វត្តវារិន្ទ ឬវត្តព្រែកលៀប កសាងនៅប្របដងទន្លេមេគង្គ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បច្ចុប្បន្នវត្តនេះមានព្រះវិហារពីរ ពោលគឺព្រះវិហារចាស់ស្ថិតនៅផ្នែកខាងកើតធ្លាវត្ត ខិតទៅក្បែរមាត់ទន្លេ។ បើផ្អែកតាមផ្ទាំងចារឹកតូចមួយចារជាប់លើជញ្ជាំង គេដឹងថាការកសាងព្រះវិហារនេះចាប់ផ្តើមតាំងពីពុទ្ធសករាជ២៤៥០ ត្រូវនឹងឆ្នាំ១៩០៧។ ប៉ុន្តែដោយកត្តាអាយុកាលនិងឆ្លងកាត់សង្រ្គាមផង ព្រះវិហារខាងលើបានពុកផុយ ខូចខាតដោយអន្លើ ហើយក្រោយមកព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានរួមសាមគ្គីជួសជុលថែទាំជាបន្តបន្ទាប់។ លុះដល់ឆ្នាំ២០១៧ ព្រះវិហារនេះបានជួសជុលម្តងទៀតលើផ្នែកគ្រឿងបង្គុំខាងលើ រចនាសម្ព័ន្ធខាងក្រោម និងការលម្អលើជញ្ជាំង ទ្វារ បង្អួច និងគូរគំនូរថ្មីជាដើម។

ព្រះវិហារពេលកំពុងរៀបចំជួសជុល(រូបថត៖ SPACE BOX)

ព្រះវិហារចាស់វត្តវារិន្ទ គឺជាសំណង់បុរាណតូចច្រឡឹង ប្រភេទព្រះវិហារជហ្វាបួន កសាងឡើងដោយមានជញ្ជាំង និងសសរជុំវិញរៀបឥដ្ឋបូកបាយអ ដំបូលប្រក់ក្បឿងស្រកាលេញ និងសសរខាងក្នុងសាងអំពីឈើ។ លើជញ្ជាំងខាងកើតមានចារឹកមួយចារសេចក្តី១៥បន្ទាត់ថា “(១)សុភមសតុ ព្រៈពុទ្ធសករាជព្រៈសាស្នាកាលក (២)ន្លងទៅបាន២៤៥០ព្រៈវស្សា បច្ចុបនឆ្នាំមមែ សប្ត (៣)សក ព្រៈមង្គលថេរ អុក និងអ្នកឧកញ៉ាមហែយភោ (៤)គាសែនា ចុងប៉ា អ្នកកែវ និងបុត្រប្រុៈស្រី្យឈ្មោៈគាន (៥)ឈីវហ៊ា [គានឈីវ]ហេង, នាងអេង ញាវ, នាងអេង លង, គានឈីវ គ្រុយ ,[គានឈីវ]ចាវ, [គានឈីវ]ស៊ុន, (៦)បានសាងព្រៈវិហារវត្តវ៉ារិន្ទព្រែកលាពនេៈ ហើ្យសាង (៧)ព្រៈជី្យ១អង្គ ព្រៈស្ពាន់១អង្គ ព្រៈមា្ស១អង្គ និងព្រៈត្រៃបិដក១ (៨)គម្ពី ដងទុង២ សាលា១ សាងជាខ្សែព្រៈគម្ពីប្រគេនដល់ព្រៈ (៩)ភិក្ខុសឃ់ដម្កលទុកក្នុងព្រៈពុទ្ធសាស្នាឱ្យគ្រុព៥០០០ព្រៈវ (១០)ស្សា លុៈដលព្រៈពុទសាស្នា២៤៥៣ព្រៈវស្សា បច្ចុបន (១១)ឆ្នាំច ទោសក្ស ធ្វើបុណបនចុៈសីម៉ា[…]ដាឆ្លងដា (១២)កទានមានមា្សប្រាកនៅ្យអ្សអ្នកប្រជា ខ្ញុំមសូមប្រថ្នាអណា (១៣)គុតជាតិទៅឯមុគសូមកំចាត់នៅអកុសលកំមទាំ្ងបុន្ម៉ានហើ្យ (១៤)យឱ្យបានសំរេចមគនិងផលសូមទាន់ព្រៈសីអាមេតេយ (១៥)បរមពោធីសត្តសូមសំរេចផលនីពានបច្ចយោហោង”។
តាមរយៈខ្លឹមសារនៃផ្ទាំងចារឹកខាងលើ គេអាចដឹងថា ព្រះវិហារវត្តវារិន្ទចាប់ផ្តើមកសាងនៅក្នុងឆ្នាំ១៩០៧ (ព.ស.២៤៥០) រួចរាល់ស្ថាពរធ្វើបុណ្យបញ្ចុះសីមាឆ្លងក្នុងឆ្នាំ១៩១០ (ព.ស.២៤៥៣) ហើយបើគិតមកដល់សព្វថ្ងៃមានអាយុកាលជាង១សតវត្សរ៍។ មិនតែប៉ុណ្ណោះគេដឹងថា ការកសាងព្រះវិហារនេះដោយសទ្ធាដឹកនាំរបស់ព្រះមង្គលថេរនាម “អុក” អ្នកឧកញ៉ាមហែយ(មហា?)ភោគា ចុងប៉ា និងភរិយា ព្រមទាំងបុត្រាបុត្រី និងញាតិសន្តាន។ ទន្ទឹមនឹងនោះ ម្ចាស់ទានបានសាងព្រះជីវ៍១ ព្រះស្ពាន់១ ព្រះមាស១ ដងទង់១គូ ព្រមទាំងសាងគម្ពីរតម្កល់ក្នុងព្រះសាសនាប្រាថ្នាឱ្យបានគ្រប់៥០០០ព្រះវស្សា និងសូមបានទាន់ព្រះសិអារ្យមេត្រីបរមពោធិសត្វ។
ចាប់ពីឆ្នាំ២០១៧ ព្រះវិហារបុរាណវត្តវារិន្ទបានរៀបចំជួសជុលម្តងទៀត ដោយកែលម្អធ្លាខាងក្រៅ និងខឿន ព្រមទាំងពង្រឹងសសរជុំវិញ ជាពិសេសជួសជុលប្តូរគ្រឿងបង្គុំឈើផ្នែកខាងលើ និងប្តូរក្បឿងថ្មីទាំងស្រុង។ ការជួសជុលនេះគេមើលឃើញថា បានរក្សាលំនាំដើមនៃសំណង់ និងបំពេញបន្ថែមនូវចំណុចប្រឈមការខូចខាតនានា។ ព្រះវិហារកសាងឡើងនៅលើខឿនកម្ពស់ប្រហែលជាងកន្លះម៉ែត្រ មានជណ្តើរឡើងនៅទិសខាងកើត២ ទិសខាងលិច២ ព្រមទាំងសាងឱ្យមានសសរបាំងសាចរាងបួនជ្រុងធំៗព័ទ្ធជុំវិញ។ ចំពោះដំបូល គេសង់ជារបៀបព្រះវិហារជហ្វាបួន មានស្លាបដំបូល២ជាន់ និងមានហប់ខ្យល់ផង។ ប៉ុន្តែយ៉ាងណាក្តី ទម្រង់ទូទៅនៃព្រះវិហារវត្តនេះហាក់ដូចជាមានលក្ខណៈស្រដៀងនឹងព្រះវិហារវត្តចិនដំដែកដែលកសាងឆ្នាំ១៨៨៧-១៨៩០។

