ទំព័រដើមប្រវត្តិសាស្ត្រភស្តុតាងចម្លាក់អាយុធបុរុសនៅក្នុងសិល្បៈខ្មែរ

ភស្តុតាងចម្លាក់អាយុធបុរុសនៅក្នុងសិល្បៈខ្មែរ

អាយុធបុរុស (āyudhapuruṣa) ឬអាចហៅម៉្យាងទៀតបានថា សាស្ត្រាទេវតា (Sastradevatā) គឺជាការបង្ហាញអាវុធ ឬកេតនភណ្ឌរបស់ទេពនៅក្នុងព្រហ្មញ្ញសាសនា។ នៅក្នុងសិល្បៈឥណ្ឌា ការបង្ហាញចម្លាក់អាយុធបុរុស មានលក្ខណៈពេញនិយមយ៉ាងខ្លាំង ជាពិសេស គឺនៅសម័យគុប្ត។ បើត្រឡប់មកពិនិត្យមើលនៅក្នុងសិល្បៈខ្មែរនាសម័យបុរាណវិញ សិល្បករបុរាណមិនសូវជាពេញនិយមចម្លាក់ប្រភេទនេះទេ។​ ប៉ុន្តែ យើងអាចមើលឃើញទិដ្ឋភាពនៃចម្លាក់អាយុធបុរុសបាននៅលើហោជាងមួយនៅប្រាសាទយាយពៅ ខេត្តតាកែវ ដែលជាប្រាសាទសាងឡើងអំពីថ្មភក់នៅរវាងចុងស.វ.ទី១២។ តើអាយុធបុរុសមានទម្រង់ជាទូទៅបែបណាខ្លះ? និងតើចម្លាក់អាយុធបុរុសនៅក្នុងសិល្បៈមានលក្ខណៈបែបណាខ្លះ?

ចម្លាក់នៅប្រាសាទ Masroor ព្រះវិស្ណុព្រះសិរ៣ អមដោយ គទាទេវី និង ចក្របុរុស  (ដើមស.វ.ទី៨),  Himachal Pradesh, ឥណ្ឌា (ប្រភព៖ https://www.awanderingmind.in/2015/08/vaikuntha-vishnu-at-masroor.html )

ជាទូទៅ ការបង្ហាញរូបភាពអាយុធបុរុស គឺមានទាំងរូបតំណាងជាមនុស្សភេទប្រុសនិងមនុស្សភេទស្រី ហើយការតំណាងនេះគេបានគិតទៅលើភេទរបស់អាវុធទៅតាមភាសាសំស្រ្កឹត។ ក្នុងនោះ គទា (gadā) និងធ្នូ (dhanuśya) ជាអាវុធភេទស្រី ហើយស័ង្ខ (śaṅkha) ខ្សែ (pāśa) ត្រីសូល៍ (triśūla) រន្ទះ (vajra) ដាវ (khanda) សុទ្ធសឹងតែជាអាវុធភេទប្រុស។​ ដោយឡែក កងចក្រ (cakra) និងបទ្ម (padma) ជាអាវុធអាចភេទប្រុសផង និងអាចអភេទថែមទៀតផង។ គ្រប់កេតនភណ្ឌទាំងនេះ គេបន្ថែមពាក្យ “បុរុស” ជាមួយអាវុធភេទប្រុស និងបន្ថែមពាក្យ “ទេវី” បញ្ចូលជាមួយអាវុធភេទស្រី​ ។ ជាក់ស្តែង “ត្រីសូល៍” ដែលជាអាវុធភេទប្រុស គេត្រូវហៅថា “ត្រីសូល៍បុរុស” រីឯ “គទា” ដែលជាអាវុធភេទស្រី គេត្រូវហៅថា “គទាទេវី”។ ការបង្ហាញចម្លាក់នេះទៀតសោត ភាគច្រើនតែងតែបង្ហាញជាមួយរឿងរ៉ាវដែលទាក់ទងនឹងព្រះវិស្ណុ។ ឧទាហរណ៍ ចម្លាក់លើជញ្ជាំងប្រាសាទ Masroor (ស.វ.ទី៨) នៅ Himachal Pradesh ប្រទេសឥណ្ឌា មានបង្ហាញព្រះវិស្ណុព្រះសិរ ៣ ឬគេនិយមហៅថា វៃកុន្ថាវិស្ណុ (ខាងស្តាំមានព្រះភក្រ្តជាជ្រូកព្រៃ កណ្តាលជាព្រះវិស្ណុ និងខាងឆ្វេងជានរសិង្ហ) អមសងខាងដោយចម្លាក់មនុស្សពីរនាក់ ដែលខាងស្តាំជារូបមនុស្សស្រីតំណាងដោយ “គទាទេវី” និងខាងឆ្វេងជាមនុស្សប្រុសតំណាងដោយ “ចក្របុរុស”។

