ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកស្នាយពល K.៦៦

សិលាចារឹកស្នាយពល K.៦៦

ព័ត៌មានទូទៅ

សិលាចារឹកមួយផ្ទាំងនេះ​ រកឃើញដោយ​លោក អេត្យេន អៃម៉ូនីញ៉េរ នៅបរិវេណវត្តមួយ ក្នុង​ភូមិស្នាយពល ខេត្ត​ព្រៃវែង ដែលលោកដាក់ប្រភពថា​មកពី ភូមិមេលប់ ឬ​ មេបុណ្យ។ ក្នុងសៀវភៅ «ប្រទេសកម្ពុជា» ក្បាលទី១ បោះពុម្ពផ្សាយ​នៅ​ឆ្នាំ១៩០០ លោក​បាន​បង្ហាញ​​ថា មាន​សិលាចារឹកមួយផ្ទាំង​ នៅក្នុង​វត្តនៅ​ភូមិស្នាយពល​ ដែលមានទីតាំងប្រមាណជា ៣ ឬ ៤ គីឡូ​ម៉ែត្រ​ ខាង​ជើង​ភូមិកំពង់​ពារាំង។ ឯលោក ហង់រី ប៉ាម៉ង់ត្យេរ (១៩៣៥) ថាបានឃើញសិលាចារឹកនេះនៅទួលប្រាសាទ​ដែលមានចម្ងាយ ​៤៥០ ម៉ែត្រ​ ស្ថិតនៅ​ជ្រុងឦសានវត្ត។ នៅក្នុងគេហទំព័រ https://cisark.mcfa.gov.kh បញ្ជាក់ថា​ទីតាំង​វត្តស្នាយពល ជា​ទីតាំង​រកឃើញសិលាចារឹកនេះ ស្ថិតនៅចម្ងាយប្រមាណជា​ ៣ គីឡូ​ម៉ែ​ត្រ​ ខាងជើង​ភូមិកំពង់ពារាំង,  ប្រមាណជា​១,៣ គីឡូម៉ែត្រ ឦសាន​វត្តពារាំង និង​ ៤០០ ម៉ែត្រ​ នៅអាគ្នេយ៍​ភូមិស្នាយពល។ នៅក្នុងឆ្នាំ២០០៣ នៅទីនោះមាន​បំណែករូបចម្លាក់ពីថ្មភក់​និង​ឈើ។ សិលាចារឹកនេះ​រក្សាទុកនៅសារមន្ទីរ​ ល្វី ហ្វីណូត៍ នៅ​ទីក្រុងហាណូយ មុន​នឹងយក​មកសារមន្ទីរភ្នំពេញ នៅក្នុងឆ្នាំ​១៩៥៥ បន្ទាប់​មក​យកទៅរក្សាទុកនៅ​អភិរក្ស​អង្គរ ក្នុងឆ្នាំ​១៩៦៩។ នៅ​ឆ្នាំ​១៩៩៣ បានយកទៅរក្សា​ទុកនៅ​ក្នុងព្រះបរមរាជវាំង ហើយ​បានយក​មក​រក្សាទុកនៅ​សារមន្ទីរជាតិភ្នំពេញវិញ​ នៅក្នុងខែ​វិច្ឆិកា ឆ្នាំ​២០០២ និង​បន្ដរក្សា​ទុក​រហូតមកដល់សព្វ​ថ្ងៃ​។

ព្រះវិហារវត្តស្នាយពល (រូបថត៖ CISARK)

អត្ថបទចារឹកចារ​នៅលើថ្មស្រទាប់ រាងទ្រវែង បាក់ជាពីរ ដែលផ្នែកខាងលើ​មាន​ប្រវែង ៧២ ស.ម. បន្ទារ ២៤ ស.ម. និងកម្រាស់ ៥,៥ ស.ម. ចំណែកផ្នែកខាងក្រោម​មានប្រវែង ៦៣ ស.​​ម. បន្ទារ ២២,៥ ស.ម. និង​កម្រាស់ ៤ ស.ម.។ អត្ថបទនេះចារនៅលើផ្ទៃសងខាង​​នៃ​ថ្ម ដែល​ផ្ទាំងក មានអត្ថបទចំនួន​៣០បន្ទាត់ ប៉ុន្ដែត្រង់បន្ទាត់ទី៤ និងទី៥ បានបាត់បង់ ដោយការលុបចេញ ដែលទំនងជាចារខុស និង​នៅចន្លោះបន្ទាត់ទី១២ និងទី១៣ មានចារ​បន្ថែម​ ដែលយើងហៅថាបន្ទាត់ទី១២ស្ទួន។ ឯ​ផ្ទាំងខ មានចំនួន១៩​បន្ទា​ត់។ នៅលើ​​ផ្ទៃ​ផ្ទាំងក នៅខាងលើអត្ថបទ​នោះ មាន​ឆ្លាក់រូបសង្ខ ដែលលោក អេត្យេន អៃម៉ូនីញ៉េរ (១៩០០) យល់ថាសញ្ញានៅលើផ្ទាំងក គឺជាសញ្ញា «ឱំ» ទៅវិញ។ នៅផ្ទាំងខ មាន​ឆ្លាក់​រូបចក្រ ប៉ុន្ដែ​លោក ល្វី​ ហ្វីណូត៍ (១៩១៥) លោក សេដែស និងអ្នកឯទៀត យល់​ថារូបនៅលើ​ផ្ទាំងខនោះ ជារូបព្រះអាទិត្យទៅវិញ ដោយសំអាងថានៅលើ​អត្ថបទផ្ទាំងនោះ មាន​​ឈ្មោះ​​ ម្រតាញអាទិត្យ​ស្វាមី​ ជាអ្នកធ្វើតង្វាយ។ ប៉ុន្ដែ​តាម​ការ​សង្កេត​ រូបនោះពុំ​សម​ជារូប​ព្រះអាទិត្យនោះឡើយ គួរតែជាចក្រទៅវិញទេ គឺចក្ររបស់ព្រះនារាយណ៍។ យើង​អាច​ពិនិត្យ​ទៅលើ​រូបសញ្ញានៅលើ​ផ្ទាំងសិលាចារឹក K. ១២១៦ នៅលើ​នោះមានរូបសញ្ញា​ចំនួនបួន​ គឺវជ្រ សង្ខ ត្រីសូល និង​ចក្រ។ រូប សង្ខ និង ចក្រ គឺជាសញ្ញាតំណាងឱ្យព្រះ​នារាយណ៍, វជ្រ តំណាងឱ្យព្រះឥន្ទ្រ និង​ត្រីសូល តំណាងឱ្យព្រះឥសូរ។​ រូបសញ្ញាចក្រ​ នៅ​លើផ្ទាំងចារឹកនោះ គឺមានលក្ខណដូចគ្នានឹងរូបចក្រ នៅលើផ្ទាំងចារឹក​ស្នាយ​ពល​នេះ ពោលគឺមានកាំចំនួន​៨ និង​មុខចក្ររាងត្រីកោណ។ ជាពិសេស នៅផ្ទាំងខនៃសិលាចារឹកស្នាយពល​នេះ គឺ​ជា​បញ្ជីតង្វាយ​ចំពោះព្រះភគវតីព្រះនារាយណ៍។ ដូច្នេះ សិលាចារឹកនេះ គឺជា​សិលា​ចា​រឹ​ក​​ដែលឧទ្ទិសដល់ព្រះនារាយណ៍ ដែលរូបសញ្ញានៅលើសិលាចារឹកនេះ គួរតែទាក់ទង​នឹង​ព្រះអង្គតែប៉ុណ្ណោះ ពុំទាក់ទងនឹង​អ្នកធ្វើតង្វាយនោះទេ។

ចំពោះអត្ថន័យសិលាចារឹកវិញ នៅផ្ទាំងក គឺ​ជា​រំលឹកដល់​ការប្រតិស្ឋាន​ប្រតិមា​ព្រះ​នារាយណ៍ និងតង្វាយ​អ្នកបម្រើ៥០នាក់ជាង ចំពោះ​ប្រាសាទនោះ។ នៅផ្ទាំងខវិញ ​បង្ហា​ញ​​អំពី​ការ​ប្រតិស្ថាន​ប្រតិមា​ព្រះភគវតីនៃព្រះនារាយណ៍ ដែលទំនងជា​ព្រះ​នាង​លក្ស្មី​ និង​ថ្វាយ​តង្វាយ​អ្នកបម្រើ​ស្រី ដែលអ្នកបម្រើខ្លះ មានកូនផង។

អត្ថបទដើមជាអក្សរខ្មែរទំនើប

ផ្ទាំងក

១- វ្រះកំម្រតាង៑​អញ៑

២- ឝ្រីឝាលគ្រាម​

៣- ស្វាមិ

៤- [អត្ថបទរលុប]

៥- [អត្ថបទរលុប]

៦- កន្តៃបុយាង្វិនៃ១ជេង៑អញ៑១ម្រ

៧- តាញ៑​មិត្រាវលិ១​ក្លោ

៨- ញ៑​តាង៑​១ក្លោញ៑​ឧង៑១តេល៑សិត៑

៩- តវ្រះ១កុជីវសេន១កុ​ម្រហញ៑

១០- តាង៑១កុរំងប៑១កុប្កាឈេ១កុអ

១១- សរុ១កុរនោចរុ១កុរំភា១

១២-​ កុយនោច៑១កុហ្វេង៑១កុហេង៑១កុយ

១២(ស្ទួន)- កុកចេនុវត៌

១៣- បោញ៑១កុគុហិ១កុបន្រាង៑១កុល

១៤- —កុ–ល្មាស៑១កុ(ច្រ)-១

១៥- (កុ)សុមិ១កុប្យោរ៑១កុយ—១

១៦- កុរាហា១កុច្បោង៑១កុសោច៑

១៧- ក្ដោ១កុទិក៑១កុស្ដៅ១កុធនសិ

១៨- និ​១កុមញ៑ជរី១កុយរត៑(១)

១៩- កុលចក៑១កុយទត៑១កុស្រ-

២០- យា១កុអំវៃទេស៑១វាភាក៑(១)

២១- វាកំវន៑១វជេឞ្ឋទាស១វាច

២២- តូថី១វាធនករ១វាទ្មិក៑១វា

២៣- សោច៑តក៌១វាសអប៑១វាហ្វត៑

២៤-​ ជ្មហ៑១វាវម្ភនទាស១វាក្និ១វា

២៥- ភានុទាស១វាប្រច្ឆន៑១វាកោ

២៦- កិល៑១វាវ្ឫថិ១វារមញ៑១

២៧- វាហញ៑នេ១វាចំទក៑វ្រះ១

២៨- វាកម៌្មអញ៑ទៃ១វាក្លិង៑១

២៩- វាបញ្ចមិ១វាទ្វាទឝិ១

ផ្ទាំងខ

១- ម្រតាញ៑​អាទិត្យ​ស្វាមិ​ទុក៑​ភ

២- គវតិ​ឱយ៑​កន៑តៃ​តភគ

៣- វតិបុយាង៑​អញ៑១​សុល

៤- ក៑អញ៑១ម្រតាង៑​អញ៑១

៥- កុចាន៑១កោន៑កុកុមាថវិ១វា

៦- (ស្នាលលុបចោល) កុត្វៅ១កោន៑កុកុម

៧- លេង៑១កុជោង៑១វាចកេ១

៨- កុវ្រៅ១កុន៑កុវាក្លបិត៑១

៩-​ កុចំរេង៑១កុឧវ៌្វឝិ១

១០- —(កុ)—(កុ)—

១១- កោន៑កុវាច្កប៑១វាយ

១២- -នះ១កោន៑កុវរោហិណិ១

១៣- កុវងាអញ៑ឆេទ១កុ

១៤- អនង៑​១កុលយេ១កោ

១៥- ន៑កុវាបទិហត៑១វា

១៦- អវៃនុមត៑១វាត្ប

១៧- ញ៑១វាតឥស៑១វា

១៨- តឱង៑១វាលាភ១

១៩- វាត្មេង៑១

អត្ថបទប្រែសម្រួល

ផ្ទាំងក

(១-៥) ព្រះគម្ដែងអញ​ស្រីសាលគ្រាមស្វាមី—។

(៦-៩) (តង្វាយ)អ្នកបម្រើភេទស្រី​(របស់)​បូយាងវិនៃ១ ជេងអញ១ ម្រតាញមិត្រាវលិ១ ក្លោញតាញ១ ក្លោញឧង១ ដែលសិត(ទឹក)ថ្វាយ​ព្រះ។

(៩-២០) (អ្នកបម្រើស្រីមាន)កុជីវសេន១ កុ​ម្រហញតាង១ កុរំងប១ កុផ្កាឈើ១ កុ​អ​ស​រុ១ កុរនោចរុ១ កុរំភា១ កុយនោច១ កុហ្វេង១ កុហេង១ កុកចេនុវត៌(១) កុយបោញ១ កុ​គុហិ​១ កុបន្រាង១ កុល —- កុ–ល្មាស១ កុ(ច្រ)-១ (កុ)សុមិ១ កុប្យោរ១ កុយ—១ កុរាហា១ កុច្បោង១ កុសោចក្ដោ១ កុទិក១ កុស្ដៅ១ កុធនសិនិ​១ កុមញ្ជរី១ កុយរត១ កុលចក១ កុយទត១ កុស្រ យា១ កុអំវៃទេស១។

(២០-២) (អ្នកបម្រើប្រុសមាន) វាភាក១ វាកំវន១ វជេឞ្ឋទាស១ វាចតូថី១ វាធនករ១ វាទ្មិក១ វាសោចតក៌១ វាសអប១ វាហ្វតជ្មហ៑១ វាវម្ភនទាស១ វាក្និ១ វាភានុទាស១ វា​ប្រច្ឆ​ន៑​១​ វាកោកិល១ វាវ្រឹថិ១ វារមញ១ វាហញនេ១ វាចំទកវ្រះ១ វាកម៌្មអញទៃ១ វាក្លិង១ វា​បញ្ច​មិ​១ វាទ្វាទសី១។

សិលាចារឹកស្នាយពល K.៦៦៤ ផ្ទាំងក (រូបថត៖ EFEO_ CAM19764-2&3)

ផ្ទាំងខ

(១-៤) ម្រតាញអាទិត្យ​ស្វាមី ​ស្ថាបនា(ប្រតិមា)ព្រះភគវតី (និង)ថ្វាយនារីអ្នកបម្រើ​(ទាំងនេះ)​ចំពោះព្រះភគវតី (ថ្វាយដោយ)បុយាង​អញ១ ​សុលកអញ១ ម្រតាង​អញ១។

(៥-១៩) (នារីអ្នកបម្រើមាន) កុចាន១ កូនរបស់នាង គឺកុមាថវិ១ វា—, កុត្វៅ១ កូនរបស់​នាងគឺកុមលេង១ កុជោង១ វាចកេ១,  កុវ្រៅ១ កូនរបស់នាងគឺវាក្លបិត១ កុចំរេង១ កុឧវ៌្វសិ១, —(កុ)—(កុ)— កូនរបស់នាងគឺវាច្កប១ វាយ-នះ១, កូនរបស់នាងគឺវារោហិណិ១,  កុវងាអញឆេទ១, កុអនង​១, កុលយេ១ កូនរបស់នាងគឺវាបទិហត១ វាអវៃនុមត១ វា​ត្បញ​១ វាតឥស១ វាតឱង១ វាលាភ១ វាត្មេង១។

*សម្គាល់៖ នៅក្នុងសេចក្ដីបកប្រែនេះ រក្សាពាក្យបុរាណមួយចំនួនដូចជា «កុ» ជាឋានន្តរនាម​សម្គាល់​អ្នកបម្រើស្រី និង «វា» ជាឋានន្តរនាមសម្គាល់​អ្នកបម្រើប្រុស។

ពន្យល់ពាក្យ

កន្ដៃ/កន៑តៃ            មនុស្សស្រី ពាក្យសម្គាល់មនុស្សស្រី។

កុ ឋានន្តរនាមសម្គាល់អ្នកបម្រើភេទស្រី។

កោន៑                      កូន។

ទុក៑​                         ទុក រក្សា ស្ថាបនា កសាង ប្រតិស្ថាន។

បុយាង្វិនៃ                លោក អៃម៉ូនីញ៉េរ ពន្យល់ថាជាពាក្យចាម្ប៍ សម្គាល់មនុស្ស​ស្រី។

បុយាង៑អញ៑             លោក អៃម៉ូនីញ៉េរ ពន្យល់ថាជាពាក្យចាម្ប៍ សម្គាល់មនុស្ស​ស្រី។

ភគវតី                     ពាក្យសម្គាល់ទេពស្រី ជាជាយានៃទេពប្រុសណាមួយ។

ម្រតាញ៑                ឋានន្តរនាមរបស់មន្ត្រីព្រះមហាក្សត្រឬព្រាហ្មណ៍ថ្នាក់ខ្ពស់​នាសម័យមុនអង្គរ។

វា ឋានន្តរនាមសម្គាល់អ្នកបម្រើភេទប្រុស។

វ្រះកំម្រតាង៑អញ៑     ក្នុងសិលាចារឹកនេះ ពាក្យនេះ​ជាឋានន្តរនាមសម្គាល់​ទេព។

ឝ្រីឝាលគ្រាម​ស្វាមិ   ព្រះនាម​ម្យ៉ាង​របស់ព្រះនារាយណ៍។

សិត៑                        ច្រូចទឹក សិតលោហៈ។

សិលាចារឹកស្នាយពល K.៦៦៤ ផ្ទាំងខ (រូបថត៖ EFEO_ CAM19764-1&4)

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង


Coedès 194

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!