ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទភ្នំដាច់ (ភាគ ២)

សិលាចារឹកប្រាសាទភ្នំដាច់ (ភាគ ២)

ប្រាសាទភ្នំដាច់ មានទីតាំងស្ថិតនៅក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាប្រាសាទសាងសង់ឡើងនៅលើកូនភ្នំមួយ មានប្រាង្គចំនួន២ ធ្វើអំពីឥដ្ឋ បែរមុខទៅទិសខាងកើត តែប្រាង្គដែលនៅឈរមានរូបរាង គឺនៅសល់តែមួយប៉ុណ្ណោះ (មួយទៀតបាក់បែកអស់)។ នៅឆ្នាំ២០២០ អ្នកស្រុកបានប្រមូលគ្នាមកកាប់ឆ្ការព្រៃកសាងវត្តអារាមមួយនៅលើភ្នំនេះ ក៏ប្រទះឃើញសិលាចារឹកចំនួន ២ ផ្ទាំង។ នៅភាគមុន យើងបានបង្ហាញអំពីសិលាចារឹកផ្ទាំងទី១ រួចមកហើយ ដូច្នេះនៅពេលនេះយើងនឹងពិភាក្សាបន្តអំពីសិលាចារឹកផ្ទាំងទី២ ដែលរកឃើញនៅភ្នំដាច់។

គ្រឹះប្រាសាទតួប៉មទី២ នៃប្រាសាទភ្នំដាច់
គោលសិលាចារឹកផ្ទាំងទី២ រកឃើញនៅប្រាសាទភ្នំដាច់

សិលាចារឹកនេះចារឹកនៅលើថ្មភក់ រាងជាបង្គោលសីមា អក្សរចារឹកបានជ្រៅល្អដែលផ្ទុយពីសិលាចារឹកផ្ទាំងទី១ ការចារឹកអក្សរមានសភាពរាក់ខ្លាំង។ ជាអកុសល សិលាចារឹកផ្ទាំងទី២នេះរងភាពខូចខាតជាច្រើន ដោយសារការប្រេះបែក នាំឱ្យអក្សរមានរលុបដោយអន្លើ។ អត្ថបទនេះ សរសេរបែបអក្សរជ្រៀងឃ្វាស ដែលមានលក្ខណៈពិបាកអាន។ សិលាចារឹកនេះបានបញ្ជាក់កាលប្រវត្តិច្បាស់លាស់ បើទោះបីជាអត្ថន័យពិបាកយល់ដោយសារការបាក់បែកក៏ដោយ។

ចំណុចដែលគួរឱ្យកត់សម្គាល់ខ្លាំងនៅក្នុងអត្ថបទសិលាចារឹកនេះ គឺឋានន្តរនាម “វាប” គេសរសេរថា “ពាប៑” ដែលហាក់បីដូចជាសំណេរប្លែកមួយនៅរវាងពាក់កណ្តាលស.វ.ទី១០ ទោះបី សំណេររបៀបនេះឃើញមានច្រើននៅក្នុងសិលាចារឹកស.វ.ទី១១ក៏ដោយ (ឧទាហរណ៍ សិលាចារឹកគោកកន្តាំង សិលាចារឹកគោកតាមាស ជាដើម) ដែលវាទំនងឆ្លុះបញ្ចាំងអំពីការប្រើប្រាស់គ្រាមភាសានៅក្នុងតំបន់នោះផងដែរ។ លើសពីនេះ ពាក្យ “ឝិពបាទ” និង “ឝិពលិង្គ” ក៏ជាសំណេរល្អៀងចេញពីសំណេរទូទៅក្នុងសិលាចារឹកនានាក្នុងពាក់កណ្តាលស.វ.ទី១០ដែរ។ ជាទូទៅ ពាក្យថា “ឝិពបាទ” ឬ “ឝិវបាទ” ជាស្ថាននាមពេញនិយមមួយតាំងតែអំពីសម័យបុរាណកាលមក ដែលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ស្តីអំពីការគោរពទៅលើ ព្រះទ្វេបាទា ទាំងគូរបស់អង្គព្រះសិវ។ សិវបាទនេះមាននៅស្ថានទីជាច្រើនដូចជា តំបន់ភ្នំបាយង្កោ ព្រះនេត្រព្រះ ភ្នំពលសណ្ដក ប្រាសាទនាគបួស ប្រាសាទតាមាន់ធំ ប្រាសាទកំបុត ប្រាសាទតារស់ ប្រាសាទដូនកៅ ។ល។  ប៉ុន្តែស្ថិតនៅមិនឆ្ងាយប៉ុន្មានអំពីប្រាសាទភ្នំដាច់នេះ មានទេវស្ថានបុរាណមួយ ទំនងជាសាងសង់ឡើងដំបូងនៅក្នុងកំឡុងស.វ.ទី៨ មានឈ្មោះថា សិវបាទបូវ៌្វ ឬ សិវបាទបូព៌ ដូច្នេះស្ថាននាមនៅក្នុងសិលាចារឹកភ្នំដាច់នេះ ទំនងជាសំដៅដល់សិវបាទបូវ៌្វ ឬសិវបាទបូព៌​ ឬឈ្មោះបច្ចុប្បន្នហៅថាប្រាសាទនាគបួសនោះឯង។ សិវបាទបូវ៌្វ ឬសិវបាទបូព៌​ ឬឈ្មោះបច្ចុប្បន្នហៅថាប្រាសាទនាគបួសនោះមានទីតាំងសិ្ថតនៅខាងកើតភ្នំកំពែង (ភ្នំដងរែក)។ ចំណែក ទេវស្ថានមួយទៀតស្ថិតនៅខាងលិចភ្នំដងរែកមានឈ្មោះថា សិវបាទបស្ចឹម ឬ សិវបាទខាងលិច ត្រូវនឹងឈ្មោះប្រាសាទតាមាន់ធំដែលយើងហៅសព្វថ្ងៃ។

ចំណែកឯពាក្យថា ឝិពលិង្គ ឬ សិវលិង្គ ក៏ជាស្ថាននាមមួយដែរ កាលស.វ.ទី១១ សិវលិង្គ ឬ កម្រតេងអញសិវលិង្គ ជាទេវស្ថានមួយដែលតម្កល់ព្រះលិង្គ ប៉ុន្តែដោយសារស្ថាននាមនេះមានឈ្មោះដូចគ្នាច្រើនទើបសិលាចារឹកមួយចំនួនដូចជា សិលាចារឹកវត្តប្រាសាទរាជាសំរោង K.1198 បានបញ្ជាក់បន្ថែមដោយប្រើពាក្យថា ឝិវលិង្គ អាយ មទ្ធ្យទេឝ (សិវលិង្គ នៅឯមទ្ធ្យទេស)។ ទោះយ៉ាងណាតាមរយៈសិលាចារឹកភ្នំដាច់នេះ ព្រះកម្រតេង អញ ឝិព​លិង្គ ឬ សិវលិង្គ សម្តៅដល់ទេវស្ថានភ្នំដាច់នេះតែម្តង។

អត្ថន័យទូទៅរបស់សិលាចារឹកភ្នំដាច់ផ្ទាំងទី២នេះ រៀបរាប់ទាក់ទងទៅនឹងមន្ត្រី ឬអាចជាព្រាហ្មណ៍បព្វជិតជាន់ខ្ពស់ណាម្នាក់ ដែលមានគោរមងារថា ព្រះកម្រតេងអញ បានចូលទៅគាល់និងទូលថ្វាយព្រះមហាក្សត្រ ដើម្បីស្នើសុំសិទ្ធិដោយរាជានុគ្រោះអំពីព្រះមហាក្សត្រ ស្តីអំពីការធ្វើអំណោយបុណ្យដល់ទេវស្ថាន និងការចារឹកសិលាទុកជាភស្តុតាងផង ហើយអំណោយទាំងអម្បាលម៉ានមានបុព្វសិទ្ធិពិសេសមិនស្ថិតនៅក្រោមអាជ្ញាធម៌ថ្នាក់ក្រោមជាតិឡើយ។

អត្ថបទពាក្យចារឹក

១. ៨៨៥

២. ..ឝកចៃត្រ…ប្រតិមា ណអញយ………

៣. …ព្រះកម្រតេង៑[អញ៑] បង្គំ ថ្ប្វង​ និវេទន ស្វំ …..ព្រះក

៤. រុណា ប្រសាទ បិ និវេទន ត កម្រតេង ជគត្តរាជ្យ មាន ព្រះករុណា

៥. ..អញ ទ្វល៑ ព្រះ ឝាសន ស្តេង៑ អាចាយ៌្យ សេនាបតិ នុ ស្តេង៑ អាចា

៦. យ៌្យ គុណទោឞទឝ៌ិ ប្រេ ឱយ៑ ភុមិ នុ…. ទៅ ឱយ រោ

៧. ហ….អាចាយ៌្យ ស្វំម ស្តេង សេនា បតិ នុ ស្តេង៑​[អញ៑ អាចា]

