ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាសត្វ​បុរេ​ប្រវត្តិសាស្ត្រនៅ​កម្ពុជា​ផូស៊ីល​សត្វខ្យង បុរាណមួយ​ប្រភេទ

សត្វ​បុរេ​ប្រវត្តិសាស្ត្រនៅ​កម្ពុជា​ផូស៊ីល​សត្វខ្យង បុរាណមួយ​ប្រភេទ

ខ្យង​ជា​ប្រភេទសត្វ​មួយ​ដែលមាន​រស់នៅស្ទើរគ្រប់ទីកន្លែង​។​ ពួក​នេះ​មាន​ទាំង​ប្រភេទដែល​រស់​នៅ​ក្នុង​ទឹក​សមុទ្រ​ ទឹក​សាប​ និង​លើ​ដី​ផងដែរ​។​ ពពួកខ្យង​មាន​ប្រវត្តិ​ជា​យូរណាស់​មក​ហើយ​​ តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ភស្តុតាង​មួយ​ចំនួន​ដែល​បាន​មកពីផូស៊ីល​ដែ​ល​​កប់​នៅ​ក្នុង​ដី ឬថ្ម​។​ ពពួកខ្យង​មាន​អាយុចាស់​ជាង​ ៥០០លាន​ឆ្នាំ​ទៅ​ទៀត​ ​បើ​យើង​ពិនិត្យ​ទៅ​លើ​តារាង​នៃ​ការ​វិវត្តន៍​របស់​ពពួក​វា (រូបលេខ១)​។​ ការ​វិវត្តន៍​នៃ​ពពួក​ខ្យង​មាន​ការ​រីក​ចំរើន​ជា​លំដាប់​ ពូជ​ខ្លះ​ក៏​បាន​​បាត់​បង់​ទៅ​វិញ​ ​ពូជខ្លះ​ក៏បាន​ក៏​កើត និង​ខ្លះទៀត​ដែល​មាន​តាំង​ពី​យូរ​មក​ក៏​បន្ត​​មកដល់​​បច្ចុប្បន្ន​។​ ខ្យង​ជា​ប្រភេទ​សត្វដែល​ស្ថិត​នៅ​ក្នង​សាខា (Phylum) Mollusca ដែល​ចែក​ចេញ​ជា​ថ្នាក់ (Class) Bivalvia ដែលមាន​ដូច​ជា​ លាស ងាវ​ គ្រំ​… ថ្នាក់​ Cephalopoda មាន​ដូច​ជា​ ម៉ឹក Ammonite…..និង​ថ្នាក់​ Gastropoda ដែល​ជាថ្នាក់​នៃ​ពពួក​ខ្យង​នេះ​។​ ថ្នាក់ Gastropoda ត្រូវ​បាន​បែង​ចែក​ជា​លំដាប់​បន្ត​ទៅ​តាម​រូប​រាង​ និង​លក្ខណៈ​ ជីវសាស្ត្រ​របស់​ពួក​វា​ (រូប​លេខ២-​៣​)​។ ក្នុងអត្ថបទលើក​មុន​ខ្ញុំ​បានរៀបរាប់​ពី​ប្រភេទផូស៊ីល​ខ្យង​ម៉្យាង Bellerophon​​ ដោយពេល​នេះ​ខ្ញុំនឹងរៀបរាប់ពី​ប្រភេទ​ផូស៊ីលខ្យង​ម្យ៉ាងដែល​មាន​សំបក​វៀចទៅម្ខាង មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ខ្យង​បច្ចុប្បន្ន​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​លំដាប់ Order Archaeogastropoda។ ប្រភេទ​ផូស៊ីលខ្យងនេះ ជា​ប្រភេទខ្យង​បាន​រក​ឃើញ​នៅ​ភ្នំ​បាក់​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ និង​រក​ឃើញដោយ​ក្រុម​ការងារ​សិក្សា​ផូស៊ីល​នៃនាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ អគ្គ​នាយកដ្ឋាន​សហគមន៍​មូល​ដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន​។​

ភូមិសាស្ត្រ និង​ភូគព្ភសាស្ត្រ

 ភ្នំ​បាក់​ស្ថិត​នៅ​ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយមាន​ជ័យ​​ តាមរយៈ​ផែនទី​ភូគព្ភសាស្ត្រ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ សំគាល់ដោយអក្សរ​ PLS ជាភ្នំ​ថ្មកំបោរ​សម័យ​​ Permian​Period មាន​អាយុកាល​ ២៥១-២៩៩លាន​ឆ្នាំ។​ ទីតាំង​នេះ​ត្រូវបានគេកាយយកអាចម៍ដី និង​បាន​ជួប​ប្រទះ​ផូស៊ីល​សត្វ​សមុទ្រ​ជាច្រើន​។​ ខ្យង​នេះត្រូវបាន​រក​ឃើញ​នៅ​ផ្នែក​ខាង​កើត​ភ្នំ​ ដែល​ស្ថិត​នៅ​ជម្រៅប្រមាណ​៣០​ម៉ែត្រ ទៅ​៤០​ម៉ែត្រ ក្នុង​ស្រទាប់​ដី​ដែល​មាន​ល្បាយ​ខ្សាច់​ពណ៌​ខ្មៅ​ (រូបលេខ៤)។​

