ទំព័រដើមប្រវត្តិសាស្ត្រមហាកាល និងនន្ទិកេស្វរ

មហាកាល និងនន្ទិកេស្វរ

ចាប់ពីរវាងស.វ.ទី១០មក សំណង់ប្រាសាទដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាមួយចំនួននៅក្នុងសិល្បៈខ្មែរសម័យបុរាណ គេតែងឃើញមានបដិមាទ្វារបាលនៅឈរយាមខាងមុខច្រកចូល។ ជាទូទៅ នៅក្នុងទេវកថាព្រហ្មញ្ញសាសនា ទ្វារបាលទាំងនោះមានឈ្មោះខុសៗគ្នាទៅតាមទិសប្រភេទសំណង់ដែលគេសាងឡើង។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញអំពីតួអង្គទ្វារបាលរបស់សំណង់ព្រះឥសូរចំនួនពីរនាក់គឺ មហាកាល និងនន្ទិកេស្វរ។

នៅក្នុងព្រហ្មញ្ញសាសនា មហាកាល និងនន្ទិកេស្វរ គេច្រើនស្គាល់ក្នុងឈុតមួយនៃទេវកថាព្រហ្មញ្ញសាសនាបង្ហាញអំពី “ក្រុងរាពណ៍រញ្ជួញភ្នំកៃលាស” (រាវណានុគ្រហមុត៌ិ)។ សាច់រឿងនេះរៀបរាប់នៅក្នុងគម្ពីររាមយណ ក្បាលទី៧ ឧត្តរកន្ត ជំពូកទី១ ដែលរៀបរាប់ថា៖ “ក្រុងរាពណ៍ដែលជាស្តេចនៃក្រុងលង្កា បានធ្វើដំណើរទៅកាន់ភ្នំកៃលាសដែលជាលំនៅដ្ឋានរបស់ព្រះឥសូរ និងព្រះនាងឧមា។ ទៅដល់ទីនោះ ក្រុងរាពណ៍ក៏បានជួបនឹងអ្នកយាមទ្វារ គឺមហាកាល និងនន្ទិកេស្វរ។ អ្នកយាមទាំងពីរដែលត្រូវជាជំនួយការរបស់ព្រះឥសូរផងនោះ មិនអនុញ្ញាតឱ្យក្រុងរាពណ៍ចូលទៅក្នុងឡើយ នាំឱ្យក្រុងរាពណ៍មានកំហឹងយ៉ាងខ្លាំងរហូតដល់ចាប់លើកភ្នំកៃលាសរញ្ជួយអស់ស្ថានទាំងបី។ ព្រះឥសូរ ក៏យកម្រាមជើងដាក់នៅលើភ្នំដើម្បីបង្កើនទម្ងន់ភ្នំសង្កត់ក្រុងរាពណ៍ឱ្យជាប់នៅក្នុងភ្នំ។ ព្រះឥសូរក៏បានបញ្ជាឱ្យក្រុងរាពណ៍ស្រែកច្រៀងពោលសរសើរទ្រង់រហូតដល់១០០០ឆ្នាំទើបព្រមលែងក្រុងរាពណ៍ចេញពីភ្នំសង្កត់នោះ”។

បដិមាទ្វារបាលមហាកាល និងនន្ទិកេស្វរ នៅប្រាសាទគោកពោធិ (រូបភាព៖ EFEO)

តាមសាច់រឿងនេះ មានន័យថា មហាកាល និងនន្ទិកេស្វរ គឺជាអ្នកយាមទ្វារនៅភ្នំកៃលាសដែលជាស្ថានរបស់ព្រះឥសូរ ហើយអ្នកទាំងពីរក៏ជាជំនួយការរបស់ទ្រង់ដែរ។ ជាទូទៅ គេដឹងថា មហាកាល និងនន្ទិកេស្វរ គឺជាអ្នកយាមនៅច្រកទ្វារខាងកើត។ ចំណែកឯខាងលិចវិញ មានអ្នកយាមឈ្មោះ វ្ឫសភ និងស្កន្ទ, ខាងជើងឈ្មោះ ទេវី និងចណ្ឌេស្វរ និងខាងត្បូងឈ្មោះ ភ្ឫង្គ និងវិនាយក។ រីឯនៅស្ថានព្រះវិស្ណុវិញ គេស្គាល់ឈ្មោះទ្វារបាលចំនួនពីរថា ជយ និងវិជយ។  

ដោយឡែក នៅក្នុងសិលាចារឹកប្រាសាទគោកពោធិ ខេត្តសៀមរាប K.256 បង្ហាញភាពចម្លែកបន្តិចថា មហាកាល និងនន្ទិកេស្វរ ដែលគេស្គាល់ថាជាតួអង្គទ្វារបាលនៅច្រកទ្វារខាងកើតរបស់ព្រះឥសូរ បែរជាឈរយាមទ្វារសំណង់ប្រាសាទព្រះវិស្ណុទៅវិញ។ ដូច្នេះ តាមរយៈសិលាចារឹកនេះ នាំឱ្យអ្នកស្រាវជ្រាវ Alexis Sanderson សន្និដ្ឋានថា នៅសម័យអង្គរ ទំនាក់ទំនងរវាងនិកាយសៃវ និងនិកាយបញ្ចរាត្រិកវៃស្នវ គឺមានភាពទាក់ទងគ្នាខ្លាំង។ សិលាចារឹកនោះរៀបរាប់ថា៖

                        ចក្រារ ចក្រិសៅភក្ត្យាត សំក្រាតបទំ អាស្រមំ

                        ទាសីទាសហិរណ្យាទិឌនៃរ អាបូរយច ច សះ

                        ទ្វិប្រស្ថញ ចាត្រ សុច្យន្នំ ទាតវ្យំ ប្រតិវាសរម

                        ត្រិប្រស្ថទេវយជ្ញញ ច ចក្រិណេ សោ ប្យ អកល្បយត

                        នន្ទិនំ ស្រីមហាកាលំ ទ្វាស្ស្ថំ វិស្ណោរ វ្យិធាយ សះ

                        ទ្វិប្រស្ថម អន្វហន តាភ្យាំ យជ្ញន ទេយម អកល្បយត។

ប្រែថា៖ ក្រៅពីគោរពដល់អស្ចារ្យចំពោះព្រះវិស្ណុ ទ្រង់បានរកឃើញអាស្រមសំក្រាន្តបត និងបានបរិច្ចាកអ្នកបម្រើប្រុសស្រី មាស និងវត្ថុមានតម្លៃផ្សេងៗ។ ទ្រង់បានផ្តល់ជូនគ្រឿងតង្វាយចំនួនពីរប្រស្ថជាប្រចាំដល់ទីនេះ និងថ្វាយបីប្រស្ថចំពោះវិស្ណុ។ ទ្រង់បានស្ថាបនារូបនន្ទិន និងមហាកាលឈរយាមទ្វារនៅប្រាសាទព្រះវិស្ណុនេះ ហើយថ្វាយគ្រឿងតង្វាយពីរប្រស្ថចំពោះព្រះ។

នៅទីតាំងដែលរកឃើញសិលាចារឹកនេះ (ប្រាសាទគោកពោធិ តួប៉ម ខ) គឺពិតជាមានតម្កល់បដិមាទ្វារបាលចំនួនពីរនៅខាងមុខប្រាសាទដូចការរៀបរាប់របស់សិលាចារឹកដូច្នោះមែន។ បដិមាទាំងពីរនោះ គឺប្រាកដជាទ្វារបាលទិសខាងកើតបស់ព្រះឥសូរ ដែលមានឈ្មោះថា មហាកាល និងនន្ទិកេស្វរ។ បដិមាទាំងពីរនោះ មានទឹកមុខមាំ កាចសាហាវ បែរមុខត្រង់ មាឌធំខ្ពស់ឈរនៅលើទម្រថ្ម ក្បាលពោះកំប៉ោង នៅលើរាងកាយមានលម្អគ្រឿងអល្លង្ការផ្សេងៗ ហើយនៅដៃម្ខាងមានកាន់ដំបងធំមួយ។ ទ្វារបាលទាំងពីរនេះ ត្រូវជនទុច្ចរឹតលួចយកចេញនៅទសវត្សរ៍ ១៩៧០។ ក្នុងនោះ ស្ថានភាពបច្ចុប្បន្នរបស់ទ្វារបាលមួយក្នុងចំណោមទាំងពីរនេះ បានបាត់បង់ក្បាល និងផ្នែកខ្លះនៃដៃ ហើយកំពុងចរាចរនៅទីផ្សារអន្តរជាតិ។

បដិមាទ្វារបាលមហាកាល ឬ នន្ទិកេស្វរ មកពីប្រាសាទគោកពោធិ ដែលលួចចេញពីកម្ពុជានៅរវាងទសវត្សរ៍ ១៩៧០ និងធ្លាប់ចរាចរលក់នៅទីផ្សារអន្តរជាតិ (រូបភាព៖ Koller Auctions Ltd.)

សរុបជារួមមក តាមរយៈសិលាចារឹក និងបដិមាទ្វារបាលទាំងពីរដែលគេរកឃើញនៅប្រាសាទគោកពោធិ គឺជាតឹកតាងដែលបញ្ជាក់ថា ខ្មែរបានស្គាល់ជ្រួតជ្រាបយ៉ាងច្បាស់នូវតួអង្គទ្វារបាលនៅក្នុងនិកាយផ្សេងៗនៃសាសនាព្រាហ្មណ៍។ ជាពិសេស គឺតួអង្គមហាកាល និងនន្ទិកេស្វរ ដែលបានលើកមកបង្ហាញដោយសង្ខេបខាងលើតែម្តង៕

——————————–

Mahakala and Nandikesvara

Since the 10th century, there are temples dedicated to Hinduism and Buddhism in Khmer art, the statues of Dvārapāla (door guard) are often seen standing guard in front of the entrance. In general, in Hindu mythology, Dvārapālas have different names depending on the type of structure are built on. In this article, we will examine on two Dvārapālas of the Shiva structure namely Mahakala and Nantikesvara. In Brahmanism Mahakala & Nandikesvara, it is often known in a scene of Brahminical myths about “Giant Krong Rap shakes mount Kailas”. This story is described in the Ramayana book, Volume VII, Chapter 1.

According to this story, Mahakala and Nantikesvara were Dvārapāla at Mount Kailas, the abode of Shiva, and they were both his assistants. It is generally known that Mahakala and Nantikesvara were guards at the eastern gate. In particular, in the inscription of Prasat Kok Po, Siem Reap Province K.256, it is a bit strange that Mahakala & Nandikesvara, known as the Dvārapāla at the eastern gate of Shiva, stood as a Dvārapāla of Vishnu temple structure. Thus, through this inscription, the researcher Alexis Sanderson concluded that in the Angkorian period, the relationship between the Sikh sect and the Pancharatra Vaishnava sect was very close.

At the site where the inscription was found (Kok Po Temple, Tower B), there are actually two Dvārapālas in front of the temple, as described in the inscription. The two statues are, of course, the eastern Dvārapāla of Shiva, named Mahakala and Nantikesvara. The two statues are fierce faces, cruel, facing straight, big bodies standing on a stone pedestal, big belly, adorned with various ornaments, and in one hand holding a large stick. Both Dvārapālas were looted by criminals in the 1970s. Currently, one of the Dvārapāla has lost its head and parts of its arms, as well as, it is circulating in international markets.

Overall, the inscriptions and statues of the two Dvārapālas found at Kok Po are evidence that the Khmer people were well aware of the Dvārapālas characters in various sects of Brahmanism. In particular, Mahakala and Nantikesvara statues mentioned briefly above.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!