ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទបន្ទាយព្រាវ K.២២១ មេទ្វារខាងត្បូង

សិលាចារឹកប្រាសាទបន្ទាយព្រាវ K.២២១ មេទ្វារខាងត្បូង

ប្រាសាទបន្ទាយ​ព្រាវ មាន​ទីតាំង​​ស្ថិត​នៅ​ភូមិ​ថ្មី ឃុំស្វាយ​ចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមាន​ជ័យ។​ អ្នកស្រុកក្នុងតំបន់​ហៅថា «ប្រាសាទបន្ទាយព្រាវ» «ប្រាសាទកំផែងព្រាវ» ឬ «ប្រាសាទព្រាវ»។ ប្រាសាទនេះបែរមុខទៅទិសខាងកើត សង់ពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់។ នៅខាងកើតប្រាសាទបន្ទាយព្រាវ មានបារាយណ៍ធំមួយ បណ្តោយកើតលិចប្រមាណ៥០០ម៉ែត្រ និងទទឹងជើងត្បូងប្រមាណ២៥០ម៉ែត្រ។ កំពែងជាន់ទីមួយ មាន​ប្រវែ​ង​​កើតលិចប្រវែង១៦០ម៉ែត្រ ជើងត្បូង១២០ម៉ែត្រ មានគូទឹក និងផ្លូវចូលប្រាសាទ។ នៅកំពែងជាន់ទីពីរ មានកំពែងថ្មមួយខណ្ឌកាត់ទទឹងហើយចែកទីធ្លាប្រាសាទជាពីរ​។ នៅធ្លាទីមួយប្រទះឃើញបំណែក​បដិមាគោនន្ទីមួយ។ ធ្លាទីពីរ មានប្រាសាទបី ដែលតាមរយៈសិលាចារឹកចារលើមេទ្វារនៃប្រាសាទនីមួយៗ បានឱ្យដឹងថាប្រាសាទកណ្តាលជាប្រាសាទសិវលិង្គ ប្រាសាទខាងត្បូងតម្កល់ព្រះឥសូរព្រះនាម​បរមេសូរ ប្រាសាទខាងជើងតម្កល់ព្រះភគវតីព្រះឥសូរ គឺ​នាង​ឧមា​។ ដូច្នេះ ប្រាសាទបន្ទាយព្រាវជាប្រាសា​ទ​ឧទ្ទិសដល់ទេពនិកាយព្រះឥសូរ។

ប្រាសាទបន្ទាយព្រាវមើលពីលើអាកាស
កំពែងថ្មបាយក្រៀមខាងក្នុង

សិលាចារឹកនៅប្រាសាទនេះ មាន​ចំនួនប្រាំ។ សិលាចារឹកលេខ K.២២០ ស្ថិត​នៅលើមេទ្វារជើងត្បូងនៃតួប្រាសាទខាងជើង, K.២២១ នៅលើ​មេទ្វារជើង​ត្បូងនៃ​​តួប្រាសាទកណ្តាល, និង K.២២២ នៅលើ​មេទ្វារតួប្រាសាទខាងត្បូង។ ទាំងបីសិលាចារឹកនេះ សព្វថ្ងៃ​បានបាត់ពីទីតាំង​ប្រាសាទ​នេះ​ទៅហើយ។ សិលាចារឹកមួយផ្ទាំងទៀត​ K.១៤៣៣ ត្រូវប្រជាជនយកចេញពីប្រាសាទតាំងពីឆ្នាំ១៩៩៧ម្ល៉េះ ក្រោយមកយកទៅរក្សាទុកនៅសារមន្ទីរខេត្តបន្ទាយមានជ័យនៅឆ្នាំ២០១៩​។ សិលាចារឹកមួយទៀតដឹកចេញពីប្រាសាទនៅឆ្នាំ១៩៩៩ ដែលបច្ចុប្បន្ននៅសារមន្ទីរ​ស្រុកស្វាយចេកជាសិលាចារឹកមិនទាន់ចុះលេខក្នុងបញ្ជីសារពើភណ្ឌនៅឡើយទេ។ សិលាចារឹក K.២២១ មេទ្វារខាងត្បូង ដែលលើកយកមកសិក្សាក្នុងអត្ថបទនេះចារនៅលើមេទ្វារថ្មភក់ពណ៌ផ្កាឈូក មានចំនួន១១បន្ទាត់ ជាភាសាខ្មែរបុរាណ។

សំណៅផ្ដិតសិលាចារឹក​ប្រាសាទបន្ទាយព្រាវ K.២២១ ត្បូង

កន្លងមក ធ្លាប់មានអ្នកលើកយកអត្ថបទចារឹកនេះ មកសិក្សារួចហើយ ​ដូច​ជានៅឆ្នាំ១៩៥១ លោកសាស្ត្រាចារ្យ ហ្ស៊ក សេដេស បានសិក្សាអត្ថចារឹកនេះ រួមនិងK.២២២ក្នុងសៀវភៅ «សិលាចារឹកនៃប្រទេសកម្ពុជា» ក្បាលទី៣។ លោកសាស្ត្រាចារ្យ ហ្វីលីព ចេណ្ណឺរ បានសិក្សាអត្ថបទនេះក្នុងស្នាដៃលោក Part xml, № 29 និង​ចេញផ្សាយលើគេហទំព័រ http://sealang.net/ok/corpus.htm

សិលាចារឹកនេះ មាន​ចុះកាលបរិច្ឆេទចំនួន​៣ គឺ​នៅមហាសករាជឆ្នាំ​៩២៩ (គ.ស.​១០០៧), ឆ្នាំ​៩៣០ (គ.ស. ​១០០៨), និងឆ្នាំ​៩៣៣ (គ.ស. ១០១១)។ នៅម.ស.៩២៩ វាបអម្រឹតបានថ្វាយដីដល់ព្រះគម្តែងអញសិវលិង្គនៅត្បូងរមាំង (ត្រូវនឹងប្រាសាទបន្ទាយព្រាវ) ដោយមានមេទ័ព និងចៅហ្វាយខេត្ត ទៅសង់គោលព្រំដី។ នៅឆ្នាំដដែលនេះវាបអ្យកបានថ្វាយដីដល់ប្រាសាទ និងមានមន្ត្រីទៅសង់គោល។ នៅម.ស.៩៣០ ម្រតាញន្រឹបេន្ទ្រវល្លភៈ បានថ្វាយដីដល់ប្រាសាទដោយមានមន្ត្រីជាសាក្សី។ ចុងក្រោយនៅម.ស.​៩៣៣ មានមន្ត្រីច្រើននាក់រួមគ្នាលក់ស្រែថ្កួលជង/ជង់ឱ្យកំស្តែងស្រីនរបតីន្ទ្រ​វម៌្ម​ ក្នុងតម្លៃប្រាក់ស១០តម្លឹង និងមានមន្ត្រីទៅសង់គោល។

អត្ថបទដើមជាភាសាខ្មែរទំនើប

(១)- ៩២៩​ឝក​បិ​កេត​ជេឞ្ឋ​អង្គារវារ​នុ​វាប៑​អម្ឫតស្មេវ​បញ្ចគ្រាម​ឱយ៑​ភូមិ​ត​វ្រះ​កម្រតេង៑អ​ញ​​ឝិវលិង្គ​ថ្ប្វង៑​ម៌្មាង៑​ត​

(២)- សង្គោល៑​ខ្លោញ៑​វល​ខ្លោញ៑​វិឞយ​អ្មោឃបុរ​ស្រុក៑​ភរណិខ្លោញ៑​វល​ខ្លោញ៑​សំតាប៑​ជ្រៃ​វលី។៩២៩​ឝក​បញ្ចមីកេ

(៣)- ត៑​ជេឞ្ឋ​វ្រហស្បតិវារ​នុវាប៑​អ្យក៑​ស្រុក៑​ប្រលាយ៑​ផ្ទំ​ឯក៑​ឱយ៑​ភូមិ​ត​វ្រះ​កម្រ(តេង៑អញ៑)ឝិវ លិង្គ​ត​សង្គោល៑​ខ្លោញ៑​វល​ខ្លោ

(៤)- ញ៑​វិឞយ​ខ្លោញ៑​វ(ល​ខ្លោញ៑​)សំតាប៑​ជ្រៃវលី។​(៩៣០)​ឝក​អឞ្ដមី​រោច៑​ជេឞ្ឋ​អាទិត្យវា(រ​នុ​)​​​​ម្រ(តាញ៑​ឝ្រីន្ឫ)បេន្ទ្រវល្ភ​ស្រុក៑ជ្រៃ​គ

(៥)- យ៌្យាក៑ឱយ៑(ស្រេ​អាចា)យ៌្យ​ទ្រោណ​ត​អ្ជិ​ម្រ(តាញ៑បិ)​កល្បនា​ជា​ស្រេចុរុវ៑​ត​វ្រះ​កម្រតេង៑អញ៑ឝិវលិង្គ​ត​ជា​សាក្ឞិយ

(៦)- ខ្លោញ៑វល​ភរណិ​ខ្លោញ៑​វិឞយ​ខ្លោញ៑​វល​ស្តុក៑​ទង្ទោង៑អធ្យាបក​អាយ៑​កន្លោង៑​កំម្រតេង៑​​​អញ៑​រាជ​គុហា​វាប៑​សាន៑​សំរោង៑

(៧)- យ្វាត៑។៩៣៣ឝកបញ្ចមិកេត៑មាឃសនៃឝ្ចរវារនុវាបអាខ្លោញ៑វ្រិហវាប៑ធម៌្មប្រធា​ន​វាប៑វម៌្មឝិវកម៌្មាន្តរស្រុក៑ថ្ក្វាល៑

(៨)- ជោង៑យុគ(បត៑)នុម្រតាញ៑ខ្លោញ៑ឝ្រិរាជេន្ទ្របន្ទិតស្រុក៑យនប៑ស្តេង៑ភវក្ឞេត្រខ្លោញ៑​សំតាប៑នុម្រតាញ៑ឝ្រិឝ្រុតភក្តិវិខ្យាតឮ

(៩)- ស្រុក៑ជ្រៃវលីស្តេង៑ភគវន៑កន្លោង៑កម្រតេង៑អញ៑រាជគុហាលោញ៑នោស៑ប្រលាយ៑លោញ៑មាធវចុង៑ស្រុក៑ខ្លោញ៑វលយាំបះ

(១០)- ម្រតាញ៑ឝ្រីសមរវិក្រមស្រុក៑ជ្ល្យក៑លោញ៑–ខ្លោញ៑ជ្ន្វាល៑វនិក៑ស្តេញ៑វម៌្មឝិវក(ន្ម្យង៑)លោញ៑រាម·បិលក៑ស្រេថ្ក្វាល៑ជោង៑តកំស្តេង៑

(១១)- ឝ្រិនរបតិន្ទ្រវម៌្មតសង្គោល៑ខ្លោញ៑វលខ្លោញ៑វិឞយស្រុក៑ភរណិថ្លាយស្រេនោះប្រាក៑លិង៑១០អ្សោ◦

អត្ថបទប្រែសម្រួល

(១-២) មហាសករាជ៩២៩ ទី​​បី​កើត ​ខែជេស្ឋ​ ថ្ងៃអង្គារ ​នូវ​វាប​អម្រឹត(ដែលជា)អ្នក​​បម្រើ​​ការ​(នៅ)​ភូមិ​ទាំងប្រាំ ថ្វាយដីដល់​ព្រះគម្តែងអញ​សិវលិង្គ(នៅ)​ត្បូងរមាំង​។ អ្នក​សង់​គោល​(មាន)​ខ្លោញ​ពល ​ខ្លោញ​វិស័យ​អមោឃបូរ(និង)ស្រុក​ភរណី ​ខ្លោញ​ពល ​(និង)ខ្លោញ​​សណ្តាប់​(នៅ)ជ្រៃ​វលី​។​​

(២-៤) មហាសករាជ៩២៩​ទី ប្រាំកើត ខែជេស្ឋ​ ថ្ងៃព្រហស្បតិ៍ ​នូវវាប​អ្យក(នៅ)​ស្រុក​ប្រឡាយ​ជាអ្នកធ្វើការនៅព្រះក្រឡាបន្ទំ​ថ្នាក់ទី១ ​ថ្វាយដីដល់ព្រះគម្តែងអញ​សិវលិង្គ​។ អ្នក​សង់គោល(មាន)​ខ្លោញពល ​ខ្លោញ​វិស័យ​ ខ្លោញពល ​ខ្លោញ​សណ្តាប់(នៅ)​ជ្រៃវលី​។

(៤-៧) មហាសករាជ៩៣០ ​ទី​ប្រាំបី​រោច ខែ​ជេស្ឋ ថ្ងៃ​អាទិត្យ ​នូវ​ម្រតាញស្រីន្រឹបេន្ទ្រវល្ល​ភ​(នៅ)ស្រុកជ្រៃ​គ្រៀក ថ្វាយស្រែ(របស់)​អាចារ្យទ្រោណ​(ដែលជា)​ជីតា(របស់)​ម្រតាញគប្បីរៀបចំជា​ស្រែ(សម្រាប់​ធ្វើ​)ចរុដល់ព្រះគម្តែងអញសិវលិង្គ​។ អ្នកដែលជាសាក្សី(មាន)ខ្លោញពល​ភរណី ​ខ្លោញ​វិស័យ​ ខ្លោញពល​ស្តុក​ទង្ទោង អធ្យាបក​នៅឯកន្លោង​គម្តែង​អញ​រាជ​គុហា (គឺប្រាសាទភ្នំកង្វា) ​វាប​សាន(នៅ)​សំរោងយួត។

