ទំព័រដើមប្រវត្តិសាស្ត្របដិមាព្រះព្រហ្មរកឃើញនៅតំបន់វត្តបាសែត

បដិមាព្រះព្រហ្មរកឃើញនៅតំបន់វត្តបាសែត

ព្រះព្រហ្ម គឺជាទេពដ៏សំខាន់មួយក្នុងចំណោមទេពធំៗទាំងបីនៃព្រហ្មញ្ញសាសនា។ ព្រះព្រហ្ម មានតួនាទីបង្កើតលោកដូចព្រះឥសូរដែរ។ នៅក្នុងគម្ពីរមហាភារត ព្រះព្រហ្មកើតចេញពីផ្កាឈូកដែលដុះចេញពីផ្ចិតព្រះនារាយណ៍ ហើយជាទូទៅគេនិទានថាព្រះព្រហ្មមានពណ៌ក្រហម មានព្រះហស្តបួន និងព្រះសិរបួន។ នៅសម័យដំបូង (ស.វ.ទី៧-៨) គេតែងឃើញសិលាចារឹកជាច្រើននិយាយរៀបរាប់អំពីការឧទ្ទិសដល់ព្រះព្រហ្ម ប៉ុន្តែបើជាបដិមាទោលវិញគេរកឃើញតិចតួចប៉ុណ្ណោះ (ឧទាហរណ៍ បដិមាព្រះព្រហ្មរកឃើញនៅសំបូរព្រៃគុក)។ មកដល់សម័យអង្គរ ការសាងបដិមាព្រះព្រហ្មហាក់មានសន្ទុះឡើងជាងពេលមុន។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញអំពីបដិមាព្រះព្រហ្មមួយដែលរកឃើញនៅតំបន់វត្តបាសែត។

បដិមានេះ ជាអំណោយរបស់លោក M.Fustier ដែលជានិយោជិតប្រៃសណីយ និងទូរគម-នាគមន៍ ជូនដល់សារមន្ទីរ Trocadéro ក្នុងទីក្រុងប៉ារីស នៅក្នុងខែមេសា ឆ្នាំ១៨៨៨ ហើយបានបញ្ជូនបន្តទៅដាក់តាំងបង្ហាញនៅសារមន្ទីរជាតិហ្គីមេត នៅក្នុងឆ្នាំ១៩២៧ ដូចវត្ថុបុរាណ ៥០ ដុំផ្សេងទៀតរបស់ខ្មែរដែរ។ បើទោះបីបដិមានេះត្រូវគេអះអាងថារកឃើញនៅតំបន់វត្តបាសែត ខេត្តបាត់ដំបង ក៏ពិតមែន ប៉ុន្តែមកទល់បច្ចុប្បន្នគេពុំទាន់អាចដឹងច្បាស់ថា បដិមានេះរកឃើញនៅប្រាសាទណាមួយឱ្យប្រាកដឡើយ។ អ្នកជំនាញការនៅសារមន្ទីរហ្គីមេត ប្រទេសបារាំង យល់ថា ប្រាសាទវត្តបាសែត នៅខេត្តបាត់ដំបង សាងឡើងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២-១០៤៩) ពោល គឺនៅ  ស.វ.ទី១១ ប៉ុន្តែបដិមាព្រះព្រហ្មនេះអាចស្ថិតនៅក្នុងរចនាបថកោះកេរ នាស.វ.ទី១០ ដូច្នេះហើយ បដិមានេះមិនសមទំនងតម្កល់នូវប្រាសាទវត្តបាសែតនោះឡើយ។ អ្នកជំនាញការគិតថា បដិមានេះគួរតែមានប្រភពដើមស្ថិតនៅទីសក្ការបូជាណាមួយ ដែលស្ថិតនៅមិនឆ្ងាយពីប្រាសាទវត្តបាសែត។ លោក Pierre Baptiste យល់ថា បដិមានេះប្រហែលជាមានប្រភពដើមមកពីប្រាសាទអូរដំបង ដែលស្ថិតនៅប្រមាណ ១៥ គីឡូម៉ែត្រពីក្រុងបាត់ដំបង។ លោកយល់បែបនេះ​ដោយហេតុថា ទីតាំងនេះធ្លាប់រកឃើញសិលាចារឹកមួយដែលមិនមានកាលបរិច្ឆេទ តែមាននិយាយរៀបរាប់ពីព្រះបាទជ័យវរ្ម័ន ហើយជាទីតាំងប្រាសាទបែកបាក់ដែលមានតួប៉មចំនួន ៣ យោងទៅតាមការរៀបរាប់របស់លោក Robert Dalet នៅឆ្នាំ១៩៣៧។ ការដែលមានតួប៉ម ៣ នេះ គឺគេនឹកឃើញទៅដល់រជ្ជកាលព្រះបាទយសោវរ្ម័នទី១ ដែលជារឿយៗប្រាសាទនៅក្នុងរាជ្យរបស់ទ្រង់តែងមានតួប៉ម ៣ តម្កល់អាទិទេពធំៗទាំងបី (ត្រីមូត៌ិ) គឺព្រះឥសូរ ព្រះវិស្ណុ និងព្រះព្រហ្ម តួយ៉ាងដូចជាប្រាសាទភ្នំបូក និងប្រាសាទភ្នំក្រោម ជាដើម។

