ចាប់ពីសម័យបុរេប្រវត្តិសាស្រ្តមក ខ្មែរបានប្រើលោហៈដូចជា ស្គរសំរឹទ្ធ កងដៃរាង្គដូចស្នែងក្របីធ្វើពីសំរឹទ្ធ ផ្តិល និងកណ្តឹង ឧបករណ៍ធ្វើពីដែក និងក្រវិលធ្វើពីស្ពាន់ជាដើម ។ ជាពិសេសការស្រាវជ្រាវនៅស្ថានីយ៍សំរោងសែនខេត្តកំពង់ឆ្នាំង ព្រៃក្មេងខេត្តសៀមរាប និងបិតមាស (ព្រហារ) ខេត្តព្រៃវែង។ សំរោងសែនមានស្លសំរឹទ្ធជាគ្រឿងអលង្ការ កងដៃ ព្រួញ ពូថៅ និងផ្លែសន្ទូច។ នេះជាស្នាដៃស្លសំរឹទ្ធដ៏ល្អ ដែលស្ថានីយ៍សំរោងសែនមានវ័យចាស់ជាងគេក្នុងយុគថ្មរំលីង។ ជាពិសេសតាមការវិភាគអាយុកាលកាបូន១៤ ដែលឱ្យអាយុកាលតាមសំបកខ្យង លៀសចន្លោះពីឆ្នាំ ១២៨០-១២០ មុនគ្រឹស្តសករាជ។ ដូច្នេះនៅប្រទេសកម្ពុជាសំបូរសម្ភារៈធ្វើពីសំរឹទ្ធតាំងពីបុរេប្រវត្តិសាស្រ្តមក មុននឹងមានការចាក់ពុម្ពសំរឹទ្ធជាបដិមាធំៗ។ តាំងពីសម័យយុគដែកមក ការចាក់ពុម្ពខ្មែរបានចាប់ផ្តើមមានបច្ចេកទេសខ្ពស់ដែល៤ទៅ៥សតវត្សក្រោយមកនៅបន្តអនុវត្តន៍តាម។
ក្រោយមកនៅដើមគ្រិស្តសករាជខ្មែរ បានប្រើលោហៈសម្រាប់ពីធីសាសនាជាគ្រឿង អលង្ការ និងវិស័យពាណិជ្ជកម្ម។ ភាពសម្បូរបែបវត្ថុសិល្បៈពីសំរឹទ្ធ និងមាស ប្រើប្រាស់កាន់តែច្រើនក្នុងជំនឿសាសនា ដូចជារូបបដិមា គ្រឿងអលង្ការ និងបច្ចេកទេសសិតសំរឹទ្ធមានតាំងពីសម័យបុរេប្រវត្តិសាស្រ្តរហូតដល់សម័យបច្ចុប្បន្ន។ អត្ថបទស្រាវជ្រាវនេះនឹងបង្ហាញឧទារហណ៍ខ្លះៗ ពីបច្ចេកទេសសិតសំរឹទ្ធខ្មែរ និងពីបច្ចេកទេសលាយខ្លះៗ។ ត្បិតអីការសិក្សានេះគ្រាន់តែប្រមូលទិន្នន័យវិភាគពីការស្រាវជ្រាវមុនៗ និងចុះផ្ទាល់ដល់កន្លែង ជាងសិតខ្មែរខ្លះប៉ុណ្ណោះ។ ប្រធានបទនេះត្រូវការសិក្សាបន្ថែមពីខ្នាតលាយសំរឹទ្ធខ្មែរ តាមសម័យកាលនីមួយៗបន្ថែមទៀតនៅពេលក្រោយៗ។
បច្ចេកទេសស្លសំរឹទ្ធខ្មែរ
បច្ចេកទេសសិតសំរឹទ្ធខ្មែរ គឺប្រើរ៉ែស្ពាន់ជារ៉ែសំខាន់ ប៉ុន្តែការសំគាល់មានតែភាពខ្លាំងរបស់សំណប៉ាហាំងទេ (ពី២ទៅ១៥%) និងសំណ២០%។ ប៉ុន្តែសំរឹទ្ធខ្មែរបានបង្ហាញសមាសភាគទៅតាមសម័យកាលដូចជា៖ វត្ថុសិល្បៈក្នុងសតវត្សទី៧ ដល់ទី៩គ.ស ការវិភាគមានសំណប៉ាហាំងខ្ពស់ជាង១០%។ ក្នុងសតវត្សទី១០ ដល់១១គ.ស មានសំណប៉ាហាំងទាបជាង១%ទៅវិញ និងវត្ថុសិល្បៈក្នុងសតវត្សទី១២ដល់១៣គ.ស មានសំណច្រើនជាង១៥%ទៅវិញ។ ទោះបីជាយ៉ាងណាក៏ដោយលទ្ធផលការវិភាគនេះគ្រាន់តែជាចំនួនវិភាគវត្ថុសិល្បៈមួយចំនួនប៉ុណ្ណោះ។ដូច្នេះវត្ថុពីព្រះពុទ្ធសំរឹទ្ធនៅចន្លោះសតវត្សទី៧ដល់ទី៩គ.