(៧-១១) មហាសករាជ៩៣៣ ទីប្រាំកើត ខែមាឃ ថ្ងៃសៅរ៍ នូវវាបអា(ដែលជា)ខ្លោញ​ស្រូវ វាប​​ធម៌្ម​(ដែលជា)ប្រធាន វាបវម៌្មសិវ(ដែលជា)កម៌្មាន្តរ(នៅ)ស្រុកថ្កូលជង ចូលរួមនឹងម្រតាញខ្លោញស្រីរាជេន្ទ្របណ្ឌិត(នៅ)ស្រុកយនប ស្តេងភវក្សេត្រ(ជា)ខ្លោញសណ្តា​ប់​ ម្រតាញស្រីស្រុតភក្តិវិខ្យាត(នៅ)ស្រុកជ្រៃវលី ស្តែងភគវ័ន(នៅ)កន្លោងគម្តែងអញរាជគុហា លោញនោស​(នៅស្រុក?)ប្រឡាយ លោញមាធវ(នៅ)ចុងស្រុក(ដែលជា)ខ្លោញពល(នៅ)យាំបះ ម្រតាញស្រីសមរវិក្រម(នៅ)ស្រុកជ្ល្យក លោញ–(ជា)ខ្លោញឈ្នួលនិងឈ្មួញ ស្តេញ​​វម៌្ម​សិវ​ក្មេង (និង)លោញរាម គប្បីលក់ស្រែថ្កូលជងដល់កំស្តែងស្រីនរបតីន្ទ្រវម៌្ម។ អ្នកសង់​គោល(មាន)ខ្លោញពល (និង)ខ្លោញវិស័យស្រុកភរណី ។ ថ្លៃស្រែនោះ(គឺ)ប្រាក់ស១០តម្លឹង។

ពន្យល់ពាក្យ

ស្មេវ                   < សេវ (សំ.) “សេវា” + [-ម៑-]= អ្នកបម្រើការ។

ខ្លោញ៑វល           ខ្លោញ៑ < [ក៑-]+លោញ៑ “មេ, ធំ, ប្រធាន” ពាក្យនេះក្លាយជាពាក្យ​បច្ចុប្បន្នថា ខ្លោង, វល “ពល, ទ័ព”= មេទ័ព។

ខ្លោញ៑វិឞយ         វិឞយ = វិស័យ ជាតំបន់ដែលមានទំហំប្រហាក់ប្រហែលនឹងខេត្តសព្វថ្ងៃដែរ។ ខ្លោញវិស័យ គឺប្រធានគ្រប់គ្រងវិស័យឬចៅហ្វាយខេត្ត។

ខ្លោញ៑សំតាប៑     ខ្លោញសណ្ដាប់។

កល្បនា            ចាត់ចែង, រៀបចំ, អ្វីៗដែលគេរៀបចំ (តង្វាយ)។

ចុរុវ៑                  (សំ. ចរុ) ចរុ, អាហារជាតង្វាយដល់ព្រះឥសូរ។

អធ្យាបក             (សំ.) គ្រូបង្រៀនចំណេះដឹងខាងសាសនា ពិសេសគឺគម្ពីរវេទ​។ តាមន័យដើម អធ្យាបក ជាអ្នកនាំឱ្យសិស្សផ្ដោតយកចិត្តទុកដាក់លើ​អ្វីមួយ។

កន្លោង៑               < [កន៑-] + លោង៑ “មេ, ធំ, ប្រធាន” សំដៅដល់ម្តាយ អគារ ឬ​ប្រាសាទ​។ ពាក្យនេះក្លាយមកបច្ចុប្បន្នជា កន្លោង និង កន្លង​។ សព្វ​ថ្ងៃមានពាក្យហៅម្តាយថា កន្លោងព្រះកន្លោង និងសសរកណ្តាលថា សសរ​កន្លោង

ខ្លោញ៑វ្រិហ          ខ្លោញស្រូវ, ប្រធានយកពន្ធផ្នែកស្រូវ។

កម៌្មាន្តរ               (សំ.) អ្នករៀបចំបុណ្យសពរបស់ព្រះរាជវង្ស។

យុគបត៑              < (សំ.) យុគ “រួម, ផ្សំ” + បទ៑ “ជើង, ដំណើរ, ទំនង”= ធ្វើព្រមគ្នា, ចូលរួម។

ខ្លោញ៑ជ្ន្វាល៑         ខ្លោញឈ្នួល, ប្រធានគ្រប់គ្រងកម្មករឈ្នួល (?)។

វនិក៑                  (សំ.​ វាណិជ) ពាណិជ្ជករ, ពាណិជ្ជកម្ម។

អ្សោ                     ស។​

បំណែកគោនន្ទី
វត្ថុសិល្បៈជាគ្រឿងលម្អប្រាសាទ​

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!