វត្តស្រែរនោង កសាងនៅលើទីទួលតូចកណ្តាលភូមិអ្នកស្រុក ស្ថិតនៅក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ វត្តនេះ គឺជាវត្តស្ថិតនៅតំបន់ជនបទដាច់ស្រយាល ដែលមានព្រះវិហារចាស់មួយ កសាងឡើងតាំងពីដើមសម័យសង្គមរាស្រ្តនិយម។ បើគិតមកដល់បច្ចុប្បន្ន ព្រះវិហារវត្តស្រែរនោងមានអាយុកាលជាង៧០ឆ្នាំ ហើយបានឆ្លងកាត់សង្រ្គាមជាច្រើនជំនាន់។ ប៉ុន្តែបើផ្អែកតាមការសាកសួរ និងចំណារសារបានវត្តឱ្យដឹងថា អ្នកស្រុកតែងមូលមាត់គ្នាជួសជុលថែទាំព្រះវិហារដែលជាមត៌កដូនតារបស់ខ្លួននេះជាបន្តបន្ទាប់ ហើយការជួសជុលចុងក្រោយដោយកម្លាំងសទ្ធាពុទ្ធបរិស័ទជិតឆ្ងាយ គឺក្នុងឆ្នាំ២០២១-២០២២ ដោយជួសជុលផ្នែកដំបូល ហោជាង និងជញ្ជាំង។

ព្រះវិហារវត្តស្រែរនោងក្រោយជួសជុលដំបូលរួចរាល់ (មើលពីទិសខាងលិច)
យោងតាមឯកសារមហាបុរសខ្មែរបញ្ជាក់ថា កាលពីក្នុងរជ្ជកាលព្រះបរមខត្តិយាមហាចន្ទរាជា (រវាងឆ្នាំ១៥២៥) ស្រែរនោងគឺជាស្រុកមួយស្ថិតក្នុងចំណុះខេត្តទ្រាំង ដែលមានចៅពញាពិស្ណុលោកជាអ្នកគ្រប់គ្រងត្រួតត្រា។ ទន្ទឹមនឹងនេះបើផ្អែកតាមសារបានវត្តឱ្យដឹងថាព្រះវិហារវត្តស្រែរនោង បានដឹកនាំកសាងឡើងដោយព្រះចៅអធិការទី៥ (ព្រះនាម ទិត ម៉ាក) ក្នុងឆ្នាំ១៩៤៩។ ព្រះវិហារនេះ សង់នៅលើខឿនខ្ពស់មួយ ដែលក្រោយមកបានរៀបចំជួសជុលធ្វើជាជណ្តើរថ្នាក់ៗ និងមានបង្កាន់ដៃនាគព័ទ្ធជុំវិញ។ ទម្រង់ព្រះវិហារ គឺជាលំនាំព្រះវិហារជហ្វាបួន សាង់ពីឥដ្ឋ និងកំបោរបាយអ។ មុនការជួសជុលចុងក្រោយក្នុងចុងឆ្នាំ២០១២ ដល់ដើមឆ្នាំ២០២២ ព្រះវិហារវត្តស្រែរនោងស្ថិតក្នុងសភាព ទ្រុឌទ្រោមខ្លាំង ជាពិសេសនៅត្រង់គ្រឿងបង្គុំផ្នែកដំបូល និងពិតាន។


ព្រះវិហារវត្តស្រែរនោងមុនជួសជុល (ថតឆ្នាំ២០១៤) (ប្រភព៖ ទំព័រស្រុកស្រែ)
ព្រះវិហារវត្តស្រែរនោង គឺជាកូនវិហារតូចមួយដែលប្រើប្រាស់សម្ភារៈសំណង់ភាគច្រើនអំពីឥដ្ឋ ថ្ម និងកំបោរបាយអ លើកលែងតែគ្រឿងបង្គុំផ្នែកដំបូលជាឈើ។ ព្រះវិហារមានបណ្តោយប្រហែលជិត២០ម៉ែត្រ និងទទឹងប្រហែលជាង១០ម៉ែត្រ ដំបូលប្រក់ក្បឿង។ បើគិតមកដល់សព្វថ្ងៃ ប្រភេទព្រះវិហារតូចៗបែបនេះ គេសង្កេតឃើញនៅសេសសល់ដោយកម្រ។ បើពិនិត្យតែក្នុងខេត្តភាគនិរតី គេឃើញមាននៅសល់ព្រះវិហារវត្តកោះផ្តៅ ព្រះវិហារវត្តកូនសត្វ និងព្រះវិហារវត្តព្រៃតាកុយ (កែប) ជាដើម។ ជាទូទៅគេដឹងថាព្រះវិហារបែបនេះច្រើនកើតឡើងពីសទ្ធារបស់អ្នកស្រុក ដែលរួបរួមគ្នាសាងសង់ឡើង ហើយសូម្បីតែជាង និងអ្នកគំនូរក៏ច្រើនជាព្រះសង្ឃ ឬកូនចៅអ្នកស្រុកអ្នកភូមិជុំវិញដែរ។ មិនតែប៉ុណ្ណោះ ចំពោះការមើលថែទាំជួសជុលវិញសោត គេសម្គាល់ឃើញធ្វើឡើងជាប្រចាំ ដ្បិតអ្នកភូមិទាំងនោះទុកព្រះវិហារដែលដូនតាខំកសាងជាសម្បត្តិរួមរបស់ស្រុក។ ចំពោះកូនព្រះវិហារវត្តស្រែរនោង ក៏ជាឧទាហរណ៍មួយនៃមត៌កអ្នកស្រុក ដែលគេខិតខំថែទាំជួសជុលរក្សារហូតមកដល់សព្វថ្ងៃ។


ព្រះវិហារវត្តស្រែរនោងកំពុងជួសជុលជិតរួចរាល់ជាស្ថាពរកាលពីអំឡុងឆ្នាំ២០២១-២០២២
ការជួសជុលព្រះវិហារវត្តស្រែរនោង ចាប់ផ្តើមដំបូងតាំងក្រោយបញ្ចប់សង្រ្កាមឆ្នាំ១៩៧៩។ បន្ទាប់មកពុទ្ធបរិស័ទបានផ្តួចផ្តើមជួសជុល កសាងជាបន្តបន្ទាប់ទៀតក្នុងឆ្នាំ១៩៩០-១៩៩១ ឆ្នាំ១៩៩៨ និងឆ្នាំ២០០៦ ដោយបានរៀបចំដំឡើងពិតាន សាងគំនូរ (ពិតាន?) ពង្រីកខឿនជុំវិញព្រះវិហារ ចាក់សាប ព្រមទាំងតុបតែងបិទក្បាច់លម្អតាមសសរ និងស៊ុមទ្វារ-បង្អួច។ ក្នុងឆ្នាំ២០២១-២០២២កន្លងមក ការជួសជុលផ្តោតសំខាន់លើផ្នែកដំបូល ហោជាង និងលាបពណ៌។ ប៉ុន្តែយ៉ាងណាក្តី ព្រះវិហារនេះនៅតែរក្សាទម្រង់ដើម ពោលគឺជាព្រះវិហារជហ្វាបួន ដែលមានដំបូលជ្រាលចុះពីរថ្នាក់សងខាង។ មិនតែប៉ុណ្ណោះចំណុចដែលគួរឱ្យចាប់អារម្មណ៍ គឺស្ថិតនៅលើផ្ទៃហោជាងទាំងពីរ។ លើផ្ទៃហោជាងខាងកើត មានរចនាជាក្បាច់ផ្កាភ្ញីផ្សេងៗជុំវិញព្រះរាជសង្ហារ ហើយមានរូបមកុដតម្កល់លើក្បាលព្រះកាល។ នៅខាងក្រោមមានចារឹកនាមអ្នកមានសទ្ធាសាងហោជាងនោះ និងកាលបរិច្ឆេទពុ.ស. (ពុទ្ធសករាជ) ២៤៩៤ និងគ.ស. (គ្រិស្តសករាជ) ១៩៥២។ ចំណែកលើផ្ទៃហោជាងខាងលិច គេរចនាលម្អដោយក្បាច់ផ្កាភ្ញីផ្សេងៗ ជុំវិញរូបផ្លិតយសដែលនៅកណ្តាល។ នៅផ្នែកខាងក្រោមផ្លិតយសនោះ គេចារឹកពាក្យមួយឃ្លាខ្លី “ព.ស.២៤៩៣”។ ដូច្នេះតាមរយៈសំណេរលើហោជាងទាំងពីរបញ្ជាក់ថា ឆ្នាំទាំងនោះជាកាលបរិច្ឆេទសាងហោជាង បន្ទាប់ពីព្រះវិហារផ្តើមសង់តាំងពីឆ្នាំ១៩៤៩។


ហោជាងខាងកើត ហោជាងខាងលិច
ដោយឡែកនៅផ្នែកខាងក្នុងព្រះវិហារ តម្កល់ព្រះពុទ្ធបដិមាព្រះជីវ៍នៅចន្លោះល្វែងគ្រឹះចុងខាងលិច។ រីឯនៅតាមជើងជញ្ជាំងជុំវិញ នៃផ្នែកខាងក្នុងព្រះវិហារគេឃើញមានបញ្ចុះសន្លឹកសីមានៅតាមទិសធំៗ និងតាមជ្រុងទាំងបួន។ សន្លឹកសីមាខ្លះ គេឆ្លាក់ជារូបនាងគង្ហីងច្បូតសក់ ហើយខ្លះទៀតឆ្លាក់រូបទេពប្រណម។ លក្ខណៈបែបនេះគេធ្លាប់ឃើញនៅព្រះវិហារបុរាណមួយចំនួនក្នុងខេត្តសៀមរាបដូចជា ព្រះវិហារវត្តដំណាក់ និងព្រះវិហារវត្តរាជបូព៌ជាដើម។


ផ្នែកខាងក្នុងព្រះវិហារ(អំឡុងពេលជួសជុល) និងសន្លឹកសីមាតម្កល់ក្នុងព្រះវិហារ
ចំណែកឯគំនូរខាងក្នុងព្រះវិហារ គឺជាគំនូរបង្ហាញពីខ្សែរឿងក្នុងពុទ្ធប្រវត្តិនិងរឿងជាតកផ្សេងៗដូចបណ្តាវត្តនានាដែរ។ សាច់រឿងផ្តើមចេញពីជញ្ជាំងខាងកើត ព័ទ្ធរាយ មកជញ្ជាំងខាងត្បូង ទៅជញ្ជាំងខាងលិច និងបញ្ចប់សាច់រឿងត្រង់ព្រះអង្គបរិនិព្វាននៅលើជញ្ជាំងខាងកើតដែរ។ រីឯគំនូរលើពិតាន គឺជាគំនូរថ្មីគូរក្នុងរវាងទសវត្សទី៩០។ ប៉ុន្តែយ៉ាងណាក្តី តាមរយៈគំនូរនៅលើជញ្ជាំងក្នុងព្រះវិហារនេះ យើងអាចសង្កេតឃើញលក្ខណៈពិសេសខ្លះពាក់ព័ន្ធនឹងសង្គមសេដ្ឋកិច្ច និងវប្បធម៌ខ្មែរក្នុងគ្រានោះដែរ។ គំនូរមួយផ្ទាំងទំហំប្រហែល៤ម៉ែត្រក្រឡាមានតម្លៃរវាង៤៥០០៛ ទៅ៥០០០៛។ ចំពោះលក្ខណៈដែលគួរឱ្យកត់សម្គាល់មួយទៀតក្នុងផ្ទាំងគំនូរ គឺការបញ្ចូលទម្រង់ភ្លេងមួយបែប ដែលមានឧបករណ៍តន្រ្តីបុរាណដូចជា គង រនាត ចាប៉ី ទ្រ និងខ្លុយ(?) នៅក្នុងផ្ទាំងគំនូរនិយាយពីពិធីរៀបអភិសេក។


គំនូរខ្លះៗក្នុងព្រះវិហារវត្តស្រែរនោង
សរុបមក ព្រះវិហារវត្តស្រែរនោងជាទម្រង់ស្ថាបត្យកម្មយ៉ាងសាមញ្ញ ដែលកើតពីស្នាដៃកសាងរបស់អ្នកស្រុក សម្រាប់បម្រើក្នុងវិស័យសាសនា។ ប៉ុន្តែការព្យាយាមជួសជុល ថែរក្សាសំណង់នេះឱ្យស្ថិតស្ថេរគង់វង្សមកដល់សព្វថ្ងៃ គឺជាការគោរពតម្លៃមត៌ក ដែលបានកសាងទុកមក និងបង្ហាញពីការគោរពបុណ្យសម្ភារដូនតា៕
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត