ព្រះពុទ្ធសាសនា ក៏មិនខុសគ្នាប៉ុន្មានពីព្រហ្មញ្ញសាសនាដែរ គឺបានសាយភាយឥទ្ធិពលពីស្រុកឥណ្ឌាហូរចូលមកស្រុកខ្មែរនៅសម័យដំបូងៗ (ហ្វូណន និងចេនឡា) តាមរយៈទំនាក់ទំនងផ្លូវសមុទ្រ។ គេសង្កេតឃើញថា បុរាណវត្ថុដំបូងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនាច្រើនតែរកឃើញនៅតំបន់ភាគខាងត្បូងប្រទេស ដូចជា ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ។ល។ ក្នុងនោះ មានព្រះពុទ្ធបដិមាមួយអង្គគេបានរកឃើញនៅទួលព្រះធាតុ ស្ថិតនៅឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តើព្រះពុទ្ធបដិមានេះមានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?
ព្រះពុទ្ធបដិមានេះ មានកម្ពស់ ៩៤ស.ម. ទទឹង ៣៣ស.ម. រកឃើញនៅទួលប្រាសាទឥដ្ឋមួយដែលមានឈ្មោះថា “ទួលព្រះធាតុ” ត្រង់ផ្នែកខាងត្បូងទួល នៅក្នុងឆ្នាំ១៩៣៥។ ក្រោយមក សាលាបារាំងចុងបូព៌ាប្រទេស បានបញ្ជូនព្រះពុទ្ធបដិមាអង្គនេះមករក្សាទុកនិងដាក់តាំងបង្ហាញនៅសារមន្ទីរហ្គីមេត នាទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានលេខបញ្ជី MG18891។ នៅពេលប្រទះឃើញបដិមានេះដំបូង ព្រះសិរព្រះពុទ្ធអង្គបានដាច់ចេញពីព្រះកាយ ហើយព្រះហស្តឆ្វេងដាច់ត្រឹមកដៃ និងព្រះហស្តស្តាំបាក់បែកម្រាមតិចតួច (រូបលេខ១-២)។
ព្រះពុទ្ធរូបរកឃើញនៅទួលព្រះធាតុ ខេត្តកំពង់ស្ពឺ នៅទីតាំងដើម ថតឆ្នាំ១៩៣៥ (ប្រភព៖ សាលាបារាំងចុងបូព៌ាប្រទេស)
ព្រះពុទ្ធអង្គទ្រង់ឈរនៅលើថ្មទម្រមានរាងប្រាំបីជ្រុងតូចមួយ ក្នុងទម្រង់ព្រះភក្រ្តបែបស្មឹងស្មាធដោយការបិទព្រះនេត្រទាំងសងខាង ព្រះកេសាមានរាងដូចគូទខ្យង បបូរមាត់ក្រាស់ ច្រមុះមានខ្ទង់ ស្លឹកត្រចៀកវែង និងគ្រងដោយស្បង់វែងធ្លាក់ដល់កជើង (រូបលេខ៣-៧)។ បើទោះបីព្រះហស្តខាងឆ្វេងបាក់បែកក៏ដោយ ក៏ព្រះហស្តខាងស្តាំបង្ហាញថា ព្រះពុទ្ធរូបអង្គនេះឆ្លាក់ក្នុងកាយវិការវិតក៌មុទ្រដែរ។ វិតក៌មុទ្រ សំដៅដល់កាយវិការដៃស្តាំមានម្រាមចង្អុលនិងម្រាមមេផ្គួបគ្នា ហើយម្រាមបីទៀតលើកទៅលើ និងដៃឆ្វេងម្រាមចង្អុលនិងម្រាមមេផ្គួបគ្នាដូចគ្នា តែម្រាមបីទៀតទម្លាក់ចុះក្រោម។ វិតក៌មុទ្រ សំដៅលើកាយវិការនៃការបង្រៀន ឬសំដែងធម៌របស់ព្រះពុទ្ធអង្គដល់សត្វលោក។ ព្រះពុទ្ធរូបដែលមានកាយវិការរបៀបនេះ គេធ្លាប់រកឃើញនៅទួលអង្គវិល ខេត្តកំពង់ស្ពឺ។ វាប្រាកដណាស់ថា កាយវិការនេះមានប្រភពមកពីស្រុកឥណ្ឌា ជាពិសេសសិល្បៈសម័យគុប្ត (សិល្បៈសាន៌ាថ និងអាជណ្តា) ប៉ុន្តែនៅក្នុងសិល្បៈខ្មែរដំបូងៗហាក់មិនសូវនិយមខ្លាំងប៉ុន្មានឡើយ ផ្ទុយពីសិល្បៈទ្វារវតី (មន) ដែលស្ទើរគ្រប់ព្រះពុទ្ធរូបសុទ្ធសឹងមានកាយវិការនេះ។ ហេតុដូច្នេះហើយ ទើបនាំឱ្យលោក Pierre Dupont យល់ថា ព្រះពុទ្ធរូបដែលរកឃើញនៅទួលព្រះធាតុ ខេត្តកំពង់ស្ពឺនេះ អាចមានទទួលឥទ្ធិពលសិល្បៈទ្វារវតី។ ទោះជាយ៉ាងណាក៏ដោយ ការស្នើរបស់លោកនៅមានការចំណុចដែលពិបាកទទួលយកច្រើន ដ្បិតវាអាចទៅរួចដែរថា ព្រះពុទ្ធរូបនេះ និងព្រះពុទ្ធរូបសិល្បៈទ្វារវតីជាច្រើននោះ សុទ្ធសឹងទទួលឥទ្ធិពលសិល្បៈពីឥណ្ឌាដូចគ្នា។
ព្រះពុទ្ធរូបរកឃើញនៅទួលព្រះធាតុ ខេត្តកំពង់ស្ពឺ តាំងនៅសារមន្ទីរជាតិហ្គីមេត ប្រទេសបារាំង
អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមនោះគឺ នៅលើខ្នងព្រះពុទ្ធរូបអង្គនេះមានសិលាចារឹកចំនួន ២ បន្ទាត់ សរសេរជាភាសាបាលី ហើយសិលាចារឹកនេះចុះបញ្ជីលេខ K.820 ដែលមានប្រភេទអក្សរដំបូងៗ (ស.វ.ទី៧-៨)។ សិលាចារឹកចំនួនពីរបន្ទាត់នេះ មានខ្លឹមសារដូចសិលាចារឹកជាច្រើនទៀតដូចជា សិលាចារឹកអង្គរបុរី (Ka. 86) សិលាចារឹកវត្តស្រះឈូក Ka.110 និងសិលាចារឹកមួយចំនួនទៀតរកឃើញនៅស្រុកសៀម។ អ្នកស្រាវជ្រាវជាច្រើនតែងយល់ថា ដោយសារតែសិលាចារឹកនេះសរសេរជាភាសាបាលី វាបានក្លាយជាសក្ខីកម្មមួយបញ្ជាក់អំពីព្រះពុទ្ធនិកាយថេរវាទ (ស្ថិរវ)។ ខ្លឹមសារទាំងស្រុងនៃសិលាចារឹកដែលចារនៅលើខ្នងព្រះពុទ្ធរូបមានដូចតទៅ៖
១. យេ ធម្មា ហេតុប្រភវា តេសម ហេតុំ តថាគតោ អវច
២. តេសញ ច យោ និរោធោ ឯវំវាទី មហាសមនោ
ប្រែថា៖ “ធម៌ទាំងឡាយកើតឡើងអំពីហេតុ ព្រះតថាគតព្រះអង្គទ្រង់ត្រាស់ និងរំលត់នូវហេតុនៃធម៌ទាំងឡាយនោះ តាមឱវាទរបស់ព្រះមហាសមណដែលទ្រង់តែងតែបានអប់រំ”។
សរុបជារួមមក តាមប្រភពសិលាចារឹក (រូបរាងអក្សរ) និងផ្នែកសិល្បៈនៃព្រះពុទ្ធរូបដែលរកឃើញនៅទួលព្រះធាតុ ខេត្តកំពង់ស្ពឺ នាំឱ្យអ្នកស្រាវជ្រាវជាទូទៅសន្និដ្ឋានថា បដិមានេះសាងឡើងនៅរវាងស.វ.ទី៧ ឬទី៨។ ព្រះពុទ្ធព្រះភគវន្តសក្យមុនីសម្ពុទ្ធមួយអង្គនេះ គឺជាបុរាណវត្ថុដ៏សំខាន់ដើម្បីឱ្យដឹងអំពីការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនានៅសម័យបុរាណ ជាពិសេស តាមរយៈសិលាចារឹកសរសេរជាភាសាបាលីទៀតផងនោះ ព្រះពុទ្ធរូបនេះ ក៏អាចជាផ្នែកមួយនៃនិកាយថេរវាទនៅសម័យបុរាណផងដែរ៕
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី