សិវទក្សិណមូត៌ិ

ដូចយើងបានជ្រាបច្បាស់មកហើយថា នៅសម័យបុរាណឥទ្ធិពលព្រហ្មញ្ញសាសនា មាន​ឥទ្ធិពលធំធេងខ្លាំងណាស់ក្នុងសង្គមខ្មែរ ជាពិសេស ចាប់ពីរវាងចុងស.វ.ទី៦ ដើមស.វ.ទី៧មកការប្រណិប័តន៍ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ បានក្លាយទៅជាប្រពៃណីគោលរបស់អាណាចក្រខ្មែរទៅហើយ។ អត្ថបទមុនៗយើងបានបង្ហាញខ្លះមកហើយ អំពីទម្រង់មួយចំនួននៃការបង្ហាញព្រះឥសូរនៅក្នុងសង្គមខ្មែរសម័យបុរាណ។ ហេតុដូច្នេះ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញព្រះឥសូរក្នុងទម្រង់ជា “មហាគុរុ” ឬគេតែងនិយមហៅម្យ៉ាងទៀតថា “សិវទក្សិណមូត៌ិ”។

“ទក្សិណមូត៌ិ” មានន័យត្រង់ថា “អ្នកដែលបែរមុខទៅទិសខាងត្បូង”។ ការបង្ហាញទម្រង់បែបនេះធ្វើឡើងនៅពេលដែលព្រះឥសូរក្លាយជាមហាគុរុ (គ្រូនៃសាស្រ្ត) ដែលជាគ្រូនៃសិល្បៈ និងវិទ្យាសាស្រ្ត គ្រូនៃពិធីសាសនានិងប្រាជ្ញាខាងវិញ្ញាណ ដើម្បីសណ្តោសដល់សត្វលោកដែលត្រូវការទ្រង់សង្រ្គោះ។ ជាទូទៅ ទម្រង់នេះគេបង្ហាញព្រះឥសូរគង់នៅលើផ្កាឈូក ដោយមានព្រះហស្តចំនួន៤ ក្នុងនោះព្រះហស្តឆ្វេងផ្នែកខាងក្រោមមានកាយវិការជា ធ្យានមុទ្រ (dhyana-mudra) ព្រះហស្តឆ្វេងផ្នែកខាងលើកាន់គម្ពីរ ព្រះហស្តស្តាំផ្នែកខាងក្រោមជាកាយវិការមហានិកាយ និងព្រះហស្តស្តាំផ្នែកខាងលើកាន់ផ្កា ដែលជាទម្រង់គុណលក្ខណៈរបស់ព្រះព្រហ្មផងដែរ។ តាមការលើកឡើ​ងរបស់លោក Rao Gopinta TA បង្ហាញថា នៅស្រុកឥណ្ឌា គេបែងចែកភាពខុសគ្នានៃទម្រង់នេះជាច្រើនប្រភេទ ដូចជា ទម្រង់ព្រះសិវជាគ្រូនៃសាស្រ្ត ព្រះសិវវ្យខយនទក្សិណមូត៌ិ ព្រះសិវជាគ្រូបង្រៀននៃយោគៈ និងយោគៈទក្សិណមូត៌ិ ដោយផ្អែកទៅលើឥរិយាបថអង្គុយ ចំនួនព្រះហស្ត កាយវិការនៃព្រះហស្ត និងការចូលរួមក្នុងការរៀនសូត្ររបស់ពួកឥសី។

សិវទក្សីណមូត៌ិ (?) នៅផ្តែរទ្វារប្រាសាទសណ្តាន់ (តំបន់ប្រាសាទសំបូរព្រៃគុក)

