កិច្ចពិធីសៅរ៍សោយ

បើយើងនិយាយពីកិច្ចពិធីដែលធ្វើឱ្យក្មេង យើងច្បាស់ជានឹកឃើញដល់កិច្ចមួយចំនួនដូចជា កាត់សក់បង្កក់ឆ្មប ពិធីកោរជក់ជាដើម ហើយធ្វើឡើយនៅពេលក្មេងមិនទាន់ពេញវ័យ។ យ៉ាងណាមិញមានកិច្ចពិធីមួយឈ្មោះថា សៅរ៍សោយ ជាពិធីខ្លីមួយដែលគេធ្វើចំពោះក្មេងណាកើតថ្ងៃសៅរ៍។ យើងធ្លាប់បានដឹងពីមុនហើយថា គេធ្វើកិច្ចពីធីសម្រាប់ក្មេងកើតថ្ងៃអង្គារ ដែលគេហៅថាអង្គារជ្រេក ដើម្បីបញ្ចៀសឧបទ្រុបចង្រៃ និងបញ្ចៀសក្មេងពីភាពរឹងរូស។ ប៉ុន្តែបើយើងក្រឡេកមើលពិធីសៅរ៍សោយមួយនៅសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញវិញ គេធ្វើសម្រាប់ក្មេងកើតថ្ងៃសៅរ៍ គេជឿថាក្មេងកើតថ្ងៃសៅរ៍មានចរឹករឹងរូស ឆាប់ខឹង ឆេវឆាវ ពាល ព្រហើន ហើយខ្សែជីវីតប្រព្រឹត្តិទៅមិនសូវជារលូន បើចំពោះក្មេងស្រីផង គេជឿថានឹងក្រដល់គូរជីវិត ឬអាភ័ព្វជាដើម។ គេធ្វើពីធីនេះក្នុងគោលបំណងប្តូរក្មេងកើតថ្ងៃសៅរ៍ទៅឧបកិច្ចថាកើតថ្ងៃសុក្រវិញ ត្បិតគេជឿថាថ្ងៃសុក្រជាថ្ងៃល្អ ថ្ងៃដែលនាំមកសេចក្តីសុខសុភមង្គល រួចផុតទុក្ខភ័យ។ បើយើងមើលលើពាក្យសៅរ៍សោយ សៅរ៍ គឺសំដៅដល់ថ្ងៃទី៧នៃសប្តាហ៍ ឯពាក្យ សោយ បើតាមវចនានុក្រមខ្មែរមានន័យថា ទទួលរងអារម្មណ៍ជាសុខ ឬជាទុក្ខ។ ដូច្នេះក្មេងដែលកើតថ្ងៃសៅរ៍នេះនឹងជួបការលំបាក ជួបទុក្ខច្រើនជាងសុខក្នុងឆាកជីវិត ម៉្លោះហើយបានជាសមាជិកគ្រួសារមានយាយតាជាដើមខិតខំរកវិធីដើម្បីបញ្ចៀសរឿងទាំងនោះ។

ពិធីនេះគេធ្វើក្រោយថ្ងៃទម្លាក់ចង្រ្កាន្តបានប៉ុន្មានថ្ងៃ ហើយសមាជិកគ្រួសារដូចជាយាយតាជាដើមទៅជួបជាមួយតាអាចារ្យដើម្បីដេញវេលារកថ្ងៃល្អដើម្បីធ្វើពិធីឱ្យក្មេង។ លុះដល់ថ្ងៃធ្វើពិធីគេរៀបចំគ្រឿងរណ្តាប់ពីធី និងគ្រឿងសំណែនទៅតាមលទ្ធភាព។ គ្រឿងរណ្តាប់មិនមានអ្វីច្រើនទេគឺមានស្លាម្លូ បារី និងពន្លៃយកមកចងជាមួយកន្ទុយតង្ករ ដែលតាអាចារ្យឧបកិច្ចថាជាស្រូវពន្លៃ (រូបលេខ១)។ ក្រៅពីនេះមានផ្លែឈើ បាយ ម្ហូប ទឹក ធូប ទៀនទុកសែនដូនតា (រូបលេខ២) និងគេធ្វើកន្ទោងមួយដាក់ផ្លែឈើ នំចំណី ប្រាក់សម្រាប់សែនឱ្យអមនុស្ស (រូបលេខ៣)។ ក្នុងពិធីនេះគេអញ្ជើញចាស់ទុំ សាច់ញាតិបងប្អូនដើម្បីសូត្របទនមសក្ការព្រះរតនត្រៃ។ បន្ទាប់ពីសូត្រចប់ហើយ គេក៏សម្តែងដើរតួជាដូចក្មេងគ្នា ក្នុងនោះឪពុកម្តាយបង្កើតរបស់ក្មេងដើរតួជាអ្នករើសបានក្មេងឈ្មោះ សៅរ៍ ហើយមានតាម្នាក់គេដាក់ឈ្មោះឱ្យថា តាសុក្រ ដើរតួជាតារបស់ក្មេងហើយដើររកចៅរបស់ខ្លួនដែលឈ្មោះ សៅរ៍ (រូបលេខ៤)។ ពេលសម្តែង តាអាចារ្យស្រែកសួរទៅតាសុក្រដែលតាមរកចៅថា តាទៅណាមកណីដែរ ហើយតារកអ្នកណាដែរ?  តាសុក្រឆ្លើយវិញថា ខ្ញុំមករកចៅ ចៅខ្ញុំឈ្មោះ សៅរ៍ តាមានឃើញចៅខ្ញុំអត់?  តាអាចារ្យតប មានប្តីប្រពន្ធពីរនាក់រើសបានក្មេងមួយ តាចូលមកមើលមើស ចៅរបស់តាមែន? តាសុក្រដើរចូលហើយនិយាថា បាទតានឹងហើយជាចៅខ្ញុំ តើខ្ញុំអាចសុំវិញបានទេ?  តាអាចារ្យឆ្លើយ បើតាយកចៅសោរ៍ទៅ តាត្រូវទុកសុក្រឱ្យប្តីប្រពន្ធពីរនាក់នេះផង។  តាសុក្រក៏យល់ព្រម ហើយប្តីប្រពន្ធដែលជាឪពុកម្តាយក្មេងក៏រៀបចំបាយម្ហូប ទឹកនំចំណីឱ្យតាសុក្រពិសារមុននឹងគាត់នាំចៅសៅរ៍ត្រលប់ទៅវិញ (រូបលេខ៥)។ ក្រោយពីតាសុក្រនាំចៅសៅរ៍ទៅវិញហើយ ក្មេងដែលកើតថ្ងៃសៅរ៍នេះ គេឧបកិច្ចថាគេកើតថ្ងៃសុក្រវិញ ហើយលែងរឹងរូស ស្តាប់ដំបូន្មានឪពុកម្តាយ និងជួបតែសំណាងល្អ សេចក្តីសុខសុភមង្គលក្នុងជីវិត។ មុននឹងបញ្ចប់កិច្ចពិធីអាចារ្យបានរៀបចំគ្រឿងសំណែនដាក់កន្ទោងដោយបន់ស្រន់ អញ្ជើញអមនុស្សទាំងឡាយមកសេពសោយ ហើយក៏យកទៅចោលនៅកន្លែងណាមួយឆ្ងាយពីភូមិ ទើបសាច់ញាតិមានយាយតា អ៊ុំពូមីងទាំងអស់នាំគ្នាគួចដៃ បន់ស្រន់ឱ្យក្មេងជួបតែសំណាងល្អមានក្តីសុខ និងសូមឱ្យព្រលឹងទាំង១៩នៅក្នុងខ្លួនក្មេងជួយឃុំគ្រងក្មេងឱ្យមានសុខភាពល្អផងដែរ (រូបលេខ៦)។

ជារួមមកពិធីនេះធ្វើឡើងគឺដើម្បីចញ្ចៀសឧបទ្រុបចង្រៃផ្សេងៗ ដែលគេជឿថាអាចនឹងកើតមានក្នុងដំណើរជីវិតរបស់ក្មេង។ ម្ល៉ោះហើយ ទើបគេខំធ្វើពីធីនេះក្នុងន័យឧបកិច្ចពីកើតថ្ងៃសៅរ៍ ទៅជាកើតថ្ងៃសុក្រវិញ ព្រោះថ្ងៃសុក្រជាថ្ងៃល្អ ហើយក្មេងនឹងទទួលបានសេចក្តីសុខ និងសុភមង្គលក្នុងដំណើរជីវិត៕

អត្ថបទដោយ៖ លោក ព្រាន់ សុភារៈ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!