បដិមាព្រះព្រហ្មរកឃើញនៅតំបន់ប្រាសាទវត្តបាសែតតាំងនៅសារមន្ទីរហ្គីមេត

បដិមាព្រះព្រហ្មដែលរកឃើញនៅតំបន់ប្រាសាទវត្តបាសែត ខេត្តបាត់ដំបង មានកម្ពស់១៤៧ស.ម. ទទឹង ៩៧ស.ម.។ បដិមានេះ សាងឡើងដោយថ្មភក់ ក្នុងទម្រង់អង្គុយអង្គុយនៅលើទម្រផ្កាឈូករាងបួនជ្រុងស្មើ ក្នុងរបៀបអង្គុយមួយប្រភេទដែលហៅថា “បទ្មសន” ដែលសំដៅដល់កាយវិការអង្គុយដាក់ជើងទាំងពីររៀបស្មើត្រួតលើគ្នា (ខ្មែរច្រើនហៅថា ពែនភ្នែន)។​ បដិមានេះ មានព្រះសិរបួន ព្រះហស្តបួន (ព្រះហស្តទាំងបួនបាក់ដូចគ្នាទាំងអស់ ដែលភាគច្រើននៅសល់ខាងដើមដៃ)។ ទ្រង់ពាក់ម្កុដក្នុងទម្រង់ជា “ជដាមកុដ” (ម្កុដរាងជាផ្នួងសក់) ហើយបើធៀបជាមួយម្កុដរបស់បដិមាព្រះព្រហ្មរកឃើញនៅភ្នំបូក គឹមានលក្ខណៈស្ទើរតែដូចគ្នាតែម្តង។ ទម្រង់ព្រះភក្រ្តទៀតសោត ក៏មិនសូវខុសគ្នាប៉ុន្មានពីបដិមាព្រះព្រហ្មដែលរកឃើញនៅរចនាបថបាខែងឡើយ។ ប៉ុន្តែអ្វីដែលគេអាចសម្គាល់បានថាវាទំនងជាសិល្បៈរចនាបថកោះកេរ គឺទំហំបដិមា និងការតុបតែងសំពត់របស់បដិមា ដែលបង្ហាញពីសំពត់មានជាយធំមួយធ្លាក់មកបាំងខ្សែក្រវ៉ាត់។ នៅលើព្រះកាយរបស់បដិមាព្រះព្រហ្មនេះ សិល្បករតុបតែងជាគ្រឿងអល្លង្ការផ្សេងៗដូចជា ខ្សែក ខ្សែឈៀងដងខ្លួនពីរជាន់។ ប្រសិនបើប្រៀបធៀបបដិមាព្រះព្រហ្មនេះ ជាមួយនឹងបដិមាព្រះព្រហ្មរកឃើញនៅស.វ.ទី៧ក្នុងតំបន់ប្រាសាទសំបូរព្រៃគុក គឺមានលក្ខណៈខុសគ្នាឆ្ងាយខ្លាំងណាស់ ព្រោះបដិមាព្រះព្រហ្មនេះសាងឡើងក្នុងទម្រង់អង្គុយនិងមានមាឌធំសម្បើម រីឯបដិមាព្រះព្រហ្មនៅសំបូរព្រៃគុកសាងឡើងក្នុងទម្រង់ឈរនិងមានមាឌតូច។

ជារួមមក បដិមាព្រះព្រហ្មដែលរកឃើញនៅតំបន់ប្រាសាទវត្តបាសែត ខេត្តបាត់ដំបង គឺជាស្នាដៃសិល្បៈមួយយ៉ាងឥតខ្ចោះដែលសិល្បករខ្មែរនៅជំនាន់នោះបានបង្កើតឡើងឱ្យស្របទៅនឹងទស្សនវិជ្ជាហិណ្ឌូសាសនាដែលគេគោរពប្រណិប័តន៍នៅសម័យនោះ។ ភស្តុតាងនេះ គឺបាន សបញ្ជាក់ឱ្យឃើញថា ការសាងបដិមាព្រះព្រហ្មនៅរវាងចុងស.វ.ទី៩ រហូតដល់ពាក់កណ្តាលស.វ.ទី១០ គឺមានភាពលេចធ្លោគួរកត់សម្គាល់ ហើយជាទូទៅគេនិយមសាងមានទំហំធំៗជាងនៅសម័យដំបូងៗ៕

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!