វត្តមុនីសាគរស្ថិតនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្តនេះស្ថិតក្នុងបណ្តាវត្តចាស់ៗតាមបណ្តោយដងទន្លេមេគង្គប៉ែកខាងកើត ស្របនឹងផ្លូវជាតិលេខ១ ដូចជាវត្តមជ្ឈឹមវ័ន វត្តចំប៉ា និងវត្តកៀនស្វាយក្នុងជាដើម។ ក្នុងបរិវេណវត្តមុនីសាគរ គេឃើញមានព្រះវិហារជាសំណង់បុរាណដ៏ល្អវិចិត្រ កសាងអំពីឈើនិងកំបោរបាយអយ៉ាងល្អវិចិត្រ។ នៅលើព្រះវិហារនេះ ពុំឃើញមានចំណារ ឬភស្តុតាងអ្វីបញ្ជាក់ថាព្រះវិហារកសាងនៅក្នុងឆ្នាំណាឡើយ។ ប៉ុន្តែ Daniel Guéret និង Dominique-Pierre Guéret ដែលជាអ្នកសិក្សាស្រាវជ្រាវអំពីវត្តអារាមក្នុងសង្គមខ្មែរយល់ថា ព្រះវិហារវត្តមុនីសាគរកសាងឡើងតាំងពីដើមសតវត្សទី២០។ ចំពោះសន្លឹកសីមា គំនូរ និងក្បាច់លម្អផ្សេងៗនៃព្រះវិហារនេះ គឺជាប្រធានបទយ៉ាងសំខាន់គួរឱ្យសិក្សាស្វែងយល់។

ទម្រង់ដំបូល និងការលម្អផ្សេងៗនៃព្រះវិហារវត្តមុនីសាគរ
ព្រះវិហារវត្តមុនីសាគរ បានកសាងនៅលើខឿនបីថ្នាក់ ដែលមានជណ្តើរឡើងគ្រប់ទិសទាំងបួន។ ខឿនថ្នាក់ទី១ និងថ្នាក់ទី២ លម្អជារូបនាគព័ទ្ធជាបង្កាន់ដៃជុំវិញ ហើយនៅអមជណ្តើរនីមួយៗនៃខឿនទី៣ លម្អដោយតោមួយគូ។ ចំពោះគ្រឿងបង្គុំដំបូល គឺជាឈើ ហើយផ្ទៃដំបូលព្រះវិហារគេប្រក់ប្រភេទក្បឿងរលោង (ឬអ្នកស្រុកខ្លះហៅថាក្បឿងវាំង) រាងជ្រាលចុះសងខាងបីថ្នាក់។ នៅលើចុងព្រំដំបូលខាងមុខមានបំពាក់លម្អដោយជហ្វាពីរ ហើយលើចុងព្រំដំបូលខាងក្រោយលម្អដោយជហ្វាពីរដែរ។ បើផ្អែកតាមការសិក្សាបែងចែងរបស់អ្នកស្រាវជ្រាវ ប្រភេទសំណង់ព្រះវិហារបែបនេះ គេចាត់ចូលក្នុងទម្រង់ព្រះវិហារជហ្វាបួន ឬគេហៅថាព្រះវិហារបុរាណ។ ទន្ទឹមនឹងនេះ នៅតាមចុងចែងដំបូលនីមួយៗគេឃើញមានលម្អដោយនាគចែងទាំងអស់។
ចំពោះការរចនាតុបតែងលម្អនៅលើរចនាសម្ព័ន្ធសំណង់ផ្នែកខាងក្រោមដំបូល (ខាងក្រៅជញ្ជាំង) គេឃើញនៅតាមរងស្បូវជុំវិញលម្អដោយក្បាច់រចនាយ៉ាងរស់រវើកឆ្លាក់អំពីឈើ។ មិនតែប៉ុណ្ណោះ គេសម្គាល់ឃើញថាសសរបាំងសាចជុំវិញព្រះវិហារនេះ ក៏ជាសសរឈើមានរាងបួនជ្រុង ដែលកម្រឃើញមានសល់នៅតាមបណ្តាព្រះវិហារបុរាណផ្សេង។ នៅតាមក្បាលសសរនីមួយៗជុំវិញទាំងបួនទិស សុទ្ធតែលម្អដោយរូបកិន្នរ។ ចំណែកឯនៅក្បាលសសរទ្រចុងចែងដំបូលទាំងបួនជ្រុង លម្អដោយរូបគ្រុឌយ៉ាងអង់អាច។