ដោយឡែក ចម្លាក់អាយុធបុរុសនៅលើហោជាងខាងលិចរបស់ប្រាសាទយាយពៅ ខេត្តតាកែវ សិល្បៈករខ្មែរបានឆ្លាក់ចម្លាក់នេះនៅអមសងខាងរូបទេពមួយអង្គ ក្នុងកាយវិការរាំរែកនៅលើជើងទម្រមួយ ដែលយើងអាចសន្និដ្ឋានបានថាជារូបព្រះវិស្ណុរាំ (រូបលេខ២-៣)។ ប៉ុន្តែ បើយើងក្រឡេកមើលទៅលើឯកសារចាស់ៗនៅមុនឆ្នាំ១៩៧៣ ពុំមានអ្នកស្រាវជ្រាវណាបានគិតថាចម្លាក់នៅលើហោជាងនោះ គឺជាព្រះវិស្ណុរាំ អមដោយចម្លាក់អាយុបុរុសនោះទេ។ ការសិក្សាទាំងនោះមានជាអាទិ៍ លោក Jean Moura នៅក្នុងឆ្នាំ១៨៨៣ ដោយលោកមិនបានសង្កត់ធ្ងន់រូបនេះថាជាអ្វីឱ្យប្រាកដនោះទេ។ ក្រោយមក នៅក្នុងឆ្នាំ១៩០០ លោក Etienne Aymonier សិក្សាឡើងវិញម្តងទៀត និងបានសន្និដ្ឋានថា គឺជារូបព្រះវិស្ណុមានព្រះហស្ត៤ អមដោយមនុស្សពីរនាក់ជាអ្នកគោរពប្រណិប័ត​ន៍ព្រះវិស្ណុ។ នៅក្នុងឆ្នាំ១៩០២ លោក Lunet De Lajonquière យល់ថា ចម្លាក់នៅលើហោជាងខាងលិចប្រាសាទយាយពៅ គឺជាព្រះឥសូរមានព្រះហស្ត៤ កំពុងរាំ (សិវនាដរាជ) និងមានមនុស្សពីរនាក់ជាគោរពទ្រង់។ ដោយឡែក មកដល់ឆ្នាំ១៩៥៧ អ្នកប្រាជ្ញសំស្រ្កឹតដ៏ល្បីល្បាញ គឺលោក Kamaleswar Bhattacharya បានស្នើឡើងវិញថា គឺជាព្រះឥសូរកំពុងរាំ ហើយអមសងខាងដោយព្រះព្រហ្ម និងព្រះវិស្ណុកំពុងថ្វាយបង្គំព្រះឥសូរ។ ការសន្និដ្ឋានទាំងអម្បាលម៉ាន លោកស្រី Mireille Bénésti មិនយល់ស្របនោះឡើយ។ ការសិក្សារបស់លោកស្រីហាក់មានភាពទំនើបជាងមុន ដោយសារលោកស្រីបានប្រើប្រាស់ឧបករណ៍កែវយឹត ដើម្បីជំនួយក្នុងការមើលរូបចម្លាក់ឱ្យកាន់តែលម្អិត។ ជាលទ្ធផល លោកស្រីសន្និដ្ឋានថា ចម្លាក់នៅលើហោជាង គឺទំនងមិនមែនជារូបព្រះឥសូររាំទេ តែជារូបព្រះវិស្ណុរាំក្នុងទម្រង់មានព្រះហស្ត៤ ដោយព្រះហស្ត២កាន់កងចក្រ និងស័ង្ខ ហើយព្រះហស្ត២ ទៀត កំពុងធ្វើកាយវិការរាំ។

ចំណែកឯចម្លាក់ទេពតូចៗពីរអង្គដែលកំពុងអង្គុយបញ្ឈរជង្គង់នៅអមសងខាងជើងទម្ររបស់ព្រះវិស្ណុ លោកស្រី Mireille Bénésti សន្និដ្ឋានថា គឺជាអាយុធបុរុស។ ចម្លាក់អាយុធបុរុសនៅខាងស្តាំជាភេទប្រុសមានព្រះហស្ត៤ ដយព្រះហស្ត ២ កាន់កងចក្រ និងស័ង្ខ និងព្រះហស្ត ២ ទៀត កាន់ឧបករណ៍ម្យ៉ាងស្រដៀងឆាប។ រីឯចម្លាក់អាយុធបុរុសនៅខាងឆ្វេងវិញ គឺជាភេទស្រី មានព្រះហស្ត២ ដែលមានព្រះហស្តម្ខាងដាក់ច្រត់នៅលើដី និងព្រះហស្តម្ខាងទៀតកាន់វត្ថុម្យ៉ាងដែលយើងមិនអាចកំណត់អត្តសញ្ញាណបាន។

ចម្លាក់អាយុធបុរុសទាំងពីរអង្គនេះ មើលទៅហាក់មិនមានកាយវិការគោរពដូចការលើកឡើងរបស់លោក Etienne Aymonier និងលោក Lunet De Lajonquière ទេ។ រូបទាំងពីរមានកាយវិការស្រដៀងចម្លាក់អាយុធបុរសនៅក្នុងសិល្បៈឥណ្ឌា ដោយរូបទាំងពីរនេះមានភេទចំនួនពីរខុសគ្នា ម្នាក់ភេទប្រុសអង្គុយខាងស្តាំមានព្រះហស្ត៤ កាន់កេតនភណ្ឌតំណាងឱ្យព្រះវិស្ណុ គឺ “ចក្របុរុស” និង “ស័ង្ខបុរុស” និងម្នាក់ទៀតជាភេទស្រីតំណាងដោយដំបងដែលអាចជា “គទាទេវី” ជាកេតនភណ្ឌភេទស្រីតែមួយគត់របស់ព្រះវិស្ណុ។

សរុបមក ការបង្ហាញចម្លាក់អាយុធបុរុស គឺមានទំនាក់ទំនងជាមួយនឹងព្រះវិស្ណុភាគច្រើន ទោះបីនៅក្នុងសិល្បៈឥណ្ឌា និងសិល្បៈខ្មែរក៏ដោយ។ យើងសង្កេតឃើញថា នៅប្រទេសឥណ្ឌាមានការពេញនិយមចម្លាក់ប្រភេទនេះចាប់តាំងពីសម័យគុប្តមកម៉្លេះ។ ប៉ុន្តែ នៅក្នុងសិល្បៈគឺមានលក្ខណៈកម្រយ៉ាងខ្លាំង ពោល គឺទំនងមានតែនៅប្រាសាទយាយពៅមួយប៉ុណ្ណោះ។ ការបង្ហាញទៀតសោត ចម្លាក់អាយុធបុរុស ដែលនៅអមសងខាងព្រះវិស្ណុ មិនមែនចម្លងទាំងស្រុងពីសិល្បៈឥណ្ឌានោះឡើយ ព្រោះនៅក្នុងចំណោមចម្លាក់ទាំងពីរមានទេពម្នាក់មិនប្រាកដថាពិតជាបានកាន់កេតនភណ្ឌព្រះវិស្ណុឱ្យជាក់នោះឡើយ៕

អត្ថបទដោយ៖ ណែម ឆារ៉ាន់

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!