កាលណាបើគេនិយាយដល់ឥសី វាល្មិកិ (Valmiki)គេច្បាស់ជានឹកឃើញភ្លាម ទៅដល់ទេវកថាដ៏ល្បីល្បាញនិងមានឥទ្ធិពលមួយដែលឥសីម្នាក់នេះបានសរសេរឡើង គឺរឿងរាមាយណៈ។ ទេវកថានេះមានឥទ្ធិពលយ៉ាងខ្លាំងមកលើសង្គមខ្មែរ ទាំងនៅក្នុងសិល្បៈការសម្ដែង ចម្លាក់ ជីវភាពរស់នៅរបស់ខ្មែរ រួមទាំងកិច្ចពិធីផ្សេងៗផងដែរ។ យ៉ាងណាមិញសម្រាប់អត្ថបទនេះ ខ្ញុំនឹងមិនលើកអំពីប្រវត្តិ ឬប្រភព ឬសិក្សាលម្អិតទៅលើចម្លាក់ផ្សេងៗនៃរឿងរាមាយណៈនៅក្នុងសង្គមមកនិយាយនោះទេ តែខ្ញុំនឹងផ្ដោតសំខាន់ទៅលើចម្លាក់រឿងរាមាយណៈត្រង់ឈុតមួយនៅប្រាសាទបន្ទាយឆ្មារដែលនិយាយអំពីឥសីវាល្មិកិ។
ចម្លាក់ដែលនិយាយពីឥសីវាល្មិកិនោះ ស្ថិតនៅលើស៊ុមទ្វារនៃសាលមួយដែលស្ថិតនៅពីក្រោយគោបុរៈខាងកើតរបស់ប្រាសាទបន្ទាយឆ្មារ។ លោក Vittorio Roveda យល់ថាសាលនោះជាសាលរបាំនៃប្រាសាទ។ នៅចំណុចកណ្ដាលនៃចម្លាក់រឿងបង្ហាញពីតួអង្គព្រះព្រហ្មទ្រង់គង់ព្រះភ្នែន មានព្រះភក្ត្រ៤ ទ្រង់ជដាមកុដ និងមានព្រះហត្ត៤ ដោយព្រះហស្ដខាងស្ដាំផ្នែកខាងមុខដាក់នៅលើចន្លោះភ្លៅ ព្រះហត្តស្ដាំផ្នែកខាងក្រោយលើកឡើងលើ។ ចំណែកព្រះហត្តខាងឆ្វេងផ្នែកខាងមុខទំនងធ្វើវិតក៌មុទ្រ (Vitarka Mudra) និងព្រះហត្តខាងឆ្វេងផ្នែកខាងក្រោយលាក់ទៅខាងក្រោយ។ នៅខាងស្ដាំព្រះព្រហ្មបង្ហាញពីរូបព្រានម្នាក់កំពុងបាញ់សត្វក្រៀល២ក្បាល។ ដោយឡែកនៅផ្នែកខាងស្ដាំព្រះព្រហ្មវិញ ជាចម្លាក់បង្ហាញពីរូបរបស់ឥសីពីររូប ដែលមួយរូបកំពុងអង្គុយលើដៃក្នុងទម្រង់អញ្ជលិ ហើយនៅក្នុងដៃទំនងជាកាន់សាស្ត្រា។ រីឯឥសីមួយរូបទៀតកំពុងដេញពិណ។
អ្នកស្រាវជ្រាវជាច្រើនយល់ស្របគ្នាថា ចម្លាក់នេះមានប្រភពមកពីកាណ្ឌទី១នៃគម្ពីររាមាយណៈ គឺ ពាលកាណ្ឌ (Balakanda)។ នៅត្រង់សគ៌ៈទី២នៃពាលកាណ្ឌបានរៀបរាប់អំពីរឿងរ៉ាវរបស់ឥសីវាល្មិកិដែលមានពាក់ព័ន្ធនឹងព្រះព្រហ្ម ព្រាន និងសត្វក្រៀលថា៖
ក្រោយពីឥសីវាល្មិកិបានស្ដាប់ព្រះឥសីនារទ (Narada)និទានរឿងរ៉ាវដ៏អស្ចារ្យរបស់ព្រះរាមហើយ គាត់ក៏បានបន្តធ្វើដំណើរទៅកាន់ទន្លេតនសា (Tamasa)។ គ្រានោះឥសីវាល្មិកិបានចុះទៅងូតទឹកនៅក្នុងទន្លេនេះ ដោយមានសិស្សរបស់ខ្លួនម្នាក់ឈ្មោះ ភារទ្វាជ(Bharadvaja) នៅចាំមើលការនៅខាងលើច្រាំង។ ខណៈពេលដែលកំពុងងូតទឹកនោះ ឥសីវាល្មិកិក៏បានឃើញសត្វក្រៀលដ៏ផ្អែមល្ហែមមួយគូនៅក្បែនោះដែរ។ រំពេចនោះក៏មានព្រានម្នាក់ឈ្មោះ និសាទ (Nisada) បានបាញ់សត្វក្រៀលឈ្មោលស្លាប់ ជាហេតុធ្វើឱ្យឥសីវាល្មិកិមានចិត្តសោកសៅជាពន់ពេកទៅនឹងការស្លាប់របស់សត្វក្រៀលឈ្មោល។ សេចក្ដីសោកសៅនេះធ្វើឱ្យឥសីវាល្មិកិពោលនូវពាក្យដាក់បណ្ដាសាព្រាននិសាទចំពោះអំពើដែលព្រានបានធ្វើទៅលើគូស្នេហ៍នៃសត្វក្រៀលនេះ។ ការពោលដោយសេចក្តីសោកសង្រេងនេះបាននាំឱ្យកើតនូវរបៀបតែងកំណាព្យដោយចៃដន្យមួយឡើង។ ឥសីវាល្មិកិក៏បានដាក់ឈ្មោះឱ្យរបៀបតែងកំណាព្យនេះថា “ស្លោក” ព្រោះវាកើតចេញពីសេចក្ដីសោករបស់គាត់។ អ្វីដែលពិសេសទៅទៀតនោះគឺ ស្លោកនេះក៏អាចច្រៀងប្រកបជាមួយនឹងតន្ត្រីខ្សែបានផងដែរ។
ក្រោយពីឥសីវាល្មិកិបានត្រឡប់មកកាន់អាស្រមវិញ គាត់នៅតែនឹកឃើញដល់ហេតុការណ៍ដែលនិសាទបានបាញ់សម្លាប់សត្វក្រៀលឈ្មោល។ ភ្លាមនោះព្រះព្រហ្មបានលេចឡើងនៅចំពោះមុខឥសីវាល្មិកិ និងបានណែនាំឱ្យឥសីវាល្មិកិសរសេរអំពីរឿងរ៉ាវរបស់ព្រះរាមដែលឥសីនារទនិទានឱ្យស្ដាប់ ជាកំណាព្យតាមរបៀបស្លោកដែលខ្លួនបានបង្កើតឡើង។ នៅត្រង់នេះហើយដែលបង្ហាញពីចំណុចចាប់ផ្ដើមនៃការសរសេររឿង
រាមាយណៈជាស្លោករបស់ឥសីវាល្មិកិ។
ប្រសិនបើយើងប្រៀបធៀបតួអង្គនៅក្នុងសាច់រឿងខាងលើជាមួយចម្លាក់នៅបន្ទាយឆ្មារឃើញថា មានភាពស៊ីគ្នាយ៉ាងល្អ ដោយនៅចំកណ្ដាលជាតួអង្គព្រះព្រហ្ម ផ្នែកខាងឆ្វេងព្រះព្រហ្មគឺជាតួអង្គព្រាន និសាទ ដែលកំពុងបាញ់សត្វក្រៀល និងរូបឥសីកាន់សាស្ត្រានៅក្នុងដៃអង្គុយជាប់ព្រះព្រហ្មទំនងជាឥសីវាល្មិកិ។ ចំណែកឥសីដែលកាន់ឧបករណ៍ពិណនោះទំនងជាឥសីនារទដែលជាអ្នកនិទានរឿងរ៉ាវព្រះរាមឱ្យឥសីវាល្មិកិស្ដាប់ ហើយជានិច្ចកាលគាត់តែងតែកាន់ពិណតាមខ្លួនរហូត។
ដូចនេះចម្លាក់រឿងនៅប្រាសាទបន្ទាយឆ្មារទំនងពិតជាបានបង្ហាញអំពីរឿងរ៉ាវរបស់ឥសីវាល្មិកិដែលមានសរសេរនៅដើមដំបូងនៃគម្ពីររាមាយណៈរបស់ឥណ្ឌា ដូចការលើកឡើងរបស់លោក Vittorio Roveda និងលោក Rungroj Thamrungraengពិតប្រាកដកមែន ។ ហើយចម្លាក់អំពីរឿងរ៉ាវរបស់ឥសីវាល្មិកិនៅប្រាសាទបន្ទាយឆ្មារបានក្លាយជាចម្លាក់ដ៏លេចធ្លោនិងដ៏កម្រមួយនៅប្រទេសកម្ពុជា និងពិបាករកនៅតាមបណ្ដាប្រទេសដែលទទួលឥទ្ធិលរឿងរាមាយណៈរបស់ឥសីវាល្មិកិនៅសម័យបុរាណទៀតផង៕
អត្ថបទដោយៈ ឡេង ស៊ីរ៉ង់