សិល្បៈសម័យដំបូងរបស់ខ្មែរ គឺផ្តើមចេញពីតំបន់ខាងត្បូងដែលមានតំបន់ពីរសំខាន់ៗ គឺអូរកែវ (សព្វថ្ងៃវៀតណាមខាងត្បូង) និងតំបន់ភ្នំដា (ស្រុកអង្គរបុរី ខេត្តតាកែវ)។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងអំពីសិល្បៈនៅតំបន់ភ្នំដានោះ គឺសិល្បៈលុងភ្នំ និងបដិមាករមួយចំនួន។ បដិមាដែលលេចឡើងដំបូង គឺច្រើនទាក់ទងនឹងនិកាយវៃស្នវ (និកាយគោរពដល់ព្រះវិស្ណុ) ឧទាហរណ៍ បដិមាព្រះវិស្ណុព្រះហស្តប្រាំបី ព្រះក្រឹស្ណ ព្រះរាម ព្រះពលរាម ព្រះបរសុរាម។ ការនិយមគោរពព្រះវិស្ណុនៅដំណាក់ដំបូងនេះ មិនមែនមានតែនៅស្រុកខ្មែរនាសម័យនោះប៉ុណ្ណោះទេ ពោល គឺតំបន់ផ្សេងទៀតនៅទឹកដីអាស៊ីអាគ្នេយ៍ក៏មានដូចគ្នាដែរ ជាក់ស្តែង បដិមាព្រះវិស្ណុស.វ.ទី៥ រកឃើញនៅស្រីទេព ប្រទេសថៃឡង់ដ៍ ជាដើម។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីបដិមាព្រះវិស្ណុមានព្រះហស្តប្រាំបីដ៏ល្បីល្បាញមួយដែលរកឃើញនៅតំបន់ភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវ។ តើបដិមានេះ មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?
បដិមាព្រះវិស្ណុព្រះហស្តប្រាំបីនេះ រកឃើញតាមរយៈការធ្វើកំណាយនៅភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវ ក្នុងឆ្នាំ១៩៣៥ ដោយអ្នកស្រាវជ្រាវ និងអ្នកអភិរក្សបេតិកភណ្ឌជនជាតិបារាំងម្នាក់ឈ្មោះ ហង់រី ម៉ូហ្សេ (Henri Mauger)។ នៅពេលរកឃើញដំបូង បដិមានេះបានបាក់បែកផ្នែកមួយចំនួន ជាពិសេសផ្នែកខាងក្រោមត្រង់ជើងខាងស្តាំ និងផ្នែកខាងលើត្រង់ដៃខាងឆ្វេង។ បដិមានេះធ្វើអំពីថ្មភក់ (ថ្មថ្លើមអណ្តើក) មានកម្ពស់រហូតដល់ ២,៨៧ម៉ែត្រ ដែលអាចចាត់ទុកថាជាបដិមាព្រះវិស្ណុធ្វើអំពីថ្មភក់ដែលធំជាងគេ និងមានកម្ពស់ខ្ពស់ជាងគេបង្អស់នៅក្នុងសិល្បៈខ្មែរ។ ម្យ៉ាងវិញទៀត បដិមាព្រះវិស្ណុនេះទៀតសោត គឺជាបដិមាព្រះវិស្ណុមានព្រះហស្តប្រាំបីដំបូងគេនៅក្នុងសិល្បៈខ្មែរ។ បដិមានេះក៏មិនខុសពីបដិមាផ្សេងទៀតនៅសម័យដំបូងៗដែរ ពោល គឺសិល្បករស្ថាបនាឡើងដោយមានក្បាច់រាងដូចដែកក្រចកសេះជុំវិញដើម្បីធ្វើជាជន្ទល់សម្រាប់ទប់។ សព្វថ្ងៃ បដិមានេះកំពុងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិកម្ពុជា នាទីក្រុងភ្នំពេញ។
បដិមានេះពាក់មកុដរាងស៊ីឡាំងខ្ពស់ មានទម្រង់ព្រះភក្រ្តរាងមូលទ្រវែងក្នុងទម្រង់សមាធិ (ស្ងប់ស្ងាត់) ច្រមុះមានខ្ទង់ ស្លឹកត្រចៀកវែង ព្រះនេត្របិទ (មានត្របក)។ ដងខ្លួនបដិមាមានភាពស៊ីគ្នាជាមួយនឹងស្មារបស់បដិមា។ បដិមានេះស្លៀកសំពត់ខ្លី មានភ្លីចេញពីប្រភពតែមួយ ដែលអាចចាត់ទុកជាសំពត់ចងក្បិនដំបូងៗដែលយើងអាចមើលឃើញនៅលើបដិមា។ ព្រះហស្តខាងស្តាំកាន់កេតនភណ្ឌគ្រប់ទាំងអស់ ដែលព្រះហស្តខាងលើកាន់ភ្លើង ព្រះហស្តខាងក្រោមទី២កាន់ដំបងតូចមួយ ព្រះហស្តថ្នាក់ទី៣កាន់ស្បែកសត្វ និងព្រះហស្តក្រោមបង្អស់កាន់ដំបងធំរាងកោង។ ចំណែកព្រះហស្តឆ្វេងវិញ បានបាក់បែកនៅសល់តែខាងក្រោមពីរប៉ុណ្ណោះ ដែលព្រះហស្តមួយកាន់វជ្រ (គ្រាប់រន្ទះ) និងព្រះហស្តខាងក្រោមបង្អស់កាន់ថូទឹក។ ជាទូទៅ កេតនភណ្ឌទាំងនេះ គេមិនធ្លាប់ឃើញព្រះវិស្ណុកាន់នោះទេ ហើយភាគច្រើនព្រះវិស្ណុមានព្រះហស្ត៤ដែលរកឃើញនៅក្នុងសិល្បៈខ្មែរច្រើនតែកាន់កេតនភណ្ឌចំនួន៤ដូចគ្នា គឺកងចក្រ ដុំមូល (ផែនដី) ដំបង និងខ្យងស័ង្ខ។ ដូច្នោះហើយ ព្រះហស្តចំនួនពីរដែលបាត់បង់នោះ គេមិនដឹងថាកាន់កងចក្រ ខ្យងស័ង្ខ ឬដុំមូល (ផែនដី) ឬអត់ទេ។
(វជ្រ ឬគ្រាប់រន្ទះ)
(ស្បែកសត្វ និងដំបងធំ)
(វជ្រ ឬគ្រាប់រន្ទះ)
(ថូទឹក)
លោក ព្យែរ ឌុយប៉ុង (Pierre Dupont) ដែលជាអ្នកស្រាវជ្រាវជនជាតិបារាំងធ្លាប់បានសិក្សាលម្អិតអំពីបដិមាខ្មែរនៅសម័យដំបូងៗនោះ បានសាកល្បងហៅបដិមាព្រះវិស្ណុនេះថា “ហរិកម្វុជេន្រ្ទ” ដែលអាចប្រែថា “ព្រះវិស្ណុនៃកម្ពុជា” ឬ “ម្ចាស់នៃកម្ពុជា”។ ការហៅដូច្នេះគឺលោកយោងទៅតាមសិលាចារឹកមួយដែលរកឃើញនៅប្រាសាទភ្នំដា ចុះបញ្ជីលេខ K.549។ ក្រៅពីនេះ លោក ហ្សង់ បូហ្សឺលីយែរ (Jean Bossilier) បានចាត់បដិមានេះចូលទៅក្នុងរចនាបថភ្នំដា ដែលមានអាយុកាលនៅចុងសម័យហ្វូណនដល់ដើមសម័យចេនឡា ក្នុងរវាងឆ្នាំ៥៤០ ដល់ ៦០០។ ប៉ុន្តែ ការសិក្សាថ្មីៗនេះដោយលោក Nancy H. Dowling បានសនិ្នដ្ឋានថា បដិមាដែលរកឃើញនៅភ្នំដា រួមទាំងបដិមាព្រះវិស្ណុព្រះហស្តប្រាំបីនេះផង អាចសាងឡើងនៅរវាងដើមស.វ.ទី៧ ច្រើនជាង។ បន្ថែមពីនេះទៅទៀត ការសិក្សាលម្អិតរបស់លោក Paul Lavy អំពីបដិមាព្រះវិស្ណុ និងហរិហរនៅកម្ពុជាក្នុងសម័យមុនអង្គរ បានសាកល្បងពន្យល់អំពីមូលហេតុដែលព្រះរាជាជំនាន់នោះពេញនិយមគោរពព្រះវិស្ណុ (និកាយវៃស្នវ) ដោយលោកសន្និដ្ឋានថា ព្រះរាជាគឺដូចជាទេព គ្រាន់តែព្រះរាជាជាទេពនៅផែនដី និងព្រះវិស្ណុជាទេពនៅស្ថានសួគ៌ ហើយមានតួនាទីជាអ្នកគ្រប់គ្រង ថែរក្សាលោកដូចគ្នាដែរ។
ជារួមមក បដិមាព្រះវិស្ណុព្រះហស្តប្រាំបីដែលរកឃើញនៅភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវ បានបង្ហាញនូវភាពលេចធ្លោយ៉ាងខ្លាំងនៃសិល្បៈខ្មែរសម័យដំបូង។ លក្ខណៈទូទៅរបស់បដិមា ច្រើនមានលំនាំតាមឥណ្ឌាក៏ពិតមែន ប៉ុន្តែសិល្បករខ្មែរបានព្យាយាមកែប្រែមកជារូបភាពសិល្បៈក្នុងតំបន់។ បដិមានេះ ប្រហែលជាមានព្រះនាមថា “ហរិកម្វុជេន្រ្ទ” ដូចដែលសិលាចារឹកបាននិយាយអាចថាបាន បើទោះបីគេមិនមានភស្តុតាងច្បាស់យ៉ាងណាក៏ដោយ៕
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី