ទំព័រដើមសិល្បៈព្រះវិហារ​ហ្លួង​​អាយុកាល​១១៨ឆ្នាំ នៅវត្ត​ជ្រោយតាកែវ

ព្រះវិហារ​ហ្លួង​​អាយុកាល​១១៨ឆ្នាំ នៅវត្ត​ជ្រោយតាកែវ

វត្ត​ជ្រោយតាកែវ ឬវត្ត​ព្រះស៊ីសុវត្ថិរតនារាម គឺជា​អារាម​ហ្លួង​ដែល​បាន​កសាង​ឡើង​នៅ​ប្រប​ដងទន្លេ​បាសាក់ ​ស្ថិតនៅ​ក្នុង​ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្ត​​កណ្តាល។ គេ​កត់​ចំណាំ​​ថា វត្ត​នេះទទួលការ​ទំនុក​បម្រុង​​កសាងឡើង​​ដោយ​ ព្រះករុណា​ព្រះបាទ​​សម្តេច​​ព្រះ​ស៊ីសុវត្ថិ “ព្រះ​រាជានុកោដ្ឋ”​ តាំង​ពី​​​ពុទ្ធ​សករាជ​២៤៣៩ ​​ត្រូវ​នឹង​គ្រិស្តសករាជ​១៨៩៥​។ រីឯព្រះវិហារ ​កសាងឡើង​ក្នុង​​ពុទ្ធ​សក​រាជ​២៤៤៩ ពោលគឺត្រូវ​នឹង​គ្រិស្ត​សករាជ​​​​​១៩០៥។ អ្នក​សិក្សា​ភាគ​ច្រើន​​យល់​​​ថា ​គំនូរ​ក្នុង​ព្រះវិហារ​បុរាណនេះ​​មាន​​លក្ខណៈ​ប្រហាក់​ប្រហែល​​នឹង​គំនូរ​នៅវត្ត​កំពង់​​​ត្រឡាច​​លើ​(កំពង់ឆ្នាំង) ហើយ​ជា​គំនូរ​បុរាណ​​ចាស់​​ជាង​​គេ​នៅកម្ពុជា។ ប៉ុន្តែ​នៅក្នុង​សម័យ​​​សង្រ្គាម ព្រះវិហារ​ខាងលើក៏​រងការ​បំផ្លិច​បំផ្លាញ​យ៉ាង​​ច្រើន​ រហូត​ដល់រវាង​ពាក់​​កណ្តាល​​ទសវត្សរ៍ទី៨០ និង​៩០ ទើប​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​មូល​មាត់គ្នា​ជួស​ជុល​ឡើង​វិញ។

ជា​ការពិត ​វត្ត​ជ្រោយតាកែវគឺជា​អារាម​ហ្លួង​ស្ថាបនា​ឡើង​តាំង​ពីចុង​សតវត្សរ៍​ទី​១៩ លើ​ផ្ទៃដីទទឹង​១៦០ម៉ែត្រ បណ្តោយ​៤០០ម៉ែត្រ ព្រមទាំងប្រកប​ដោយការរៀបចំប្លង់ទូទៅ​និង​​​ក្បាច់​រចនា​លម្អ​លើ​ផ្នែក​ផ្សេងៗ​នៃសំណង់​យ៉ាង​​ល្អវិចិត្រ។ ទន្ទឹម​នឹង​​នេះ បើផ្អែក​តាម​រូប​ថត​​​ឯកសា​រ​ថត​​ឆ្នាំ​១៩២៩ គេឃើញព្រះវិហារ​​​សង់នៅលើ​ខឿន​ពីរថ្នាក់ ហើយ​នៅ​តាម​​ជណ្តើរ​​ឡើង​មានចម្លាក់​​តោ​មួយគូ និង​យក្ស​ឈរអមផង។ រីឯ​នៅក្បែរ​ព្រះ​វិហារត្រង់​ជ្រុង​ពាយ័ព្យ មាន​រោង​ជួង​​​មួយ​ដែល​សល់ដល់សព្វថ្ងៃ ហើយ​​​​មាន​លក្ខណៈដូចគ្នានឹង​រោង​ជួង​​​​ក្នុង​វត្ត​ឧបោសថ​រតនា​រាម​ក្នុង​ព្រះ​បរម​រាជវាំងដែរ។ ស្ថិត​​នៅ​ខាង​​ក្រោយ​ឆ្ងាយ​ពី​ព្រះ​វិហារ ពោលគឺ​នៅ​ជាប់​នឹង​មាត់ច្រាំង​ទន្លេ​​ គេឃើញ​មាន​សាលា​​សំណាក់​​មួយ​តូច​ច្រឡឹង​សង់​អំពី​ឈើ។

ដោយឡែក ចំពោះទម្រង់ស្ថាបត្យកម្មព្រះវិហារ​វត្ត​ជ្រោយតាកែវ​ គឺជាទម្រង់​ព្រះ​វិហារ​​មួយ​បែប​ដែល​អ្នកស្រាវជ្រាវ​ហៅថា “ព្រះវិហារ​​ជហ្វា៤” ឬ “ព្រះវិហារ​បុរាណ”។ បើ​ផ្អែក​​​តាម​កាល​បរិច្ឆេទ​​ខាងលើ ព្រះវិហារ​នេះកសាង​ឡើង​​ក្រោយ​​កកើតជា​វត្ត​​បាន​​​១០​ឆ្នាំ ហើយគិត​មក​ដល់​សព្វ​ថ្ងៃ​ គឺ​មាន​អាយុកាល​១១៨ឆ្នាំ។ ប៉ុន្តែ​យ៉ា​ងណាក្តី​គេមើលឃើញ​ថា​រហូត​មក​ដល់​បច្ចុប្បន្ន ព្រះ​​វិហារ​​​​​បុរាណ​វត្ត​ជ្រោយ​តាកែវ​ នៅតែរក្សា​ទម្រង់​ទូទៅបាន​ល្អ​គួរ​ឱ្យកត់​សម្គាល់​។ នៅអម​ជណ្តើរ​​ឡើង​ទាំង​បួន​ទិស​ត្រង់​ខឿន​ខាងក្រោម មានចម្លាក់តោ​និង​​យក្ស​អម​ដូចគ្នា​ទាំង​​អស់(រូបលេខ​៥) ​ហើយ​ថែមទាំង​មាន​របងព័ទ្ធជុំវិញផង។ ចំណែក​​ឯ​នៅខឿន​ខាងលើ​ គេ​សាង​ឡើង​ឱ្យ​មាន​ជណ្តើរ​​តែផ្នែក​ខាងកើត​និង​ខាងលិច​តែប៉ុណ្ណោះ ដោយ​ខាង​កើត​មាន​​ទ្វារ​ពីរ ខាងលិច​មាន​ទ្វារ​ពីរ​។

ព្រះវិហារ​វត្ត​ជ្រោយ​តាកែវ សង់ឡើង​​អំពី​ឥដ្ឋ​បូកកំបោរ​បាយ​អ និងមាន​សសរ​ខាង​ក្នុង​​ជា​ឈើ ព្រមទាំង​​គ្រឿង​បង្គុំ​ខាងលើជាឈើដែរ។ ព្រះ​វិហារ​នេះ​មាន​​ទទឹង​៣ល្វែង មាន​សសរ​បេតុង​មូលធំៗ​ជុំវិញ​​បាំង​សាច។ នៅតាម​ក្បាល​សសរ​ទាំងអស់នោះ គេឃើញ​មាន​​រូប​គ្រុឌ​ទ្ររងស្បូវ  ដែល​ទំនង​ជា​ទើប​នឹង​ប្តូរ​ក្នុង​ពេល​ជួស​ជុល​ព្រះវិហារ​ ដ្បិត​បើពិនិត្យ​លើ​​រូប​ថតឯកសា​រឆ្នាំ​១៩២៩ គឺមាន​រូប​អៃរ៉ាតាមក្បាល​សសរ​កណ្តាល ហើយ​គ្រុឌ​​នៅ​តាម​សសរ​ចែង។ ប៉ុន្តែ​ចំពោះ​ក្បាច់រង​ស្បូវ​ គឺជាក្បាច់កញ្ចាំង​ ឆ្លាក់ពីឈើ​​រំលេច​ពណ៌​ទឹក​មាស​ ដែលគេ​យល់ថា​ជា​ក្បាច់​លម្អ​ដើម​របស់​ព្រះវិហារ​ខាងលើ។

ដំបូល​ព្រះវិហារ ជា​ដំបូលប្រក់ក្បឿង​រលោង ​​ជ្រាល​ចុះ​សង​ខាង​បី​ថ្នាក់​​​តាម​លំនាំ​​ជា​​ព្រះវិហារ​ជហ្វា៤។ តាម​ចុង​ចែង​ដំបូល​នីមួយៗលម្អ​ដោយ​នាគ​ចែង​​​​ទាំង​អស់។ ចំណែក​​ឯ​ក្បាច់លម្អ​តាម​ហោជាង​ទាំងពីរ គឺជា​ប្រភេទក្បាច់ភ្ញីទេស​លាប​ពណ៌មាស​ ​​ឆ្លាក់​យ៉ាង​រស់​រវើក​​​​ព័ទ្ធជុំវិញ​រូប​ព្រះរាជ​សង្ហារ​នៅចំកណ្តាល​នៅ​លើ​ឈើ​​បន្ទះ​ក្តារ​បញ្ឈរ។ នៅត្រង់​​គល់​​ហោ​ជាង​ ជា​ក្បាច់​កញ្ចាំង​ដូច​ក្បាច់លើរងស្បូវ​ដែរ។ បើមើល​ហួស​ដល់​រចនា​សម្ព័ន្ធនិង​ការ​លម្អ​ផ្នែកខាងក្រៅនៃ​ជញ្ជាំងវិញ គេ​ឃើញ​​​នៅ​តាម​ស៊ុម​ទ្វារ​និង​បង្អួច​នីមួយៗ​ សុទ្ធតែ​លម្អ​ដោយ​ក្បាច់​ភ្ញីទេស ​ហើយនៅ​ត្រង់​​ចំណុច​កណ្តាល​នៃក្បាច់ស៊ុម​ទ្វារ គឺជា​រូប​ស្វេតឆត្រ ​និង​មកុដ​តម្កល់​លើជើង​ពាន ក្នុង​រង្វង់​កម្រង​ស្លឹកឈើ ហើយ​គេ​ឃើញ​​មាន​​ចារឹកព្យញ្ជនៈ “ស” ​នៅ​ខាងក្រោមនោះផង។

នៅផ្នែកខាងក្នុង​ព្រះវិហារ គេសង់​ចែកជា​៣ល្វែង គឺល្វែង​គ្រឹះនៅកណ្តាល អម​ដោយ​​របៀង​សងខាង ហើយ​មាន​សសរ​ឈើ​មូលធំៗ​ពីរជួរ​ ទ្រពិតាន​ឈើ​ និង​គ្រឿង​បង្គុំ​​ខាងលើ។ បើមើលតាម​រូប​ថតឯកសារឆ្នាំ​១៩២៩ ព្រះបដិមា​ព្រះជីវ៍​ធំ​ក្នុង​ព្រះវិហារ​នេះ​​តម្កល់​លើ​បល្ល័ង្ក​​ខ្ពស់​​មួយ​ស្ថិត​នៅ​ចុង​ខាងលិច​​ល្វែង​គ្រឹះ។ ប៉ុន្តែក្នុង​​​សម័យ​​សង្រ្គាម​ព្រះជីវ៍ធំនេះរងការបំផ្លិចបំផ្លាញ ហើយ​ចូលដល់ឆ្នាំ​១៩៨៥ ទើប​​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​កសាង​បល្ល័ង្កថ្មី និង​តម្កល់​ព្រះជីវ៍ថ្មី​ពណ៌ទឹកមាស សម្រាប់គោរពបូជា​ដូចឃើ​ញ​មក​ដល់សព្វថ្ងៃ។ មិន​តែប៉ុណ្ណោះ បើ​គេ​សង្កេត​មើល​ជើង​សសរ​ខាងក្នុង​​ព្រះ​វិហារ​​សព្វថ្ងៃ ​គេឃើញ​មានការ​ជួស​ជុល​កែលម្អ​ដោយ​ប្រើ​បំពង់ទីបជ័រការពារការ​ពុក​ផុយ​ជើ​ងសសរ។

ចំណែកឯគំនូរ​ខាងក្នុង​ព្រះវិហារ​ គេចាត់ទុកជា​ប្រភេទ​គំនូរ​បុរាណ ដែល​គូរ​សាច់​រឿង​​ក្នុង​ទសជាតក និង​ពុទ្ធប្រវត្តិ។ សាច់រឿង​ផ្តើម​ចេញ​ពី​ជញ្ជាំង​​ផ្នែក​ខាងកើត​ជ្រុង​ខាង​ត្បូង​ បន្តមក​ជញ្ជាំង​ខាងត្បូង​ព័ទ្ធទៅខាងលិច និង​ខាងជើង រហូត​ទៅ​បញ្ចប់​នៅ​លើ​ជញ្ជាំង​​ខាងកើត​ដែរ។ នៅតាមជើង​ជញ្ជាំង​ជុំវិញ គេគូរជា​រូប​​ទេវតា យក្ស ឥសី​… កាន់​ផ្កា​ឈូក​អង្គុយ​ប្រណម្យនៅចន្លោះ​ផ្លិតចាមរ។ នៅចុង​ជញ្ជាំង​ខាងលើ ត្រង់​ចំណុច​​ហប់​​ខ្យល់​ក៏ឃើញ​គូរ​តួអង្គ​ដូចគ្នា​នឹង​ជើង​ជញ្ជាំង​ដែរ។ រីឯ​នៅតាម​សន្លឹក​​ទ្វារនិងបង្អួច​​​​​ផ្នែក​ខាងក្នុង គេគូរ​លម្អជា​រូប​តួអង្គ​ផ្សេងៗ​​ក្នុង​រឿងរាមកេរ្តិ៍(?)។ ​​ តាមការសិក្សា​របស់​​ Daniel Guéret និង Dominique-Pierre Guéret បានឱ្យដឹង​ថា​ផ្ទាំង​​គំនូរ​ក្នុង​ព្រះវិហារ​វត្ត​ជ្រោយ​តាកែវ គឺជា​​គំនូរ​ចាស់​ជាង​គេ​ ហើយ​​​ជួស​ជុល​ក្នុង​ឆ្នាំ​១៩៩០ ដោយ​ប្រើថ្នាំប្រេង​ ដែលគេយល់ថា​​ជួស​ជុល​មិនសូវ​បានល្អ​ បាត់​តួ​អង្គ​មួយ​ចំនួន ខ្វះខាត​ចំណុច​​លម្អិត​លើ​សម្លៀក​បំពាក់ និង​​លក្ខណៈ​ពិសេ​ស​លើ​គំនូរ​មួយ​ចំនួន​ទៀត។ មិន​តែ​ប៉ុណ្ណោះនៅត្រង់​ផ្ទាំង​គំនូរ​​ជួស​ជុល​ក្រោយ គេ​សង្កេត​ឃើញ​វិចិត្រករ​ប្រើ​ពណ៌​ស្រស់ឆើតខ្លាំងជាងគំនូរ​ដើម។ លក្ខណៈនេះ​ ហាក់ឆ្លង​មក​ពី​របៀប​គំនូរ​ទំនើប ឬ​គំនូរ​សម័យ​​ ដែល​ពេញនិយម​ចាប់ពីរវាង​ទសវត្សរ៍​ទី៤០។ សូម​បញ្ជាក់​ថា​ គេ​ពុំ​ដឹង​ថា​គំនូរ​​ដើម​ក្នុងព្រះវិហារ​នេះគូរ​ដោយ​វិចិត្រករណាឡើយ តែការ​ជួស​ជុល​ឡើងវិញ ​គឺ​ជា​ស្នាដៃ​របស់​លោកតា ប៊ូ ម៉េង ដែល​លោក​ធ្លាប់បង្រៀន​​គំនូរ​នៅសាលា​រចនា។

សង្ខេបសេចក្តីមក ព្រះវិហារ​វត្ត​ជ្រោយតាកែវ គឺជា​​ព្រះវិហារ​​​ដែល​​​ស្ថាបនា​ឡើង​ដោយ​ព្រះរាជទ្រព្យព្រះមហាក្សត្រ និង​ជា​ព្រះវិហារ​បុរាណ​​មាន​អាយុកាល​ជាង​សតវត្សរ៍​មក​ហើយ។ ការរៀបចំនិង​ក្បួន​ខ្នាត​សំណង់ គឺមានលក្ខណៈ​សមសួនជា​របៀប​ព្រះវិហារ​​ជហ្វា​​៤ ដែល​ពុំធំខ្ពស់ហួស​មាឌ។ ចំពោះគំនូរ​ខាងក្នុង​ព្រះវិហារ គឺនៅរក្សា​ប្រធាន​បទ​គំនូរ​តាមផ្ទាំង​នីមួយៗដូចដើម ដែលគេ​អាច​សិក្សា​បានតទៅ​ថ្ងៃមុខ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត


ព្រា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!