ផ្ទាំងសិលាចារឹកពុំស្គាល់ប្រភពច្បាស់លាស់នេះ មានអក្សរចារឹក៨ជួរ ចារនៅខាងក្រោយចម្លាក់ក្រឡោតខ្ពស់ នៃប្រតិមាព្រះពោធិសត្វអវលោកិតេសូរ មានព្រះហស្ត៨។ អត្ថបទចារឹកនេះ ចាប់ពីបន្ទាត់ទី៨ បានបាក់បាត់ផ្នែកខាងក្រោម នាំឱ្យបាត់បង់អត្ថន័យមួយចំនួន។ វត្ថុសិល្បៈនេះ ជាសមុច្ច័យរបស់ Alexander B. Griswold នៅសារមន្ទីរសិល្បៈ Walters។ សិលាចារឹកនេះ មានចំណាប់អារម្មណ៍ពីអ្នកសិក្សាស្រាវជ្រាវមួយចំនួន ដោយហេតុថាជាសិលាចារឹកដែលមានប្រើគាថា «ឱំ មណីបទ្មេ ហូំ» ដែលជាមន្ត្រប្រើនៅក្នុងព្រះពុទ្ធសាសនានិកាយវជ្រយាន។ ក្នុងចំណោមសិលាចារឹកខ្មែរ ដែលរកឃើញកន្លងមក គេសង្កេតឃើញ មានតែសិលាចារឹកនេះមួយប៉ុណ្ណោះ ដែលប្រើគាថានេះ។
សិលាចារឹកនេះ ពុំមានចុះកាលបរិច្ឆេទឡើយ ប៉ុន្ដែបើយោងតាមទម្រង់តួអក្សរតាមការសិក្សាបែបបុរាណលេខន៍ គឺតែស្ថិតនៅក្នុងស.វ.ទី១០។ ចំណែកឯតាមបដិមាសាស្ត្រវិញ ក៏មានលក្ខណៈសិ្ថតនៅចន្លោះរចនាបថបាខែងនិងកោះកេរ ដែលស្ថិតនៅរវាងស.វ.ទី១០ដែរ។
នៅលើផ្ទាំងចារឹក នាផ្នែកខាងលើ មានសញ្ញាផ្កាឈូករីកធំមួយនៅខាងលើអត្ថបទភាសាខ្មែរបុរាណ។ នៅខាងលើផ្កាឈូកនេះ មានអក្សរធំមួយប៉ុន្ដែដោយផ្ទៃថ្មចារអក្សរនោះបែកខ្លះនាំឱ្យពិបាកមើល។ លោកស្រីបណ្ឌិត ពៅ សាវរស យល់ថាជាសញ្ញា «ឱំ» ប៉ុន្តែតាមទម្រង់លក្ខណៈសញ្ញា «ឱំ» ដែលជួបប្រទះកន្លងមក ពុំអាចមានរូបរាងបែបនោះទេ។ សញ្ញានេះ មានទម្រង់ប្រហាក់ប្រហែលនឹងសញ្ញានៅចំកណ្ដាលយន្ត្របញ្ចុះនៅក្នុងបាតប្រាសាទដែលរករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យដែរ ប៉ុន្ដែជាប្រការដែលគួរឱ្យសោកស្ដាយនោះ គឺអក្សរនោះក៏ពុំពេញលេញអាចឱ្យយើងយល់បានថាជាសញ្ញាអ្វីឱ្យប្រាកដនោះដែរ។
រូបប្រៀបធៀបសញ្ញាលើយន្ត្របញ្ចុះបាតប្រាសាទ និងសញ្ញាលើសិលាចារឹក K.១១៥៤
អត្ថបទចារឹកនេះចាប់ផ្ដើមដោយពាក្យពរមង្គល «ឱំសិទ្ធិស្វស្ដិជយលាភក្ឞេមឫទ្ធិ» មានន័យថា «ឱម! (សូមមាន)សិទ្ធិ សួស្ដី ជ័យ លាភ ក្សេម (និង) ឫទ្ធិ»។ បន្ទាប់មកជាសេចក្ដីនមស្ការចំពោះព្រះឥន្ទ្រ និងព្រះមណិបទ្ម។ អត្ថបទនេះ ជាសេចក្ដីបួងសួងសូមឱ្យព្រះគម្ដែងអញមោំ និងព្រះគម្ដែងអញ(ដ?)ទៃ(ទៀត) ព្រមទាំងសត្វទ្វេបាទ ចតុប្បាទ(មានពន្លឺ)រុងឫទ្ធិដូចព្រះចន្ទ្រខាងខ្នើត…។
«ឱំ មណិបទ្មេ ហូំ» ជាមន្ត្រ៦ព្យាង្គដែលលេចឡើងដំបូងនៅក្នុងគម្ពីរការណ្ឌវ្យូហសូត្រ ដែលមានអាយុកាលរវាងស.វ.ទី៦និងទី៧ ចំណែកឯអត្ថន័យវិញមានការបកស្រាយខុសប្លែកគ្នាមួយចំនួនដែរ។ «ឱំ» ជាព្យាង្គសក្ដិសិទ្ធិមួយដែលរមែងឃើញប្រើនៅក្នុងសាសនានៅប្រទេសឥណ្ឌា។ គេតែងប្រើព្យាង្គនេះ នៅខាងដើមគាថានានា។ ពាក្យ «មណិ» មានន័យថាត្បូង។ «បទ្មេ» មកពីពាក្យ «បទ្ម» មានន័យថាផ្កាឈូក ឯ «បទ្មេ» ជារូបរាងពាក្យស្ថិតនៅក្នុងវិភត្តិទី៧ មានមុខងារជាកម្មទេសកាល មានន័យថា «នៅក្នុងឬលើផ្កាឈូក» ប៉ុន្ដែក៏មានអ្នកស្រាវជ្រាវខ្លះយល់ថាពាក្យនេះស្ថិតក្នុងមុខងារជាដង្ហៅ ដែលមានន័យថា «បពិត្រព្រះមណិបទ្ម» ទៅវិញ។ រីឯពាក្យ «ហូំ» ជាព្យាង្គតំណាងឱ្យការត្រាស់ដឹង។
នៅក្នុងឃ្លា «ឱំ ក្ឞាំ ហាំ ឥន្ទ្រាយ ស្វាហា» ពាក្យ “ក្ឞាំ” និង “ហាំ” ជាព្យាង្គសម្រាប់ប្រើក្នុងមន្ដ្រដែលកម្រនឹងបានជួប។ “ក្ឞាំ” ជាពីជមន្ដ្រឬបណ្ដូលធម៌មួយដែលតំណាងឱ្យការអត់ទោសនិងការអត់ធ្មត់។ ចំណែកឯ “ហាំ” ពីជមន្ដ្ររបស់ព្រះ អចល ឬ អចលវិទ្យារាជ។ គេហៅព្រះនាមម្យ៉ាងទៀតថា អចលវជ្របាណិ ជាធម្មបាលក្នុងពុទ្ធសាសនានិកាយវជ្រយាន។
ដូច្នេះសិលាចារឹកមួយផ្ទាំងនៅខាងក្រោយរូបប្រតិមាព្រះអវលោកិតេសូរនេះ គឺជាភស្ដុតាងសំខាន់មួយក្នុងការបង្ហាញពីឥទ្ធិពលពុទ្ធសាសនាវជ្រយាននៅកម្ពុជា ជាពិសេសគឺមន្ត្រ «ឱំ មណិបទ្មេ ហូំ»។
២– អត្ថបទដើមជាភាសាខ្មែរទំនើប
១- ឱំសិទ្ធិស្វិស្ដិជយលាភក្ឞេមឫទ្ធិ
២- ឱំក្ឞាំហាំឥន្ទ្រាយស្វាហា ឱំម
៣- ណិបទ្មេហូំចោត៌្តមន៑យជ
៤- មានវ្រះកំម្រតេង៑អញ៑(មោំ)
៥- នុវ្រះកំម្រតេង៑អញ៑ទៃ
៦- យនុទ្វិបទចតុប្បទឫ
៧- ទ្ធិរុចន្ទ្រតគិឝុក្ល
៨- (អក្សរដាច់)
៣– អត្ថបទប្រែសម្រួល
ឱម! សិទ្ធិ ស្វស្ដិ ជ័យ លាភ ក្សេម ឫទ្ធិ។ ឱម! ក្សាំ ហាំ សូមនមស្ការចំពោះព្រះឥន្ទ្រ។ ឱម! បពិត្រព្រះមណិបទ្ម! សូមយជមាន(គឺ)ព្រះគម្ដែងអញមោំនិងព្រះគម្ដែងអញទៃយ ព្រមទាំងសត្វទ្វេបាទ ចតុប្បាទ(មានពន្លឺ)រុងឫទ្ធិដូចព្រះចន្ទ្រខាងខ្នើត…។
៤– ពន្យល់ពាក្យ
សិទ្ធិ សិទ្ធី, សេចក្ដីសម្រេច។
ស្វិស្ដិ សួស្ដី។
ជយ ជ័យ។
លាភ លាភ។
ក្ឞេម ក្សេម ក្សេមក្សាន្ដ។
ឥន្ទ្រាយ ចំពោះព្រះឥន្ទ្រ។
ស្វាហា សូមមានតេជះ។
ចោត៌្ត ជាពាក្យពុំដឹងអត្ថន័យច្បាស់ ប្រហែលក្លាយមកឫសពាក្យក្នុងភាសាសំស្ក្រឹតថា “ច្ឫត៑” មានន័យថាភ្លឺ មានពន្លឺ។
យជមាន ម្ចាស់បុណ្យ។
ទ្វិបទ ទ្វេបាទ ជើងពីរ។
ចតុប្បទ ចតុប្បាទ ជើងបួន។
រុ ដូច។
ចន្ទ្រតគិឝុក្ល ចន្ទ្រខែខ្នើត ព្រះចន្ទ្រដ៏មានពន្លឺភ្លឺ។
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង