ផែនការសម្ងាត់
ព្រះនាងមណី។ គឺជាការសម្ងាត់ដែលមានតែអាទិទេព ទើបដឹងមនុស្សក្បាលខ្មៅ ដូចយើង មិនដឹងការសម្ងាត់នោះទេ។ បាទ! លោកគ្រូស្អែកខ្ញុំសម្លាប់ព្រះកម្ពុត ស្អែកសត្រូវ លេខមួយរបស់លោកគ្រូ ដែលមិនហួសពីឪពុកលោកគ្រូ ត្រូវខ្ញុំសម្លាប់ជួសលោកគ្រូហើយ ដើម្បីសងសឹកជួសលោក គ្រូទៀត។
ត្បិតតែដារាឯង បាននិយាយការសម្ងាត់នេះប្រាប់ខ្ញុំហើយ ឥឡូវសូមប្រាប់ខ្ញុំមើល ដារាឯងប្រុងធ្វើយ៉ាងណាដើម្បីសម្លាប់នេះ? ដារាគិតសញ្ជឹងបន្តិចៈ
ខ្ញុំមិនឃើញថាមានប្រយោជន៍អ្វីទេ បើខ្ញុំលាក់របៀបសម្លាប់នោះមិនឲ្យលោកគ្រូដឹង។ ស្អែកម៉ោងដប់ នៅចំណុចមុខព្រះសង្ឃសូត្រជយន្តោត្រង់កន្លែងផ្សារកណ្តាលវាល។ ព្រះ កម្ពុតស្តាប់ព្រះ សង្ឃជយន្តោដែរអង្គុយបែរមុខទៅខាងកើត។ ខ្ញុំទទូរសំពត់ស ស្លៀកសពាក់ ស ធ្វើជាអាចារ្យចុះមកពី លើមេឃស្រោចទឹកឲ្យពរជ័យដល់ព្រះកម្ពុត។ ក្នុងពេលស្រោច ទឹកនេះ ខ្ញុំ……ហូតកាំបិតចាក់សម្លាប់ ព្រះកម្ពុត។
ហេតុម៉េចក៏ចាំទទូរផង?
បើមិនទទូរគេស្គាល់ខ្ញុំហើយ!
ងាយមែន! តែដារា ខ្ញុំស្នើសុំខមួយពីដារាឯង។
ដារារីករាយឆ្ការដៃនិយាយថាៈ
គឺជាកិត្តិយសមួយដ៏ខ្ពង់ខ្ពស់របស់ខ្ញុំដែលមុននឹងស្លាប់បានបម្រើមិត្តម្នាក់ដូចជាលោកគ្រូ នេះ។ មានប្រសាស៍មកចុះលោកគ្រូ! ខ្ញុំជូនបានបើខ្ញុំជូនបាន!
ខ្ញុំត្រូវការឲ្យព្រះកម្ពុតរស់សិន! ខ្ញុំសុំជីវិតព្រះកម្ពុត!
ដារាឡើងស្លាំងរអ៊ូថាៈ
លោកគ្រូត្រូវអោយព្រះកម្ពុតរស់សិន?
ពីព្រោះបើព្រះកម្ពុតស្លាប់ក្នុងពេលនេះ ខ្មែរច្រើនណាស់ដែលត្រូវស្លាប់ រួចកាមាម្នាក់ឯងរស់!
ដារាបើកភ្នែកធំៗ
ម៉េចក៏ដូច្នោះ?
ព្រោះអំណាចទាំងប៉ុន្មានមុខជាវាធ្លាក់ទៅក្នុងដៃកាមា ដែលជាអ្នកសម្លាប់ម្តាយរបស់ដារា ឯង!
ដារាឳនមុខជ្រប់ ខាំធ្មេញ រួចងើបមើលមុខមានន្ទចងចិញ្ចើមហើយបើមានន្ទមាន ត្រចៀកទិព្វ មានន្ទអាចឮពាក្យដូចខាងក្រោមនេះ
លោកគ្រូសុំជីវិតព្រះកម្ពុត? លោកគ្រូសុំអញ្ចឹង? តែការសងសឹក…សេចក្តីស្នេហា… ព្រះខត្តិយាណីដ៏អស្ចារ្យក្នុងលោក ស្ត្រីឆ្នើមរង់ចាំខ្ញុំយប់ស្អែកលើពូកស្អាតសាច់សស្គុស មុខ ស្រស់ចំណាប់ដើម្បីជារង្វាន់ដល់ខ្ញុំ។ ឥឡូវលោកគ្រូសុំកុំអោយខ្ញុំស្គាល់កាមរាគនឹងឆោមស្រស់នេះ?
ចម្បាំងមួយយ៉ាងធំកំពុងតយុទ្ធគ្នាក្នុងទ្រូងដារា រួចនៅចុងបំផុតដារាពោលតិចៗថាៈ
ស្អែកព្រះកម្ពុតរស់។
មានន្ទសប្បាយចិត្តយ៉ាងក្រៃអនេកនឹងពាក្យនេះ។
(ជោគជ័យ)
ព្រះសុរិយារះចំកណ្តាលវង់ឆពណ្ណរង្សីទាំងប្រាំពីរថ្នាក់ ដែលមើលឃើញច្បាស់ក្រវង់ជា អស្ចារ្យក្រៃពេក។
ពពកបន្លាយជើងព្នាយវែងទៅដល់ជើងមេឃ។ តាមចាស់ទុំគឺភេទស្រុកសង្រ្គាម។ ប្រជាជន ដែលជាម្ចាស់ស្រុកងើបក្បាលទៅមើលគ្រប់គ្នាៗ ដើម្បីពិនិត្យហេតុដ៏ចម្លែកនេះ។ ពាក្យថា “ពាក្យថាស្រុកមាភ័ន្តប្រែ អ្នកធំស្លាប់” ធ្លាយចេញពីមាត់មួយទៅមាត់មួយ បង្កើតក្តី ខ្លាចក្នុងចិត្តគ្រប់ៗគ្នា។
មែនថ្ងៃនោះ គឺជាថ្ងៃដែលព្រះនាងខត្តិយាណីសម្រេចនូវផែនការដើម្បីខ្លួននាង និង ដើម្បីកាមា។ ផែនការនេះជះចំហាយក្តៅដល់ទៅទេវតាដែលយើងមើលមិនឃើញថែម ទៀត។
តើព្រះកម្ពុតស្លាប់ឬទេ? តើព្រឹត្តិការណ៍ស្រុកទេសប្រែប្រួលទៅជាយ៉ាងណា? យើងរំជួលចិត្ត ក្រៃពេក!
មួយគ្រានេះ បើព្រះនាងសម្រេចបំណងទាំងបីយ៉ាង គឺ ១ សម្លាប់មានន្ទបាន ២ សម្លាប់ព្រះ កម្ពុត ៣ លួចមាសប្រាក់បាន នោះលិទ្ធិផ្តាច់ការមុខជារាតត្បាតយ៉ាងឃោរឃៅលើប្រជារាស្រ្តខ្មែររាប់ ម៉ឺននាក់ជាដាច់ខាត។
តែអ្នកអានទាំងឡាយជ្រាបថា ផែនការទីមួយរបស់មណី ស្រីវិសេសរលំគ្រេងនៅចុងជើង រាស្រ្តទៅហើយ គឺថាមានន្ទឥតត្រូវស្លាប់ដូចស្រីខត្តិយាណីចង់នោះទេ។
សួរថាៈ បើផែនការទីពីរ និងទីបីបានសម្រេច តើបំណងស្រីស្រស់ដែលចង់ជិះករាស្រ្តខ្មែរ សម័យនោះបានសម្រេចទេ?
យើងអាចឆ្លើយថាៈ ក្នុងពីរភាគបីបំណងស្រីចំណាប់អាចសម្រេចបានពីព្រោះថាបើព្រះកម្ពុត ស្លាប់ អំណាចបានទៅនាង រួចស្រីបានមាសប្រាក់ដើម្បីទិញអាវុធបន្តសង្រ្គាមជិះជាន់នោះទៅទៀត បាន ហើយបានយ៉ាងសាហាវមិនខាន។
ហេតុនេះ គួរភ័យណាស់ពេក ព្រោះមហន្តរាយនៅមានទម្ងន់យ៉ាងធ្ងន់ដដែលលើសិរសាជាតិ យើង។ (សូមរងចាំតាមដានភាគទី៧២ នៅសប្តាហ៍ក្រោយ)