សិលាចារឹកមួយផ្ទាំងនេះ បានរកឃើញនៅទួលស្ពឺ ភូមិសំបួរ អតីតស្រុកភ្នំពេញ ខេត្តកណ្ដាល បច្ចុប្បន្នត្រូវនឹងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពុំមានឯកសារបញ្ជាក់អំពីទីតាំង និងបុរាណវត្ថុផ្សេងៗទៀត នៅទីតាំងរកឃើញនោះឡើយ ពោលគឺមានត្រឹមរបាយការណ៍យកសិលាចារឹកនេះ ចូលមកសារមន្ទីរជាតិភ្នំពេញ កាលពីឆ្នាំ១៩៣០ ប៉ុណ្ណោះ។ តាមរយៈគេហទំព័រផែនទីបុរាណដ្ឋាននៃប្រទេសកម្ពុជា (CISARK) សន្និដ្ឋានថាសិលាចារឹកនេះរកឃើញនៅតាំង វត្តសំបួរមាស ដែលនៅទីនោះមានបំណែកបល្លង្កមួយ ជើងទម្រថ្មភក់ និងគ្រុឌ ព្រមទាំងសិលាចារឹកមួយផ្ទាំងនេះ។
ក្នុងឆ្នាំ១៩៥៣ លោក ហ្សក សេដេស បានសិក្សានិងចុះផ្សាយអត្ថបទសិលាចារឹកនេះ នៅក្នុងសៀវភៅសិលាចារឹកនៃប្រទេសកម្ពុជា (Inscriptions du Cambodge) ក្បាលទី៥ របស់លោក។ ចំណែកលោក ហ្វីលីព ជេន្នើរ ក៏បានសិក្សាអត្ថបទសិលាចារឹកនេះផ្សាយជាភាសាអង់គ្លេសដែរ ដែលការសិក្សារបស់លោកពឹងផ្អែកសំខាន់លើឯកសាររបស់លោក សេដែស។
អត្ថបទសិលាចារឹកនេះ ចារនៅលើថ្មស្រទាប់ ដែលជាប្រភេទថ្មនិយមប្រើនៅសម័យអង្គរ និងរចនារូបរាងបែបសន្លឹកសីមា ប៉ុន្ដែការរចនានោះពុំបានល្អស្អាតប៉ុន្មានទេ។ ចំពោះ ការចារអក្សរវិញ មានការផ្ទាត់ដាច់ផ្ទៃថ្មជាច្រើនអន្លើផង។ អត្ថបទមានចំនួន១៤បន្ទាត់ សរសេរជាភាសាខ្មែរបុរាណសម័យមុនអង្គរ ពុំមានចុះកាលបរិច្ឆេទឡើយ ប៉ុន្តែតាមទម្រង់តួអក្សរ ឬបុរាណលេខន៍ វាគួរតែស្ថិតនៅក្នុងរវាងស.វ.ទី៧-៨។ អត្ថន័យសំខាន់នៃអត្ថបទនេះ គឺជាបញ្ជីខ្ញុំបម្រើ ដីស្រែ និងគោ ជាបុណ្យរបស់ម្រតាញកុមារស្វាមី ដែលថ្វាយចំពោះប្រាសាទព្រះគម្ដែងអញតិលកេសូរ។ ចំពោះអ្នកបម្រើភេទស្រី យើងឃើញអ្នកខ្លះមានកូន និងចៅមកធ្វើការជាមួយផង។
សិលាចារឹកភូមិសំបួរ K.៦៦៤
អត្ថបទដើមជាអក្សរខ្មែរទំនើប
១- អំនោយ៑ម្រតាញ៑កុមារស្វាមិឰតវ្រះកម្រតាង៑អញ៑តិល
២- កេឝ្វរ·តាញ៑គិុតយជមានតវ្រះក្លោញ៑បោញ៑·ក្លោញ៑សំវោក៑
៣- ឯកាវលិ·តាង៑កន្មេង៑·គេយជមានវ្រះគេចុះតងៃវ្រហ្ហ
៤- ក្ញុំវ្រះតឃោទវាអំវិលឝាខ·វាឆត៑·វាភរ៑ក្លា·វាត្មញ៑·
៥- វាលទុ·វាមណ្ឌា·វាត្វោ-៑·វាកុកះ·វាអំបិក៑·វាត្យោន៑·វា
៦- សំវេរ៑·វា(គ្មា/ស្មា)ស៑·វាត្វៃ·កុនយនី១កោន៑កុ៤ចៅកុ២
៧- កុជំវុលី១កោន៑កុ៤កុចន្ទ្រលេខ១កោន៑កុ៤កុ-
៨- ក១កោន៑កុ៦ចៅកុ៤កុអ្នង៑១កោន៑កុ៤កុកិសរ៑(១)
៩- កោន៑កុ៤កុមញ្ជរី១កោន៑កុ២កុជ្មហ៑សេង៑១កោ(ន៑)
១០- កុ២កុភ្រមរី១កោន៑កុ២កុកត្តិលី១កុស្រី១កុតិ(លិ)
១១- វាច្កប៑១កុកុកះ១កុរំនោច៑វ្រះ១ក្ញុំប្រទាន(កុ-)
១២- ន្ទហ្ហរូ១កុរង្គឝ្រីយ១ស្រេសន្រេ៧ត្មុរ៑៨០
១៣- (ស្រេ)មាន៑ជាហ្វឰស្តុក៑ស្លាង៑ទ្រោង៑ច្បរ៌វេរ៑ស[ន្រេ]
១៤- –វះវុន៑ស្រេវ្រៃយ៑ក្រាយ៑ស្រេប្រសាន៑–
៣– អត្ថបទប្រែសម្រួល
(១-២) អំណោយ(/តង្វាយ)របស់ម្រតាញកុមារស្វាមី (ថ្វាយ)ចំពោះព្រះគម្ដែងអញតិលកេសូរ។
(២-៣) អ្នកដែលជាយជមានចំពោះព្រះគឺក្លោញបោញ ក្លោញសំវោកឯកាវលី (និង)តាងកន្មេង។ អ្នកទាំងនេះគឺជាយជមានព្រះ និងជាអ្នកកត់ត្រា(នា)ថ្ងៃសីល។
(៤-១១) អ្នកបម្រើព្រះ ដ៏ជាបុរស(មាន) វាអំពិលសាខ វាឆត វាភរក្លា វាត្មញ វាលទុ វាមណ្ឌា វាត្វោ- វាកុកះ វាអំបិក វាត្យោន វាសំវេរ វាគ្មាស វាត្វៃ (និងជាស្រ្តីមាន)កុនយនី១ កូន៤ និងចៅ២ កុជំវុលី១ កូន៤ កុចន្ទ្រលេខ១ កូន៤ កុ-ក កូន៦ និងចៅ៤ កុអ្នង១ កូន៤ កុកិសរ១ កូន៤ កុមញ្ជរី១ កូន២ កុជ្មហសេង១ កូន២ កុភ្រមរី១ កូន២ កុកត្តិលី១ កុស្រី១ កុតិលិ-១ វាច្កប១ កុកុកះ១ កុរំនោចវ្រះ១។