៨. ចាយ៌្យ គុណទោឞទឝ៌ិ ឧយ្ប្រត្យយ៑ ជ្មះ ពាព ពក្តរ ឝិពទៅ

៩. សង៑ ប្រឝស្ត ត គិ ស្រេ អមនិរោហ មន៑ អាចាយ៌្យ..ត នេះ

១០. ….ព្រះ រាជ បុន្យ ព្វំ ជា សុតន្ត្រ ត ខ្លោញ៑ កន្ទ្វារ ព្វំ ជា បិ ទារ

១១. ប្រិង៑ ព្វំ ជា បិ អាចាយ៌្យ ៤ ត គិ ស្រុក៑ នា ​…ជយ…

១២. …នា ស្តេង៑ អាចាយ៌្យ ជគត ត ព្រះ កម្រតេង៑អញ៑ ត រាជ្យ

១៣. ..ប្រស្ថ…ប្រតិទិន ខ្ញុំ៣ក្របិ៤ ថ្មុរ៑

១៤. កម្រតេង ជគត ឝិព បាទ តន្ទុល ប្រស្ថ ៥ ប្រតិទិន បុឞ្ប…

១៥. …..ទេព……ព្រះ កម្រតេង៑អញ៑ ឝិព​លិង្គ ប្រតិទិន

១៦. ទ្រោណ៤ …..៚

ក្រដាសផ្តិតសិលាចារឹកផ្ទាំងទី២ នៃប្រាសាទភ្នំដាច់

បំណកប្រែ

 (១-៩) នៅមហាសករាជឆ្នាំ៨៨៥ ខែចេត្រ ….ប្រតិមា ….ព្រះកម្រតេង [អញ៑] បានចូលទៅក្រាបថ្វាយបង្គំ ទូលថ្វាយព្រះមហាក្សត្រ ដើម្បីសូម…..ព្រះករុណាព្រះរាជប្រទាន ត្រាស់បង្គាប់ដល់កម្រតេងជគត្តរាជ្យ ព្រះមហាក្សត្រ។ ព្រះករុណា ទូលសាសន៍ (សេចក្តីណែនាំ) ដល់ស្តេង   អាចា្យសេនាបតី និងស្តេងអាចារ្យ គុណទោឞទឝ៌ិ (អ្នកមើលការខាងគុណ និងទោស) ត្រាស់បង្គាប់ប្រើឱ្យប្រគល់ដីភូមិ  និង…. ទៅឱ្យ….អាចារ្យ ហើយសូមឱ្យស្តេងសេនាបតិ និងស្តេង​អញអាចារ្យ គុណទោឞទឝ៌ិ ដើម្បីឱ្យប្រគល់ប្រត្រយ (ជំនិត ឬអ្នកដែលអាចទុកចិត្តបាន) ម្នាក់ឈ្មោះ ពាព ពក្តរឝិព (វាប វក្តរសិវ )ឱ្យទៅសង់ប្រសស្ត (គោលចារឹក) ។

(៩-១៣) ដីស្រែ អមនិរោហ ដែលអាចារ្យ  ..ទាំងនេះ….ព្រះរាជបុណ្យពុំស្ថិតនៅក្រោមអាជ្ញាធម៌ឡើយ ដូចជា ខ្លោញកន្ទ្វារ មិនអាចទារយកនូវប្រេង ពុំដើម្បីសម្រាប់អាចារ្យ ៤ ដែលនៅស្រុក នា …ជយ…នា ស្តេងអាចារ្យជគត ដែលជាព្រះកម្រតេងអញតរាជ្យ…ចំនួន…ប្រស្ថ..អ្នកបម្រើជាប្រចាំថ្ងៃ២នាក់ ក្របី ៣ក្បាល គោ…។

(១៤-១៦) តង្វាយដល់កម្រតេងជគតឝិពបាទ (សិវបាទ) មាន តន្ទុល (អង្ករ) ចំនួន៥ ប្រស្ថ ជាប្រចាំ ..បុឞ្ប (ផ្កា)…..ទេព……និងតង្វាយសម្រាប់ព្រះកម្រតេងអញសិព​លិង្គ (សិវលិង្គ) មាន ៤ ទ្រោណជាប្រចាំថ្ងៃ….។            

ជារួមមក អត្ថន័យសិលាចារឹកភ្នំដាច់ផ្ទាំងទី២នេះ គឺរៀបរាប់ព្រឹត្តិការណ៍នៅមហាសករាជឆ្នាំ៨៨៥ ដែលស្ថិតក្រោយព្រឹត្តិការណ៍សិលាចារឹកផ្ទាំងទី១ចំនួន ៣ ឆ្នាំ។ ប៉ុន្តែ អត្ថន័យជារួម គឺមិនខុសឃ្លាតគ្នាប៉ុន្មានឡើយ ពោល គឺការសុំរាជានុញ្ញាតពីព្រះមហាក្សត្រដើម្បីត្រាស់បង្គាប់បញ្ជាមន្រ្តីយកតង្វាយទៅថ្វាយទេវស្ថាន និងការសាងសង់គោលចារឹក៕

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!