អ្វីទៅជាផូស៊ីលឈើ? ផូស៊ីលឈើ Petrified Wood មានន័យថាឈើក្លាយជាថ្ម។ វាកើតឡើងនៅពេលរុក្ខជាតិត្រូវបានកប់ដោយដីល្បាប់ និងការពារពីការពុកផុយដោយសារតែអុកស៊ីសែន និងសារធាតុសរីរាង្គនានា។ បនា្ទប់មកទឹកក្រោមដីដែលសំបូរទៅដោយសារធាតុរំលាយឆ្លងកាត់ដីល្បាប់ដោយជំនួសវត្ថុធាតុដើមរុក្ខជាតិដើមជាមួយស៊ីលីកា កាល់ស៊ីត ឬសារធាតុខនិចផ្សេងៗ ពេលខ្លះក៏មានឥទ្ធិពលពីភ្នំភ្លើង។
តាមរយៈការចុះសិក្សា និងពិនិត្យផូស៊ីលឈើតាមដងទន្លេមេគង្គនៅទីតាំងមូយចំនួនក្នុងខេត្តស្ទឹងត្រែងឆ្នាំ២០១៩ និងខេត្តក្រចេះឆ្នាំ២០២៣ របស់ក្រុមការងារសិក្សាស្រាវជ្រាវផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន យើងបានប្រទះឃើញផូស៊ីលឈើជាច្រើនៅតំបន់នេះ។ បើយោងលើផែនទីភូគព្ភសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាត្រង់ចំណុចសំគាល់ T3-J2ss ចន្លោះពីទីរួមខេត្តស្ទឹងត្រែងមកកាន់ទីរួមខេត្តក្រចេះ ដីមួយភាគធំជាទីតាំងសំបូរទៅដោយពពួកថ្មភក់ ថ្មស្រទាប់ ចុងសម័យកាល Triassic និងពាក់កណ្តាលសម័យ Jurassic (អាយុកាលប្រហាក់ប្រហែល ២៣៥លានឆ្នាំមក ១៦៣.៥លានឆ្នាំ)។ លើសពីនេះ នៅផ្នែកខាងក្រោមព្រំប្រទល់ខេត្តស្ទឹងត្រែងមកកាន់ទីរួមខេត្តក្រចេះ ផ្ទៃដីមួយផ្នែកធំប្រទះឃើញពពួកថ្មភក់ Siltstone, Shale, Marl ថ្មទាំងនេះស្ថិតនៅក្នុងសម័យកាល Triassic (អាយុកាលប្រមាណ ២៥២-២០១លានឆ្នាំ)។ ផ្នែកខ្លះនៅខាងកើតជាប់ដងទន្លេមេគង្គ (ត្រង់ចំណុចសំគាល់ Q2a) ក៏មានពពួកថ្មភក់ អាយុកាលប្រមាណ៨០ម៉ឺនឆ្នាំ និងចំណុចចខ្លះ (ត្រង់ចំណុចសំគាល់ N2-Q1) មានអាយុកាលប្រមាណ៥លានឆ្នាំ នេះបើយោងលើផែនទីភូគព្ភសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា។ ទាំងនេះជាព័ត៌មានបឋម ដែលបង្ហាញតាមរយៈផែនទីភូគព្ភសាស្ត្រ។
ផែនទីភូគព្ភសាស្ត្រព្រះរាជាណាចក្រកម្ពុជា
នៅក្នុងភូមិសាស្ត្រឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង មានវត្តមាននៃផូស៊ីលឈើជាច្រើន ខ្លះមានទំហំធំ ដែលកប់នៅក្នុងដីប្រមាណ១ទៅ២ម៉ែត្រ។ ផូស៊ីលឈើនេះ ស្ថិតនៅស្រទាប់ផ្នែកខាងលើ ដែលមានដីឥដ្ឋលាយជាមួយកួ្រសអាចម៍ផ្កាយ។ តាមរយៈព័ត៌មានដែលបានទទួលពីប្រជាជនតាមដងទន្លេមេគង្គក្នុងតំបន់នោះ គេបានប្រទះថ្មគគីរ (ផូស៊ីលឈើ) បាក់ចូលទៅក្នងទន្លេទាំងដើមៗផងដែរ។ នៅផ្នែកម្ខាងទៀតក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ «ព្រៃឡង់» ភូមិសាស្ត្រខេត្តស្ទឹងត្រែង ក៏បានជួបផូស៊ីលឈើក្នុងអូរ ជម្រៅប្រមាណ២-៣ម៉ែត្រ ដែលនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីដងទន្លេមេគង្គ។ ផូស៊ីលទាំងនេះបានជួបប្រទះស្រទាប់ដីដែលលាយឡំនឹងក្រួសអាចម៍ផ្កាយនេះផងដែរ។
នៅក្នុង២០២៣នេះក្រុមការងារបានចុះសិក្សានៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ដូចជានៅទួលចំបក់ក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ស្ថិតក្នុងស្រុកសំបូរ ចម្ងាយ១៥គីឡូម៉ែត្រពីទន្លេមេគង្គដោយរកឃើញបំណែកផូស៊ីលឈើតូចៗជាច្រើន លាយឡំនឹងក្រួសអាចម៍ផ្កាយ ស្រទាប់នេះស្ថិតផ្នែកខាងលើស្រទាប់ថ្មភក់។ ទីតាំងមួយទៀតស្ថិតនៅខាងកើតទន្លេមេគង្គ ហៅថាទួលស្នាក់ការសំបូរ ក្នុងដែនជម្រកសត្វព្រៃសំបូរ ស្រុកកោះក្រៀងសែនជ័យក៏មានលក្ខណៈដូចគ្នានឹងទួលចំបក់ដែរ ដោយបានរកឃើញបំណែកផូស៊ីលឈើតូចៗជាច្រើន។ មួយកន្លែងទៀតហៅថាទួលគ្រួសអាចម៍ផ្កាយក្បែរសាលាឃុំព្រែកប្រសប់ ស្រុកព្រែកប្រសប់ ក្បែរទីរួមខេត្តក្រចេះ។ ទីតាំងមានក្រួសមានជាច្រើន ខ្លះបានកកជាថ្មផ្ទាំងធំ តែបំណែកនៃផូស៊ីលឈើហាក់ដូចជាមានចំនួនតិច។ ក្រួសអាចម៍ផ្កាយមួយចំនួនក៏ជាផូស៊ីលឈើផងដែរ ត្រង់ចំនុចនេះមានន័យថាផូស៊ីលឈើមួយចំនួននោះ ប្រហែលធ្លាក់រមាលតាមទឹក និងកើតទៅជាគ្រួសអាចម៍ផ្កាយ។
តាមរយៈភស្តុតាងមួយចំនួនដែលយើងបានសិក្សា អាចបង្ហាញថាបាតុភូតក្រួសអាចម៍ដូចគ្នា ស្រទាប់ដីដែលមានផូស៊ីលឈើស្ថិតនៅក្នុងស្រទាប់តែមួយ បាតុភូតនេះកើតឡើងដោយកំលាំងទឹកហូរខ្លាំងក្នុងពេលណាមួយ? ដែលគ្របតណ្តប់លើផ្ទៃដីមួយផ្នែកនៅក្នុងខេត្តស្ទឹងត្រែង និងក្រចេះ។ ផូស៊ីលឈើដែលរកឃើញនៅក្នុងខេត្តស្ទឹងត្រែងមានទំហំធំ បន្តមកក្នុងខេត្តក្រចេះ ស្រុកសំបូរ និងស្រុកកោះក្រៀងសែនជ័យមានទំហំតូច និងច្រើន ចំណែកនៅត្រង់ចំណុចស្រុកព្រែកប្រសប់មានផូស៊ីលឈើតូចហើយចំនួតិច។ ទាំងនេះវាបានប្រែប្រួលនៃតាមកំលាំងនៃទឹកហូរ ពីខាងលើនៃដងទន្លេមេគង្គ បន្តមកផ្នែកខាងក្រោមក្នុងខេត្តក្រចេះ។ នេះជាទិន្នន័យផ្នែកខ្លះនៃខេត្តស្ទឹងត្រែង និងផ្នែកខ្លះនៃខេត្តក្រចេះប៉ុណ្ណោះ។ ចំពោះទីតាំងនៅក្នុងខេត្តស្ទឹងត្រែង ជាតំបន់ដីគោក ដែលត្រូវបានចាក់បង្គរក្រួសអាចម៍ផ្កាយ គ្របលើដើមឈើទាំងនោះ ហើយក្រោយមកបានក្លាយជាផូស៊ីលឈើ។ ចំពោះអាយុកាលនៃផូស៊ីលឈើទាំងឡាយនេះ ស្ថិតនៅផ្នែកខាងលើនៃស្រទាប់ថ្ម សម័យកាល Triassic និងពាក់កណ្តាលសម័យ Jurassic (អាយុកាលប្រហាក់ប្រហែល ២៣៥លានឆ្នាំមក ១៦៣.៥លានឆ្នាំ) ស្រទាប់ខ្លះនៃដីចាក់បង្គរខ្លះអាចមានអាយុកាលថ្មី ចន្លោះ៨០ម៉ឺនឆ្នាំ៕
អត្ថបទដោយ៖ លឹម វណ្ណច័ន្ទ