រឿងមហាភារត ជារឿងរៀបរាប់ពីការធ្វើសង្រ្គាមរវាងគ្រួសាររាជវង្សពីរក្រុម គឺបណ្ឌវ និងកុរវ ដែលទាំងពីរក្រុមជាបងប្អូនជីដូនមួយនឹងគ្នា ដើម្បីអំណាច។ រឿងនេះមានឥទ្ធិពលខ្លាំងមកលើសិល្បៈខ្មែរនាសម័យបុរាណដែលស្តែងចេញតាមរយៈចម្លាក់ និងបដិមាទោលជាដើម។ យ៉ាងណាមិញ មានឈុតតូចមួយក្នុងរឿងមហាភារតរៀបរាប់ពីសុន្ទ (Sunda) និងឧបសុន្ទ (Upasunda) ជាអសុរ២នាក់ត្រូវជាបងប្អូននឹងគ្នា ហើយមានមហិទ្ធឫទ្ធិ អំណាចខ្លាំងពូកែដែលបង្កភាពចលាចលដល់ស្ថានទាំងបី។ ពួកគេទាំងពីរមានក្តីស្រមៃដណ្តើមយកស្ថានទាំងបីមកកាន់កាប់។ ក្នុងសិល្បៈខ្មែរក៏មានបង្ហាញពីឈុតប្រយុទ្ធគ្នារវាងសុន្ទ និងឧបសុន្ទមួយចំនួនដែរ ជាពិសេសនៅលើហោជាង។ តើដំណើររឿង និងចម្លាក់បង្ហាញពីការប្រយុទ្ធគ្នារវាងប្អូនទាំងពីរនាក់នេះមាន លក្ខណៈដូចម្តេចខ្លះ?
ដំណើររឿងក្នុងឈុតនេះនិទានថា៖ មានបងប្អូនពីរនាក់ឈ្មោះសុន្ទ និងឧបសុន្ទ ជាកូនប្រុសរបស់ និកុភ ព្រមទាំងជាគ្នារបស់ ហិរណ្យកសិបុ។ ពួកគេត្រូវបំពេញភារកិច្ចរួមគ្នាដើម្បីគ្រប់គ្រងស្ថានទាំងបី ហើយមិនអាចរស់នៅដោយគ្មានគ្នាបានឡើយ។ អសុរទាំងពីរបានតាំងចិត្តអនុវត្តន៍ភារកិច្ចទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ។ ដោយសារការខិតខំរបស់ពួកគេ ធ្វើឱ្យព្រះព្រហ្មមើលឃើញ ក៏បំពេញបំណងប្រាថ្នារបស់ពួកគេ គឺទ្រង់បានផ្តល់អំណាច និងមហិទ្ធិឫទ្ធិខ្លាំងពូកែ ប៉ុន្តែព្រះព្រហ្មមិនបានផ្តល់ជីវិតអមតៈដល់ពួកគេទេ។ ចុងក្រោយ ពួកគេក៏សុំពរពីទ្រង់ថា “គ្មាននរណាអាចសម្លាប់ពួកគេបានឡើយ សូម្បីតែទេព ឬអសុរក៏ដោយ គឺមានតែម្នាក់ក្នុងចំណោមបងប្អូនគេទាំងពីរប៉ុណ្ណោះដែលអាចសម្លាប់គ្នាបាន។ ពួកគេសុំពរបែបនេះដោយសារតែពួកគេគិតថា ពួកគេទាំងពីរស្រឡាញ់គ្នា មិនអាចសម្លាប់គ្នាបានឡើយ។ ព្រះព្រហ្មក៏យល់ព្រមតាមការស្នើសុំនេះ។ បន្ទាប់ពីបានពរពីព្រះព្រហ្មហើយ ពួកគេទាំងពីរក៏ដើរធ្វើបាបទេព និងពួកព្រាហ្មណ៍ ព្រមទាំងយកឈ្នះ ហើយគ្រប់គ្រងស្ថានទាំងបី។ ក្រោយមក ទេពទាំងឡាយ ពួកព្រាហ្មណ៍ មនុស្សម្នាមិនអាចទ្រាំនឹងទង្វើអាក្រក់របស់អសុរទាំងពីរនេះបានទៀត ក៏មូលមតិគ្នាពឹងព្រះវិស្វកម្មឱ្យបង្កើតនារីម្នាក់មានសម្រស់ស្រស់ស្អាតឈ្មោះថា “តិលោត្តមា” ឱ្យទៅរកសុន្ទ និងឧបសុន្ទ ក្នុងគោលបំណងពង្វក់បងប្អូនទាំងពីរឱ្យឈ្លោះគ្នាដណ្តើមនាង។ ដោយសារភ្លេចពរពីព្រះព្រហ្ម ពួកគេទាំងពីរនាក់ក៏ប្រយុទ្ធគ្នាដណ្តើមនាងតិលោត្តមា រហូតដល់ស្លាប់រៀងខ្លួន។”
