ទំព័រដើមសិល្បៈព្រះវិហារ​វត្ត​ពេជ្រមកុដ

ព្រះវិហារ​វត្ត​ពេជ្រមកុដ

វត្ត​ពេជ្រមកុដ ស្ថិត​នៅត្រើយម្ខាង​ទន្លេ​ចតុមុខ នៃទិស​ខាងកើត​រាជធានីភ្នំពេញ ក្នុង​​​​ឃុំ​អរិយ​ក្សត្រ ​​​ស្រុក​ល្វាឯម ខេត្ត​កណ្តាល។ បើផ្អែកតាម​ឯកសារកម្រង​ប្រវត្តិវត្ត​នានា​ក្នុង​ខេត្ត​កណ្តាលបញ្ជាក់​ថា​ វត្តពេជ្រមកុដកកើត​ឡើង​តាំងពី​​​ឆ្នាំ​១៧៥៨ ហើយ​ដើម​ឡើយ​​គេ​ហៅ​វត្ត​នេះ​ថា​វត្ត​លោក​តា​កុក។ ​​​​បច្ចុប្បន្ននៅក្នុង​បរិវេណវត្ត ​មាន​​ព្រះវិហារតូច​មួយ​​​​សម្រាប់​ជា​ទី​គោរព​បូជា​​របស់​ពុទ្ធបរិស័ទ ​ដែល​គេ​អះ​អាង​ថា​មាន​អាយុ​កាល​ជាង​១០០​ឆ្នាំ​ហើយ។ ព្រះ​វិហារ​​នេះសង់ពីបេតុង​​ទាំង​ដំបូល និង​ផ្នែក​ផ្សេង​ទៀតស្រដៀង​នឹង​ព្រះវិហារ​ចាស់ស្ថិត​ក្នុង​​វត្ត​ទឹក​ថ្លា​ រាជធានីភ្នំពេញ ដែល​កសាង​ក្នុងឆ្នាំ​១៩២៨។

ដូចបាន​បញ្ជាក់មក​ខាងលើ ព្រះវិហារ​វត្ត​ពេជ្រ​មកុដមាន​លំនាំ​ស្ថាបត្យកម្ម​​ប្រហាក់​ប្រហែល​​នឹង​ព្រះវិហារ​ចាស់តូច​មួយ​​ក្នុង​វត្ត​ទឹក​ថ្លា ដែល​​ស្ថិត​នៅ​​តាមបណ្តោយ​មហា​​​វិថី​​សហ​​ព័ន្ធ​រុស្ស៊ី​។ ព្រះវិហារ​វត្ត​ពេជ្រ​មកុដក​សាងពីបេតុង​ទាំង​​​គ្រឹះ សសរ ​ធ្នឹម រួម​ទាំង​ដំបូល និង​ផ្នែក​សំខាន់ៗផ្សេងទៀត។ ព្រះវិហារ​​នេះ​​មាន​ទទឹង​ប្រហែល​ជាង​៧ម៉ែត្រ ​បណ្តោយ​ប្រហែល​​​​១៤​ម៉ែត្រ​កន្លះ និង​កម្ពស់​ប្រហែល​​១០ម៉ែត្រ ហើយ​សង់នៅលើ​​ខឿ​​ន​កម្ពស់​ប្រហែល​​​១​ម៉ែត្រ មាន​ទ្វារនិងជណ្តើរ​ឡើង​នៅខាង​មុខ២ និង​​នៅ​ខាងក្រោយ២។ ប៉ុន្តែ​ចំពោះ​​​​គ្រឿង​បង្គុំ​ផ្នែក​ខាងលើ គេសង្កេតឃើញពុំសូវមាន​​ក្បាច់រចនា​លម្អ​ទេ ពោលគឺ​​ជា​ព្រះវិហារ​បំពាក់​ជហ្វា​៤ (ខាង​មុខ​២ ខាងក្រោយ​២) ហើយផ្ទៃ​ដំបូល​ជា​បេតុង​លាត ជ្រាល​ចុះ​សង​ខាង​២ថ្នាក់​។ នៅ​តាម​​ចែង​ដំបូលនីមួយៗ លម្អ​ដោយ​នាគ​ចែង​សណ្តូក​ចុះ​មក​ផ្នែក​ខាង​ចុង​ចែង​ដូច​ព្រះវិហារ​ប្រក់​ក្បឿង​ផ្សេងៗដែរ។

លក្ខណៈ​ទូទៅ​នៃព្រះវិហារ​វត្ត​ពេជ្រមកុដ

ការលម្អ​ស្ថាបត្យកម្មផ្នែក​ខាងលើ​នៃព្រះវិហារ​វត្ត​ពេជ្រមកុដ គឺមាន​តែ​ជហ្វា​៤ នាគ​​ចែង​បាក់បែក​១២​ និង​ក្បាច់រចនា​លើ​ហោជាង​ទាំងពីរតែប៉ុណ្ណោះ។​ ​ផ្ទៃហោ​ជាង​ខាងមុខ និង​​ខាង​​ក្រោយ​លម្អដោយ​ក្បាច់​​ភ្ញីទេស​​​​ដូចគ្នា​។ ស្ថិត​នៅ​កណ្តាល​​ផ្ទៃហោជាង​ទាំងពីរ គេ​សង្កេត​ឃើញ​មាន​ស្លាក​ស្នាម​របេះ​ក្បាច់​ ឬចម្លាក់​ ដែល​ជា​ហេតុ​ពិបាក​សន្និដ្ឋាន​​ជារូប​អ្វី​ប្រាកដ។ ប៉ុន្តែ​ចំពោះ​ហោជាង​ខាងកើត បើ​ពិនិត្យ​ស្លាក​​ស្នាម​របេះនោះ ទំនង​នៅ​ចំណុច​​កណ្តាល​គេឆ្លាក់​រូប​ព្រះវិស្ណុ​ទ្រង់​ឈរ​​កាន់​កេតន​ភណ្ឌ។ ដោយ​ឡែក​នៅ​កណ្តាល​​​ហោជាង​ខាងលិច គេពិបាក​សនិ្នដ្ឋាន​ជា​រូបអ្វី​ឱ្យ​​ប្រាកដ​។

ហោជាង​ខាងកើត និងហោជាង​ខាងលិច

ចំពោះ​ការ​លម្អ​ស្ថាបត្យកម្ម​​នៅផ្នែក​ខាងក្រោម នៅតាម​ក្បាល​សសរ​នីមួយ​ៗ​​​ជាប់​នឹង​ជញ្ជាំង លម្អ​ដោយ​ក្បាច់​ពុម្ពស៊ីម៉ងត៍​​​លំនាំ​ដូច​សិល្បៈ​ប៉ែក​ខាង​អឺរ៉ុប ដូចគ្នា​នឹង​ក្បាល​​សសរ​ព្រះវិហារ​វត្ត​ទឹកថ្លា​ដែរ។ ចំណែកឯ​សន្លឹក​​ទ្វារ​ និង​បង្អួច​​​ជុំវិញ​ទាំង​អស់​ពុំ​មាន​ក្បាច់លម្អអ្វីឡើយ ពោលគឺ​ជា​សន្លឹក​ក្តារ​លាតយ៉ាង​សាមញ្ញបំផុត ដែលគេ​យល់​ថា​​ទំនង​ជួស​ជុល​ក្រោយ​សង្រ្គាម។ ប៉ុន្តែ​នៅលើ​ផ្ទៃ​ជញ្ជាំង​ខាងលិច គេឃើញមាន​គំនូរ​មួយ​ផ្ទាំង​​ធំ​ដែល​​រលុប​​ផ្នែក​ខាងក្រោម​​ដោយ​អន្លើ។ ខ្លឹមសារ​សាច់​រឿង​ក្នុង​​គំនូរ​នេះ ​​ប្រហែល​​និយាយ​កាល​ពីព្រះអង្គនិមន្ត​​ប្រោស​មាតា​នៅស្ថាន​​​ត្រៃត្រិង្ស ដ្បិត​នៅផ្នែក​ខាង​លើ​គេ​គូរ​ព្រះ​​​ពុទ្ធអង្គ​គង់​​​កណ្តាល​ ដោយ​ម្ខាង​ជា​ពួក​ទេវតា​ ព្រះឥន្រ្ទ ព្រះព្រហ្ម ហើយម្ខាង​ជា​​ស្រ្តី​ម្នាក់​​និង​បរិវា។ ចំណែក​ផ្នែក​ខាងក្រោម​ដែល​រលុបនោះ​ គឺជា​ដំណើរ​ព្រះពុទ្ធអង្គនិមន្ត​ចុះ​តាម​ជណ្តើរ​កែវ។

ក្បាច់លម្អក្បាលសសរជុំវិញ និងគំនូរមួយផ្ទាំងលើជញ្ជាំងខាងលិច

គំនូរ​មួយ​ផ្ទាំងខាងលើ​នេះថ្វីត្បិត​តែ​​រលុប​ខ្លះ តែមាន​ចំណុច​គួរ​ឱ្យ​ពិចារណា​បាន បើ​ប្រៀប​ធៀប​នឹង​គំនូរ​តាម​វត្ត​ផ្សេងៗក្នុង​ឈុត​ដូចគ្នា។ ចំណុច​ទី​១ គំនូរ​ត្រង់នេះ​​បើ​នៅ​តាម​វត្ត​ខ្លះគេគូរ​​ភ្ជាប់គ្នា​រវាង​ស្ថាន​​សួគ៌ ស្ថាន​មនុស្ស និង​ស្ថាន​នរក។ ​​​ចំ​ណុច​ទី​២ ដែល​គួរ​ពិចារណាដែរគឺ​ ជាងគំនូរ​គូរព្រះពុទ្ធអង្គ​​លើក​ព្រះហស្ថ​ឆ្វេង​ ដែលនៅ​តាម​គំនូរ​​វត្ត​ភាគ​ច្រើន តែងឃើញ​ទ្រង់លើ​ព្រះហស្ត​ស្តាំរា​ឡើង​​ហៅថា “សម្តែងធម្មចក្រ”។ ពាក់​ព័ន្ធ​នឹង​ឈុត​ដ៏សំខាន់នេះ ​ក្នុង​ពុទ្ធប្រវត្តិ​លើកឡើង​ថា គ្រាដែលព្រះអង្គនិមន្ត​​ប្រោស​មាតា​នោះ គឺ​មាន​រយៈ​ពេល​៣ខែ មាន​ទេវតា​យ៉ាង​ច្រើន​ចូលមកស្តាប់។ ពេលនិមន្ត​ត្រឡប់​វិញ ព្រះ​អង្គ​ចុះ​តាម​ជណ្តើរ​កែវ​ដ៏​អស្ចារ្យ មាន​ព្រះឥន្រ្ទ និង​ពពួក​ទេពនិករ​ដ៏ច្រើន​​ហែហម។ ក្នុង​គ្រា​នោះមាន​ហេតុ​អស្ចារ្យ​មួយ​កើត​ឡើង​គឺ​ ស្ថាន​សួគ៌ ស្ថាន​មនុស្ស និង​ស្ថាន​នរក​​អាច​មើល​ឃើញ​​គ្នា​ក្នុង​ពេល​តែ​មួយ​។ ផ្នែក​ខាងក្នុង​នៃព្រះវិហារ​វត្ត​ពេជ្រ​មកុដ គេ​សង់ឡើង​ដោយ​មាន​តែល្វែង​គ្រឹះ​​នៅ​កណ្តាល និង​អម​ដោយ​របៀង​សងខាង តែពុំមាន​បាំងសាច​ឡើយ។ លក្ខណៈ​បែប​នេះ គេ​តែង​សង្កេតឃើញដូចគ្នា​​ចំពោះ​ព្រះវិហារ​បុរាណតូចៗ​ ជាពិសេស​ព្រះវិហារ​ជហ្វា​បួន ឬ​សាឡុំ​​ជាដើម។ សសរ​ទាំងពីរជួរ​នៅអម​ល្វែង​គ្រឹះ សុទ្ធសឹង​ជា​សសរ​បេតុង​មូល​​ដែលមាន​ក្បាល​​សសរ​​លម្អដោយ​​ក្បាច់​ដូច​ក្បាល​សសរ​ខាង​ក្រៅដែរ តែជើង​សសរ​គេរចនា​ជា​រាងបួន​ជ្រុង​។ នៅលើ​តួសសរខ្លះ គេគូរលម្អ​ដោយ​ក្បាច់​ផ្កា​ចន្ទន៍ ហើយ​សសរ​ខ្លះគេគូរលម្អ​រូប​នាគលូន​ព័​ទ្ធជុំវិញ។​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែ​ប្រការ​គួ​​ឱ្យ​កត់​​សម្គាល់​មួយ​ទៀត​នៅផ្នែក​ខាង​​ក្នុង​​ព្រះវិ្ងហារ​ខាងលើនេះ គឺរុំ​ស្រោប​​​ដោ​យ​ស្នាម​​ផ្សែង​ភ្លើង​ដាស​ពេញ​​ផ្ទៃដំបូលផ្នែក​ខាងក្រោម ធ្នឹម សសរ និង​ជញ្ជាំង។

ផ្នែកខាងក្នុងព្រះវិហារ

នៅខាងក្នុង​ព្រះវិហារ​នេះដែរ គេសង្កេតឃើញ​ការ​តម្កល់​ព្រះបដិមា​​ហាក់​​មាន​លក្ខណៈ​ប្លែក​ពីព្រះវិហារ​សព្វថ្ងៃ។ បដិមា​ទាំងអស់​សុទ្ធ​តែ​លាប​ពណ៌​​មាស​ឆ្អិន​ឆ្អៅ​​​។ ស្ថិត​នៅ​ចន្លោះល្វែងគ្រឹះត្រង់ចុង​ខាងលិច គេ​តម្កល់​​ព្រះបដិមា​​ព្រះ​ជីវ៍​​អង្គ​ធំ​លើ​បល្ល័ង្ក​​ខ្ពស់​មួយ​ អមជុំវិញ​ដោយ​ព្រះបដិមា​តូចៗ​ផ្សេង​ទៀត។ ខាងមុខព្រះ​បដិមា​ព្រះ​ជីវ៍ធំ គេ​​តម្កល់​ព្រះ​បដិមាមួយ​អង្គទៀត​នៅ​​ក្នុង​បុស្បុក រចនា​ជា​​កំពូល​មុខ​ព្រហ្ម ហើយ​នៅ​ផ្នែក​ខាង​មុខ​នោះ គេតម្កល់​ព្រះបដិមា​ទ្រង់ឈរ​ក្នុង​កាយ​វិការ​ព្រះ​អង្គ​​ប្រោស​សត្វ​ ឬអភ័យ​មុទ្រា។ ប៉ុន្តែ​​​នៅ​លើ​ចីវរ​នៃព្រះបដិមាទ្រង់ឈរនេះ គេរចនា​ក្បាច់​តូចៗ​លំនាំ​ប្រហាក់​​ប្រហែល​នឹង​ព្រះពុទ្ធ​អមិតភៈ(Amitābha) ​​នៃ​ព្រះបដិមា​លោកេស្វរ​សម័យ​បុរាណ។ ចំពោះ​អ្នក​មាន​ជំនឿមកពីទីជិតឆ្ងាយ​ផ្សេងៗ​យល់ថា ព្រះបដិមា​ទាំង​អស់​​ខាង​លើ​មាន​បុណ្យ​បារមី​ក្រៃលែង​ ដែលនាំឱ្យ​គេ​តែង​ធ្វើ​ដំណើ​រចូលមក​គោរពបូជា​ស្ទើរ​​ពុំលុះ​ថ្ងៃ​។

ការតម្កល់​ព្រះបដិមា​គោរពបូជាក្នុង​ព្រះវិហារ​វត្ត​ពេជ្រម្កុដ

ចំណែក​ឯគំនូរ​ខាងក្នុង​ព្រះវិហារ ​គេ​គូរ​នៅ​លើ​ផ្ទៃដំបូល​ផ្នែក​ខាងក្រោម និង​​នៅ​លើ​ជញ្ជាំង​ជុំវិញផ្នែកខាងក្នុង។ ប៉ុន្តែសាច់រឿង​គំនូរ​ទាំងអស់​នោះ គេពិបាក​នឹង​មើល​ឃើញ​ណាស់ ដ្បិត​រុំស្រោបដោយ​ផ្សែងស្ទើរ​ទាំងស្រុង។ ម្យ៉ាងវិញទៀត គំនូរ​ខ្លះ​កំពុង​របេះ​​រក​ជ្រុះ​ដោយ​អន្លើៗ។ ប៉ុន្តែ​យ៉ាង​ណាក្តី បើពិនិត្យ​សង្កេត​ឱ្យ​ដិត​ដល់ គំនូរ​ក្នុង​ព្រះវិហារ​ខាងលើ មាន​បីផ្នែក​សំខាន់ៗ​ពាក់ព័ន្ធនឹង​រឿង​ពុទ្ធប្រវត្តិដូចបណ្តា​ព្រះវិហារ​ផ្សេងៗ​ដែរ។ នៅ​ផ្នែ​ក​ខាងលើបំផុត​ត្រង់ក្រោម​ផ្ទៃដំបូល​ គេគូរ​សាច់រឿងទាក់​ទង​នឹង​​ព្រះពុទ្ធនិមន្ត​ទៅ​ស្ថាន​សួគ៌ និង​រូបទេពនិករ​ផ្សេងៗ។ រីឯ​នៅ​លើ​ជញ្ជាំង​ជុំវិញ គេគូរ​រឿង​ពុទ្ធ​ប្រវត្តិ​នៅ​បន្ទាត់​ខាងលើ ដែលរៀបរាប់ចាប់ផ្តើម​តាំងពី​ព្រះអង្គ​ប្រសូត្រ​រហូត​ដល់​បរិនិព្វាន។ នៅ​បន្ទាត់​ខាង​ក្រោម គេគូរ​រឿង​រ៉ាវផ្សេងៗដក​ស្រង់ចេញពីជាតក។         

ជាសេចក្តីសង្ខេបមក ព្រះវិហារ​វត្ត​ពេជ្រ​ម្កុដ គឺជា​សំណង់បុរាណតូច​មួយ​​ដែល​មាន​​លំនាំ​ស្ថាបត្យកម្ម​ជាព្រះវិហារ​ជហ្វា​បួន ឬអាចនិយាយបាន​ថាមានរាង​ស្ទើរ​ដូច​សាឡុំ​ ដែល​ជា​សំណង់​បណ្តោះអាសន្ន​មុន​សង់ព្រះវិហារ។ ប៉ុន្តែចំពោះការ​តុបតែងព្រះវិហារ​នេះគេមើល​ឃើញថា​មាន​លក្ខណៈ​​ស្ទើរ​ដូចគ្នា​ទៅនឹង​ព្រះវិហារ​​ចាស់ក្នុង​វត្ត​ទឹកថ្លា ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ ដែលនាំឱ្យគេ​អាចនិយាយ​ដោយស្មាន​បានថា ព្រះវិហារ​វត្ត​ពេជ្រម្កុដ​​សង់ក្នុង​រវាង​ទសវត្សរ៍​ទី​២០ ឬទសវត្សរ៍​ទី​៣០។ មិនតែប៉ុណ្ណោះ ចំពោះការរៀបចំខាងក្នុង​​ប្រហែល​​ធ្វើឡើង​ក្រោយ​សម័យ​សង្រ្គាម៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!