ទំព័រដើមប្រវត្តិសាស្ត្របដិមាបុរសកាន់ពែង

បដិមាបុរសកាន់ពែង

បដិមាបុរសកាន់ពែង ផលិតឡើងអំពីសំរិទ្ធ មានកម្ពស់ ១៨,៥ ស.ម. និងទទឹង ៨,៥ ស.ម. ដែលសព្វថ្ងៃកំពុងដាក់តាំងបង្ហាញនៅក្នុងវិចិត្រសាលនៃសារមន្ទីរជាតិហ្គីមេ ប្រទេសបារាំង។ ​បដិមានេះ គេមិនស្គាល់ប្រភពដើមថារកឃើញនៅទីណាឡើយ ហើយសារមន្ទីរហ្គីមេគឺទទួលបានពីការបរិច្ចាករបស់សប្បុរសជននៅឆ្នាំ១៩៥២។ កន្លងមក ការសិក្សាអំពីអត្ថន័យរបស់បដិមានេះ មានតិចតួចស្តួចស្តើងខ្លាំងណាស់។ ក្នុងនោះ ការសិក្សាមួយដែលអាចរាប់បញ្ចូលបានថាគួរសមនោះគឺ ធ្វើឡើងដោយអ្នកស្រាវជ្រាវជនជាតិបារាំងចំនួន ២រូប ដែលជាអ្នកជំនាញការនៅសារមន្ទីរជាតិហ្គីមេផ្ទាល់តែម្តង នោះគឺ លោក Pierre Baptiste និងលោក Thierry Zéphir។ តើបដិមានេះមានលក្ខណៈទូទៅ និងអត្ថន័យបែបណាខ្លះ?

បដិមានេះបង្ហាញឡើងក្នុងទម្រង់អង្គុយលើទម្ររាងមូល ជើងឆ្វេងលត់ជង្គង់នៅលើទម្ររាងមូល ជើងស្តាំដាក់បញ្ឈរជង្គង់ ស្លៀកសំពត់ លែងខ្លួនទទេ ដៃទាំងពីរលើកឡើងលើទ្រពែងធំមួយ។ តាមរយៈទម្រង់មុខ ជាយសំពត់ ដងខ្លួន និងគ្រឿងតុបតែងលម្អរបស់បដិមា លោក Pierre Baptiste និងលោក Thierry Zéphir បានចាត់ថ្នាក់បដិមានេះស្ថិតនៅរចនាបថកោះកេរ នាស.វ.ទី១០ ដោយលោកទាំងពីរបានប្រៀបធៀបបដិមានេះជាមួយបដិមាថ្មមួយទៀតរកឃើញនៅកោះកេរ ដែលមានទម្រង់អង្គុយ និងជាយសំពត់ស្រដៀងគ្នា។ អ្នកស្រាវ​ជ្រាវទាំងពីរសន្និដ្ឋានបន្ថែមថា កាយវិការរបស់បដិមានេះហាក់ដូចជាកំពុងថ្វាយបង្គំដល់អ្នកដែលមានឋានៈខ្ពស់ជាង ហើយពែងនោះអាចដាក់របស់របរអ្វីមួយសម្រាប់ថ្វាយព្រះនៅតាមប្រាសាទ ដូចជា គ្រឿងក្រអូប គ្រឿងឧបភោគបរិភោគ ឬគ្រឿងអុជបំភ្លឺ ដែលជារឿយៗមាននិយាយនៅក្នុងសិលាចារឹកជាភាសាខ្មែរ និងសំស្រ្កឹត។

ជាទូទៅ ការបង្ហាញបដិមាបែបនេះនៅក្នុងសិល្បៈខ្មែរ មានលក្ខណៈកម្រខ្លាំងណាស់។ តែយ៉ាងហោចណាស់ គេធ្លាប់ឃើញបដិមាសំរិទ្ធមួយទៀតនៅស.វ.ទី១២ មានកាយវិការលើកដៃឡើងលើដូចរូបបុរសកាន់ពែងដែរ គ្រាន់តែតួអង្គនោះគឺជាមនុស្សស្រីទៅវិញ។ ម្យ៉ាងវិញទៀត រូបនោះបានបាត់ផ្នែកខាងលើទៅហើយ ម្ល៉ោហើយយើងមិនដឹងថាបដិមាស្រីលើកវត្ថុអ្វីឡើងនោះទេ។ ក្នុងនោះដែរ លោក John Guy គិតថា បដិមាស្រី ប្រហែលជាទ្រកញ្ចក់រាងមូល។ ពិតហើយ បដិមាបុរសកាន់ពែងនេះ ប្រាកដជាបង្កប់នូវអត្ថន័យណាមួយជាក់ជាមិនខាន ព្រោះរាល់ស្នាដៃសិល្បៈដែលទាក់ទងនឹងសាសនានៅសម័យបុរាណ គឺតែងតែបង្កប់ន័យណាមួយ។

បដិមាមនុស្ស ឬទេពស្រីកាន់វត្ថុអ្វីមួយ ធ្វើអំពីសំរិទ្ធ ស.វ.ទី១២ (សារមន្ទីរជាតិកម្ពុជា)
ប្រភព៖ Guy, 2010

នៅទីនេះ ខ្ញុំសាកល្បងសន្និដ្ឋានថា ពែង អាចជានិម្មិតរូបតំណាងឱ្យអំណាច ឬជ័យជំនះនៅក្នុងប្រពៃណីសាសនាហិណ្ឌូ ហើយបុរសដែលកាន់ពែងនោះអាចជាតួអង្គដ៏សំខាន់ម្នាក់នៅក្នុងពិធីកាន់ពែង ឬពិធីថ្វាយពែង ក្នុងទិដ្ឋភាពជាព្រះនៅស្ថានសួគ៌ ឬក៏ជាមនុស្សមានឋានៈខ្ពង់ខ្ពស់ក្នុងជួររាជការនៅស្ថានមនុស្ស។ ជាការពិត ប្រពៃណីខ្មែរនៅសម័យបច្ចុប្បន្នទាក់ទងជាមួយពិធីកាន់ពែង ឬពិធីថ្វាយពែង គឺមិនមានឃើញអ្វីជាដុំកំភួនឡើយ ហើយយ៉ាងច្រើនយើងឃើញកូនប្រុសកូនស្រីចាក់ទឹកចូលពែង លើកជូនមាតាបិតាដែលពេលខ្លះលត់ជង្គង់ផងក៏មាន។ ប៉ុន្តែ ក្រឡេកទៅមើលសម័យបុរាណវិញ នៅក្នុងប្រពៃណីហិណ្ឌូមនុស្សទំនងចាត់ទុក “ពែង” ជានិម្មិតរូបតំណាងឱ្យភាពប្រសើរខ្ពង់ខ្ពស់ និងតំណាងអំណាច ឬឋានៈដ៏ឧត្តុង ឧត្តម។ ឧទាហរណ៍ សិលាចារឹកវត្ត  បាសែត K.205 ខេត្តបាត់ដំបង បានរៀបរាប់អំពី “បុរសម្នាក់ ត្រូវជាកូនប្រុសរបស់មធុរេន្រ្ទបណ្ឌិត (មន្រ្តីជាន់ខ្ពស់ក្នុងជួររាជការ) មានកិរិយាមាយាទល្អ មានទ្រព្យសម្បត្តិហូរហៀរ មានភាពប៉ិនប្រសប់ រហូតដល់បានក្លាយជាអ្នកថែរក្សាពែងមាស”។ បើក្រឡេកមើលកាន់តែឆ្ងាយជាងនេះទៅដល់វប្បធម៌នៅតំបន់អាស៊ីកណ្តាល ដូចជា វប្បធម៌សាសានៀន (អ៊ីរ៉ង់) ឥណ្ឌា ទួរគី ចិន គេតែងចាត់ទុក “ពែង” ជានិម្មិតរូបនៃអំណាច​ និងជ័យជំនះ ដែលភាគច្រើនគេបង្ហាញរូបស្តេច ឬអ្នកគ្រប់គ្រងកាន់ពែងនៅក្នុងគំនូរ ឬចម្លាក់។

ឧទាហរណ៍ ចានប្រាក់ចំនួនពីរសាងនៅស.វ.ទី៦-៧ មានគំនូររូបស្តេចសាសានៀនអង្គុយចំហៀងដៃម្ខាងកាន់ពែង និងម្ខាងទៀតកាន់របស់អ្វីម្យ៉ាង។ លើសពីនេះទៅទៀត បើក្រឡេកទៅកាន់តែឆ្ងាយដល់វប្បធម៌ក្រិចបុរាណវិញ នៅក្នុងទេវកថាក្រិចបានរៀបរាប់ថា “ហេបេ ដែលជាបុត្រីរបស់ព្រះអង្គ  ហ្ស៊ូស និងព្រះនាងហេរ៉ា គឺជាអ្នកកាន់ពែងដំបូងគេបង្អស់ដើម្បីបម្រើដល់ទេពនៅភ្នំអូឡាំពុស”។ ទេវកថានេះ មានគូរចេញជាគំនូរជាច្រើននៅលើកុលាលភាជន៍របស់ក្រិចនៅរវាងស.វ.ទី៥ មុនគ.ស.។

ចានធ្វើពីដីសិល្បៈក្រិច មានគំនូររូបទេពកាន់ពែង ស.វ.ទី៥ មុនគ.ស.
ប្រភព៖ https://en.wikipedia.org/wiki/Cup-bearer#/media/File:Banquet_cup-bearer_Louvre_G467.jpg

សរុបជារួមមក បដិមាបុរសកាន់ពែងធ្វើអំពីសំរិទ្ធ ដែលកំពុងដាក់តាំងនៅសារមន្ទីរជាតិហ្គីមេ ប្រទេសបារាំង ប្រហែលសាងឡើងនៅរចនាបថកោះកេរ ក្នុងស.វ.ទី១០។ បដិមានេះពិតជាបង្កប់អត្ថន័យមួយដ៏ស្មុគស្មាញដែលនាំឱ្យយើងពិបាកក្នុងការកំណត់ថាជាអ្វីឱ្យប្រាកដ។ ទោះបីយ៉ា​ងណា ការលើកឡើងខាងលើដែលសន្និដ្ឋានថា បដិមានេះតំណាងឱ្យអ្នកកាន់ពែងក្នុងប្រពៃណីហិណ្ឌូ គឺគ្រាន់តែជាការចូលរួមចំណែកគំនិតមួយប៉ុណ្ណោះ។ វាច្បាស់ណាស់ថា ការសន្និដ្ឋាននេះ គឺស្ថិតនៅក្នុងភាពស្រពិចស្រពិល៕

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!