ម្យ៉ាងវិញទៀត យើងអាចនិយាយបានថា បើគ្មានក្រុងអូរកែវ ដែលជាទីក្រុងពាណិជ្ជកម្មដែនសមុទ្រដ៏សំខាន់របស់ហ្វូណននោះទេ នោះក៏នឹងគ្មានទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌាដែរ ហើយក៏គ្មានសាសនាណាមួយអាចហូរចូលមកក្នុងប្រទេសកម្ពុជាបានដោយគ្មានទំនាក់ទំនងតាមរយៈផ្លូវសមុទ្ររបស់ហ្វូណនដែរ។ ដូចគ្នានេះដែរ គោលនយោបាយរបស់អាណាចក្រហ្វូណនក្នុងការពង្រីកប្រព័ន្ធប្រឡាយសម្រាប់ការធ្វើដំណើរពិតជាបាននាំមកនូវការរីករាលដាលនៃគំនិត និងមនោគមវិជ្ជាពីខាងក្រៅមកក្នុងសង្គមកម្ពុជា ដែលលំហូរចូលនេះធ្វើឡើងតាមរបៀបមូលដ្ឋានីយកម្ម ពោល គឺមិនមានការប្រឆាំងទៅនឹងជំនឿជនជាតិដើម។ ការសិក្សាអំពីឫសគល់ និងការផ្សព្វផ្សាយសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនានាពេលអនាគត នឹងអាចយល់កាន់តែច្បាស់អំពីដំណើរការនេះ៕

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!