ប៊ូគីណាហ្វាសូ (Burkina Faso) គឺជាប្រទេសមួយស្ថិតក្នុងបណ្តាប្រទេសដែលមានការរីកចម្រើនខាងលោហៈកម្មដំបូងគេក្នុងទ្វីបអាហ្វ្រិកខាងលិចដូចជាប្រទេសនីហ្សេរីយ៉ា បេនីន ម៉ាលី តូហ្គោ ជាដើម។
នៅក្នុងប្រទេស ប៊ូគីណាហ្វាសូ មានតំបន់ចំនួន៥ដែលជាទីតាំងនៃស្ថានីយសំខាន់ៗនៃការស្ល និងការផលិតដែក។ ស្ថានីយទាំង៥នោះ គឺស្ថិតនៅក្នុងតំបន់ សាហេលៀន (Sahelian) ដែលមានអាយុកាលស្ថិតក្នុងស.វ.ទី ៨មុនគ.ស.។ ស្ថានីយទាំង៥នោះរួមមាន ទីវហ្គា Tiwêga, យ៉ាម៉ាណេ (Yamané), គីនឌីបូ (Kindibo), បេកុយ (Békuy) និង ឌូរ៉ូឡា (Douroula)។ ឌូរ៉ូឡា គឺជាស្ថានីយដែលត្រូវបានស្គាល់ថា ជាកន្លែងដែលលេចឡើងនូវការស្លដែកមុនគេនៅក្នុងប្រទេស និងនៅក្នុងទ្វីបអាហ្វ្រិក។ ស្ថានីយដែលសម្គាល់ថាទីតាំងនៃការស្លដែកដ៏សំខាន់នោះគឺ តាមរយៈការរកឃើញនូវអាចម៍ដែក និងសំណល់នៃបំណែកចង្រ្កាន្តស្លដែកសល់នៅទីតាំងនោះផ្ទាល់ ដូចជាមាត់ចង្រ្កាន្ត បំពង់ខ្យល់ជាដើម។ ចំពោះបច្ចេកទេសនៃការស្លនៅតំបន់ទាំងនោះ គឺប្រើប្រាស់ចង្រ្កាន្តខ្ពស់ ( Haut fourneau) ឬហៅថា Bloomery ដែលត្រូវការដីឥដ្ឋលាយជាមួយនឹងទឹកធ្វើជាចង្រ្កាន្ត និងប្រើប្រាស់ធ្យូង និងរ៉ែ ក្នុងស្លឱ្យក្លាយទៅជាដែក ហើយក៏ត្រូវការកម្តៅលើសពី១០០០ °C។ តាមរយៈការសិក្សាបុរាណលោហវិទ្យា និងនរវិទ្យា នៅក្នុងអាហ្រ្វិក និងក្នុងប្រទេសប៊ូគីណាហ្វាសូ បានបង្ហាញពីដំណើរការនៃការស្លដែកបែងចែកជា៣ដំណាក់កាល៖
ដំណាក់កាលទី១៖ ស្វែងរករ៉ែដែក រួចដំឱ្យទៅជាបំណែកតូចៗ ( ងាយស្រួលស្ល)
ដំណាក់កាលទី២៖ ស្លក្នុងចង្រ្កាន្តខ្ពស់ក្នុងសីតុណ្ហភាពខ្ពស់ឱ្យទៅជាដែកឆៅ (វត្ថុពាក់កណ្តាលសម្រេច) និងហូរចេញជាអាចម៍ដែក
ដំណាក់កាលទី៣៖ ការយកដែកឆៅទៅដំឱ្យក្លាយជាវត្ថុសម្រេច (ជាការងាររបស់ជាងដែក)។
ចង្រ្កាន្តគេសាងសង់ពីដីឥដ្ឋ ខ្ពស់ រាងមូល ដែលមានបំពង់ខ្យល់នៅពីក្រោម ហើយក៏មានរន្ឋសម្រាប់បង្ហូរអាចមន៌ដែក និងបើកចំហខាងលើសម្រាប់ចាក់ធ្យូង និងរ៉ែ។
ការលេចឡើងនូវបច្ចេកទេសស្លដែកក្នុងប្រវត្តិសាស្រ្តនៃទ្វីបអាហ្វ្រិកខាងលិចគឺ មានរយៈពេលយ៉ាងយូរដែលប្រហែលជាង ២៥០០ឆ្នាំ។ ការលើកឡើងបែបនេះ គឺតាមរយៈការសិក្សាទិន្ន័យផ្សេងៗដូចជា៖ បុរាណវិទ្យា នរវិទ្យា និងប្រវត្តិវិទ្យា ជាដើម។ បច្ចេកទេសនៃការស្លដែកនៅក្នុងនៅប្រវត្តិសាស្រ្តមនុស្សជាតិ គឺមិនដូចគ្នានោះទេ ដោយតាមប្រទេស និងតាមតំបន់នៅក្នុងពិភពលោក គឺប្រើប្រាស់បច្ចេកទេសផ្សេងៗខុសៗគ្នា។ ចំពោះបច្ចេកទេសនៃការស្លដែកទាំងនោះ គឺមានភាពស្មុគស្មាញ ពិបាក ដែលត្រូវការអ្នកជំនាញ និងមានបច្ចេកទេសខ្ពស់ក្នុងការស្ល និងការដំ។ នៅក្នុងសង្គមនៃប្រទេសអាហ្វ្រិក ក៏ដូចនៅ ប៊ូគីណាហ្វាសូ មានការបែងចែកតួនាទីវណ្ណៈនៅក្នុងសហគមន៍នៃជាងដែក (ក្រុមមនុស្សមានចំណេះខាងដំដែក)។
ចង្រ្កាន្តស្លដែក និងប្រភេទនៃចង្រ្កាន្តស្លដែកក្នុងបណ្តាប្រទេសអាហ្វ្រិកខាងលិច (ប្រភព៖ UNESCO &Martinelli)
សរុបមកតាមរយៈសេចក្តីបរិយាយខាងលើបានបង្ហាញថា ប៊ូគីណាហ្វាសូ គឺជាប្រទេសដែលមានការអភិវឌ្ឍបច្ចេកទេសស្ល និងដែកចាស់មួយក្នុងចំណោមបណ្តាប្រទេសដទៃទៀត ក្នុងតំបន់អាហ្រ្វិក ដោយមិនរាប់បញ្ចូល អេហ្សីប មេសូប៉ូតាមី ។ល។ តាមរយៈការសិក្សាបុរាណលោហៈវិទ្យា និងនរវិទ្យា ក៏បានបង្ហាញពីបច្ចេកទេស និងដំណើរការពីការស្ល និងផលិតដែកក្នុងតំបន់ផងដែរ។៕
អត្ថបទដោយ៖ លោក អេង តុលា