(១១-១២) អ្នកបម្រើជាអំណោយ (មាន) កុ–ន្ទហ្ហរូ១ កុរង្គស្រីយ១។
(១២-១៤)ស្រែ៧សន្រែ គោ៨០ ស្រែដែលជាវនៅឯស្ដុកស្លាងនិងច្បារ២សន្រែ —(មានស្រែនៅ–)វះវុន ស្រែវ្រៃក្រាយ ស្រែប្រសាន–។
៤– ពន្យល់ពាក្យ
ម្រតាញ៑ ឋានន្តរនាមរបស់មន្ត្រីព្រះមហាក្សត្រឬព្រាហ្មណ៍ថ្នាក់ខ្ពស់នាសម័យមុនអង្គរ។
វ្រះកម្រតាង៑អញ៑ ឋានន្តរនាមអាទិទេពឬព្រះមហាក្សត្រនាសម័យមុនអង្គរ។ ពាក្យនេះត្រូវនឹងពាក្យទំនើបថា «ព្រះគម្ដែងអញ» មានន័យថា «លោកជាអម្ចាស់នៃខ្ញុំ»។
តិលកេឝ្វរ (សំ. តិលក = ចឺម + ឦឝ្វរ = ទេព) ទេពនៃតិលក, ជាព្រះនាមម្យ៉ាងរបស់ព្រះឥសូរ។
តាញ៑ ជាឋានន្តរនាមសម័យមុនអង្គរ។ ក្នុងសិលាចារឹកនេះ សំដៅដល់អ្នកដែលជាយជមានចំពោះព្រះ។
យជមាន អ្នកធ្វើយជ្ញ អ្នកធ្វើពិធីសក្ការបូជា អ្នកមានធនធានរៀបចំពិធីបូជា។
ក្លោញ៑ មេ ប្រធាន មេក្លោង។
កន្មេង៑ ក្មេង។
ចុះ កត់ត្រា ចុះបញ្ជី។
តងៃ ថ្ងៃ។
តងៃវ្រះ ថ្ងៃសីល។
ក្ញុំ អ្នកបម្រើ។
ឃោទ (សំ.) ជាឋានន្តរនាមសម្គាល់បុរស មនុស្សប្រុសពេញកម្លាំង។
វា ឋានន្តរនាមសម្គាល់មនុស្សប្រុស។
កុ ឋានន្តរនាមសម្គាល់មនុស្សស្រី។
ស្រេ ស្រែ។
សន្រេ ខ្នាតរង្វាស់ស្រែ។
ទ្រោង ទាំង រួមទាំង និង។
ច្បរ៌ ច្បារ។
វ្រៃ ព្រៃ។
———————–
Inscription of Sambour village K.664
This inscription was found in Toul Speu, Sambour village, former Phnom Penh district, Kandal province, now corresponding to Sambour village, Sangkat Dangkor, Khan Dangkor, Phnom Penh. However, no documents confirm the location and other archeological sites in the area, only reports of the inscription being brought to the National Museum in Phnom Penh in 1930. According to the Archaeological site Map of Cambodia (CISARK) website, the inscription was found at the Sambour Meas pagoda, where also found pieces of the throne, a sandstone pedestal, and Garuda.
In 1953, Cœdès studied and published this inscription in his fifth book, Inscriptions du Cambodge. Phillip Jenner also studied the inscription published in English, but his studies relied on Coedes’ documents.
This inscription is inscribed on the stone commonly used in the Angkorian period, and designed similarly Sima form, but the design is not very good and there are many removals on the stone surfaces.
Moreover, it contained the 14-line text, written in ancient pre-Angkorian Khmer, which is not dated, but in alphabetical or arithmetic form, it should have been between the 7th-8th centuries. The main meaning of this article described the list of slaves, rice fields and cows, which is the feast of the Mratañ Komar Svami dedicated to the temple of Preah Vraḥ Kamsteṅ Añ Tilakesvra. In addition, it dedicated female servants who have children and grandchildren to work with.
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង