នៅក្នុងវចនានុក្រមខ្មែរ ដែលរៀបចំឡើងដោយពុទ្ធសាសនបណ្ឌិត្យពន្យល់ថា “ឈ្នក់” គឺជាប្រដាប់នេសាទមច្ឆជាតិមួយប្រភេទ មានសណ្ឋានដូចថ្នង មានចំពាស់ ៤ មានដង ១។ ប៉ុន្តែ អ្នកស្រុកនៅតំបន់សំបូរព្រៃគុក ព្រមទាំងតំបន់ភាគច្រើននៅក្នុងខេត្តកំពង់ធំគេនិយមហៅឧបករណ៍នេសាទនេះជាក្រៀមភាសាថា “ឆ្នុក” (មកពីពាក្យឫសជាក្រៀមភាសាថា “ញុក” ដែលមិនខុសពី ឈ្នក់ មកពីពាក្យឫសថា “ញក់”)។ ការដែលគេហៅដូច្នេះ មកពីគេចង់សំដៅលើការយកដងឆ្នុកទៅសៀតចូល (ញក់) ទៅក្នុងដៃខ្វែងរបស់ឧបករណ៍នេះ។ ឧបករណ៍នេះ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះជីវិតប្រចាំថ្ងៃរបស់អ្នកស្រុកនៅតំបន់ប្រាសាទសំបូរព្រៃគុក។ តើឧបករណ៍ ឈ្នក់ ឬឆ្នុក មានរបៀបធ្វើ និងនេសាទដូចម្តេចខ្លះ?
ជាទូទៅ ឧបករណ៍នេះគេធ្វើឡើងពីឫស្សីចំនួន ៧កំណាត់ ដែលមានដងកាន់ចំនួន ១ ចំពាស់ចំនួន៤ និងបំពង់ខ្វែងចំនួន២។ ដូច្នេះ យើងឃើញថាគ្រឿងបង្គុំសម្រាប់ធ្វើឧបករណ៍នេសាទមួយប្រភេទនេះពុំមានលក្ខណៈស្មុគស្មាញអ្វីឡើយ។ ដើម្បីធ្វើឧបករណ៍នេះបាន ជាដំបូងគេត្រូវមានឫស្សីសម្រាប់ធ្វើដងកាន់ប្រវែងប្រហែល ២,៥ម៉ែត្រ ទៅ ៣ម៉ែត្រ។ ដើម្បីបានដងឆ្នុកដែលរឹងមាំនិងប្រើប្រាស់បានយូរអង្វែង គេត្រូវយកឫស្សីសម្រាប់ធ្វើដងឆ្នុកទៅរោលភ្លើងជាមុនសិន ដើម្បីងាយស្រួលពត់ពែនកោងទៅនឹងសាច់អួន។ រីឯចំពាស់ចំនួន៤ ត្រូវមានប្រវែងចំនួន២ ប្រភេទ គឺចំពាស់មួយគូខាងលើដាច់ខាតត្រូវតែវែងជាងចំពាស់មួយគូនៅខាងក្រោមយ៉ាងតិច១០ សង់ទីម៉ែត្រ។ ដូច្នេះមានន័យថា ប្រសិនបើចំពាស់មួយគូខាងលើមានប្រវែង ១,៦ម៉ែត្រ ចំពាស់មួយគូខាងក្រោមត្រូវមានប្រវែង ១,៥ម៉ែត្រ។ ចំណែក បំពង់ខ្វែងរបស់ឆ្នុកត្រូវមានប្រវែងប្រហែល ០,៥ម៉ែត្រ ដែលមានប្រហោងសម្រាប់សៀតចូលចំពាស់ទាំងបួន ហើយខ្វែងសម្រាប់សៀតឬញុកនោះ គេបានរឹតខ្ចៅធ្វើអំពីផ្តៅ ដើម្បីការពារកុំឱ្យបំពង់ខ្វែងបាក់បែក។ ចុងក្រោយ គឺសាច់អួន មានប្រវែង ១,៧ម៉ែត្រ មានរាងបួនជ្រុងដែលមានក្រឡាអួនប្រហែល ២,៥សង់ទីម៉ែត្រ (រូបលេខ១-២)។
ការនេសាទដោយប្រើប្រាស់ឧបករណ៍ឈ្នក់នេះ មានភាពពេញនិយមខ្លាំងណាស់ចំពោះអ្នកស្រុកនៅតំបន់ប្រាសាទសំបូរព្រៃគុក។ អ្នកស្រុកច្រើនប្រើប្រាស់ឧបករណ៍ប្រភេទនេះសម្រាប់នេសាទត្រីនៅរដូវទឹកស្រក ហើយជាទូទៅគេចេញនេសាទជាក្រុម ដោយក្រុមខ្លះប្រើប្រាស់តែឈ្នក់សុទ្ធ និងក្រុមខ្លះទៀតប្រើប្រាស់ទាំងឈ្នក់ និងឧបករណ៍ផ្សេងទៀតតាមចំណង់ចំណូលចិត្តរបស់អ្នកស្រុក។ ជាការកត់សម្គាល់ គេច្រើនប្រើប្រាស់ឧបករណ៍ឈ្នក់ជាមួយឧបករណ៍សម្រាប់រត់ត្រីម្យ៉ាងទៀតដែលហៅថា “គន” ដែលជាឧបករណ៍សម្រាប់បង្អើលត្រីឱ្យផ្អើល។ ការនេសាទទៀតសោត គេអាចនេសាទនៅតាមបឹង ត្រពាំង ឫប្រភពទឹកផ្សេងៗដែលមិនជ្រៅពេក និងមិនរាក់ពេក។ មុនដំបូង គឺត្រូវមានអ្នកកាន់គនសម្រាប់រត់ត្រីឱ្យផ្អើលដែលគេហៅថា “ក្របី” ហើយនៅពេលដែលឃើញមាត់ត្រីរត់ដល់ត្រឹមណា អ្នកនេសាទបានប្រើប្រាស់ឧបករណ៍ឈ្នក់ត្រឹបពីលើមាត់ត្រីនោះ។ បន្ទាប់មក គេយកដៃលូកចាប់ត្រីក្នុងអួនរបស់ឆ្នុកនោះជាការស្រេច (រូបលេខ៣-៩)។
យើងសង្កេតឃើញថា ការនេសាទដោយប្រើប្រាស់ឧបករណ៍ឈ្នក់នៅតំបន់ប្រាសាទសំបូរព្រៃគុក គេធ្វើឡើងជាលក្ខណៈគ្រួសារជាប្រចាំក៏មាន និងនេសាទជាក្រុមធំ (ជាសហគមន៍) នៅក្នុងពិធីឡើងអ្នកតាក៏មាន។ ជាក់ស្តែង គឺការឡើងអ្នកតានៅភូមិជ័យ គេតែងនាំគ្នាទៅនេសាទត្រីនៅបឹងរួមរបស់សហគមន៍មួយកន្លែង ដែលស្ថិតនៅទិសនិរតីដែលមានចម្ងាយពីភូមិប្រមាណ ៥០០ ម៉ែត្រ។ ត្រីដែលនេសាទបានទាំងអម្បាលម៉ាន គេយកទៅពិសារនៅផ្ទះផង និងមួយចំនួនយកទៅផ្គត់ផ្គង់កម្មវិធីឡើងអ្នកតាផង (រូបលេខ១០-១១)។
ក្នុងនេះដែរ បើយើងប្រៀបធៀបជាមួយការនេសាទដោយប្រើឈ្នក់នៅលក្ខណៈប្រពៃណីនៅតំបន់ប្រាសាទសំបូរព្រៃគុក គឺមានភាពខុសគ្នាខ្លាំងពីការនេសាទដោយប្រើឈ្នក់នៅក្នុងទឹកទន្លេនៅម្តុំ “មាត់ឃ្មង់” ក្បែរទន្លេបិទ ខេត្តកំពង់ចាម។ យោងតាមឯកសារដែលចេញផ្សាយដោយលោក ព្រាប ចាន់ម៉ារ៉ា នៅក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរ បានរៀបរាប់ថា៖ “អ្នកនេសាទនៅមាត់ឃ្មង់ត្រូវមានទូកមួយ និងក្បូនមួយ ដែលមានផ្ទះឬខ្ទមសម្រាប់ស្នាក់អាស្រ័យនៅទីនោះតែម្តង ដើម្បីទប់ទម្ងន់ថ្នងសំណាញ់មួយយ៉ាងធំដែលគេពាក់នៅលើគ្រោងឆ្អឺងឫស្សី។ រីឯការនេសាទ គឺគេបំបះចុងឫស្សីម្ខាងឡើងទៅលើ ដើម្បីឱ្យថ្នងដែលនៅចុងម្ខាងទៀតលិចចុះទៅក្នុងទឹក។ លុះសំណាញ់ធ្លាក់ត្រាំទៅជ្រៅហើយ គេទុកពេលប្រមាណ ១៥នាទីដើម្បីឱ្យត្រីចូលមក រួចទើបគេបំបះឫស្សីដើម្បីលើកថ្នងនោះឡើងលើវិញ ដើម្បីចាប់ត្រីនៅក្នុងសំណាញ់ធំនោះ”។ របៀបនៃការនេសាទនៅតាមទឹកទន្លេនៅខេត្តកំពង់ចាមនេះ គឺពិតជាមានភាពខុសគ្នាយ៉ាងខ្លាំងពីការនេសាទនៅតាមប្រភពទឹកតូចៗនៅជុំវិញតំបន់សំបូរព្រៃគុក ដែលវាសបញ្ជាក់ឱ្យឃើញថាវប្បធម៌នៅតំបន់នីមួយៗមិនដូចគ្នានោះទេ (រូបលេខ១២)។
ជារួមមក ឈ្នក់ ឬហៅតាមក្រៀមភាសានៅក្នុងតំបន់ថា “ឆ្នុក” គឺជាឧបករណ៍នេសាទដ៏សាមញ្ញមួយរបស់អ្នកនេសាទជាលក្ខណៈគ្រួសារនៅតំបន់ប្រាសាទសំបូរព្រៃគុក។ ឧបករណ៍នេះមានលក្ខណៈងាយស្រួលផលិត ហើយអាចប្រើប្រាស់បានយ៉ាងងាយស្រួលទៀតផង។ ម្យ៉ាងវិញទៀត ឧបករណ៍នេះបានភ្ជាប់គ្នាទៅនឹងប្រពៃណីវប្បធម៌ឡើងអ្នកតាចាស់ស្រុករបស់អ្នកស្រុកថែមទៀតផង ដែលជាហេតុឱ្យយើងអាចនិយាយបានថា ឧបករណ៍នេះ គឺពិតជាផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះអ្នកស្រុកនៅតំបន់នេះ៕












អត្ថបទដោយ៖ ស្រី សមប៊ុនណារ៉ុង