ចម្លាក់ឈុតប្រយុទ្ធគ្នារវាងសុន្ទ និងឧបសុន្ទ នៅក្នុងសិល្បៈខ្មែរ គេមិនធ្លាប់ឃើញមាននៅសម័យមុនអង្គរ (ស.វ.ទី៧-៨) ឡើយ តែចាប់ផ្តើមឃើញច្បាស់លាស់នៅស.វ.ទី១០ ក្នុងរចនាបថបន្ទាយស្រី ដែលសិល្បករបុរាណឆ្លាក់នៅលើហោជាងខាងលិចនៃគោបុរខាងកើតរបស់កំពែងទី៣នៃប្រាសាទបន្ទាយស្រី ខេត្តសៀមរាប (សព្វថ្ងៃហោជាងនេះរក្សាទុកនៅសារមន្ទីរហ្គីមេត៍ ប្រទេសបារាំង)។ ហោជាងនេះបង្ហាញតួអង្គភេទប្រុសពីរនាក់ កាន់ដំបង ហើយទាញដៃតួអង្គស្រីម្នាក់។ អ្នកស្រាវជ្រាវប្រវត្តិសិល្បៈខ្មែរជាច្រើនរូបឯកភាពគ្នា កំណត់អត្តសញ្ញាណរូបនេះថា តួអង្គប្រុសទាំងពីរ គឺជាសុន្ទ និងឧបសុន្ទ ហើយតួអង្គស្រីគឺជានាងតិលោត្តមា។ ហោជាងនេះ គឺឆ្លាក់សកម្មភាពចំនួនពីរផ្សេងគ្នា ដែលទី១ គឺបង្ហាញពីសកម្មភាពសុន្ទ និងឧបសុន្ទដណ្តើមគ្នាយកនាងតិលោត្តមា អមសងខាងដោយតួអង្គរងផ្សេងទៀតអង្គុយមើល និងទីពីរបង្ហាញពីសកម្មភាពប្រយុទ្ធគ្នារវាងសុន្ទនិងឧបសុន្ទឆ្លាក់នៅផ្នែកខាងលើនៃហោជាង។
នៅមុនហោជាងប្រាសាទបន្ទាយស្រីបន្តិច ក្នុងតំបន់កោះកេរដែលមានអាយុកាលមុនរចនាបថបន្ទាយស្រីបន្តិចនោះ គេរកឃើញហោជាងមួយនៅប្រាសាទធំ ប៉ុន្តែចម្លាក់នេះបាត់បង់ផ្នែកពាក់កណ្តាលខាងលើដែលជាហេតុនាំឱ្យយើងពិបាកក្នុងការកំណត់តួអង្គ និងសាច់រឿងឱ្យបានច្បាស់លាស់ណាស់។ ក្នុងនោះដែរ លោក Eric Bourdonneau យល់ថា ចម្លាក់នេះអាចជាឈុតរាក្សសវិរាធ ដែលនិយាយពីការពង្រាត់នាងសិតាពីព្រះរាម ក្នុងរឿងរាមាយណ ហើយក៏អាចជាឈុតសុន្ទនិងឧបសុន្ទប្រយុទ្ធគ្នាដើម្បីដណ្តើមនាងតិលោត្តមាដែរ។ ប្រសិនបើមើលជាទូទៅ យើងឃើញថា ចម្លាក់នេះមានលក្ខណៈស្រដៀងនឹងចម្លាក់នៅហោជាងប្រាសាទបន្ទាយស្រីច្រើន ពោល គឺនៅកណ្តាលមានតួអង្គធំៗចំនួនបីនាក់ និងនៅសងខាងមានមនុស្សពីរនាក់អង្គុយទស្សនា ដែលមើលហាក់ដូចជាសុន្ទ និងឧបសុន្ទដណ្តើមនាងតិលោត្តមាដូច្នោះដែរ។ ម្ល៉ោះហើយ ប្រសិនបើចម្លាក់នៅកោះកេរនេះពិតជាបង្ហាញអំពីសាច់រឿងនេះមែន វាមានន័យថា ការបង្ហាញឈុតសុន្ទ និងឧបសុន្ទប្រយុទ្ធគ្នា គឺប្រហែលបង្ហាញឡើងដំបូងនៅក្នុងសិល្បៈខ្មែរនៅស.វ.ទី១០ ក្នុងរចនាបថកោះកេរ (គ.ស.៩២១ ដល់ ៩៤៤)។
យ៉ាងណាក៏ដោយ នៅស.វ.ទី១១ និងទី១២ ការបង្ហាញឈុតប្រយុទ្ធគ្នារវាងតួអង្គទាំងពីរ ដណ្តើមនាងតិលោត្តមានេះ ក៏សិល្បករខ្មែរបុរាណនៅតែបន្តឆ្លាក់ដែរ។ ជាក់ស្តែង នៅប្រាសាទបាភួនក្នុងតំបន់អង្គរ ដែលសាងឡើងនៅស.វ.ទី១១ ក្នុងរជ្ជកាលព្រះបាទឧទ័យទិត្យវរ្ម័នទី២ សិល្បករបានបង្ហាញឈុតនេះជាលក្ខណៈមួយបែបទៀតខុសពីនៅស.វ.ទី១០ ពោល គឺចម្លាក់បានបង្ហាញអំពីសុន្ទ និងឧបសុន្ទកំពុងប្រយុទ្ធគ្នាយ៉ាងស្វាហាប់ ហើយតួអង្គនាងតិលោត្តមាគឺអង្គុយនៅចំហៀង។
ចំណែក នៅប្រាសាទធម្មនន្ទ ដែលសាងនៅស.វ.ទី១២ វិញ សិល្បករបង្ហាញមួយបែបផ្សេងទៀតខុសពីរូបភាពទាំងបីដែលបានបង្ហាញខាងលើ គឺនាងតិលោត្តមាឆ្លាក់នៅកណ្តាលដូចនៅហោជាងបន្ទាយស្រីដែរ តែសិល្បករឆ្លាក់ខ្ពស់ផុតទៅលើខ្លាំងពីតួអង្គសុន្ទ និងឧបសុន្ទ ដែលកំពុងប្រយុទ្ធគ្នា ហើយក៏មានតួអង្គរងអង្គុយទស្សនាការប្រយុទ្ធនេះផង។ យើងសង្កេតឃើញថា បើទោះបីសុន្ទ និងឧបសុន្ទ គឺជាតួអង្គតំណាងអសុរក៏ដោយ សិល្បករខ្មែរបានឆ្លាក់មុខមាត់ពួកគេក្នុងទម្រង់មុខដូចទេពឬដូចមនុស្សច្រើនជាងមុខជាយក្ស លើកលែងតែចម្លាក់នៅប្រាសាទធម្មនន្ទ ដែលមុខមាត់ពួកគេទាំងពីរបង្ហាញឡើងក្នុងទម្រង់កាចសាហាវដូច តួអង្គអសុរផ្សេងទៀតដែលយើងធ្លាប់ឃើញមាននៅក្នុងសិល្បៈខ្មែរ។
ជារួមមក សុន្ទ និងឧបសុន្ទ គឺជាតួអង្គក្នុងរឿងមហាភារតដែលរៀបរាប់អំពីបងប្អូនពីរនាក់ជាអសុរមានមហិទ្ធិឫទ្ធិខ្លាំងពូកែប្រយុទ្ធគ្នាដណ្តើមយកនាងតិលោត្តមា។ ឈុតនេះមានបង្ហាញនៅក្នុងសិល្បៈខ្មែរដំបូងនៅក្នុងស.វ.ទី១០ ហើយមានឆ្លាក់បង្ហាញបន្តនៅស.វ.ទី១១ និងទី១២។ ទោះបីជាយ៉ាងណា ចម្លាក់តួអង្គសុន្ទ និងឧបសុន្ទ ដែលបង្ហាញនៅលើចម្លាក់តាមប្រាសាទបុរាណរបស់ខ្មែរគេពុំអាចកំណត់ថា ម្នាក់ណាជាសុន្ទ និងម្នាក់ជាឧបសុន្ទឱ្យបានច្បាស់បានឡើយ ដ្បិតអ្នកទាំងពីរបង្ហាញឡើងក្នុងមុខមាត់និងរូបរាងដូចគ្នា ហើយកាន់កេតនភណ្ឌក៏ដូចគ្នាទៀត៕
អត្ថបទដោយ៖ ណែម ឆរ៉ាន់