សិល្បៈខ្មែរដែលទាក់ទងជាមួយព្រះហេវជ្រ ក្នុងលទ្ធិព្រះពុទ្ធសាសនាវជ្រយាន ហាក់ដូចជាមិនសូវសម្បូណ៌ហូរហៀរដូចអាទិទេពផ្សេងៗនៅក្នុងព្រហ្មញ្ញសាសនាឡើយ។ នៅក្នុងសង្គមខ្មែរ គេច្រើននិយមធ្វើរូបព្រះហេវជ្រអំពីសំរិទ្ធ ហើយបើបដិមាដែលធ្វើអំពីថ្មក៏ហាក់ដូចជាមានតិចតួចដូចគ្នាដែរ។ ហេវជ្រ គឺជាទេពដ៏សំខាន់ក្នុងបរិបទព្រះពុទ្ធសាសនាបែបតន្រ្ត តំណាងឱ្យសតិ សម្បជញ្ញៈ និងការបង្រៀន។ ទ្រង់ គឺជាបុគ្គលម្នាក់ដែលសម្រេចបានការត្រាស់ដឹងដែលកើតឡើងដោយអាថ៌កំបាំងនៃកាយ វាចា និងចិត្ត ហើយលក្ខណៈទាំងបីនេះរមែងលេចចេញក្នុងលំហតាមដំណើរនៃការសមាធិ រួមមាន កាយជាចក្រវាល វាចាជាប្រាជ្ញាដល់ប្រសើរ និងចិត្តជាសេចក្តីអនុគ្រោះដល់សត្វទាំងឡាយ។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញអំពីបំណែកបដិមាហេវជ្រដ៏ល្បីល្បាញមួយ ដែលរកឃើញនៅខ្លោងទ្វារខ្មោច ក្រុងអង្គរធំ ហើយបច្ចុប្បន្នកំពុងរក្សាទុក និងដាក់តាំងបង្ហាញនៅសារមន្ទីរមេត្រូប៉ូលីតាន់ ក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
បំណែកបដិមានេះ រកឃើញតាមរយៈការធ្វើកំណាយបែបបុរាណវិទ្យានៅក្នុងឆ្នាំ១៩២៥ ដោយអ្នកអភិរក្សអង្គរជនជាតិបារាំងម្នាក់ឈ្មោះថា “ហង់រី ម៉ាហ្សាល់” (Henri Marchal) នៅខ្លោងទ្វារខ្មោច (ខ្លោងទ្វារខាងកើត ខាងត្បូងខ្លោងទ្វារជ័យ) ក្រុងអង្គរធំ។ ក្នុងពេលរកឃើញនោះ គេឃើញមានតែបំណែកព្រះសិរជាប់ជាមួយផ្នែកខ្លះនៃដងខ្លួន និងព្រះបាទរបស់បដិមា។ ក្នុងនោះ ព្រះសិរខាងលើរបស់បដិមា គេមិនទាន់រកឃើញនៅឡើយទេ ពោល គឺរកឃើញតែព្រះសិរ ២ ថ្នាក់ប៉ុណ្ណោះ ដែលថ្នាក់កណ្តាលមានព្រះសិរចំនួន ៤ និងថ្នាក់ខាងក្រោមមានព្រះសិរចំនួន ៣។ ចំណែកឯ ព្រះសិរថ្នាក់ខាងលើបង្អស់ដែលមានចំនួន ១ គេបានរកឃើញនៅក្បែរៗកន្លែងដដែល ហើយក្នុងពេលនោះគេបានរកឃើញបំណែកព្រះហស្តចំនួន ១ ថែមទៀតផង (ព្រះហស្ថសរុបមាន ១៦)។ ជាអកុសល ព្រះសិរថ្នាក់ខាងលើនេះ បានបាត់នៅក្នុងឆ្នាំ១៩៩២។ ផ្នែកព្រះបាទបដិមាដែលគេរកឃើញនៅពេលនោះ គឺឈរក្នុងទម្រង់រាំ (ជើងឆ្វេងដាក់ជុចទៅក្រោម និងជើងស្តាំដាក់មកពាក់លើកំភួនជើងឆ្វេង) ហើយក្នុងឆ្នាំ១៩២៥ដែលរកឃើញ គេមិនបានយកព្រះបាទបដិមានេះមករក្សាទុកភ្លាមទេ ពោល គឺរក្សាទុកនៅទីតាំងដើមតែម្តង។
