ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿជំនឿទៅលើគ្រូកំណើតរបស់អ្នកភូមិកោះកេរ

ជំនឿទៅលើគ្រូកំណើតរបស់អ្នកភូមិកោះកេរ

ភូមិកោះកេរ ស្ថិតនៅ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាភូមិបុរាណមួយដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ។ ប្រជាជនដែលរស់នៅក្នុងតំបន់នេះភាគច្រើនជាអ្នកដែលប្រកបរបរចិញ្ជឹមជីវិតដោយអាស្រ័យផលព្រៃឈើ និងធ្វើស្រែចម្ការ។

អ្នករស់នៅក្នុងតំបន់នេះ តែងជឿទៅលើជំនឿជីវចល រួមមានអ្នកតាម្ចាស់ទឹកដី ខ្មោច ព្រាយបិសាច។ មិនតែប៉ុណ្ណោះ អ្នកភូមិកោះកេរមានជំនឿដ៏ខ្លាំងក្លាមួយដែលតែងតែគោរពប្រតិបត្តិជាប្រចាំគឺជំនឿទៅលើ គ្រូកំណើត ។ អ្នករស់នៅក្នុងតំបន់នេះជឿថា រាល់មនុស្សម្នាក់ៗកើតមកតែងតែមានគ្រូកំណើតប្រចាំរៀងៗខ្លួន។ បើនិយាយឱ្យយល់ទៅគ្រូកំណើតមានន័យថាជាព្រលឹង ឬជាគ្រូដើមរបស់មនុស្សម្នាក់នោះ។ គ្រូកំណើតត្រូវបានតំណាងឱ្យវត្ថុម្យ៉ាងដែលគេហៅថា ជមគ្រូកំណើត។ ជមគ្រូកំណើតត្រូវបានបែងចែកទៅតាមប្រភេទកំណើតរបស់បុគ្គលនោះ។ ជមគ្រូកំណើតចែកជាពីប្រភេទរួមមាន ជមគុំសន្នុំ និង ជមគុំសង្វារ (រូបលេខ១-២)។

គេអាចសម្គាល់មនុស្សម្នាក់ថាជាគុំសន្នុំបាន ដោយសារបុគ្គលម្នាក់នោះកាលពីកំណើតកើតចេញពីផ្ទៃម្តាយភ្លាមមានទងសុកនៅរុំព័ទ្ធជុំវិញប្រៀបបានជាសំណុំមួយ។ ដោយឡែកគុំសង្វារ គេអាចកំណត់សម្គាល់បានថា កាលដែលបុគ្គលនោះកើតមកភ្លាមមានទងសុករុំនៅឈៀងខ្លួន ឬក៏ក្រវាត់ជុំវិញចង្កេះ។ ចំពោះការរៀបចំជមគ្រូកំណើត ក៏ត្រូវបានបែងចែកទៅតាមប្រភេទដែរ។ អ្នកភូមិកោះកេរ គេច្រើនធ្វើជមគុំសន្នុំពីផ្លែដូង ហើយកាត់ចេញធ្វើជាពីរថ្នាក់ ដោយថ្នាក់ទីមួយគេដោតម្លូរនៅជុំវិញជម និងដោតលាចដាក់ចង្កាក់ និងមានដាក់ក្បាច់ស្លឹកចំនួន៣ធ្វើពីស្លឹកត្នោតដែលគេនិយមធ្វើសម្រា​ប់អ្នកតំបន់នេះ។

ដោយឡែកថ្នាក់ខាងលើរបស់ជម គេមានដោតផ្លែត្របែកតូចៗ ទៀនរុំ ទៀនស្នែង សេកទុំលើទ្រនំធ្វើពីស្លឹកត្នោត (រូបលេខ៣-៤)។ ក្រោយពីរៀបចំផ្នែកទាំងនេះហើយគេក៏រុំក្រវាត់ចង្កេះដែលធ្វើពីស្លឹកត្នោត នៅផ្នែកចង្កេះរបស់ជម រួចរុំក្រណាត់ស នៅជុំវិញផ្នែកខាងនៃជម និងចងអំបោះសរពីលើក្រណាត់នោះ។ ចំពោះជមគុំសង្វារ បើមើ់លទៅលើការរៀបចំមានភាពដូចគ្នាទៅនឹងជមគុំសន្នុំដែរ ប៉ុន្តែខុសគ្នាទៅលើ ការប្រើប្រាស់វត្ថុធាតុដើមជាឈើវិញ។

កាលដែលជឿទៅលើគ្រូកំណើតនេះហើយ បានជាអ្នកនៅក្នុងភូមិកោះកេរនិយមធ្វើពិធីមួយជារៀងរាល់ឆ្នាំក្នុងខែមាឃហៅថា ពិធីឡើងមេមត់ (រូបលេខ៥)។ ពិធីឡើងមេមត់នេះគេធ្វើឡើងកាលណាគេធ្វើកិច្ចប៉ូល ឬបញ្ជាន់រូប ឃើញថា ខុសមាត់ ខុសករ ពាក្យសំដីទៅលើខ្មោចញាតិសណ្តាន ឬអ្នកតាណាមួយ ដែលធ្វើឱ្យម្នាក់នោះមានជំងឺឈឺស្កាត់ មើលពុំជា ដាក់ថ្នាំពុំត្រូវ ហើយក៏សន្យាធ្វើពិធីឡើងមេមត់នេះ ដើម្បីឱ្យអ្នកតា ឬខ្មោចញាតិសន្តាននោះបានសប្បាយ និងជួយព្យាបាលខ្លួនបានជាសះស្បើយពីជំងឺ។ រាល់ពេលដែលមានមេមត់ចូលសន្ថិតក្នុងរូបស្នង គេសង្កេតឃើញថារូបស្នងនោះបានយកជមគ្រូកំណើតរៀងៗខ្លួន ដែលបានដាក់លើរានមេមត់នោះមកមើលដោយយកចិត្តទុកដាក់។  ពិធីឡើងមេមត់នៅភូមិកោះកេរនេះទៀតសោត គេតែងប្រារព្ធឡើង ដោយមានភ្លេងប្រគុំជាចាំបាច់ ហើយមេមត់បានចូលសន្ថិតតាមរយៈរូ​បស្នងជាបន្តបន្ទាប់ ពេលខ្លះគេលេងមួយយប់ទល់ភ្លឺក៏មានដែរ។

រូបលេខ

សរុបជារួមមកប្រជាជនដែលរស់នៅក្នុងតំបន់កោះកេរភាគច្រើន មានជំនឿជីវចលរបស់ខ្លួន ពិសេសជំនឿទៅលើគ្រូកំណើត ដែលការគោរពនេះបានបន្តពីជំនាន់មួយទៅមួយជំនាន់។ មិនតែប៉ុណ្ណោះ កាលដែលមានជំនឿទៅលើគ្រូកំណើតយ៉ាងមុតមាំហើយ បានជាអ្នកក្នុងភូមិកោះកេរតែងតែប្រារព្ធធ្វើពិធីឡើងមេមត់ ឬលាងមេមត់ជារៀងរាល់ឆ្នាំ ដើម្បីជាកិច្ចមួយដែលបំពេញនូវតម្រូវការផ្សេងៗរបស់មេមត់នោះ៕

អត្ថបទដោយ៖ លោក ព្រាន់ សុភារៈ


អាំង ជូលាន, ២០០៦,​ ទំ.៤៣។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!