ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទត្រពាំងរុន K.៧០៥

សិលាចារឹកប្រាសាទត្រពាំងរុន K.៧០៥

សិលាចារឹកមួយផ្ទាំង​នេះ មាន​ប្រភពមកពីប្រាសាទ​ត្រពាំងរុន ជា​ប្រាសាទ​ដែល​ពុំ​មាន​ព័ត៌មាន​ច្រើននោះឡើយ។ ឈ្មោះរបស់ប្រាសាទនេះ ដូចគ្នា​នឹង​​ប្រាសាទមួយទៀត ដែល​មាន​ទី​តាំង​ស្ថិតនៅក្នុងខេត្តសៀមរាប ហើយ​ក៏ជា​ទីតាំង​ដើមរបស់​សិលាចារឹក​ចុះ​លេខ​ K.៥៩៨ ផង។

អត្ថបទ​សិលាចារឹក​នេះ​ចារជាភាសាខ្មែរបុរាណ ចំនួន​១១បន្ទាត់ នៅលើមេទ្វា​រ​ខាងត្បូង មានចុះកាលបរិច្ឆេទ​នាមហាសករាជឆ្នាំ​៩២៤ ឬ៩៣៤ ត្រូវ​នឹង​គ្រិស្ដ​សក​រាជ​​ឆ្នាំ១០០២ ឬ​១០១២។ ចំពោះកាលបរិច្ឆេទដែលចោទជាបញ្ហានេះ គឺដោយសារសំណៅ​តួ​លេខនៅលើសំណៅផ្ដិត មានភាពមិនច្បាស់លាស់។ ករណីបែបនេះ គឺត្រូវពឹងផ្អែកលើ​រូបថត​លើថ្ម ឬការពិនិត្យលើថ្ម ប៉ុន្តែ​យើងពុំមានរូបថតឬអាចទៅពិនិត្យលើថ្មផ្ទាល់បាន​នោះ​ទេ។ ដូច្នេះ យើងមានតែ​ប្រើ​វិធីសាស្ត្រ​ជ្រើសរើសយកកាលបរិច្ឆេទមហាសករាជ ៩២៤ ឬ៩៣៤ នៅ​ក្នុងសិលាចារឹកដទៃទៀត មកពិនិត្យមើល ថាតើនាកាលបរិច្ឆេទនោះ មាន​រឿងអ្វីកើត​ឡើង​ខ្លះ?​ ជាលទ្ធផល សិលាចារឹក​ដែលមានចុះកាលបរិច្ឆេទ​នា​មហា​សករាជ​ឆ្នាំ​ ៩២៤ មានចំនួន​៥សិលាចារឹក គឺសិលាចារឹក​ព្រះនន្ទ ទឹកឆា K. ៨៩ សរសេរ​ជា​ភាសាខ្មែរ, សិលាចារឹក​ព្រះខាន់កំពង់ស្វាយ K. ១៦១ សរសេរជាភាសាសំស្ក្រឹត, សិលា​ចារឹក​ប្រាសាទ​ត្រពាំងរពៅ K. ៦៩១ សរសេរ​ជាភាសាខ្មែរ, សិលាចារឹក​ប្រាសាទ​អំពិល K. ៨១៧ សរសេរ​ជា​ភាសា​ខ្មែរ និងសិលាចារឹក​ប្រាសាទ​ដួនទួល K. ១១៨៩ សរសេរ​ជា​ភាសា​ខ្មែរ។ ចំណែកឯសិលាចារឹក​ប្រាសាទ​បន្ទាយព្រាវ K. ២២០ ក៏មានបញ្ហាដូចសិលាចារឹក​ត្រពាំង​​​រុន​នេះដែរ។

សំណៅផ្ដិតសិលាចារឹកប្រាសាទត្រពាំងរុន K.៧០៥
(រូបថត៖ EFEO_ CAM17079)

តាម​សេចក្ដី​ នៅក្នុងសិលាចារឹកព្រះនន្ទទឹកឆា នាមហាសករាជឆ្នាំ ៩២៤ មាន​ព្រះ​គម្ដែង​​​​អញភគវ័ន​ព្រះនា​មព្រះគម្ដែង​អញ​ស្រីប្រថិវិន្ទ្របណ្ឌិត ស្រុកនៅឯរមនិ(រមណី) បាន​​ថ្វាយ​អាស្រម​ស្រីភទ្រេសូរ ចំពោះព្រះបាទ​គម្ដែងកំដូនអញ​ស្រីសូយ៌្យ​វម៌្មទេវ (សូរ្យ​វរ្ម័ន​ទី១)។ ក្នុងសិលាចារឹក​ព្រះខាន់កំពង់ស្វាយ បានបញ្ជាក់ថានៅមហាសករាជឆ្នាំ​ ៩២៤ ត្រូវនឹងគ្រិស្ដករាជឆ្នាំ​ ១០០២ គឺ​ជាឆ្នាំដែលព្រះបាទ​ស្រីសូយ៌្យវម៌្មទេវទី១​ បានឡើងសោយ​រាជ្យសម្បត្តិ។ ឯក្នុង​សិលាចារឹក​ប្រាសាទ​ត្រពាំង​រពៅវិញ នាកាលបរិច្ឆេទនោះ លោញ​ទាន​ បានស្ថាបនា​ព្រះភ្លើង និង​ជូនខ្ញុំបម្រើ​ប្រុសដល់អាស្រមនេះ ពោល​គឺ​ជា​សិលា​ចារឹក​​ពុំទាក់ទងនឹងព្រះមហាក្សត្រនោះឡើយ។ ចំណែកសិលាចារឹកប្រាសាទអំពិល​វិញ ផ្ទៃ​អត្ថ​បទ​ សឹករេចរឹល នាំឱ្យបាត់បង់សេចក្ដីខ្លះ ប៉ុន្ដែ​យើងអាចដឹង​ថា​និយាយអំពីការ​ធ្វើបុណ្យ​របស់​ព្រះគម្ដែង​ឆោកផ្លាង និងក្រុមគ្រួសារ ព្រមទាំង​និយាយពាក់ព័ន្ធ​នឹងតង្វាយរបស់​ព្រះមហាក្សត្រ ដែលទំនងជាព្រះបាទស្រីសូយ៌្យវម៌្មទេវទី១។ យើងពុំមាន​អត្ថបទ​សិលា​ចារឹក​​ប្រាសាទ​ដូនទួល សម្រាប់ផ្ទៀងផ្ទាត់អត្ថន័យនោះឡើយ។

សេចក្ដីក្នុងអត្ថបទសិលាចារឹកខាងលើ ដែលមានចុះកាលបរិច្ឆេទមហាសករាជ​ឆ្នាំ ៩២៤ មានសេចក្ដីទាក់ទងទៅនឹង​ព្រះបាទ​ស្រីសូយ៌្យវម៌្មទេវទី១ ចំនួន៣។ ឯសិលាចារឹក​ដែលលោក ហ្សក សេដែស សិក្សាកន្លងមកដែលយល់ថាអាចត្រូវនឹងមហាសករាជឆ្នាំ​៩៣៤ មានចំនួន២ គឺសិលាចារឹកប្រាសាទបន្ទាយព្រាវ និងសិលាចារឹក​ប្រាសាទត្រពាំង​រុននេះ។ យ៉ាងនេះក្ដី អំណានកាលបរិច្ឆេទនោះ មិនជ្រះស្រឡះនោះទេ។

បើមើលសេចក្ដី​របស់សិលាចារឹកត្រពាំងរុននេះ នាមហាសករាជឆ្នាំ​៩២៤ ជាឆ្នាំ​ដែល​ព្រះករុណា​ព្រះបាទ​ស្រីសូយ៌្យ​វម៌្មទេវទី១ បាន​ប្រទានដីស្រុកកម្រឭង្វិដល់ព្រះគម្ដែង​អញ​តបស្វីន្ទ្របណ្ឌិត។ ដូច្នេះ កាលបរិច្ឆេទ​ក្នុងសិលាចារឹកនេះ គួរតែជាមហាសករាជឆ្នាំ​៩២៤ ពុំមែន ៩៣៤ ទេ ដោយហេតុថានាឆ្នាំដែលព្រះបាទសូយ៌្យវម៌្មទេវទី១ ឡើង​សោយ​រាជ្យសម្បត្តិ ព្រះអង្គទំនងជាបានធ្វើបុណ្យ​តាមរយៈព្រះរាជប្រទាននានា ប្រទាន​​ដល់​មន្ត្រី​សាស​នា និងប្រាសាទនានា។ នេះ ជាព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់មួយ។

អត្ថបទចម្លងសិលាចារឹកប្រាសាទត្រពាំងរុន K.៧០៥
(ចម្លងដោយ៖ ហ៊ឹម ស្រីពៅ)

អត្ថបទដើមជាភាសាខ្មែរទំនើប

១- ៙៩២៤ឝកនុធូលិវ្រះបាទ​កម្រតេង៑​កំត្វន៑​អញ៑ឝ្រីសូយ៌្យ​វម៌្មទេវ

២- ឱយ៑​ប្រសាទ​ស្រុក៑​កម្រឭង្វិតវ្រះកម្រតេង៑​អញ៑​តបស្វីន្ទ្របន្ទិត

៣- មន្មាន៑​វ្រះករុណា​បិសំនហិតវេឝ​តគិបូជា​ទេវតា​ក្ឞេត្រវ្រសាជ

៤- បុន្យបុន្យ​សាធកាចាយ៌្យផោង៑​រិតឝូន្យ​តិបន្ទ្វល៑ប្រេវទ៌្ធេវិង៑​គិបិវ្រ

៥- ះកម្រតេង៑អញ៑តបស្វីន្ទ្របន្ទិតតំគល​ស្រេ​វ្រះវិង៑រុតតេល៑៙ភា

៦- គខ្នេត៑​ទំនប៑ថ្មីឝត១​កន្ហ្យង៑ស្ទាង៑ឝត១ត្រៅវោំឝត១តីត្តុត២០-១០ខោល៑

៧- ៤០ទំនប៑​ថ្កុ២០-១០៙ភាគ​ណ៌្នោច៑ជ្រៃ​ករិឝត១កន្ហ្យង៑ស្ទាង៑ករោំ​ឝត១

៨- ត្រៅវោំឝត១តីត្តុត៑២០-១០ហរនាថ៤០ទំនប៑មេបិត៑២០-១០ផ្សំមប្រតិប

៩- ក្ឞស្រូស្លិក៑២នៅគេតនុថ្វេ​បិទៃតិលេង៑​កល្បនា​តរោះហនេះហគេ

១០- ស្វេយ៑​នរក​អំវល​នុវ្ឫន្ទផោង៑​តរាប៑​ចន្ទ្រាទិត្យ​រិតអាច៑​បរិបាល

១១- នគេស្វេយ៑ទិវ្យ​លោកអំវលនុគណផោង៙ឱំ​នមឝ្គិវាយ៙

អត្ថបទប្រែសម្រួល

(១-២) មហាសករាជឆ្នាំ​៩២៤ នូវធូលីព្រះបាទ​គម្ដែងកំដូនអញ​ស្រីសូយ៌្យវម៌្មទេវ(ទី១) ​ប្រទានស្រុក​កម្រឮង្វិដល់ព្រះគម្ដែង​តបស្វីន្ទ្របណ្ឌិត។

(៣-៤) មាន​(ព្រះរាជសាសន៍)ព្រះករុណាបីរួមផ្សំ​នាទីដ៏មានប្រយោជន៍ គឺ​សម្រាប់​បូជា​ទេវតាក្សេត្រ/ទេវាល័យ ដែលទ្រង់ព្រះរាជទាន​ព្រះបុណ្យ (ដល់)បុណ្យ​របស់​អាចារ្យ​ទាំងឡាយ។

(៤-៥) រី(បុណ្យគ្រាមុន)ដែលសូន្យ(អស់ទៅហើយ) ទ្រង់​ត្រាស់បន្ទូល​ប្រើឱ្យ​ចម្រើន​(បុណ្យ​)​នោះឡើងវិញ (គឺ)គប្បី​ព្រះគម្ដែងអញ​តបស្វីន្ទ្របណ្ឌិតតម្កល់​ស្រែព្រះឡើងវិញឱ្យ​ដូច​​ដើមដដែល។

(៥-៧) ភាគខែខ្នើត (គឺស្រែ)ទំនប់ថ្មី (ស្រូវចំនួន)១០០, (ស្រែ)គង្ហីង​ស្ទាំង ​(ស្រូវ​ចំនួន)​១០០, (ស្រែ)ត្រាវពោំ (ស្រូវចំនួន)១០០, (ស្រែ​)​តិត្តុត ​​(ស្រូវចំនួន)៣០, (ស្រែ)ខោល (ស្រូវ​ចំនួន)៤០, (ស្រែ)​ទំនប់​​ថ្កូវ (ស្រូវចំនួន)៣០។

(៧-៨) ភាគខែរនោច (គឺស្រែ)ជ្រៃករី (ស្រូវចំនួន)១០០, (ស្រែ)គង្ហីងស្ទាំងក្រោម​​ (ស្រូវ​ចំនួន)១០០, (ស្រែ)ត្រាវពោំ (ស្រូវចំនួន)១០០, (ស្រែ)តិត្តុត (ស្រូវចំនួន)៣០, (ស្រែ)ហរនាថ (ស្រូវចំនួន)៤០, (ស្រែ)ទំនប់មេបិត (ស្រូវចំនួន)៣០។

(៨-៩) ផ្សំ​ទាំងខែខ្នើតនិងរនោច ស្រូវចំនួន២ស្លឹក។

(៩-១១) នៅនរូជនណាដ៏ធ្វើទីទៃ​ឬបោះបង់រណ្ដាប់បូជាទាំងនេះ នរូជន​នោះនឹង​សោយនរក​ច្រើន​ក្រៃ​ ព្រមទាំង​​គ្រួសារ​ញាតិមិត្តផង​ ដរាប​ណា​ព្រះចន្ទ្រនិ​ង​ព្រះអាទិត្យ​(នៅ​តែមាន)។ រីនរូជនណាដែលអាចថែរក្សា​(រណ្ដាប់បូជាទាំងនេះបាន) នរូជននោះ​(សូមបាន)​សោយ​នូវ​ទិព្វលោក​ដ៏ច្រើនក្រៃ​ណា ព្រមទាំង​គ្រួសារ​ញាតិមិត្តផង។ ឱម! ខ្ញុំ​សូម​​នមស្ការចំពោះព្រះឥសូរ!

សរុបសេចក្ដី

អត្ថន័យសិលាចារឹកនេះ គឺជា​ព្រះរាជប្រទានរបស់ព្រះបាទស្រីសូយ៌្យវម៌្មទេវទី១ ប្រទាន​ស្រុកកម្រឮង្វិដល់​ព្រះគម្ដែងតបស្វីន្ទ្របណ្ឌិត។ ទ្រង់ក៏បានត្រាស់ឱ្យរៀបចំរណ្ដាប់​បូជា​គ្រាមុនដែលសូន្យវិនាសអស់ទៅហើយនោះ ឱ្យរស់រាន​ឡើងវិញ។ បន្ទុកនេះ ធ្លាក់​ទៅ​លើ​ព្រះគម្ដែងអញ​តបស្វីន្ទ្របណ្ឌិត ជាអ្នករៀបចំ​ ពោលគឺ​រៀបចំចាត់ចែងផលស្រូវ​សម្រាប់​​ផ្គត់ផ្គង់វេនខ្នើតនិងរនោច។ ចុងក្រោយ​ គឺជាពរនិងបណ្ដាសា។ ពាក្យផ្ដាសាមាន​​ដល់នរណាដែលពុំរៀបចំ​ឬ​បំផ្លាញ​រណ្ដាប់បូជានោះឱ្យធ្លាក់នរកនានា រួមទាំងគ្រួសារ ដរាប​ណា​ព្រះចន្ទ​និងព្រះអាទិត្យនៅតែមាន នៅតែស្ថិតក្នុងនរក​នោះដដែល។ ឯពរ​វិញ​ មានដល់នរណា​ដែល​រក្សារណ្ដាប់បូជាឬបុណ្យនោះឱ្យគង់វង្ស នឹង​បាន​សោយនូវ​ទិព្វ​លោក​ រួមទាំងគ្រួសារផង។

ពន្យល់ពាក្យ     

ឱយ៑ប្រសាទ           ប្រទាន។

មន្មាន៑                   < មន៑ + មាន៑ = មាន។

ហិត             ​          (សំ.) ប្រយោជន៍។

វេឝ                         (សំ.) និវេសន៍ លំនៅ…។

ទេវតាក្ឞេត្រ           (សំ.) លំនៅទេវតា ទេវាល័យ ប្រាសាទ។

សាធកាចាយ៌្យ         (សំ. សាធក + អាចាយ៌្យ) អាចារ្យ​អ្នកនាំឱ្យសម្រេច(បុណ្យ)។

វទ៌្ធេ                         (សំ.) ចម្រើន។

តំគល                      តម្កល់ ដាក់ថ្កល់។

រុតតេល៑                  ដូចដដែល។

អំវល                       ច្រើន ច្រើនក្រៃ។

វ្ឫន្ទ                          (សំ.) គណ ក្រុម គ្រួសារ ញាតិមិត្ត។

បរិបាលន                (សំ.) រក្សា។

ស្វេយ៑                      សោយ។

ទិវ្យលោក                (សំ.) ទិព្វលោក ស្ថានសួគ៌ ស្ថានទេវតា។

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!