ទំព័រដើមប្រវត្តិសាស្ត្រទីក្រុងណាបោន សម័យបុរាណ

ទីក្រុងណាបោន សម័យបុរាណ

ណាបោន ឬ Narbo Martiu គឺជាឈ្មោះ នៃទីក្រុងបុរាណដ៏ធំមួយសម័យបុរាណដែលបច្ចុប្បន្នស្ថិតនៅភាគខាងត្បូងនៃប្រទេសបារាំង។ ទីក្រុងនេះ ត្រូវបានកកើតឡើងនៅឆ្នាំ ១១៨មុនគ.ស. ដែលមានការបញ្ជាក់តាមរយៈ សិលាចារឹកចារនៅលើសសរនៅភាគត្បូងនៃទីក្រុងនេះ។ ចំពោះឈ្មោះណាបោន គឺជាស្ថាននាមរ៉ូមាំងបុរាណដែលទាក់​ទ​ងនឹងទន្លេ និងមានការពារពីអទិទេព Mars (God of Mars)។ គួរបញ្ជាក់ដែរថា ទីក្រុងនេះ គឺជាទីក្រុងរ៉ូមាំងបុរាណ ដែលជាទីក្រុងដំបូង និងជាក្រុងរីកចម្រើនមួយក្នុងចំណោមក្រុងដ៏ទៃទៀតដែលស្ថិតនៅក្រៅប្រទេសអ៊ីតាលី។

នៅឆ្នាំ ៤៦-៤៥មុនគ.ស.​ ទីក្រុងនេះ មានឈ្មោះមួយទៀត ដែលហៅថា Colonia Julia​ Narbo Martius ឬហៅថា ជាការកសាង ណាបោនទី២។ តាមរយៈការធ្វើកំណាយនៅប៉ុន្មានស.វ.ចុងក្រោយនេះ បានរកឃើញស្លាកស្នាម សំណង់ និងវត្ថុសិល្បៈជាច្រើនដែល មានអាយុកាលស្ថិតនៅក្នុងសម័យកាលនៃការអភិវឌ្ឍន៍ណាបោនទី១ និង ទី២។

ទីក្រុងនេះ រីកចម្រើនដោយសារតែជាតំបន់ជាប់នឹងសមុទ្រ មីឌីទែរ៉ាណេ និងជាកំពង់ផែដ៏សំខាន់មួយក្នុងសម័យរ៉ូមាំង។ ទីក្រុងនេះក៏ជារាជធានី នៃខេត្តណាប៊ុនណេ ដែលលាតសន្ធឹងពី Fréjus ទៅ Toulouse និង Pyrenees និង ពី Pyrenees ទៅ កាន់ ក្រុង វីយែន និង ទីក្រុង ហ្សឺណែវ​។ ណាបោន​ ក៏ធ្លាប់ស្ថិតជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយ និងជាកំពង់ផែធំបំផុតក្នុងតំបន់ប៉ែកខាងលិច នៃមហាសមុទ្រមេឌីទែរ៉ាណេដែលស្ថិតនៅតាមផ្លូវពាណិជ្ជកម្ម សមុទ្រ និងជាកំពង់ផែសម្រាប់តភ្ជាប់ពីរាជធានីរ៉ូមមកតំបន់សមុទ្រ មេឌីទែរ៉ាណេ​ ។

ព្រះវិហារនៃ ទីក្រុងណាបោន(https://www.britannica.com/place/Narbonne)

តាមរយៈការសិក្សាជ្រាវជ្រាវកន្លងមក បានបង្ហាញអំពីវិសាលភាព និងការរីកចម្រើ​នយ៉ាងខ្លះនៃទីក្រុងណាបោននាសម័យបុរាណ។ ភស្ថុតាងទាំងនោះ គឺជាសំណង់ស្ថាបត្យកម្ម ព្រះវិហារ សាលប្រជុំ ប្រាសាទ និងវត្ថុសិល្បៈជាច្រើនដែលសព្វថ្ងៃរក្សាទុកនៅក្នុងសាមន្ទីរ ណាបោន។ កាលពីថ្មីនេះ ក្រុមអ្នកបុរាណវិទ្យាបានធ្វើកំណាយនៅទីតាំងនៃវាលបញ្ចុះសពមួយកន្លែង ដែលមានទំហំប្រមាណជាង ២០០០ ម៉ែត្រ ការ៉េ ដោយមានចម្ងាយជាង ៦០០ម៉ែត្រ ខាងកើតពី ក្រុងណាបោន។ អ្នកស្រាវជ្រាវបានរកឃើញនូវផ្នូរ គ្រោងឆ្អឹង និងវត្ថុសិល្បៈជាច្រើន ដែលមានកាលបរិច្ឆេទចន្លោះស.វ.ទី១ និង២គ.ស.។  វត្ថុសិល្បៈភាគច្រើនដែលបានរកឃើញនោះ​ ជាកុលាលភាជន៍ ជួញដូរតាមផ្លូវសមុទ្រ វត្ថុលោហៈ មាស និងមានសិលាចារឹកផងដែរ។

ការធ្វើកំណាយលើទីតាំងវាលបញ្ចុះសពសម័យរ៉ូមាំង

រហូតមកដល់សម័យកណ្តាល​ ( Moyen Age) ទីក្រុងនេះ ក៏នៅតែបន្តរីកចម្រើនដែលមានការកសាងជាព្រែកជីកធំៗដូចជា Canal de la Robine, Canal de Jonction ដែលភ្ជាប់ទៅកាន់ព្រែកជីក (Canal de Midi​) ដែលជាព្រែកជីកដ៏ធំក្នុងតំបន់ អូស៊ីតានី។ ក្រៅពីនោះ សំណង់ស្ថាបត្យកម្មជាច្រើនដូចជាព្រះវិហារ ក៏មានការកសាងផងធំៗផងដែរ។ ព្រះវិហារនៃណាបោន (La cathédrale de Narbonne) កសាងឡើងនៅឆ្នាំ ១២៧២ ស្ថិតនៅក្នុងរចនាបទ gothique និងបានបញ្ចប់ការសាងសង់នៅឆ្នាំ ១៣៣០គ.ស.។ ព្រះវិហារនេះ គឺមានភាពល្បីល្បាញខ្លាំង​ តាមរយៈចម្លាក់ និងការតុបតែងដេក័រផ្នែកខាងក្នុងព្រះវិហារ។

សរុបរួមមក ណាបោន គឺជាទីក្រុងកំពង់ផែដ៏សំខាន់នៅក្នុងសម័យរ៉ូមាំងជាពិសេសនៅមុនគ.ស. ហើយក៏ជាផ្លូវពាណិជ្ជកម្មដ៏ធំក្នុងមហាសមុទ្រមីឌឺទែរ៉ាណេ។ អ្នកស្រាវជ្រាវបានរកឃើញនូវសំណល់សំពៅ និងវត្ថុសិល្បៈជាច្រើនផ្សេងទៀត ដែលសព្វថ្ងៃបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរនៃខេត្ត ណាបោន៕

អត្ថបទដោយ៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!