បរិយាយអំពីផូស៊ីល​

ផូស៊ីលខ្យងដែលរកឃើញ​មាន​បណ្តោយ ១២ស.ម ទទឹង​១០ស.ម​ កម្រាស់​៩ស.ម​ ដោយ​ផូស៊ីលខ្យងនេះ បានបែកនៅផ្នែក​មាត់កំឡុងពេលដែលរកឃើញ​នៅទីតាំងផ្ទាល់ តែបច្ចុប្បន្នវាបាន​បិទ​ផ្គុំ​ឡើង​វិញរួចហើយ​​ (រូបលេខ​៥-៨)។​ ខ្សែនៃវង់រវ័ននៃ​គូទ​ខ្យង​មាន​៥ជុំ​ គូទខ្យង​មិន​មាន​លក្ខណៈ​ស្រួច​នោះ​ទេ ផ្នែក​ចុង​នៃ​គូទខ្យង​ត្រូវ​បាន​បែក​បាត់​ហើយ​។​ នៅក្នុង​លំដាប់​ Archaeogastropoda ដែល​ពាក្យ​នេះ​មាន​ន័យ​ថា​ជាខ្យង​ប្រភេទ​បុរាណ។

​តារាង​វគ្គីសាស្ត្រ (Taxonomy)​

Kingdom រជ្ជៈPhylum សាខាClass ថ្នាក់Sub class ថ្នាក់រងOrder លំដាប់Family សណ្តានGenes ពួកSpecies ប្រភេទ
AnimalMollusca  GastropodaProsobranchiaArchaeogastropodaCalliostomatidae  

ក្រៅពីផូស៊ីល​ខ្យង​មួយ​ប្រភេទ​នេះ យើង​ក៏បានជួបប្រទះ​ប្រភេទ​ខ្យង​មួយចំនួន​ដែល​មាន​លក្ខណៈស្រដៀងនឹងផូស៊ីលខ្យង​មួយ​​រក​ឃើញ​នៅ​ភ្នំ​ដូង​ព្រះ​ដែ​ល​ជា​ភ្នំ​មួយ​នៅ​ក្បែរ​ភ្នំ​បាក់​នេះ​ផង​ដែរ​ (រូបលេខ​៩​)​ ​ដោយ​មាន​ទំហំ​ប្រមាណ​៧​ស.ម​ ​​រក​ឃើញ​ឆ្នាំ​២០១៩​ ដែល​ស្ថិត​នៅ​ក្នុង​អាយុ​កាល​ប្រហាក់​ប្រហែល​គ្នា​។​

ផូស៊ីលខ្យ​ងមួយ​ទៀត​ក៏​បាន​រក​ឃើញ​នៅ​ភ្នំ​បាក់​នេះ​ផង​ដែរ ដែល​មាន​ទំហំ​ប្រហាក់ប្រហែល​គ្នា​ (​រូបលេខ​១០​)​។ ចំណែកនៅ​ទីតាំង​មួយ​ទៀត​​ ផូស៊ីលខ្យង​មាន​ទំហំ​ប្រមាណ​៥​ស.ម​ តែ​ត្រូវ​រក​ឃើញ​ស្ថិត​នៅ​ជា​មួយ​ពពួកផូស៊ីល​ផ្សេងៗទៀត ជា​ពិសេស​ជា​មួយ​ពពួក​សត្វទ្រី​ឡូបាយដ៏បុរាណមួយ​ដែល​ត្រូវ​រក​ឃើញ​កាល​ពី​ឆ្នាំ​២០២២​នេះ ​​(​រូបលេខ១១)​។​

ប្រ​ភេទផូស៊ីលខ្យង​ដែល​យើង​លើក​យក​មក​បង្ហាញ​នេះ មាន​ប្រភេទផូស៊ីល​ខ្យង​សមុទ្រ​ក្នុង​ពេល​បច្ចុប្បន្នលក្ខណៈ​ប្រហែល​ ដូចជា​ពពួក​ខ្យង​ប្រាក់​ ដែល​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន (រូបលេខ១២)។​​ ចំពោះ​ការ​វិភាគ​ទៅ​លើ​ផូស៊ីល​ដែល​បាន​រក​ឃើញនៅ​មាន​ការ​លំបាក​ច្រើន​ក្នុង​ការ​បែង​ចែក​លើ​ប្រភេទ​នី​មួយៗ ដោយ​ខ្វះ​ខាត​អ្នក​ជំនាញ​។ ក្រុមការងារ​សិក្សា​ស្រាវជ្រាវផូស៊ីលនិងរៀបចំសម្អាតប្រភេទផូស៊ីល​ខ្យង​នីមួយ​ដើម្បី​ប្រៀបធៀប​គ្នា​អោយ​កាន់​តែ​ស៊ីជម្រៅ។​ ទោះជា​យ៉ាង​ណានេះ​ជា​ព័ត៌​មានមួយនៃការឃើញ​​ផូស៊ីល​ប្រ​ភេទ​ខ្យង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ប្រវត្តិ​រាប់​រយលានឆ្នាំ​មក​ហើយ​៕

អត្ថបទដោយ៖ លោក លឹម​ វណ្ណចន្ទ


- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!