ក្នុងចំណោមអមនុស្សនៃជំនឿខ្មែរ “យាយទេព” គឺជាអមនុស្សភេទស្រីដ៏ល្បីល្បាញ ដែលគេស្គាល់ថា យ៉ាងហោចមានរូបសំណាកតាំងនៅពីរកន្លែង គឺនៅវត្តយាយទេពក្នុងខេត្តកំពង់ឆ្នាំង និងនៅកណ្តាលក្រុងសៀមរាប។ រូបសំណាកទាំងពីរហាក់មានសណ្ឋានពុំដូចគ្នាឡើយ ពោលគឺយាយទេពនៅកំពង់ឆ្នាំង ជាស្រ្តីសម្បូរទ្រព្យស្តុកស្តុម្ភ អាស្រមស្កឹមស្កៃ រីឯយាយទេពនៅសៀមរាប គឺជារូបដែលអ្នកស្រាវជ្រាវយល់ថាជាបដិមា “ព្រះយម” ឬអ្នកផងខ្លះហៅថា “ស្តេចគម្លង់”។ ប៉ុន្តែបើមើលហួសពីនោះ សព្វថ្ងៃគេតែងសង្កេតឃើញនៅក្នុងវត្តនានាផ្សេងទៀត តែងតែតម្កល់រូបសំណាកយាយទេពមានសណ្ឋានផ្សេងៗគ្នា នៅក្នុងខ្ទម ឬតម្កល់ក្រោមដើមឈើណាមួយក្បែរព្រះវិហារ។ តើកត្តាអ្វីខ្លះដែលធ្វើឱ្យឥទ្ធិពល និងវត្តមានយាយទេពសាយភាយយ៉ាងរហ័ស?
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A2-%E1%9E%99%E1%9E%B6%E1%9E%99%E1%9E%91%E1%9F%81%E1%9E%96%E2%80%8B%E1%9E%93%E1%9F%85%E1%9E%9F%E1%9F%80%E1%9E%98%E1%9E%9A%E1%9E%B6%E1%9E%94-1-768x1024.jpg)
ជាការពិត យាយទេពក៏ជាអ្នកតាដែរ តែហាក់ពុំមានឥទ្ធិពល ឬវិសាលភាពពាក់ព័ន្ធនឹងស្រែចម្ការទេ ពោលគឺប្រហែលពុំមានឡើយពិធីឡើងអ្នកតា ធ្វើថ្វាយចំពោះយាយទេព ដូចទំនៀមអ្នកស្រែដែលតែងធ្វើពិធីឡើងអ្នកតាប្រចាំភូមិស្រុករបស់គេរៀងរាល់ឆ្នាំនោះទេ។ ប៉ុន្តែបើមើលស៊ីជម្រៅ នាទីរបស់យាយទេពភាគច្រើនគឺនៅមិនហួសពីព្រំដែនវត្ត លើកលែងតែយាយទេពដ៏ល្បីនៅកណ្តាលក្រុងសៀមរាប ដែលសព្វថ្ងៃហាក់មាននាទីសំខាន់ក្នុងជំនឿខ្មែរ និងអ្នកទេសចរ។ ប៉ុន្តែយ៉ាងណាក្តី មុននឹងនិយាយលម្អិតវែងឆ្ងាយពាក់ព័ន្ធនឹងឥទ្ធិពលយាយទេពក្នុងសង្គមបច្ចុប្បន្ន ខ្ញុំសូមលើកនិយាយអំពីយាយទេពនៅកណ្តាលក្រុងសៀមរាប និងយាយទេពស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងជាមុន។
ចំពោះយាយទេពស្ថិតក្នុងក្រុងសៀមរាប តម្កល់នៅរង្វង់មូលជិតព្រះរាជដំណាក់ ក្បែរទីសក្ការៈព្រះអង្គចេកព្រះអង្គចម គឺជាបដិមាដែលគេយល់ថាមានទំនាក់ទំនងទៅនឹងអ្នកតា “តាគង់” ដែលស្ថិតនៅក្នុងវត្តខ្នាត ក្បែរបារាយណ៍ខាងលិច។ អ្នកស្រាវជ្រាវជាតិបារាំងម្នាក់ឈ្មោះ Lunet de Lajonquière សិក្សាថា វត្តនេះកសាងនៅលើបុរាណដ្ឋានចាស់ ដែលមានសំណង់ប្រាសាទសង់ក្នុងសម័យមុនអង្គរ និងសង់បន្ថែមក្នុងសម័យអង្គរ។ លើសពីនេះលោកបញ្ជាក់ថា នៅវត្តខ្នាតមានចម្លាក់មួយធំចម្លងពីបដិមាស្តេចគម្លង់នៅក្នុងក្រុងអង្គរធំ។ មិនតែប៉ុណ្ណោះ អ្នកស្រុកចំណុះជើងវត្តខ្នាតនៅចាំ និងនិយាយតៗគ្នាថា “តាគង់”ត្រូវគេដឹកតាមរទេះទៅដល់មុខព្រះរាជដំណាក់ក្រុងសៀមរាប ក៏សម្រាកមួយយប់ ហើយត្រូវគេលួចកាត់ក្បាលបាត់ ទើបគេរក្សាទុកនៅទីនោះរហូតមក។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A3-%E1%9E%8F%E1%9E%B6%E1%9E%82%E1%9E%84%E1%9F%8B%E2%80%8B%E1%9E%93%E1%9F%85%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%81%E1%9F%92%E1%9E%93%E1%9E%B6%E1%9E%8FCAM00628-1-1024x661.jpeg)
(ប្រភព៖ EFEO)
បើតាមការសិក្សាមួយផ្សេងៗទៀតឱ្យដឹងថា នៅដើមឆ្នាំ១៩៣០ រេស៊ីដង់បារាំងប្រចាំខេត្តសៀមរាប បានយកបដិមាខាងលើមកដាក់តាមបណ្តោយផ្លូវជាតិលេខ៦ នៅជិតមាត់ស្ទឹង។ លុះដល់សម័យខ្មែរក្រហម គេបានយកបដិមានោះទៅទម្លាក់ចូលស្រះក្នុងវត្តដំណាក់ ហើយនៅឆ្នាំ១៩៨៥ ទើបគេយកទៅដាក់នៅទីតាំងដើមវិញ។ ប៉ុន្តែយ៉ាងណាក្តីអ្នកស្រាវជ្រាមើលឃើញថា បដិមាខាងលើដែលបារាំងយល់ថាចម្លងពីស្តេចគម្លង់ក្រុងអង្គរធំ ឬអ្នកស្រុកហៅថា “តាគង់” គឺជា “ព្រះយម” ឬ “ព្រះយមរាជ” ដែលខ្មែរស្គាល់តាំងពីបុរាណ ពោលគឺតាំងពីខ្មែរទទួលអារ្យធម៌ឥណ្ឌាម្ល៉េះ ហើយទុកជាទេពយ៉ាងសំខាន់ក្នុងជំនឿ ដោយមានឆ្លាក់រូបនៅតាមប្រាសាទច្រើនកន្លែងរាប់ពុំអស់។ ជាទូទៅគេឆ្លាក់ទេពអង្គនេះ គង់លើក្របី (ជួនក្របីក្បាលបី) ដៃកាន់ដំបង។ ឧទាហរណ៍នេះ គេឃើញច្បាស់នៅត្រង់ចម្លាក់ឋានសួគ៌-នរក លើជញ្ជាំងខាងត្បូងនៃប្រាសាទអង្គរវត្ត ឆ្លាក់ជារូបធំ មានដៃ១៨ កាន់ដំបងស្ទើរទាំងអស់ ហើយគង់លើក្របី មានចារអក្សរនៅជិតនោះថា “វ្រះយម” (ព្រះយម)។ ចំពោះពាក្យហៅបដិមាខាងលើ ដែលតម្កល់ក្បែរព្រះរាជដំណាក់ក្នុងក្រុងសៀមរាបថា “យាយទេព” គឺហាក់ពុំទាន់មានប្រភពសិក្សាបញ្ជាក់ថាហៅចាប់ពីពេលណា ឬហៅបែបនេះដោយសារអ្វីឡើយ។ ប៉ុន្តែអ្វីដែលកាន់តែវិសេសគួរឱ្យកត់សម្គាល់ ព្រះមហាក្សត្រជាអម្ចាស់ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចតែងយាងថ្វាយគ្រឿងសក្ការៈរូបសំណាកយាយទេព និងព្រះអង្គចេកព្រះអង្គចម ក្នុងព្រះរាជដំណើររបស់ទ្រង់យាងទៅកាន់ខេត្តសៀមរាប។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A4-%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%98%E1%9E%A0%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%8F%E1%9F%92%E1%9E%9A%E2%80%8B%E1%9E%90%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%99%E2%80%8B%E1%9E%82%E1%9F%92%E1%9E%9A%E1%9E%BF%E1%9E%84%E2%80%8B%E1%9E%9F%E1%9E%80%E1%9F%92%E1%9E%80%E1%9E%B6%E1%9E%9A%E1%9F%88.jpg)
(ប្រភព៖ www.norodomsihamoni.org)
ចំណែកសំណែនដែលគេសម្គាល់ឃើញអ្នកផងតែងថ្វាយយាយទេព គឺ “មាន់ឆ្កាង”។ មាន់នោះមានឈ្មោះថាមាន់មែន តែពុំមានសាច់ឡើយ គឺមានតែស្បែកនិងរោមដែលគេពន្លាត់យកសាច់ចេញ ហើយដោតឫស្សីឆ្កាងឱ្យឃើញដូចមាន់មួយទាំងមូលប៉ុណ្ណោះ។ បើផ្អែកតាមរូបថតឯកសារកាលពីប្រហែលជិត២០ឆ្នាំមុន គេឃើញថាសំណែនមាន់ឆ្កាងចំពោះយាយទេពសម្បូរក្រៃលែង។ ប៉ុន្តែយ៉ាងណាក្តី មកដល់សព្វថ្ងៃគេនៅតែឃើញអ្នកមានជំនឿចូលថ្វាយមាន់ឆ្កាងជារឿយៗថ្វីត្បិតតែពុំសូវសម្បូរច្រើនដូចកាលកន្លង។ តាមការសង្កេតកិច្ចរបស់អ្នកភូមិ សំណែនមាន់ឆ្កាងបែបនេះគេច្រើនរៀបចំក្នុងបណ្តាសំណែនផ្សេងៗទៀតសម្រាប់ “បញ្ជូន” ទៅដល់ពពួកខ្មោចថោកទាបដែលគេពុំរាប់រក តែអាចមក “ដោយរោយ” តាមគេឯងរំខានដល់កិច្ចពិធី។ ចំពោះសំណែនផ្សេងទៀតសម្រាប់យាយទេព គឺគ្រឿងតុបតែងខ្លួនប្រាណរបៀបបែបមនុស្សស្រីដូចជា សម្លៀកបំពាក់ ក្រាស កញ្ចក់ ក្រែម ប្រេង ម្សៅ និងទឹកអប់ជាដើម។ អ្នកខ្លះថែមទាំងយកថ្នាំក្រហមទៅលាបក្រចក និងបបូរមាត់ ដោយសន្មត់ថាជាក្រែម និងថ្នាំក្រចកថ្វាយយាយទេពផង។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A5-%E1%9E%9F%E1%9F%86%E1%9E%8E%E1%9F%82%E1%9E%93%E1%9E%99%E1%9E%B6%E1%9E%99%E1%9E%91%E1%9F%81%E1%9E%96-714x1024.png)
(រូបថត៖ Keiko Miura)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A6-%E1%9E%99%E1%9E%B6%E1%9E%99%E1%9E%91%E1%9F%81%E1%9E%96%E1%9E%9F%E1%9F%80%E1%9E%98%E1%9E%9A%E1%9E%B6%E1%9E%94-768x1024.jpg)
ដោយឡែក ចំពោះយាយទេពដ៏ល្បីល្បាញក្នុងវត្តយាយទេព (ឬវត្តទេពធីតារាម) ក្នុងខេត្តកំពង់ឆ្នាំង គឺមានលក្ខណៈខុសគ្នាស្រឡះពីយាយទេពកណ្តាលក្រុងសៀមរាប។ យាយទេពនេះ មានប្រវត្តិពាក់ព័ន្ធនឹងកំណើតវត្តដែលគេនិទានថា គាត់ជាអ្នកមានទ្រព្យស្តុកស្តម្ភ ជឿលុះនឹងសាសនា ហើយបានបរិច្ចាគដីសាងវត្ត ទើបមានឈ្មោះថា “វត្តយាយទេព”។ ប្រហែលដោយយកតាមនិទាននេះហើយ ទើបគេសង់បុស្បុកមួយយ៉ាងធំ តម្កល់បដិមាស៊ីម៉ងត៍ជាស្រ្តីសក់ខ្លី ពាក់វ៉ែនតា តុបតែងខ្លួនដោយអលង្ការស្អេកស្កះ ដូចជាអ្នកមានទ្រព្យស្តុកស្តម្ភដូចក្នុងនិទានប្រាកដមែន។ ចំពោះអ្នកស្រុក គេចាត់ទុកយាយទេពនៅទីនេះជាអ្នកថែរក្សាភូមិស្រុក និងផ្តល់ក្តីសុខសប្បាយ។ ក្នុងមួយឆ្នាំម្តងគេតែងធ្វើពិធីស្រង់ទឹកឱ្យយាយទេពនៅក្នុងរដូវចូលឆ្នាំខ្មែរ ដូចស្រង់ទឹកព្រះពុទ្ធរូបដែរ។ ក្នុងពិធីជាទំនៀមនេះ គេសម្គាល់ឃើញតែងតែមានវត្តមានថ្នាក់ដឹកនាំខេត្តចូលរួមជាអធិបតីផង។ ប្រការនេះបញ្ជាក់ច្បាស់ថា យាយទេពស្ថិតក្នុងវត្តយាយទេព ក៏មានវិសាលភាពធំធេងណាស់ដែរក្នុងជំនឿរបស់អ្នកស្រុក និងថ្នាក់ដឹកនាំខេត្ត។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A7-%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9F%E1%9F%86%E1%9E%8E%E1%9E%B6%E1%9E%80%E1%9E%99%E1%9E%B6%E1%9E%99%E1%9E%91%E1%9F%81%E1%9E%96-edited-scaled.jpg)
បច្ចុប្បន្ន ឥទ្ធិពលនៃជំនឿយាយទេពទាំងពីរខាងលើ គេឃើញលេចឡើងនៅទីផ្សេងៗជាហូរហែ គួរនឹងលើកជាការសិក្សាពិចារណាទៅថ្ងៃមុខបាន។ ក្នុងរូបភាពខាងក្រោម គឺជាបដិមាយាយទេពឆ្លាក់តម្កល់នៅក្នុងវត្តភ្នៀត ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ចម្លាក់នេះ គឺចម្លងតាមរូបសំណាកយាយទេពក្បែរព្រះរាជដំណាក់ ខេត្តសៀមរាប ហើយថែមទាំងចារឹកអក្សរបញ្ជាក់ថា “បារមីលោកយាយទេព”។ រីឯរូបសំណាកយាយទេពតម្កល់ក្នុងវត្តល្វាក្រោម ស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។ រូបនេះ គេសាងជារូបស្ត្រីចំណាស់ អង្គុយបញ្ឈរជង្គង់ម្ខាងដែរ។ នៅលើខ្ទមនោះមានចារអក្សរ “អាស្រមយាយទេព”។ ចំណែកឯរូបបដិមាចាក់ពុម្ពស៊ីម៉ងត៍តូចមួយ ដែលគេតម្កល់ក្នុងវត្តពីរល្វែង ស្ថិតក្នុងតំបន់ភ្នំវល្លិ ស្រុកដងទង់ ខេត្តកំពត។ រូបចុងក្រោយនេះ ជារូបតូចៗដែលគេធ្វើលក់យ៉ាងសម្បូណ៌បែប ហើយគេដឹងថាទើបនឹងមានវត្តមានក្នុងវត្តខាងលើកាលពីប៉ុន្មានឆ្នាំមុនប៉ុណ្ណោះ តែហាក់ពុំសំខាន់សម្រាប់អ្នកស្រុកឡើយ ដ្បិតគេដឹងថានៅរាល់ពាក់កណ្តាលខែជេស្ឋ (រវាងខែមិថុនា) អ្នកស្រុកតែងធ្វើពិធីឡើងអ្នកតាបញ្ចូលបញ្ជាន់រូបនានាដើម្បីសុំទឹកភ្លៀង និងសុំសេចក្តីសុខ។ ប៉ុន្តែចំពោះយាយទេពនេះ ពុំមានឃើញគេថ្វាយភ្លេង ឬហៅរកអ្វីសោះ។ រូបសំណាកយាយទេពដែលមានសណ្ឋានផ្សេងៗបែបនេះ បើគេព្យាយាមសង្កេតតាមវត្តបច្ចុប្បន្ន តែងឃើញមានជានិច្ច តាមរយៈអ្នកចម្ងាយទិញយកទៅថ្វាយវត្តជាអាទិ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A9-%E1%9E%99%E1%9E%B6%E1%9E%99%E1%9E%91%E1%9F%81%E1%9E%96-%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%97%E1%9F%92%E1%9E%93%E1%9F%80%E1%9E%8F-%E1%9E%80%E1%9F%86%E1%9E%94%E1%9E%BC%E1%9E%9B-767x1024.jpeg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A0-%E1%9E%99%E1%9E%B6%E1%9E%99%E1%9E%91%E1%9F%81%E1%9E%96-%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%9B%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9A%E1%9F%84%E1%9E%98-%E1%9E%80%E1%9F%84%E1%9F%87%E1%9E%8A%E1%9E%B6%E1%9E%85%E1%9F%8B-1024x771.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A1-%E1%9E%99%E1%9E%B6%E1%9E%99%E1%9E%91%E1%9F%81%E1%9E%96-%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%96%E1%9E%B8%E1%9E%9A%E1%9E%9B%E1%9F%92%E1%9E%9C%E1%9F%82%E1%9E%84-%E1%9E%97%E1%9F%92%E1%9E%93%E1%9F%86%E1%9E%9C%E1%9E%9B%E1%9F%92%E1%9E%9B%E1%9E%B7-1024x768.jpg)
ជាសេចក្តីសង្កេត យាយទេពជាអមនុស្សភេទស្រីមួយដែលតែងស្ថិតនៅមិនឆ្ងាយពីវត្ត សូម្បីយាយទេពតាំងនៅក្បែរព្រះរាជដំណាក់ខេត្តសៀមរាប ក៏ស្ថិតនៅមិនឆ្ងាយពី “ព្រះអង្គចេកព្រះអង្គចម” តែហាក់ដូចជាមិនពាក់ព័ន្ធនឹងស្រែចម្ការឡើយ។ រីឯយាយទេពតាមវត្តផ្សេងៗទៀត ហាក់ដូចជាគេរៀបចំតម្រូវភ្នែកទេសចរណ៍ ឬគិតថាក្នុងវត្តត្រូវតែមាន “ខ្ទមយាយទេព”។ ប៉ុន្តែបើសាកល្បងគិតអំពីជំនឿលើ “បារមីវត្ត” ឬ “បារមីព្រះ” យាយទេពប្រហែលជាមានចំណែកក្នុងទិដ្ឋភាពនេះ៕
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត
៩ ហ៊ួន សាវង ២០២០: ១៥-២០