នៅចុងស.វ.ទី៩ ដើមស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ (គ.ស.៨៨៩-៩១០) ការស្ថាបនាប្រាសាទនៅលើភ្នំបានក្លាយជាទីពេញនិយមយ៉ាងខ្លាំង។ ឧទាហរណ៍ ប្រាសាទភ្នំបាខែង ប្រាសាទភ្នំបូក ប្រាសាទភ្នំក្រោម ប្រាសាទភ្នំដី ។ល។ ក្នុងចំណោមប្រាសាទទាំងនេះ ប្រាសាទភ្នំបូក និងភ្នំក្រោម មានប្លង់ប្រហាក់ប្រហែលគ្នាដែលនៅកណ្តាលគេសាងសង់ជាតួប៉មទោលចំនួន៣។ តួប៉មទាំងបីនេះ គេតម្កល់អាទិទេពសំខាន់ៗទាំងបីក្នុងព្រហ្មញ្ញសាសនា គឺព្រះឥសូរនៅកណ្តាល និងអមសងខាងដោយព្រះវិស្ណុ និងព្រះព្រហ្ម។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីព្រះសិរចំនួនបីដែលរកឃើញនៅប្រាសាទភ្នំបូក ហើយសព្វថ្ងៃរក្សាទុកនៅសារមន្ទីរជាតិហ្គីមេត ប្រទេសបារាំង។ អ្នកស្រាវជ្រាវចាត់ទុកព្រះសិរទាំងបីនេះចូលក្នុងរចនាបថបាខែង ចុងស.វ.ទី៩ ដើមស.វ.ទី១០។ តើព្រះសិរទាំងបីនេះ មានលក្ខណៈបែបណាខ្លះ?
នៅឆ្នាំ១៨៧៣ ក្នុងពេលដែលលោក Louis Delaporte កំពុងបំពេញបេសកកម្មប្រមូលវត្ថុបុរាណខ្មែរមកកាន់ប្រទេសបារាំង លោកបានជួបព្រះសិរទាំងបីនេះនៅលើភ្នំបូក ដោយលោកបានបញ្ជាក់ថា ព្រះសិរនីមួយៗគឺជាទេពកំពូលរបស់ព្រហ្មញ្ញសាសនាដែលជាអ្នកគ្រប់គ្រងតួប៉មទេវស្ថានទាំងបីនៅលើភ្នំ។ លោកភ្ញាក់ផ្អើលនិងកោតសរសើរយ៉ាងខ្លាំងចំពោះស្នាដៃសិល្បៈនៅប្រាសាទភ្នំបូក ទើបមួយឆ្នាំក្រោយមក លោកបានប្រមូលព្រះសិរទាំងបីនេះ រួមជាមួយវត្ថុបុរាណផ្សេងទៀតយកទៅរក្សាទុកនៅសារមន្ទីរឥណ្ឌូចិននៅ Trocadéro ក្នុងទីក្រុងប៉ារីស។ ក្រោយមកទៀត នៅឆ្នាំ១៩២៧ លោក Phillipe Stern និងសហការី បានដឹកជញ្ជូនព្រះសិរទាំងបីនេះ រួមជាមួយវត្ថុសិល្បៈខ្មែរចំនួន ៥០ ដុំទៀត ទៅរក្សាទុកនៅសារមន្ទីរហ្គីមេត រហូតមកទល់បច្ចុប្បន្ន។
ក្នុងនោះ ព្រះសិរព្រះឥសូរមានកម្ពស់ប្រវែង ៤៦ស.ម. ទទឹង ២៥ស.ម. ចុះបញ្ជីលេខ MG 18101។ សិល្បករបង្ហាញព្រះភក្រ្តព្រះឥសូររាងមូលក្នុងទម្រង់ទឹកមុខស្ងួត ចិញ្ចើមជាប់គ្នាផ្តេកត្រង់រាងស្តួចកោងចុះក្រោមនៅផ្នែកខាងចុង ភ្នែកមានគំនូសពីរត្រួត (មានត្របក) ដែលមានគ្រាប់ភ្នែករាងមូលក្រឡង់ ច្រមុះធំមានខ្ទង់ បបូរមាត់ជាគំនូសពីរត្រួតដូចភ្នែក (មានពុកមាត់កោងឡើងលើនៅផ្នែកខាងចុង) ត្រចៀកវែង និងនៅលើថ្ងាសមានបង្ហាញព្រះនេត្រទីបី។ សិល្បករបង្ហាញមកុដព្រះឥសូរជាទម្រង់ផ្នួងសក់ ឬហៅតាមសំស្រ្កឹតថា “ជដាមកុដ” ដែលនៅពីមុខមានបង្ហាញចំណិតលោកខែនៅលើផ្នួងសក់នោះទៀតផង (សញ្ញាសម្គាល់ព្រះឥសូរ)។ ចំណែក ព្រះសិរព្រះវិស្ណុ មានកម្ពស់ប្រវែង ៤៨ស.ម. ទទឹង ២៥ស.ម. និងចុះបញ្ជីលេខ MG 18102។ សិល្បករបង្ហាញព្រះភក្រ្តជាទូទៅរបស់ព្រះវិស្ណុស្ទើរតែដូចព្រះឥសូរដែរ ដោយគ្រាន់តែមិនបង្ហាញព្រះនេត្រទីបីនៅលើថ្ងាស និងបង្ហាញមកុដជាទម្រង់ថ្នាក់ៗបីជាន់ដែលមានលម្អក្បាច់ស្លឹកឈើ និងមានដុំមូលនៅខាងលើ ដែលហៅតាមសំស្រ្កឹតថា “គិរីដមកុដ”។ ស្ថានភាពបច្ចុប្បន្នរបស់ព្រះសិរព្រះវិស្ណុនេះ មានការបាក់បែកផ្នែកខ្លះ ដូចជា នៅលើច្រមុះ ថ្ងាស និងផ្នែកខាងមុខរបស់មកុដ។ ចុងក្រោយ ព្រះសិរព្រះព្រហ្មមានកម្ពស់ប្រវែង ៤៩ស.ម. ទទឹង ៤៤ស.ម. និងចុះបញ្ជីលេខ MG 18100។ សិល្បករឆ្លាក់ព្រះភក្រ្តព្រះព្រហ្មមានចំនួនបួន ស្របទៅតាមគម្ពីរទេវកថាហិណ្ឌូ។ ទម្រង់ជាទូទៅរបស់ព្រះព្រហ្ម គឺមានលក្ខណៈស្ទើរតែដូចរូបព្រះសិរព្រះឥសូរដែរ គឺច្រមុះ មាត់ ភ្នែក ចិញ្ចើម និងមកុដ មានលក្ខណៈដូចគ្នា។

បើប្រៀបធៀបជាមួយសិល្បៈរចនាបថព្រះគោ ព្រះសិរទាំងបីនេះ ហាក់មិនសូវខុសគ្នាឆ្ងាយនោះទេ ជាពិសេស ទម្រង់មុខស្ងួត ចិញ្ចើមជាប់គ្នាត្រង់ បបូរមាត់ក្រាស់ មានពុកមាត់។ រីឯមកុដរបស់ព្រះឥសូរមានលក្ខណៈដូចគ្នាច្រើនជាមួយរចនាបថព្រះគោ ប៉ុន្តែគិរីដមកុដរបស់ព្រះវិស្ណុមានទម្រង់ខ្ពស់ជាងរចនាបថព្រះគោ។ សព្វថ្ងៃ អ្នកជំនាញការសារមន្ទីរហ្គីមេត បានដាក់តាំងព្រះសិរទាំងបីនេះនៅលើជើងទម្ររាងទ្រវែងខ្ពស់ និងបន្តើតដោយទម្រស៊ីម៉ង់ត៍មានរាងបួនជ្រុងស្មើ ដោយតម្កល់នៅចំកណ្តាលវិចិត្រសាលរបស់សារមន្ទីរ។ ក្នុងនោះ គេដាក់ព្រះសិរព្រះឥសូរនៅចំកណ្តាលខិតមកខាងមុខបន្តិច ព្រះសិរព្រះវិស្ណុនៅខាងឆ្វេង និងព្រះសិរព្រះព្រហ្មនៅខាងស្តាំ។ ការដាក់បែបនេះ គឺមានលក្ខណៈស្របទៅនឹងភាពដើមនៃទស្សនវិជ្ជាហិណ្ឌូសាសនា ដែលជានិច្ចកាលយើងតែងឃើញថា ព្រះឥសូរតែងនៅកណ្តាល ព្រះវិស្ណុនៅខាងជើង និងព្រះព្រហ្មនៅខាងត្បូង។ លក្ខណៈបែបនេះយើងអាចឃើញតាំងពីសម័យមុនអង្គរ នាស.វ.ទី៧ (ឧទាហរណ៍ផ្តែរទ្វារមកពីវត្តមហរ នៅសារមន្ទីរជាតិភ្នំពេញ)។

ដោយឡែក ជើងទម្របដិមាទេពទាំងបីនៅប្រាសាទភ្នំបូក មានលក្ខណៈបាក់បែកច្រើនទៅហើយ ប៉ុន្តែជើងទម្រទាំងនោះប្រហែលជាមិនខុសគ្នាពីជើងទម្រដែលរកឃើញនៅតួប៉មទាំងបីនៃប្រាសាទភ្នំក្រោមឡើយ។ ជើងទម្រនៅប្រាសាទភ្នំក្រោម ដែលមានអាយុកាល និងប្លង់ជាទូទៅដូចគ្នាជាមួយប្រាសាទភ្នំបូកបង្ហាញថា រូបព្រះឥសូរតម្កល់នៅលើជើងទម្ររាងបួនជ្រុងស្មើដែលមានលម្អចម្លាក់សត្វតោនៅជុំវិញ រូបព្រះវិស្ណុតម្កល់នៅលើជើងទម្ររាងបួនជ្រុងស្មើដែលមានលម្អចម្លាក់សត្វគ្រុឌជុំវិញ និងរូបព្រះព្រហ្មតម្កល់នៅលើជើងទម្ររាងមូលដែលមានលម្អក្បាច់ត្របកឈូកនិងរូបសត្វហង្សនៅជុំវិញ។

ជារួមមក ព្រះសិរព្រះឥសូរ ព្រះវិស្ណុ និងព្រះព្រហ្ម ដែលរកឃើញនៅប្រាសាទភ្នំបូក គឺជាស្នាដៃសិល្បៈមួយយ៉ាងឥតខ្ចោះដែលសិល្បករខ្មែរនៅជំនាន់នោះបានបង្កើតឡើងឱ្យស្របទៅនឹងទស្សនវិជ្ជាហិណ្ឌូសាសនាដែលគេគោរពប្រណិប័តន៍នៅសម័យនោះ។ សិល្បករបុរាណហាក់ដូចជាយល់ច្បាស់យ៉ាងខ្លាំងអំពីទេវកថាហិណ្ឌូ ទើបបានជាបដិមាដែលបង្ហាញឡើងមានភាពល្អឯកបែបនេះ។ ព្រះសិរទាំងបីដែលអ្នកប្រាជ្ញផ្នែកប្រវត្តិសិល្បៈចាត់ចូលជាស្នាដៃរចនាបថបាខែងនេះ មានលំនាំជាច្រើនដូចគ្នាជាមួយរចនាបថព្រះគោ និងផ្នែកខ្លះទៀតក៏មានលក្ខណៈខុសគ្នា៕
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី