កន្លងមកប្រជាជនខ្មែរមិនសូវចាប់អារម្មណ៍នឹងបាតុភូតដែលយប់ និងថ្ងៃមានរយៈពេលស្មើគ្នានោះទេ ដ្បិតមិនមានជាកិច្ចពិធីអ្វីនៅចំថ្ងៃនោះ។ ក្នុងរវាង១ទសវត្សក្រោយមកនេះ មនុស្សម្នាចាប់អារម្មណ៍នឹងព្រឹត្តិការណ៍ជាខ្លាំង ដ្បិតមានការផ្សព្វផ្សាយទូលំទូលាយអំពីដំណើរគោចររបស់ព្រះអាទិត្យរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត។ បាតុភូតនេះ គេច្រើនតែស្គាល់ពាក្យហៅថា «សមរាត្រី» ប៉ុន្ដែខ្មែរពីបុរាណមានពាក្យហៅបាតុភូតនេះរួចស្រេចទៅហើយ។ នៅក្នុងអត្ថបទខ្លីនេះ យើងពិនិត្យមើលតែលើការប្រើប្រាស់ពាក្យហៅព្រឹត្តិការ ណ៍នេះពីបុរាណកាលមកពុំនិយាយអំពីបាតុភូតតារាសាស្ត្រឡើយ។
ពាក្យ «សមរាត្រី» ឬពេលខ្លះឃើញមានប្រើជា «សមភាពរាត្រី» បង្កើតឡើង ដើម្បីប្រែសងត្រង់ទៅនឹងពាក្យបារាំង «équinoxe» និងពាក្យអង់គ្លេស «equinox» ដែលពាក្យក្នុងភាសាទាំងពីរនេះ មានប្រភពចេញមកពីភាសាឡាតាំងថា «aequinoctium»។ ពាក្យក្នុងភាសាឡាតាំងនេះ បង្កើតឡើងដោយពាក្យ «aequus» មានន័យថា «សម ស្មើ» + «nox» មានន័យថា «រាត្រី យប់»។ ពាក្យ «សមរាត្រី» នេះ បង្កើតដោយគណៈកម្មាធិការជាតិអចិន្ត្រៃយខេមរយានកម្ម ដែលបានចុះផ្សាយនៅក្នុងសទ្ទានុក្រមខេមរយានកម្ម (បារាំង – ខ្មែរ) ចេញផ្សាយដោយវិទ្យាស្ថានជាតិខេមរយានកម្ម នាឆ្នាំ១៩៧៣។
យ៉ាងនេះក្ដី នៅក្នុងឆ្នាំ១៩៦២ លោក តិប យក់ និងថាវ គន្ធ ដែលជាសមាជិកក្នុងគណៈកម្មការវប្បធម៌ បានប្រែពាក្យបារាំង «équinoxe» ថា «អយនកាល» និងបញ្ជាក់សេចក្ដីពន្យល់ថាជាកាលក្នុងរដូវដែលមានវេលាថ្ងៃនិងយប់ស្មើគ្នា គឺនៅថ្ងៃទី២១ ឬ២២ ខែមីនា និងថ្ងៃទី២២ ឬ២៣ ខែកញ្ញា)។ ពាក្យប្រែនេះ គឺផ្អែកទៅលើពាក្យ «អយនកាល»នៅក្នុងវចនានុក្រមខ្មែរ ដែលពន្យល់ថាជាសុរិយគតិកាលក្នុងរដូវដែលមានវេលាថ្ងៃនិងយប់ស្មើគ្នា។ បើយើងមើលពាក្យ «អយន» នៅក្នុងភាសាសំស្ក្រឹតវិញ មានន័យថាវិថីគោចររបស់ព្រះអាទិត្យនៅខាងជើងនិងខាងត្បូងអេក្វាទ័រ រយៈពេលកន្លះឆ្នាំ ចំណុចដែលមានរយៈពេលយប់និងថ្ងៃស្មើគ្នា ឬព្រះអាទិត្យគោចរទៅខាងត្បូងឬខាងជើងបំផុតដែលត្រូវនឹងពាក្យបារាំងអង់គ្លេសថា «Solstice»។ ដូច្នេះពាក្យ «អយនកាល» ក៏ពុំមានន័យចំនឹងពាក្យ បារាំង «équinoxe» និងពាក្យអង់គ្លេស «equinox» ទាំងស្រុងនោះដែរ។
បើយោងតាមប្រភពសិលាចារឹកខ្មែរបុរាណវិញ ខ្មែរបានប្រើប្រាស់ពាក្យហៅបាតុភូតនេះ តាមភាសាសំស្ក្រឹតថា «វិឞុវ» ដែលសរសេរសងមកអក្សរសព្វថ្ងៃជា «វិសុវ» និងអាចសរសេរតាមលំនាំនៃការវិវត្តភាសាខ្មែរជា «ពិសុព»។ ភស្ដុតាងអំពីការប្រើប្រាស់ពាក្យនេះ ឃើញមានវត្តមានចាស់ជាងគេនៅក្នុងសិលាចារឹកទួលស្លែង K.១៤៨៩ ស្ថិតនៅក្នុងសម័យមុនអង្គរ មានចុះកាលបរិច្ឆេទនៅមហាសករាជឆ្នាំ៥៦៣ ត្រូវនឹងគ្រិស្ដសករាជឆ្នាំ៦៤១ រកឃើញនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងសិលាចារឹកនេះ បានបង្ហាញពីការថ្វាយដង្វាយសម្រាប់ធ្វើកិច្ចពិធីនាវេលាដែលថេរវេលាយប់និងថ្ងៃស្មើគ្នា ដោយប្រើពាក្យសម្គាល់បាតុភូតនោះថា «វិឞុវគ្រហ» ឬសរសេរជាតាមបែបខ្មែរបច្ចុប្បន្នជា «វិសុវគ្រាស /ពិសុពគ្រាស»។ ដូចគ្នាដែរ នៅក្នុងសលាចារឹកប្រាសាទកំពែងធំ (ឬកំពែងណៃ) K.៣៧៤ មានកាលបរិច្ឆេទនៅមហាសករាជ៩៦៤ ត្រូវនឹងគ្រឹស្ដសករាជ១០៤២ បានប្រើពាក្យ «វិឞុវសង្ក្រាន្ត» (វិសុវសង្ក្រាន្ត) សំដៅវេលាដែលមានដំណើរគោចរព្រះអាទិត្យដល់ចំណុចដែលមានរយៈពេលយប់និងថ្ងៃស្មើគ្នា។ តាមសិលាចារឹកនេះ នៅក្នុងឆ្នាំ១០៤២ បាតុភូតនេះកើតឡើងចំថ្ងៃទី២កើត ខែចែត្រ។ ពាក្យ «គ្រហ» នេះត្រូវនឹងពាក្យ «គ្រាស» ដែលយើងប្រើនៅពេលសព្វថ្ងៃ គឺសំដៅដល់ដំណើររបស់ព្រះអាទិត្យឬព្រះចន្ទ្រចូលកាន់ទីតាំងណាមួយ និងច្រើនប្រើជា «ចន្ទ្រគ្រាស» និង «សូរ្យគ្រាស»។ ចំណែកឯពាក្យ «សង្ក្រាន្ដ» វិញ ក៏ប្រើសំដៅដល់ដំណើរចេញពីទីតាំងមួយចូលកាន់ទីតាំងមួយដែរ។ ដូច្នេះ «វិឞុវសង្ក្រាន្ត» ក៏សំដៅដល់កាលវេលា ឈានចូលរយៈពេលយប់និងថ្ងៃស្មើគ្នា ដូចនឹង «វិសុវគ្រហ» ដែរ។
នៅក្នុងសិលាចារឹកខ្មែរ បង្ហាញឱ្យយើងដឹងថា នៅពេលមានបាតុភូត «វិសុវ» គឺជាពេលត្រូវធ្វើពិធីបូជាតាមកិច្ចក្នុងព្រហ្មញ្ញសាសនា។ យោងតាមសិលាចារឹកទេពប្រណម្យ K.២៩០ បានសរសេរថា នៅវេលាបុណ្យស្រាទ្ធ ចន្ទ្រគ្រាស សូរ្យគ្រាស និងវិសុវ ត្រូវធ្វើបាយបិណ្ឌឧទ្ទិសដល់បុព្វការី ត្រូវថ្វាយអង្ករចំនួន១ខារី ( = ៩៥,៥ គ.ក.) សម្រាប់ធ្វើពិធីតាមចំណាំដែលបានធ្វើកន្លងមក។ នៅក្នុងសិលាចារឹកប្រាសាទគុកល្វាទេរ K.១៤៦១ ក៏បានបង្ហាញពីអាចារ្យដឹកនាំពិធីត្រូវធ្វើពិធីបូជាថ្វាយព្រះជគន្នាថដោយប្រើថូអាឃ៌្យ និងថូវទ៌្ធណី ដោយរីករាយនៅថ្ងៃសង្ក្រាន្ត និងថ្ងៃវិសុវ អាចារ្យនោះនឹងសម្រេចបាននូវក្ដីប្រាថ្នា យ៉ាងប្រាកដពុំក្លាយជាប្រការដទៃឡើយ។ ដូច្នេះជាសរុបមក ខ្មែរបុរាណបានប្រើពាក្យ «វិសុវ» ឬ «ពិសុព» ហៅវេលាដែលមានរយៈពេលយប់និងថ្ងៃស្មើគ្នា។ នៅវេលានោះ ត្រូវមានកិច្ចពិធីបូជាផ្សេងៗតាមទំនៀមក្នុងព្រហ្មញ្ញសាសនា ដែលក្នុងនោះមានការបូជាបាយបិណ្ឌផងដែរ។ ប្រហែលដោយសារការផ្លាស់ប្ដូរពីព្រហ្មញ្ញសាសនា មកជាពុទ្ធសាសនាថេរវាទវិញ ដែលពុំតម្រូវឱ្យមានកិច្ចពិធីអ្វីនៅថ្ងៃនោះ ទើបខ្មែរហាក់ភ្លេចបាតុភូតនិងពាក្យហៅបាតុភូតនេះ ទើបក្រោយមកនៅក្នុងវចនានុក្រមខ្មែរ ប្រើពាក្យ «អយនកាល» ដែលពុំត្រូវចំនឹងបាតុភូតនោះទាំងស្រុង។ ឯខេមរយានកម្ម ប្រែពន្លាត់សងពាក្យត្រង់ពីបារាំងអង់គ្លេសមកជា «សមរាត្រី» វិញ៕
សំណៅសិលាចារឹកប្រាសាទកំពែងណៃ K.៣៧៤
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង