ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿផ្អាវនិង​ប្រយោជន៍​ផ្សេងៗរបស់វា

ផ្អាវនិង​ប្រយោជន៍​ផ្សេងៗរបស់វា

រុក្ខជាតិខ្លះដែលដុះឯងក្នុង​ព្រៃ ឬនៅជាយ​ភូមិ អាច​ប្រើការ​ជា​ប្រយោជន៍​ច្រើន​ ឬ​តិច​​​​អាស្រ័យ​ដោយ​ចំណេះប្រាជ្ញាមនុស្ស។ ​ ចំណេះ​ចេះដឹង​យក​រុក្ខ​ជាតិ​ក្នុង​បរិស្ថាន​​​ជុំ​វិញ​​ខ្លួន​មក​ប្រើការ​នេះ តែងកើត​ពីការ​សង្កេត ការចូលរួម និង​ការ​ចែក​រំលែក​បទ​ពិសោធ​បន្ត​មក​​​​រាប់​ជំនាន់​ពីដូនតា សម្រាប់​បំពេញ​តម្រូវការ​ក្នុង​ជីវភាព ឬក្នុង​សហគមន៍។ ក្នុង​ន័យ​​​​នេះគេមើលឃើញ​ថា “ផ្អាវ” គឺជា​រុក្ខជាតិ​ដុះ​ក្នុង​​ព្រៃ តែ​មាន​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​​​ក្នុង​សង្គមខ្មែរ។ ប្រយោជន៍​ផ្សេងៗ​របស់​ផ្អាវ​ ដែល​​លើក​មក​បង្ហាញ​ខាងក្រោម​នេះ ភាគ​​​​ច្រើន​​​​​គឺជា​ចំណេះ និង​ជំនាញ​របស់អ្នកស្រុកស្រែចម្ការ​ អនុវត្ត​ជា​ប្រចាំ​យ៉ាង​សាមញ្ញ​ក្នុង​​​ជីវភាពរស់នៅ ហើយ​បង្ហាញ​ឱ្យ​ឃើញច្បាស់​ពីទំនាក់​ទំនង​រវាង​មនុស្ស​ និង​បរិស្ថាន​​។

ជាការពិត​ផ្អាវ​ គឺជា​អម្បូរ​រុក្ខជាតិ​តូចៗ ច្រើន​សម្គាល់​ឃើញ​ដុះ​នៅ​តាម​តំបន់​ទំនាប​ ដុះ​នៅក្នុង​ដុប​ គម្ពោត ឬដុះ​លាយ​ឡំ​នឹង​កូនឈើ​តូចៗ​នៅក្នុង​ព្រៃ ហើយ​ដើមរបស់​វា​​មាន​កម្ពស់​ជា​​មធ្យម​ប្រហែល​១ម៉ែត្រ ទៅ២ម៉ែត្រ ​ឬអាច​វែង​ជាង​នេះទៅតាម​អាយុកាល​និង​សណ្ឋាន​ដី​។ បើ​ក្រឡេក​មួយ​ភ្លែត​ ផ្អាវក៏​មាន​​លក្ខណៈ​​​ទូទៅ​​ស្ទើរ​ដូច​កូន​ត្នោត​​​​ដែរ ហើយឈ្មោះជាភាសា​បរទេស​គឺ Swamp Fan Palm Mangrove Fan Palm។ ចំពោះ​​​​ប្រយោជន៍​កើត​ពីផ្អាវ​ គឺស្លឹក ធាង និងគម ដែល​​អ្នក​ស្រុក​តែង​យក​ទៅប្រើទាំងក្នុង​ការ​​​​​ផលិត​សម្ភារៈ​ប្រើប្រាស់ផ្សេងៗ និង​​ធ្វើ​ជាបន្លែ​បរិភោគ​ ឬ​ផ្នែក​ខ្លះ​គេ​ប្រើ​ផ្សំ​ជា​ឱសថ​បុរាណ​​ផង។ ប្រយោជន៍​ទាំងនោះ​ នឹង​រៀបរាប់ដោយ​សង្ខេប​ដូចខាងក្រោម៖

ដើមផ្អាវ​ដុះ​លូតលាស់​ជាគុម្ពតូចៗនៅក្នុង​ព្រៃ​ធម្មជាតិ

ត្បាញកន្ទេល៖ ផ្អាវក៏អាចប្រើជា​វត្ថុធាតុ​សំខាន់សម្រាប់ត្បាញ​កន្ទេល​បាន ដែល​គេ​​​ហៅថា “កន្ទេល​ផ្អាវ”។ ផ្នែក​ដែល​យក​មក​ប្រើការ​​ក្នុង​ទីនេះគឺ “ធាង” របស់​វា។ ប៉ុន្តែ​ដើម្បី​​​​​បាន​កន្ទេល​ផ្អាវនោះមកប្រើ គឺត្រូវ​ឆ្លង​កាត់ដំណាក់​កាល​ច្រើន ចំណាយ​កម្លាំង​ និង​​ការ​​​ព្យាយាម​យូរថ្ងៃ។ មិន​តែប៉ុណ្ណោះ ​ការ​ត្បាញ​កន្ទេល​ពីផ្អាវ​នេះ ក៏ពុំមែន​ចេះ​គ្រប់​ស្រុក​ភូមិ​ដែរ ដ្បិត​សព្វថ្ងៃគេសង្កេតឃើញ​តែចាស់ៗ​រស់​នៅក្នុង​ភូមិ​មួយចំនួន​ជុំវិញតំបន់អង្គរ​ ដែល​​​​បន្ត​ត្បាញកន្ទេលផ្អាវ​សម្រាប់ប្រើប្រាស់​តាម​ទម្លាប់ផង និង​លក់ដូរ​សម្រាប់​ភូមិ​ស្រុក​ក្បែរ​ខាង ឬលក់​សម្រាប់​អ្នក​ទេសចរណ៍ខ្លះផង។

ចំពោះ​ដំណាក់​កាល​​នៃការ​ត្បាញកន្ទេលផ្អាវគឺ ដំបូង​គេ​ត្រូវ​យក​ធាងផ្អាវខ្ចី​ស្រស់ (ធាង​​ចាស់​ពុំ​ប្រើការទេ) មក​សម្អាត​បន្លា រួច​​​​ច្រៀក​​យក​ខាង​ពោះ​​១​ចម្រៀក និង​ចំហៀង​២​ចម្រៀក ហើយ​បិតយកតែសំបកក្រៅឱ្យ​ស្តើង​ល្មម​ និង​មាន​ទំហំ​ចម្រៀក​ប៉ុន​ស្លឹក​ស្រូវ​​។

ត្បាញកន្ទេលផ្អាវ

បន្ទាប់​ពីបិតរួច គេហាល​ចម្រៀកធាង​ផ្អាវ​​ទាំង​នោះឱ្យ​ស្ងួតល្អ (ប្រែ​ជា​ពណ៌ស) ទើប​​​ប្រមូល​ចង បាច់​រក្សាទុកក្នុងម្លប់​មួយ​អន្លើ។ កិច្ច​ការ​នេះគេច្រើនធ្វើក្នុង​រដូវ​​ប្រាំង ដ្បិត​​​ងាយ​នឹង​ចេញ​​ចូលព្រៃ​​កាប់ធាង​ផ្អាវផង និង​ងាយ​ហាល​សម្ងួតផង លុះ​ដល់​រដូវ​ភ្លៀង​ទើប​​គេ​​ត្បាញ​កន្ទេល​ ​ព្រោះអាកាសធាតុ​ពេលនោះ​អំណោយផល​ មិន​បណ្តាល​​ឱ្យចម្រៀក​​ផ្អាវ​ស្រួយ​បាក់។ បច្ចុប្បន្ន កន្ទេល​ផ្អាវ​ក៏កាន់តែ​ល្បីល្បាញ​និង​មាន​ទីផ្សារ​​ច្រើនគួរសម ជាពិសេស​កន្ទេលផ្អាវ​របស់​អ្នក​ភូមិ​រស់​នៅឃុំ​លាងដៃ ស្រុក​អង្គ​រធំ ខេត្ត​​សៀមរាប ដែល​កន្ទេល​ខ្លះ​អ្នកភូមិ​បាន​កែច្នៃ​ត្បាញ​​​ដោយ​ជ្រលក់​ពណ៌​ផ្សេងៗ​ និង​លើក​គោម​ផងដែរ​។ កន្ទេល​ផ្អាវ​មួយតម្លៃ​ប្រហែល​១០ម៉ឺន ទៅ​១៥​​​ម៉ឺន​រៀល អាស្រ័យ​​លើ​ទំហំ និងការ​ជ្រលក់​ពណ៌។

កន្ទេល​ផ្អាវ​ជ្រលក់ពណ៌ និងលើកគោម
(ប្រភព៖ នៅ សុភ័ក្រ្ត)

អន្សម​ផ្អាវ៖ អ្នកស្រុក​ក្នុងខេត្ត​មួយចំនួន​ដូចជា​សៀមរាប កំពង់ធំ និង​ព្រះវិហារជា​ដើម​ តែង​យក​ “ស្លឹក​ផ្អាវ” វេច​នំ​។ នំនោះគេ​ហៅ​ជាទូទៅ​ថា “អន្សម​ផ្អាវ” ពោលគឺ​ហៅ​​​តាម​ស្លឹក​ដែលយក​ទៅ​វេច។ ប៉ុន្តែចំពោះ​រូបរាង​អន្សមផ្អាវ ពុំ​ទ្រវែង​ដូច​អន្សម​ជ្រូក ឬ​អន្សម​​ចេក​ឡើយ ពោលគឺអន្សម​ផ្អាវ​ជានំ​យ៉ាង​សាមញ្ញ​​វេចពីអង្ករ​ដំណើប ​​​ខ្ទិះ​ដូង(អ្នក​ខ្លះ​​មិន​​ប្រើ​ខ្ទិះដូង)​ និង​សណ្តែក ពុំមានប្រើ​ស្នូលចេក ឬសាច់ជ្រូកឡើយ ហើយគេ​វេច​ដោយ​យក​​ស្លឹក​ផ្អាវ​មក​កេវខ្ចប់អង្ករ​ និង​គ្រឿងផ្សំនោះ ដោយ​យក​កន្ទុយ​ស្លឹក​ស៊ក​ទាញ​ភ្ជិតឱ្យល្អ​ ចេញ​​​រាងស្ទើរ​ដូច​នំ​ចាំង។ បន្ទាប់មក​គេយកទៅ​ស្ងោរ​ចម្អិន​ ដូច​អន្សម​ធម្មតា។ ប៉ុន្តែ​អ្នក​ស្រុក​ខ្លះ​​ក្នុង​ខេត្ត​កំពត ព្រៃនប់ ឬវាល​រេញ ច្រើ​ន​និយម​យក​ស្លឹ​កផ្អាវ​​​វេច​អន្សម​​ចេក ឬអន្សម​ជ្រូក​ជំនួស​ស្លឹក​ចេកជាធម្មតា ហើយគេ​ពុំហៅថាអន្សម​ផ្អាវ​ឡើយ ពោល​គឺហៅតាម​ស្នូល​នំខាងក្នុង។ បើ​នំ​មាន​ស្នូលចេកគេហៅថា​នំ​ចេក ឬអន្សម​ចេក បើ​នំ​នោះ​​មានស្នូល​សាច់​ជ្រូក គេហៅថា​នំ​ជ្រូក ឬអន្សម​ជ្រូក​។

អន្សម​ផ្អាវ​ឆៅ (ស្លឹកស្រស់) និងឆ្អិន

ចំពោះអ្នកស្រុក​ភាគខាងជើង ​តាម​ទម្លាប់​គេតែង​នាំគ្នា​វេច​​អន្សម​ផ្អាវ​សម្រាប់​​ប្រើ​​ជា​​រណ្តាប់​ក្នុង​កិច្ចពិធី និង​សម្រាប់​ទទួល​ភ្ញៀវ​ក្នុង​ពិធីបុណ្យទាន​តូច​ធំ​ក្នុង​ភូមិ​ជា​ធម្មតា​។ លើស​​ពីនេះបើតាម​អត្ថបទ​សិក្សា​​​របស់​នរវិទូឱ្យ​ដឹងថា ​អ្នកស្រុក​រស់​​នៅតំបន់​ភ្នំគូលែន ខេត្ត​​សៀមរាប តែងវេច​អន្សម​ផ្អាវ​​សម្រាប់​រៀបចំ​ពិធីឡើង​អ្នកតា​ប្រចាំ​ឆ្នាំ​ទៀត​ផង។ ពេល​ឡើង​នោះ គេយកនំអន្សមផ្អាវទៅចង​រាយ​គ្នា​នៅ​ខ្ទមអ្នកតាក្នុងគំនិតថា នំ​នីមួយៗ​​ជា​ឃ្មុំ​មួយ​ផ្លិត។ បើសាច់នំនោះរបូតពីស្លឹកផ្អាវ​ធ្លាក់​មក​ដីក៏មិនជាការអ្វី ព្រោះ​ហាក់​​​បីដូច​ជា​ឃ្មុំ​ដែល​គេយកបានផុតពីដើមមកដែរ។

គមផ្អាវ៖ គឺ​ជា​ផ្នែកខាងគល់ផ្អាវ​ ​(ខ្លះហៅ​ចុង​ផ្អាវ​)​ ដែលមានបណ្តូល(គម)សាច់​ខ្ចី​ខាង​ក្នុង ហើយ​គេ​អាច​​យក​មកទទួល​ទានបាន​ច្រើនរបៀប​ដូច​ជា​ ស្លកកូរ ស្លម្ជូរ និង​ធ្វើ​ជ្រក់​ជា​ដើម។ សព្វ​ថ្ងៃ​នេះ​​​ក៏មាន​អ្នក​ថ្មើរ​ព្រៃ​ខ្លះ​ ​នាំយក​​គម​ផ្អាវមក​លក់​ដោះ​ស្រាយ​ជីវ​ភាព​​​​ដែរ ​​​(រូប​លេ​​ខ​៩)។ មុននឹង​យក​ទៅស្ល ឬជ្រក់ គេត្រូវ​កាប់​យក​ផ្នែក​ខាងគល់​ផ្អាវ​ប្រវែង​ប្រហែល​ស្ទើរ​កន្លះ​ម៉ែត្រ​។​ រួច​យក​ទៅ​ដុត​នឹង​រងើក​ភ្លើង​មួយ​ស្របក់ ទើប​​បកយក​បណ្តូល​ខាង​​ក្នុង​មក​ចិត​ ឬកោស​ជា​ចំណិត​ស្តើងៗ។ ប៉ុន្តែ​អ្នកខ្លះ​និយម​​ចូលចិត្ត​គម​ផ្តៅ​ស្រស់​ ដោយ​​​​​​​បក​យក​តែ​បណ្តូល​ខ្ចីហើយ​ចិត​ជា​ចំណិត​ស្តើងៗ​ត្រាំទឹក​មួយស្របក់​ខ្លី​ ដើម្បី​ឱ្យ​សាប​​ជាតិ​ល្វីង​​ខ្លះ​​ក៏បាន (រូបលេខ​១០)។

គម​ផ្អាវ​ដាក់លក់​តាមភូមិ (ប្រភព៖ AMS Economy)

ចំពោះ​សម្ល​គម​ផ្អាវ គេសង្កេតឃើញពុំ​ខុស​ប្លែក​ពីសម្លកកូរ ឬ​សម្លម្ជូរ​ផ្សេងឡើយ ទាំង​​គ្រឿង​ផ្សំ ត្រីសាច់ ឬរបៀប​ស្ល។ ប៉ុន្តែ​​សម្លកកូរ ឬសម្លម្ជូរ​ប្រើគម​ផ្អាវ​ជា​បន្លែ គឺមាន​រសជាតិ​​​ល្វីង​តិចៗ ស្រដៀង​នឹង​គម​ទន្សែ ឬ​កកូរ​ត្នោត​ដែរ។ ដោយឡែក បើ​និយាយ​ពីជ្រក់​ផ្អាវ​​​គឺ​ជា​​អាហា​រ​មួយបែប​ប្លែក​ពី​ជ្រក់​ដទៃ។ គេយក​គម​ផ្អាវ​ដែល​ដុត​ដូច​រៀបរាប់ខាងលើ​ មក​បក​យក​បណ្តូល​ខ្ចី រួច​ចិត​ជាចំណិត​ស្តើងៗ​ដូចស្លដែរ។ ប៉ុន្តែ​គ្រឿង​​សម្រាប់ជ្រក់​ដែល​គេ​​ប្រើ​​គឺ​មាន​ប្រហុក​ និង​ស្លឹក​ទ្រមូង​អាំង ហើយ​យក​ទៅ​ដាក់​ច្របល់​ ឬយក​ស្លាបព្រាសង្កត់​ឱ្យ​បែក​សាច់​ផ្អាវ​ចូលជា​តិ​ជាមួយប្រហុក​ និង​ស្លឹកទ្រមូង​។ ស្លឹក​ទ្រមូងអាំងនោះ​ចេញ​ជាតិ​ជូរ​ចូលជាមួយ​រសជាតិប្រហុក និងជាតិល្វីងតិចៗ​របស់ផ្អាវ។ ​បែបនេះហើយ ទើប​ហៅថា​ប្លែក​ពី​ជ្រក់​ដទៃដូចជា​ជ្រក់ត្រសក់ ឬជ្រក់ស្ពៃ ដែលត្រាំផ្អាប់យូរ។ ដោយឡែក ក្រៅពីប្រយោជន៍​សំខាន់ៗរបស់ផ្អាវ​ដូចរៀបរាប់​យ៉ាង​សង្ខេប​ខាងលើ រុក្ខជាតិ​នេះ​នៅអាច​ប្រើ​ការ​បានច្រើនយ៉ាង​ទៀត​ដូចជា យកធាងធ្វើអំបោស យក​ស្លឹក​ធ្វើ​ដួន និង​ផ្នែក​ខ្លះគេផ្សំប្រើជាឱសថបុរាណ។ ចំពោះ​អំបោស​ធាង​ផ្អាវ គេកាប់យកធាង​ផ្អាវ​ពី​គល់វាមក ហើយ​សម្អាតបន្លាចេញ និង​ច្រៀក​កាត់​ស្លឹក​ចេញ ទុក​តែទ្រនុង​ស្លឹក​ រួច​ហាល​ឱ្យស្ងួតចងជាបាច់ប្រហែលបួនដប់ធាងក៏កើតជាអំបោស ដែលអាចប្រើសម្រាប់បោស​ធ្លា​ផ្ទះ ឬសម្អាតពីងពាង​ជាដើម។ ចំណែកឯ​ការ​យក​ស្លឹក​ទៅដេរធ្វើជា​ដួន គឺ​ពុំខុសអ្វី​ពី​ការ​​ធ្វើ​ដួ​ន​ស្លឹកត្នោត​ឡើយ ពោលគឺ​យក​ស្លឹក​ផ្អាវ​មក​ដេរ​​ភ្ជិតលើ​គ្រោង​ឫស្សី​​មាន​សណ្ឋាន​ដូច​សា​ជី។ រីឯ​ការប្រើសម្រាប់ជា​ឱសថ​បុរាណ អ្នកភូមិខ្លះ​បញ្ជាក់ថា​ គេយក​ដើម​ផ្សំជាមួយ​រុក្ខជាតិ​ដទៃ​សម្រាប់ព្យាបាល​របេង ឫសផ្អាវ​ផ្សំជាមួយ​រុក្ខជាតិផ្សេងៗទៀត​ សម្រាប់​ជា​ថ្នាំ​រក្សាគភ៌។ ប៉ុន្តែយ៉ាងណាក្តី គុណប្រយោជន៍ចុ​ងក្រោយរបស់ផ្អាវនេះ ហាក់ពុំ​សូវ​ទូលំ​ទូលាយ​ឡើយ៕

អត្ថបទដោយ៖  ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!