នៅក្នុងប្រពៃណីឥណ្ឌា ការបង្ហាញទម្រង់ព្រះសិវទក្សិណមូត៌ិ គេតែងបង្ហាញទ្រង់អង្គុយនៅលើបល្ល័ង្ករូបក្តាន់ នៅក្រោមដើមបន្យន បែរព្រះភក្រ្តទៅទិសខាងត្បូង ដោយហ៊ុមព័ទ្ធជុំវិញដោយពួកព្រាហ្មណ៍កំពុងទទួលការបំភ្លឺផ្លូវពីទ្រង់ ហើយពេលខ្លះក៏បង្ហាញជារូបសត្វព្រៃផ្សេងៗនៅហ៊ុមព័ទ្ធព្រះអង្គផងដែរ។ ផ្ទុយពីស្រុកឥណ្ឌា នៅក្នុងសិល្បៈខ្មែរ អ្នកស្រាវជ្រាវមិនទាន់អាចកំណត់ទម្រង់នេះឱ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្តែអ្វីដែលគេសង្កេតឃើញនោះគឺ ការបង្ហា​ញទម្រង់ម្យ៉ាងរបស់ព្រះឥសូរ អាចស្រដៀងនឹងសិវទក្សិណមូត៌ិនៅក្នុងសិល្បៈខ្មែរ មិនបានបែរព្រះភក្រ្តទៅទិសខាងត្បូងនោះទេ។ រូបលេខ១ រកឃើញនៅប្រាសាទសណ្តាន់ (តំបន់ប្រាសាទសំបូរព្រៃគុក​) បង្ហាញអំពីព្រះសិវក្នុងទម្រង់ជាសមាធិ ដែលលោកស្រី Mireille Bénisit សន្និដ្ឋានថា អាចជាព្រះឥសូរក្នុងទម្រង់ “យោគិស្វរ”។ ហេតុដូច្នេះហើយ ប្រសិនបើរូបនេះពិតជា យោគិស្វរ មែន វាបានចូលទៅក្នុងផ្នែកមួយនៃការរៀបរាប់របស់លោក Rao Gopinta TA ប៉ុន្តែយ៉ាងណាយើងមិនអាចសន្និដ្ឋានឱ្យជាក់លាក់ថារូបនេះអាចចាត់ចូលក្នុងទម្រង់សិវទក្សិណមូត៌ិបានទេ ព្រោះហេតុផលសំខាន់ម្យ៉ាងទៀតនោះ គឺរូបនេះបែរព្រះភក្រ្តទៅទិសខាងកើតទេ។ រូបលេខ២ ជាចម្លាក់ព្រះឥសូរក្នុងទម្រង់ជាឥសីមានពុកមាត់វែងអង្គុយសមាធិនៅលើជើងទម្រមួយនៅគោបុរខាងលិច នៃប្រាសា​ទធម្មនន្ទ ដែលហ៊ុមព័ទ្ធដោយពួកព្រាហ្មណ៍ និងទេពរង (គន្ធវ៌ ឬវិទ្យាធរ) មួយចំនួននៅរាំហែរហម។

សិវទក្សីណមូត៌ិ (?) នៅប្រាសាទធម្មនន្ទ (រូបភាព៖ លួន ទីឃា)

រូបលេខ៣ ជាចម្លាក់នៅប្រាសាទអង្គរវត្តបង្ហាញអំពីព្រះឥសូរអង្គុយលើជើងទម្រក្នុងទម្រង់សុខសននៅក្រោមដើមឈើម្យ៉ាង ដោយព្រះហស្តឆ្វេងកាន់វត្ថុអ្វីម្យ៉ាង និងព្រះហស្តស្តាំកំពុងប្រទានវត្ថុអ្វីមួយទៅកាន់តួអង្គផ្សេងទៀតដែលកំពុងសំពះ និងទំនងកំពុងសណ្តាប់នូវការបង្រៀនរបស់ទ្រង់។

សិវទក្សីណមូត៌ិ (?) នៅប្រាសាទអង្គរវត្ត (រូបភាព៖ លួន ទីឃា)

រូបលេខ៤ នៅប្រាសាទបាយ័ន្ត បង្ហាញអំពីព្រះឥសូរអង្គុយនៅចំកណ្តាលក្នុងទម្រង់ជាយោគៈ ដោយព្រះហស្តស្តាំលើកដាក់ត្រឹមដើមទ្រូវ ក្នុងកាយវិការហាក់ដូចកំពុងបង្រៀនដល់សិស្សគណដែលកំពុងនៅខាងក្រោមទ្រង់។ រូបនេះ លោក Victorio Roveda គិតថាជារូបដ៏សំខាន់ជាងគេដែលស្នើថាជា សិវទក្សិណមូត៌ិ។

សិវទក្សីណមូត៌ិនៅប្រាសាទបាយ័ន្ត (រូបភាព៖ Roveda 2005)

ជារួមមក ទម្រង់សិវទក្សិណមូត៌ិនៅក្នុងសិល្បៈខ្មែរ អ្នកស្រាវជ្រាវហាក់ពុំទាន់អាចកំណត់ច្បាស់នៅឡើយទេ ព្រោះអ្វីដែលគួរកត់សម្គាល់នោះគឺ រូបដែលបង្ហាញខាងលើ សុទ្ធសឹងមិនដាក់បែរទៅទិសខាងត្បូង។ ប៉ុន្តែ យ៉ាងណាក៏ដោយ រូបដែលបង្ហាញទាំងអម្បាលម៉ានមានសារៈសំខា​ន់​យ៉ាងខ្លាំងក្នុងការលើកយកមកសិក្សាអំពីឥទ្ធិពលព្រហ្មញ្ញសាសនានៅសម័យបុរាណ៕

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី


[1] Roveda 2005.

[2] Ibid. 

[3] Rao 1914. 

[4] Rajarajan 2011. 

[5] Bénisti 1966. 

[6] Roveda 2005.

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!