ការលម្អលើរងស្បូវ និងក្បាលសសជុំវិញបាំងសាច
ចំណែកហោជាងព្រះវិហារនេះ គឺជាហោជាងឆ្លាក់អំពីឈើទាំងពីរផ្ទាំង ដែលមានទិដ្ឋភាពរួមស្ទើរដូចគ្នា គឺខាងក្រោមឆ្លាក់ផ្កាឈូករីកដេរដាស ខាងលើរចនាជាក្បាច់ផ្កាភ្ញី។ ហោជាងមុខ មានរូបព្រះពិស្ណុការគង់លើផ្កាឈូកធំមួយកណ្តាលផ្ទៃទឹក ហើយមាននាគមួយគូងើបឡើង មានអណ្តាតចេញមកបែកជាក្បាច់ភ្ញីទេសយ៉ាងរស់រវើកព័ន្ធព័ទ្ធរាយទៅខាងលើ។ ហោជាងក្រោយ មានផ្ទៃកណ្តាលមានស្លឹកឈូកធំមួយទ្របល្ល័ង្ក ហើយលើបល្ល័ង្កនោះមានតម្កល់ឆ័ត្ររួត៧ថ្នាក់។ មិនតែប៉ុណ្ណេះសោត នៅអមបល្ល័ង្កនេះមានទេព្តាពីរអង្គហោះប្រណម្យដៃសំពះបល្ល័ង្កនោះ ហើយនៅអមឆ័ត្ររួតមានហង្សមួយគូផងដែរ។

ក្បាច់លម្អលើហោជាង
ដោយឡែក នៅតាមចន្លោះបាំងសាចខាងក្រៅព្រះវិហារ តាមទិស និងអនុទិសគេឃើញមានដាំសន្លឹកសីមាព័ទ្ធជុំវិញ ដែលឆ្លាក់ជារូបផ្សេងៗគួរឱ្យកត់សម្គាល់។ សន្លឹកសីមាទាំងអស់ឃើញនៅសល់តែ៧ប៉ុណ្ណោះ ដ្បិតសន្លឹកសីមានៅទិសខាងជើងពុំឃើញឡើយ (បាត់?) ឯសន្លឹកសីមាឥន្រ្ទកីលមុខបល្ល័ង្កព្រះជីវ៍ក៏ពុំឃើញដែរ។ ប៉ុន្តែយ៉ាងណាក្តី គេយល់ថារូបដែលលើកយកមកឆ្លាក់តាមសន្លឹកសីមានីមួយៗ ជារូបទោសពុំមែនសាច់រឿងជាប់បន្តគ្នាពីមួយទៅមួយទេ។ សន្លឹកសីមាខាងមុខឈមនឹងព្រះជីវ៍ គេឆ្លាក់ជារូបបុព្វជិត(?) ហើយនៅជ្រុងអាគ្នេយ៍ឆ្លាក់រូបនាងគង្ហីងច្បូតសក់ និងជ្រុងឦសានឆ្លាក់ជារូបព្រះកញ្ចាយ។ ចំណែកឯនៅចំហៀងខាងត្បូងឆ្លាក់រូបទេព្តាឈរប្រណម្យ(?) ហើយចំពោះសន្លឹកសីមានៅផ្នែកខាងក្រោយព្រះវិហារវិញ គេឆ្លាក់រូបទេពប្រណម្យតម្កល់កណ្តាល អមដោយរូបព្រះសង្ឃធុតង្គ(?) នៅជ្រុងនិរតី និងរូបហនុមាននៅជ្រុងពាយ័ព្យ។







រូបផ្សេងៗឆ្លាក់លើសន្លឹកសីមាព្រះវិហារវត្តមុនីសាគរ
រីឯនៅខាងក្នុងព្រះវិហារ គេសង់ឡើងឱ្យមានល្វែងសំខាន់ៗបីល្វែងគឺ ល្វែងគ្រឹះនៅកណ្តាល និងរបៀងអមសងខាងដូចព្រះវិហារបុរាណនានាដែរ។ ត្រង់ចន្លោះល្វែងគ្រឹះចុងខាងលិច គឺជាបល្ល័ង្កព្រះជីវ៍ដែលសង់ខ្ពស់។ ព្រះជីវ៍អង្គនេះ ពុំដឹងថាកសាងឡើងតាំងពីឆ្នាំណាឡើយ តែគេសាងឡើងជាទម្រង់ព្រះបដិមាផ្ចាញ់មារ គង់ភ្នែន ព្រះហត្តស្តាំដាក់លើព្រះបាទស្តាំ ចុងព្រះហស្តសំយុងចុះក្រោម និងព្រះហស្តឆ្វេងផ្ងារដាក់លើព្រះបាតឆ្វេង។ ការលម្អខាងក្នុងព្រះវិហារ នៅត្រង់ផ្នែកសំខាន់ៗនៃសំណង់ដូចជាពិតាន សសរ និងជញ្ជាំង។ ពិតានព្រះវិហារនេះ សាងពីឈើចំខាងលើល្វែងគ្រឹះ ហើយមានគំនូរទឹបទឹកមាសជាក្បាច់រង្វង់ធំៗ ពោលគឺពុំមានគំនូររូបអ្វីឡើយ។ ចំណែកឯនៅលើផ្ទៃជញ្ជាំងជុំវិញ គឺជាគំនូរសាច់រឿងពុទ្ធប្រវត្តិ ដែលគេសាងជាផ្ទាំងធំៗរៀបរាប់ចេញពីព្រះពុទ្ធចូលនិព្វាននៅលើជញ្ជាំងខាងកើត ហើយរាយបន្តបន្ទាប់មកទៀតដូចជាចែកព្រះបរមសារីរិកធាតុ ប្រសូត្រ សម្តែងឫទ្ធិ ទតសួន អភិសេក ចេញបួស ទុក្ខរកិរយា ត្រាស់ដឹង… ហូរហែរហូតមកដល់ព្រះអង្គទ្រង់ប្រឈួន។

ព្រះជីវ៍ក្នុងព្រះវិហារវត្តមុនីសាគរ
ប៉ុន្តែយ៉ាងណាក្តី គំនូរដែលគេយល់ថាមានភាពចំណាស់ និងគួរឱ្យចាប់អារម្មណ៍បំផុតក្នុងព្រះវិហារនេះ គឺគំនូរបុរាណគូរលើគល់សសរទាំងពីរជួរអមល្វែងគ្រឹះ។ គំនូរទាំងនោះ មានទំហំទទឹងប្រហែល២តឹកកន្លះ កម្ពស់ប្រហែលកន្លះម៉ែត្រពីគល់សសរ ហើយគេគូរជុំវិញសសរទាំងបួនជ្រុង។ ផ្ទៃសសរខាងលើ គេរចនាជាក្បាច់ទឹបទឹកមាស រហូតទល់នឹងពិតាន។ ចំពោះប្រធានបទរឿងដែលគេលើកយកមកគូរមានពីរសំខាន់គឺ ឈុតខ្លះក្នុងរឿងពុទ្ធប្រវត្តិ និងរឿងផ្សេងៗទៀតក្នុងជាតក។ សាច់រឿងដែលគូរនោះសោតហាក់ដូចជាសង្ខេបខ្លីបំផុត ហើយពុំមានខ្សែរឿងពីដើមដល់ចប់ទេ ពោលគឺលើកយកតែត្រង់ឈុតសំខាន់ៗមកគូរតែប៉ុណ្ណោះ។ គំនូរខ្លះ ហាក់ដូចជាឃើញមានស្លាកស្នាមកោសលុប ដាប់បំផ្លាញ។ ប៉ុន្តែការលើកយកសាច់រឿងជាតកផ្សេងៗមកគូរលើគល់សសរបែបនេះ គេធ្លាប់ឃើញនៅក្នុងព្រះវិហារវត្តពាមមង្គល។






សង្ខេបសេចក្តីមក ព្រះវិហារវត្តមុនីសាគរ ជាមត៌កដ៏ល្អដែលសេសសល់នូវទឹកដៃស្ថាបត្យកម្មបុរាណ ក្បាច់លម្អ និងគំនូរបុរាណដ៏វិចិត្រ។ គំនិតនៃការបង្ហាញសាច់រឿងតូចៗនៅទីទាបបែបនេះ ហាក់ដូចជាមានចេតនាឱ្យអ្នកមើលងាយស្វែងយល់ជាប់នឹងភ្នែក។ ប៉ុន្តែយ៉ាងណាក្តី ការស្វែងយល់ស៊ីជម្រៅអំពីសិល្បៈបុរាណនេះ គួរតែបន្តពិនិត្យលម្អិតបន្ថែមទៀត៕
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត