ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទខ្នារ K.១៣១២

សិលាចារឹកប្រាសាទខ្នារ K.១៣១២

ប្រាសាទខ្នារ មានទីតាំងស្ថិតនៅក្នុងភូមិក្រឡាពាស ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ទេពក្នុងព្រហ្មញ្ញសាសនា ជាពិសេស គឺព្រះវិស្ណុ ព្រោះយើងឃើញមានដូចជា ព្រះត្រិវិក្រម សកវ្រាហ្មណ។ ប្រាសាទនេះកសាងដំបូងក្នុងកំឡុងរាជព្រះបាទជ័យវរ្ម័នទី៤ ព្រះបាទហស៌វរ្ម័នទី២ ព្រះបាទជ័យវវ្ម័នទី៥ ព្រះបាទសូរ្យវរ្ម័នទី១។ ដោយ​ហេតុថាប្រាសាទនេះកសាងឡើងច្រើនដំណាក់កាល ម្ល៉ោះហើយសិលចារឹកនៅប្រាសាទនេះក៏មានច្រើនផ្ទាំងដូចគ្នាដែរ។ នៅក្នុងឆ្នាំ១៩៦៦ លោក ហ្សក សឺដេស បានចុះបញ្ជីសិលាចារឹកសរុបនៅប្រាសាទនេះចំនួន ៤ ផ្ទាំង រួមមាន K.៣៥៥, K.៣៥៦, K.៦៦០, K.៦៦១ ប៉ុន្តែក្នុងពេលនោះលោកមានចន្លោះដោយសារពុំបានចុះបញ្ជីសិលាចារឹកចំនួន១ ទើបនៅពេលពេលក្រោយមក គេបានចុះបញ្ជីសិលាចារឹកមួយទៀតបន្ថែម គឺ K.១៣១២។

ជាសង្ខេបខ្លីមក សិលាចារឹកប្រាសាទខ្នារ K.១៣១២ ចារឹកនៅឆ្នាំ ៨៩១ នៃមហាសករាជ ត្រូវនឹងឆ្នាំ ៩៦៩ នៃគ្រឹស្តសករាជ ចំនឹងថ្ងៃ ៤រោច ខែស្រាពណ៍ ថ្ងៃសៅរ៍ ដែលរៀបរាប់អំពីព្រាហ្មណ៍ម្នាក់ឈ្មោះថា “ណិរន្តចារ្យ” មានឋានន្តរនាមថា “ម្រតេញ” ដែលជាអធិការបតីនៅភ្នំកម្រតេងជគតលិង្គបុរ។ “ភ្នំកម្រតេងជគតលិង្គបុរ” ឬ “ភ្នំកម្រតេងជគតតរាជ្យ” សំដៅដល់មហាប្រាសាទធំនៅតំបន់កោះកេរសព្វថ្ងៃនេះឯង។ គេបានអញ្ជើញព្រាហ្មណ៍ “ណិរន្តចារ្យ” មកទេវស្ថាននេះ ដើម្បីឱ្យលោកបង្កើតមូលនិធិបន្ថែមដើម្បីជួយផ្គត់ផ្គង់ដល់ទេវស្ថាន ដូចជា ការជាវដីធ្លីជាដើម ហើយបានកំណត់ព្រំប្រទល់ដីយ៉ាងជាក់លាក់ថែមទៀតផង។

នៅក្នុងសិលាចារឹកនេះក៏បានផ្តល់ទិន្នន័យខាងភាសាសាស្ត្រ និងស្ថាននាមមួយចំនួនឱ្យយើងបានយល់កាន់តែច្បាស់បន្ថែមទៀត ដោយស្ថាននាមទាំងនោះជាភាសាខ្មែរមានដូចជា៖

១. “វ្នំ កម្រតេង៑ ជគត៑ លិង្គបុរ” (ភ្នំកម្រតេងជគតលិង្គបុរ)

២. ”វ្រៃ ត្រវង៑ ខ្សច៑” (ព្រៃត្រពាំងខ្សាច់)

៣. “វ្រៃ ចន្ហ្វរ រំច្យក៑” (ព្រៃចង្ហូរ រំចេក)

៤. “វ្រៃ សស្គា” (ព្រៃសស្គា)

៥. “ឆ្ទិង ឆោក ខ្លា” (ស្ទឹងឆោកខ្លា)

៦. “ឆ្ទិង ល្ង្យង” (ស្ទឹងល្ងៀង)

ស្ថាននាមខាងលើនេះ បានបង្ហាញយ៉ាងច្បាស់ដល់ទីតាំងភូមិសាស្ត្ររបស់ប្រទេសកម្ពុជា ដូចជា ជ្រលង ដង អូរ ព្រែក ស្ទឹង រុក្ខជាតិ សត្វ និងបរិស្ថានដែលស្ថិតនៅជុំវិញទីទេវស្ថាននេះស្រាប់​តែម្តង។

អត្ថបទពាក្យចារឹក

១.        ៨៩១ ឝក ចតុថ៌ិ រោច៑ ឝ្រាវន សនេឝ្ចរវារ ម្រតេញ៑ ណិ

២.        រន្តរាចាយ៌្យ ខ្លោញ៑ វ្នំ កម្រតេង៑ ជគត៑ លិង្គបុរ ជៅ ភូមិ

៣.       វ្រៃ ត្រវង៑ ខ្សច៑ ណា សង្កតិ តិ បូវ៌្វ ឥស្ស វ្រៃ ចន្ហ្វរ រំច្យក៑

៤.        វ្រៃ សស្គា ឆ្ទិង ឆោក ខ្លា ថ្លេង៑ ទៅ ល្វះ ត គិ វ្រៃ ចស្ស នុវ ឆ្ទិង ធារ

៥.        ថ្លេង៑ ទៅ ល្វះ ត គិ វ្រៃ ចស្ស នុវ គ្នងធារ តិ បូវ៌្វ ប្រសប៑ ឆ្ទិង ល្ង្យ

៦.        ង៑ តី ជៅ នុ ភាជន ត វ្រះកម្រតេង៑ អញ៑ តរាជ្យ នុ វ្រះ

៧.        កម្រតេង៑ អញ៑ សកវ្រាំហ ងន ភាជន ជ្យង ៧ ថ្វេ បូជា វ្រះ

៨.        កម្រតេង៑ អញ៑ សុវណ៌្ន ឱយ្យជ្ញ ត វ្រះកម្រតេង៑ អញ៑ តរាជ លិះ       

៩.        ២ ត វ្រះកម្រតេង៑ អញ៑ សកវ្រាហ្ន លិះ២ ប្រតិទិន បាទមូល ត

១០.      អ្នៅវ ភូមិ សស្តា ឆោក ខ្លាធារ៑ បិ ជៅ វាប៑ វ្រៅ វាប៑[ឝិ] វទេវ វាប៑ ហរី

១១.     ទេវ បរិចារ វាប៑ អាទិត្យ គ្រាមបាល វាប៑ មាធវ គ្រាមបាល វាប៑ ឝិ

១២.     វ គណ្ឋ វាប៑ សិរ៑ វាប៑ សេ វាប៑ ឆោគបាល វាប៑ អាត៑ វាប៑ ចន្ទ្រ វាប៑ ញ

១៣.    វាប៑ អម្ឫត ខ្លោញ៑ វល វាប៑ គុរុន វាប៑ វ្រហ្ម តំម្រ ទ្វង៑ តំល្វង៑ វាប៑ នន

១៤.     យ ចាំ្មផ្ជុះ វាប៑ អប៑ ច្មាំ ផ្ជុះ

បំណកប្រែ

(បន្ទាត់ទី១ ដល់ទី៣) ឆ្នាំ ៨៩១ មហាសករាជ ៤រោច ខែស្រាពណ៍ ថ្ងៃសៅរ៍ ម្រតេញម្នាក់មានឈ្មោះថា “ណិរន្តរាចាយ៌្យ” ដែលជាខ្លោញភ្នំ (អធិកាបតីទេវស្ថាន) កម្រតេង ជគត លិង្គបុរ បានជាវដីភូមិព្រៃត្រពាំងខ្សាច់។

(បន្ទាត់ទី៣ ដល់ទី១៤) ដោយសង្កតិ គិតចាប់ពីទិសបូព៌ (ខាងកើត) អស់ព្រៃចន្ហ្វរ រំច្យក (ព្រៃចង្ហូររំចេក) ព្រៃ សស្គា ស្ទឹងឆោកខ្លា ដោយឡើងទៅរហូតដល់ព្រៃចាស់និងស្ទឹងធារ ឡើងទៅ រហូតដល់ព្រៃចាស់នូវគ្នងធារ ដែលខាងកើតប្រសព្វនឹងស្ទឹងល្ងៀង។ ដីដែលបានជាវ និងភាជន៍ ពីព្រះគម្តែង អញ ជាម្ចាស់ (ព្រះកម្រតេង អញ តរាជ្យ) និងព្រះកម្រតេង អញ សកព្រាហ្មណ៍ ងន (ទំងន់) ៧ ជ្យង ធ្វើពិធីបូជា ដល់ព្រះកម្រតេង អញ សុវណ៌្ន ឱ្យយ័ញ្ញ ដល់ព្រះកម្រតេង អញ តរាជ្យ ចំនួន២លិះ ដល់ព្រះកម្រតេង អញ សកព្រាហ្មណ៍ ចំនួន២លិះជាប្រចាំថ្ងៃ។ សម្រាប់បាទមូល (អធិការបតិ) ភូមិ សស្គា,ឆោក ខ្លាធារ ដើម្បីជាវ វាប វ្រៅ វាប ឝិវទេវ វាប ហរី ជា ទេវបរិចារ (អ្នកបម្រើព្រះ) វាប អាទិត្យ គ្រាមបាល វាប មាធវ គ្រាមបាល វាប សិវ គណ្ឋ វាប សិរ វាប សេ វាប ឆោគបាល វាប អាត វាប ចន្ទ្រ វាប ញ វាប អម្ឫត ខ្លោញ វល (តម្រួចពល) វាប គុរុន វាប វ្រហ្ម តំម្រ (ដំរី) ទ្វង តំល្វង វាប ននយ ចាំ្មផ្ជុះ (អ្នកធ្វើពិធីជម្រះបាប) វាប អប ច្មាំផ្ជុះ (អ្នកធ្វើពិធីជម្រះបាប)។

ជារួមមក សិលាចារឹកប្រាសាទខ្នារ K.១៣១២ បានផ្តល់ព័ត៌មានជាច្រើនអំពីការជាវដីព្រៃសម្រាប់ធ្វើជាមូលនិធិផ្តត់ផ្គង់ដល់ប្រាសាទ ដែលដីដែលបានជាវនោះ គឺព្រាហ្មណ៍ម្នាក់ដែលជាអ្នកទទួលបន្ទុកបានកំណត់ព្រំប្រទល់យ៉ាងជាក់លាក់៕

អត្ថបទដោយ៖ លោក​ កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!