(សព្វថ្ងៃរក្សាទុកនៅសារមន្ទីរមេត្រូប៉ូលីតាន់ សហរដ្ឋអាមេរិក) ប្រភព៖ EFEO Archives
(សព្វថ្ងៃរក្សាទុកនៅសារមន្ទីរមេត្រូប៉ូលីតាន់ សហរដ្ឋអាមេរិក) ប្រភព៖ EFEO Archives
(ប្រភព៖ Sharrock, P.D. 2013)
ជាទូទៅ ព្រះសិរព្រះហេវជ្រមានចំនួន ៨ ព្រះហស្ត ១៦ ព្រះបាទ ២ ឬ ៤។ អ្នកស្រាវជ្រាវទូទៅច្រើនយល់ថា ព្រះសិរខាងលើចំនួន ១ និងព្រះសិរកណ្តាលចំនួន ៤ (បូកចូលគ្នាស្មើ ៥) គឺតំណាងឱ្យតថាគតទាំង ៥ (ព្យានិពុទ្ធទាំង៥) ដែលព្រះសិរខាងលើតំណាងឱ្យព្រះវៃរោចន ដែលតំណាងឱ្យការពង្រីកជួរបញ្ឈរនៅផ្នែកកំពូល និងព្រះសិរកណ្តាលទាំង ៤ តំណាងឱ្យផ្នែកបន្ថែមនៅក្នុងប្លង់ផ្តេករបស់ចំណុចសំខាន់ទាំង ៤ នៃត្រីវិស័យ រួមមាន ព្រះអក្សោភ្យ (ខាងកើត) ព្រះរត្នសម្ភព (ខាងត្បូង) ព្រះអមិតភ (ខាងលិច) និងព្រះអមោឃសិទ្ធិ (ខាងជើង)។ រីឯព្រះសិរទាំង ៣ នៅថ្នាក់ខាងក្រោម គេមិនដឹងប្រាកដថាតំណាងឱ្យអ្វីឡើយ ប៉ុន្តែបើសិនយោងទៅលើគម្ពីរតន្រ្ត ចំណាស់ៗរបស់ឥណ្ឌាដែលរកឃើញនៅកោះជ្វា និងជប៉ុន គេអាចសន្និដ្ឋានថា ព្រះសិរទាំង ៣ តំណាងឱ្យព្រះពុទ្ធ ព្រះលោកេសូរ និងព្រះវជ្របាណិ។ ក្នុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ លោក Olivier Cunin បានសាកល្បងផ្គុំរូបនេះជាលក្ខណៈ 3D ឡើងវិញ ដែលលទ្ធផលបង្ហាញថា បដិមាហេវជ្រនេះ អាចមានកម្ពស់ពេញលេញប្រមាណ ៣ ម៉ែត្រ។ លោក Olivier Cunin បានសន្និដ្ឋានថា បដិមានេះទំនងសាងនៅរវាងដើមស.វ.ទី១៣ ដែលដំបូងឡើយអាចតម្កល់នៅច្រកចូលខាងកើត ប្រាសាទបាយ័ន្ត។
ចំណុចមួយដែលមនុស្សជាច្រើនចាប់អារម្មណ៍ អំពីបំណែកបដិមាហេវជ្រនេះជាងគេនោះគឺ ការលក់បំណែកបដិមាហេវជ្រដ៏ពិសេសនេះទៅកាន់សារមន្ទីរមេត្រូប៉ូលីតាន់ សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ១៩៣៦ ក្នុងតម្លៃដ៏ទាប។ សូមបញ្ជាក់ថា ការលក់វត្ថុបុរាណខ្មែរនេះ គឺគេចាប់ផ្តើមអនុវត្តឡើងនៅក្នុងឆ្នាំ១៩២៣ ដោយរដ្ឋាភិបាលបារាំងប្រចាំនៅកម្ពុជានាសម័យអាណានិគម។ ក្នុងនោះ គេដឹងថា លោក George Groslier (Directeur desArts) គឺជាអ្នកផ្តើមគំនិតឱ្យមានការលក់វត្ថុបុរាណខ្មែរនៅពេលនោះ ក្រោមហេតុផលថា «ការលក់វត្ថុបុរាណនឹងបង្កើតប្រាក់ចំណូលជាតិដើម្បីយកទៅផ្គត់ផ្គង់ការងារជួសជុលប្រាសាទនៅតំបន់អង្គរ និងដើម្បីការពារការលួចយកវត្ថុបុរាណចេញពីប្រាសាទរបស់អ្នកទេសចរ»។ នៅមុនពេលច្បាប់អនុម័តជាផ្លូវការឱ្យមានការលក់វត្ថុបុរាណនេះ លោក Louis Finot ក្នុងតំណែងជាប្រធានសាលាបារាំងចុងបូព៌ាប្រទេសនាពេលនោះ បានព្យាយាមជំទាស់គំនិតនេះ ព្រោះលោកយល់ថា “វាជាសញ្ញាណគ្រោះថ្នាក់មួយនៃសម្បត្តិវប្បធម៌ខ្មែរ”។ ប៉ុន្តែ លោក George Groslier បានព្យាយាមបញ្ចុះបញ្ចូលរហូតដល់លោកយល់ព្រម។ ការលក់ទៀតសោត គេឯកភាពគ្នាលក់តែបំណែកៗដែលមិនសូវសំខាន់ដែលបានពីការកំណាយបុរាណវិទ្យា ហើយដាក់លក់បានតែក្នុងសារមន្ទីរជាតិតែប៉ុណ្ណោះ។ ជាអកុសល ចាប់ពីឆ្នាំ ១៩៣១ មក គេបានអនុញ្ញាតឱ្យលក់នៅក្រៅសារមន្ទីរជាតិ ដូចជា នៅតាមសណ្ឋាគារ និងកន្លែងសាធារណមួយចំនួនទៀត ហើយថែមទាំងលក់នូវបំណែកៗសំខាន់ៗដូចជា បំណែកបដិមាហេវជ្រនេះជាដើម។ រហូតមកទសវត្សរ៍ ១៩៤០ លោក Henri Marchal បានយល់ឃើញថា ការលក់នេះហាក់ពុំបានជួយអ្វីជាដុំកំភួនដល់ការងារអភិរក្សប្រាសាទនៅតំបន់អង្គរឡើយ ផ្ទុយទៅវិញ វាទទួលបានតែការរិះគន់ឥតសំចៃមាត់ពីអ្នកកាសែតអន្តរជាតិ និងប្រជាជនក្នុងស្រុក ទើបអាជ្ញាធរអាណានិគមបារាំងសម្រេចបញ្ឈប់ការលក់វត្ថុបុរាណខ្មែរនៅឆ្នាំ១៩៤៥ តែម្តង។
ដោយលោក Olivier Cunin (ប្រភព៖ Cunin, O.)
ជារួមមក បំណែកបដិមាហេវជ្រដែលរកឃើញនៅខ្លោងទ្វារខ្មោច ក្រុងអង្គរធំនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងបរិបទនៃការសិក្សាអំពីប្រវត្តិសិល្បៈព្រះពុទ្ធសាសនានិកាយវជ្រយាននៅកម្ពុជា ដ្បិតបដិមាហេវជ្រដែលធ្វើអំពីថ្ម ហើយមានទំហំធំបែបនេះ ពុំសូវសម្បូណ៌ដូចទេពផ្សេងៗឡើយ។ ម្យ៉ាងវិញទៀត ការលក់បដិមានេះទៅកាន់សារមន្ទីរមេត្រូប៉ូលីតាន់ សហរដ្ឋអាមេរិក អាចជាចំណុចខ្សោយមួយរបស់អាជ្ញាធរអាណានិគមបារាំងក្នុងការគ្រប់គ្រងសម្បត្តិបេតិកភណ្ឌវប្បធម៌នៅកម្ពុជាកាលពីសម័យនោះ។ ទោះបីជាដឹងច្បាស់អំពីសាវតាររបស់បដិមានេះយ៉ាងណាក៏ដោយ ក៏មិនមានច្បាប់ណាមួយក្នុងការទាមទារបដិមានេះត្រឡប់មកកម្ពុជាវិញដែរ ព្រោះការលក់នេះ គឺធ្វើឡើងដោយស្របច្បាប់ក្នុងឆ្នាំ១៩៣៦ លុះត្រាតែមានការឯកភាពទេ្វភាគីណាមួយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក៕
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី