ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទអកយំ K.749

សិលាចារឹកប្រាសាទអកយំ K.749

ប្រាសាទអកយំ មានទីតាំងស្ថិតនៅខ្នងទំនប់បារាយណ៍ខាងលិច ឬហៅបារាយណ៍ទឹកថ្លា ដែលចាប់ផ្តើមកសាងឡើងនៅរវាងដើមស.វ.ទី៨ ហើយទំនងមានសាងបន្ថែមនៅសម័យក្រោយទៀត។ អ្នកស្រាវជ្រាវជាច្រើនយល់ថា ប្រាសាទអកយំ​ អាចជាទម្រង់ប្រាសាទភ្នំដំបូងគេនៅក្នុងសិល្បៈខ្មែរ។ ប្រាសាទនេះ សាងសង់ឡើងនៅលើខឿនខ្ពស់ផុតអំពីដីរាងជាថ្នាក់ៗ ដែលគំនិតនេះលេចឡើងច្បាស់លាស់នៅរចនាបថព្រះគោ (ប្រាសាទបាខែង)។ នៅទីនេះ គេបានរកឃើញសិលាចារឹកចំនួន ៣ ផ្ទាំង ដែលចុះបញ្ជីលេខ K.749, K.752 និង K.753។ នៅក្នុងអត្ថបទនេះ យើងនឹងលើកយកតែសិលាចារឹក K.749 មកពិភាក្សាតែប៉ុណ្ណោះ។ សិលាចារឹកនេះចារឡើងនៅសម័យមុនអង្គរដំណាលពេលជាមួយការសាងសង់ប្រាសាទ។ តើសិលាចារឹកប្រាសាទអកយំ K.749 នេះ មានអត្ថន័យដូចម្តេចខ្លះ?

ប្រាសាទអកយំ

សិលាចារឹកប្រាសាទអកយំ K.749 ធ្លាប់សិក្សាដោយលោក ហ្សក សឺដេស ម្តងរួចមកហើយ ដែលចុះផ្សាយនៅក្នុងសៀវភៅបញ្ជីសិលាចារឹកខ្មែររបស់លោក នៅភាគទី៤។ សិលាចារឹកនេះ ចារឹកឡើងជាភាសាខ្មែរ មានចំនួន ១៥ បន្ទាត់ ហើយមានកម្ពស់ ០,៦៥ម៉ែត្រ និងទទឹង ០,៤៥ម៉ែត្រ។ នៅផ្នែកដំបូងរបស់សិលាចារឹកមានរំលេចអំពីកាលបរិច្ឆេទដែលមានលេខបីខ្ទង់ ប៉ុន្តែបាត់មួយលេខខាងដើម នៅសល់តែលេខខាងចុងថា “..៣៩”។ ដូច្នេះ តាមរយៈរូបរាងអក្សរ និងក្បាច់លម្អស្ថាបត្យកម្មរបស់ប្រាសាទ យើងអាចសន្និដ្ឋានថា លេខនៅខាងដើមប្រហែលជាលេខ ៦ ពោល គឺត្រូវនឹងមហាសករាជឆ្នាំ ៦៣៩ ត្រូវនឹងគ្រឹស្តសករាជឆ្នាំ ៧១៧ ដែលត្រូវនឹងរជ្ជកាលរបស់ព្រះនាងជ័យទេវី (ស្តេចស្រីនៅសម័យចេនឡា ដែលជាបុត្រីរបស់ព្រះបាទជ័យវរ្ម័នទី១)។ ក្រៅពីរលុបកាលបរិច្ឆេទនៅខាងមុខ ក៏មានផ្នែកខ្លះនៃសិលាចារឹកបានរលុបអក្សរអស់ច្រើនទៅហើយ ដែលយើងអាចនៅមើលយល់តែផ្នែកខ្លះ និងអត្ថន័យជារួមតែប៉ុណ្ណោះ។ អត្ថន័យជារួមរបស់សិលាចារឹកនេះ គឺរៀបរាប់អំពីភស្តុភារបណ្ណាការជាតង្វាយរបស់ម្រតាញកីត៌ិ្តគណ ថ្វាយចំពោះព្រះស្រីគម្ភីរេស្វរ នៅមហាសករាជឆ្នាំ ៦៣៩ ថ្ងៃ១កើត ខែអាសាឍ ថ្ងៃសៅរ៍ ដែលមានដូចជាខ្ញុំបម្រើប្រុសស្រី អង្ករ គោ​ …. ។ល។

គួរឱ្យកត់សម្គាល់ ទេពដែលគេតម្កល់នៅប្រាសាទអកយំដែលមានព្រះនាមថា “ស្រីគម្ភីរេស្វរ” យើងធ្លាប់ឃើញមាននៅច្រើនកន្លែងនៅស.វ.ទី៧។ ជាក់ស្តែង សិលាចារឹកមួយរកឃើញនៅប្រាសាទក្បាលជ្រូកក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ក៏បានបង្ហាញអំពីលិង្គមួយមានព្រះនាមនេះដែរ ដែលសិវលិង្គនោះសាងឡើងដោយព្រះបាទជ័យវរ្ម័នទី១ (គ.ស.៦៥៧ – ៦៨១)។ ក្រៅពីនេះក៏ធ្លាប់ឃើញនៅសិលាចារឹកប្រាសាទគោករកាផងដែរ។

អត្ថបទពាក្យចារឹក

ក្រដាសផ្តិតសិលាចារឹកប្រាសាទអកយំ K.749

១. x៣៩ ឝកបរិគ្រហ

២. មោយ កេត៑ អាឞធ ឝនៃឝឝ្ចរវារ បុវ៌្វសុនក្ឞ

៣. ត្រ នុ ម្រតាញ៑ កីត៌ិ្តគណ កល្បិត សត្រ អាយ វ្រះកំ

៤. ម្រតាង៑ អញ៑​ ឝ្រីគម្ភីរេឝ្វរ // ជ្មះ តកន្តៃ / តៃ

៥. ក.ល …………រង្កោ..លិះ // ត្មុរ ប

៦. ឰ រទេះ // ត្មុរ៑ ……………….១ ចន្លេក៑

៧. ………………………………………ម្រតាញ៑

៨. កីត៌ិ្តគណ តាញ ទ្រ..យ៌្យ ជ្មះ …ណ្ទ…យ៌្យ.អន្ទ្រោក្ក ជ្មះ

៩. ក…គិ ត រក្ឞា នេះ កល្បិត ម្រតាញ៑ កីត៌ិ្តគណ អា

១០. យ៑ ត វ្រះកំម្រតាង៑ អញ៑ ឝ្រីគម្ភីរេឝ្វរ //

១១. ក្ញុំ ម្រតាញ៑ កីត៌ិ្តគណ មន៑ ឱយ ត គេ ក្វន៑ នុ គេ បម្រេ អាយតវ្រះកំម្រតាង៑ អ

១២. ញ៑ ឝ្រីគម្ភីរេឝ្វរ មន៑ ឱយ ត ហរិគណ ក្ញុំ តៃ កុ អ្មេ លំវង ១ កុ …..វា

១៣. កន្រោយ ១ មន ឱយ តហរិវាហន ឃោ វា ស្រច ត ភាគ្យ ១ មន ឱយ ត តាញ៑

១៤. គាយ៑ ក្ញុំ តៃ ប្រតោន ១ នេះ ឧបាយ នុ គេ ក្វន ម្រតាញ កីត៌ិ្តគណ បំ

១៥. ម្រេ ឰ ត វ្រះកំម្រតាង៑ អញ៑ ឝ្រីគម្ភីរេឝ្វរ​ //

បំណកប្រែ

          (១-១០) នៅឆ្នាំ  x៣៩ នៃមហាសករាជ ១កើត ខែអាសាឍ ថ្ងៃសៅរ៍ បុវ៌្វសុនក្ឞត្រម្រតាញ កីត៌ិ្តគណ បានថ្វាយតង្វាយដល់ព្រះស្រីគម្ភីរេស្វរ។ តង្វាយមានអ្នកបម្រើនារីមានឈ្មោះ តៃ ក.ល ……..អង្ករ..លិះ, រទេះគោ, គោ (ត្មុរ៑) …១សម្លៀកបំពាក់ …..ម្រតាញ កីត៌ិ្តគណ, តាញ ……..ឈ្មោះ  …អន្ទ្រោក្ក ឈ្មោ…អ្នកដែលថែរក្សា នូវគ្រឿងភស្តុភារតង្វាយរបស់ម្រតាញកីត៌ិ្តគណ ដែលបានថ្វាយដល់ព្រះស្រីគម្ភីរេស្វរ ។​

          (១១-១៥) ខ្ញុំបម្រើរបស់ម្រតាញកីត៌ិ្តគណ ដែលបានថ្វាយអ្នកបម្រើ កូន ថ្វាយចំពោះព្រះ ស្រីគម្ភីរេស្វរ ។ អ្នកបម្រើនារីថ្វាយចំពោះព្រះហរិគណ មាន៖ កុអ្មេ លំវង១ កុ…វាកន្រោយ ១។ អ្នកបម្រើបុរស ដែលបានថ្វាយចំពោះព្រះហរិវាហន មាន៖ វាស្រចតភាគ្យ ១។ ថ្វាយដោយតាញគាយ មាន៖ អ្នកបម្រើនារីឈ្មោះ តៃប្រតោន១ នេះជាឧបាយ (សម្រាប់ឧបត្ថម្ភ) និងកូនម្រតាញកីត៌ិ្តគណ ដែលបម្រើចំពោះព្រះស្រីគម្ភីរេស្វរ​។

ជារួមមក សិលាចារឹកប្រាសាទអកយំ K.749 បានឱ្យយើងដឹងអំពីព្រឹត្តិការណ៍ខ្លះនៅក្នុងរជ្ជកាលព្រះនាងជ័យទេវី ហើយក៏អាចយល់បានខ្លះពីព្រឹត្តិការណ៍របស់បិតារបស់ព្រះនាង គឺព្រះបាទជ័យវរ្ម័នទី១។ ដូចដែលអ្នកប្រវត្តិវិទូធ្លាប់លើកឡើងហើយថា នៅរជ្ជកាលព្រះនាងជ័យទេវី មានសិលាចារឹកតិចតួចបំផុត។ លើសពីនេះ យើងអាចដឹងអំពីកាលបរិច្ឆេទនៃការសាងសង់ប្រាសាទអកយំនៅដំណាក់កាលដំបូង ដែលប្រហែលសង់ឡើងនៅក្នុងរជ្ជកាលព្រះនាងជ័យទេវីក្នុងគ.ស.៧១៧៕

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!