ស ដែលនៅផ្នែកខាងជើងប្រទេសថៃសព្វថ្ងៃមានសំណប៉ាហាំងខ្ពស់ពី១៨ ដល់២៣% និងសំណលាយពី២ទៅ៤%។ សំរឹទ្ធមួយចំនួនដែលផលិតក្នុងសតវត្សទី១២នៅតំបន់ភិមមៃ (ខេត្តនគររាជសីម៉ា) បានបង្ហាញកំរិតខ្ពស់ទាំងពីរ គឺសំណប៉ាហាំង១១ដល់២២% និងសំណពី៦ដល់១៧%។ ឧទាហរណ៍រូបសំណាកគោនន្ទីមុនអង្គរចាក់ពុម្ពលាយប្រាក់ចំនួន៨០% និង២០% ជាលោហៈផ្សំដូចជាសំណស្ថិតនៅក្នុងសតវត្សទី៧ នៅស្ថានីយ៍បុរាណវិទ្យាទួលគុហាខេត្តកណ្តាល ដោយសព្វថ្ងៃរក្សាទុកនៅប្រាសាទហោព្រះត្រៃក្នុងព្រះបរមរាជវាំងភ្នំពេញ លិង្គស្រោបមាសក្នុងសតវត្សទី៧ និងរូបព្រះវិស្ណុផ្ទុំនៅកណ្តាលបារាយណ៍ខាងលិច ដែលសព្វថ្ងៃរក្សានៅសារមន្ទីរជាតិភ្នំពេញ។
សម័យអង្គរស្នាដៃសិតវត្ថុសិល្បៈពីសំរឹទ្ធខ្មែរគឺ មានគុណភាពល្អ និងខ្លាំងពូកែជាងសម័យកាលណាទាំងអស់ក្នុងប្រទេសកម្ពុជា និងនៅអាស៊ីអាគ្នេយ៍ផងដែរ។ តាមការកំណាយស្រាវជ្រាវរបស់សាលាបារាំងចុងបូព៌ា (EFEO) ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាបានអះអាងថា រោងជាងស្លសំរឹទ្ធនោះ មិនមែនជារោងជាងធម្មតានោះទេ តែវាជារោងជាងក្នុងព្រះបរមរាជវាំង ដែលព្រះមហាក្សត្រប្រើប្រាស់ ដើម្បីស្មិតជារូបចម្លាក់ផ្សេងៗ។ តាមទិន្នន័យកំណាយមុនៗ និងស្រាវជ្រាវក្នុងព្រះបរមរាជវាំងអង្គរធំបានបង្ហាញទំនៀមនៃការផលិតលោហធាតុរបស់បុព្វបុរសខ្មែរ បន្តបច្ចេកទេស ខ្នាត និងគុណភាពនៅឡើយសព្វថ្ងៃ។ តាមការកំណាយស្រាវជ្រាវរបស់លោក Brice Vincent ក្នុងតំបន់អង្គរធំ បានរកឃើញជាទម្រង់រោងជាងស្លដែកបុរាណមានជាប្រភេទដីរងកំដៅ ស្លាកស្នាមចង្ក្រាន និងសំណល់លោហៈ ឬឧបករណ៍ប្រើប្រាក់ក្នុងរោងជាងនាសម័យពាក់កណ្តាលស.វទី១១ និងទី១២ នៃគ.ស។
តាមទិន្នន័យបុរាណវិទ្យាមុនអង្គរ រហូតដល់ក្រោយសម័យអង្គរ និងសិលាចារឹក បានបង្ហាញថាប្រពៃណីសិតលោហៈនេះ ត្រូវបានចម្លងទៅបន្ទាយលង្វែក ឧត្តុង និងរាជវាំងនៅរាជធានីភ្នំពេញជាដើម គឺសង្កាត់ព្រៃសរ ខ័ណ្ឌមានជ័យ និងសាលារចនា ។ល។ តាមការស្រាវជ្រាវនៅឧត្តុង និងបន្ទាយលង្វែកក៏នៅមានសហគមផលិតលោហៈនៅផ្នែកខាងជើងនៃបរិវេណព្រះបរមរាជវាំងចាស់នៅតែបន្តមានដល់សព្វថ្ងៃ។ តាមជំនឿខ្មែរ គឺគេតែងដាក់រោងសិប្បកម្មនៅទិសឦសាន ឬទិសខាងជើង និងត្រូវដាក់ឲ្យឆ្ងាយពីប្រាសាទ និងកន្លែងទីប្រជុំជនមនុស្សរស់នៅ។ ការសិតលោហៈនេះ ទាល់តែស្គាល់ពីបច្ចេកទេស និងយល់ពីរ៉ែច្បាស់ទើបអាចផលិតវត្ថុសិល្បៈពីលោហៈនេះបាន។ ឧទាហណ៍រូបចម្លាក់ព្រះវិស្ណុផ្ទំពីសំរឹទ្ធនៅសារមន្ទីរជាតិ គឺមានគុណភាពខ្ពស់ជាងគេ ទាំងនៅក្នុងស្រុក និងតំបន់អាស៊ីអាគ្នេយ៍។
(ប្រភព៖ EFEO សៀមរាប)
ប្រភពរ៉ែ និងរូបធាតុដើម
កាលពីសម័យបុរេប្រវត្តិសាស្រ្ត យើងពុំស្គាល់ច្បាស់ពីប្រភពរ៉ែទេ ប៉ុន្តែជាងស្មូនខ្មែរបានយករបស់ចាស់មកប្រើដោយបន្ថែមរ៉ែខ្លះទៀតដូចជាស្ពាន់ និងសំណប៉ាហាំងដែលការផ្គត់ផ្គង់វត្ថុធាតុដើមទាំងក្នុងស្រុក នឹងតាមតំបន់។ តែរ៉ែសំណប៉ាហាំងមាននៅផ្នែកខាងត្បូងប្រទេសខ្មែរគឺកំពង់ស្ពឺ។ ខ្មែរមានភ្នំដែកនៅខេត្តព្រះវិហារដែលនៅបន្តផលិត ដោយពួកគួយដែលបានបន្តតាំងពីសម័យអង្គរ និងនៅជិតព្រះខ័នកំពុងស្វាយដែលមានឡស្លដែកតាំងពីសម័យអង្គរមក។ ជាងនេះទៀតសិលាចារឹកនៅអាគាខាងជើងរបស់ព្រះខ័ន K.180 ក្នុងឆ្នាំ៩៤៧-៩៤៨ គ.ស ជាសិលាចារឹកសំខាន់ដែលអាចឱ្យយើងស្វែងយល់បន្ថែមពីប្រភពរ៉ែក្នុងតំបន់នោះ។ គេប្រទះឃើញជាតិ ស្ពាន់ និងធ្យូងចំហេះនៅជាប់ក្នុងពុម្ពកុលាលភាជន៏ពីដីដុត និងនៅខាងក្រោមធ្យូងឆេះនៅជិតរ៉ែស្ពាន់ដែលបានស្លររួចជាមួយ នឹងសីតុណ្ហភាពដុតពី១០០០ ទៅ១២០០ដឺក្រេ។ នៅឆ្នាំ១៨៨០លោក Boulangier បានកត់ត្រា និងគូសរូបជាងទងចាក់ពុម្ព និងបច្ចេកទេសផលិតលោហធាតុរបស់ជនជាតិគួយដែលបង្ហាញពីចង្រ្កាន និងរូបភាពបច្ចេកទេសសប់ខ្យល់។
សិល្បះចាក់ពុម្ភសំរឹទ្ធខ្មែរ បានបន្តការប្រើប្រាស់តាំងពីយុគសម័យសំរិទ្ធមកម្លេះ។ រហូតដល់សតវត្សទី៧ដល់ទី១៣នៃគ.ស ខ្មែរបង្ហាញពីបច្ចេកទេសចាក់ពុម្ពដ៏ខ្ពង់ខ្ពស់។ បច្ចេកទេសនេះធ្វើពីរដង ទី១ ចាក់ពុម្ពដោយប្រើបច្ចេកទេសទាំងពីរខាងលើ និងទី២បន្ទាប់មកយកមកសំអាត ឬខាត់។ ភស្តុតាងកំណាយស្រាវជ្រាវរោងជាងស្លសំរឹទ្ធនៅរាជវាំងអង្គរធំបង្ហាញថា ព្រះរាជាក្នុងសម័យមុនៗប្រើប្រាស់រោងជាងស្លសំរឹទ្ធនេះ ដើម្បីធ្វើជារូបចម្លាក់ផ្សេងៗ។ ការស្លសំរឹទ្ធ និងរោងលោហៈនេះ គឺធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានគុណភាព និងប្រើបច្ចេកទេសខ្ពស់ជាង បណ្តាប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមទិន្នន័យកំណាយមុនៗ និងស្រាវជ្រាវក្នុងព្រះបរមរាជវាំងអង្គរធំសម័យអង្គរនេះបានបង្ហាញទំនៀមនៃការផលិតលោហកម្មរបស់បុព្វបុរសខ្មែរ បន្តបច្ចេកទេស ខ្នាត និងគុណភាពល្អនៅឡើយសព្វថ្ងៃ។ ដូច្នេះការចាក់ពុម្ភសម័យថ្មីនេះ ទាំងខ្មែរ និងប្រទេសជិតខាង (ថៃ ឡាវ និងវៀតណាម) បានអនុវត្តន៍ និងប្រើប្រាស់តាមបច្ចេកទេសពីបុរាណមួយចំនួនធំ។ នេះបញ្ជាក់ថាអារ្យធម៌អង្គរនៅតែមានជីវិតបន្តរហូតដល់សព្វថ្ងៃនៅឡើយ ដោយយើងសង្កេតឃើញថាបុព្វបុរសសម័យមុនតែងសង់រោងសិប្បកម្មនៅខាងជើងព្រះបរមរាជវាំង។
អត្ថបទដើម៖ លោក ថូ ថុន