សកម្មភាពជួសជុលព្រះវិហារវត្តវារិន្ទ (រូបថត៖ ព្រីង ឆាង)
ដោយឡែក ចំពោះហោជាងទាំងពីរនៃព្រះវិហារវត្តវារិន្ទ គេឆ្លាក់រចនាអំពីស៊ីម៉ងត៍ជាក្បាច់ភ្ញីទេសយ៉ាងរស់រវើកនៅលើផ្ទៃពណ៌សដូចគ្នាទាំងពីរផ្ទាំង។ ប៉ុន្តែនៅកណ្តាលផ្ទៃហោជាងនីមួយៗ គេឆ្លាក់ជារង្វង់កង់ពុទ្ធចក្រតម្កល់លើជើងពាន មានពន្លឺរង្សីនៅខាងលើនិងមានចារឹកខ្លីមួយបន្ទាត់នៅខាងក្រោម។ ចារឹកលើហោជាងខាងកើតមានអក្សរ៥តួគឺ “រតនតយ” ដែលអ្នកខ្លះយល់ថាសំដៅលើការបង្អោនការគោរពដល់ “រតនត្រ័យ” ក្នុងព្រះពុទ្ធសាសនាគឺ “ពុទ្ធរតន” “ធម្មរតន” និង “សង្ឃរតន”។ ចំណែកឯចារឹកនៅលើហោជាងខាងលិចគឺ “ព.ស.២៤៥០” ដែលសំដៅដល់កាលបរិច្ឆេទនៃការចាប់ផ្តើមសាងសង់ព្រះវិហារនេះ ដូចខ្លឹមសារមានចារលើផ្ទាំងចារឹកតូចមួយដូចបានរៀបរាប់មកខាងលើ។


ហោជាងខាងកើត និងខាងលិច
នៅផ្នែកខាងក្នុងព្រះវិហារ គេសាងឡើងដោយមានល្វែងគ្រឹះនៅកណ្តាល អមដោយរបៀងសងខាង ហើយនៅត្រង់ចុងល្វែងគ្រឹះផ្នែកខាងលិច គឺជាបល្ល័ង្កព្រះជីរ៍ធំ។ ទន្ទឹមនឹងនេះ នៅអមសងខាងល្វែងគ្រឹះគឺមានសសរឈើមូលពីរជួរតម្កល់លើជើងសសររាងដូចថូ ដូចសសរខាងក្នុងព្រះវិហារវត្តចិនដំដែក។ នៅលើសសរនីមួយៗ គេរចនាជារូបនាគព័ទ្ធពេនចុះមក ហើយសសរខ្លះមានចារអក្សរចិនផងដែរ។ នៅផ្នែកខាងលើ គឺជាគ្រឿងបង្គុំឈើ និងពិតានឈើក្រាលពេញលើល្វែងគ្រឹះ។ បន្ទាប់ពីជួសជុលរួច នៅលើផ្ទៃពិតាននេះគេគូរលម្អដោយរូបទេពនិករផ្សេងៗកាន់ផ្កា ឬផ្លិតហោះហើរលើអាកាស។ ប៉ុន្តែនៅត្រង់ចំពីលើបល្ល័ង្កព្រះជីវ៍ គេគូរជារង្វង់ពន្លឺឆពណ្ណរង្សី។


ផ្នែកខាងក្នុងព្រះវិហារចាស់វត្តវារិន្ទ
គំនូរខាងក្នុងព្រះវិហារ គេឃើញមានពីរផ្នែកគឺ គំនូរនៅត្រង់ហប់ខ្យល់ និងគំនូរថ្មីលើជញ្ជាំង។ ចំពោះគំនូរលើហប់ខ្យល់ គឺជាប្រភេទគំនូរបុរាណដែលគូរលើបន្ទះក្តារទំហំទទឹងប្រហែល៤តឹក លើកយកអន្លើក្នុងពុទ្ធប្រវត្តិ និងក្នុងជាតក។ ក្នុងផ្ទាំងគំនូរខ្លះ មានសេចក្តីអធិប្បាយវែងឆ្ងាយអំពីសាច់រឿងនោះ តែគំនូរខ្លះគេឃើញមានតែចំណងជើងប៉ុណ្ណោះ។ នៅហប់ខ្យល់លើព្រះជីវ៍ គេគូរព្រះមោគ្គលានគង់កណ្តាលពពួកទេវតា។ រីឯនៅលើហប់ខ្យល់ខាងកើត ឈមនឹងព្រះជីវ៍គេគូរបង្ហាញត្រង់ព្រះអង្គផ្ចាញ់មារ។ នៅលើហប់ខ្យល់ខាងត្បូង (រាប់ពីកើតទៅលិច) គេគូរសាច់រឿងដូចជានេមិរាជ, សុវណ្ណសាម, ព្រះជនក, មហោសថ(?) និងព្រះតេមិយ។ នៅលើហប់ខ្យល់ខាងជើង (រាប់ពីលិចទៅកើត) គេគូរសាច់រឿងដូចជា ព្រះភូរិទត្ត, ចន្ទកុមារ, នារទព្រហ្ម, វិធូរបណ្ឌិត និងព្រះវេស្សន្តរ។


គំនូរព្រះមោគ្គលានលើហប់ខ្យល់គំនូរ ព្រះជនកលើហប់ខ្យល់ខាងត្បូង
ចំពោះគំនូរលើជញ្ជាំងផ្នែកខាងក្នុងព្រះវិហារវត្តវារិន្ទ គឺជាគំនូរថ្មីទើបនឹងគូរពេលជួសជុលព្រះវិហារ ដ្បិតដើមឡើយនៅលើជញ្ជាំងព្រះវិហារនេះពុំមានគំនូរជាសាច់រឿងវែងឆ្ងាយទេ ពោលគឺមានតែផ្ទាំងគំនូរគូរលើក្រណាត់ភ្ជាប់នឹងស៊ុមឈើដាក់ព្យួរលើបង្អួចតែប៉ុណ្ណោះ។ សាច់រឿងគំនូរថ្មីលើជញ្ជាំងមានចំនួន២២ផ្ទាំង ដែលគេគូររឿងពុទ្ធប្រវត្តិ និងព្រះវេស្សន្តរ (១ផ្ទាំង) ជាលំនាំគំនូរបុរាណ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺវិចិត្រករផ្តើមខ្សែរឿងលើជញ្ជាំងខាងត្បូង ដោយលើកយកកណ្ឌឆក្សត្រ(?) នៃរឿងវេស្សន្តរមកបង្ហាញ។


សាច់រឿងបន្ទាប់ពីនោះមកមានដូចជា ទ្រង់ប្រសូត, ទតសួន, យាងចេញបួស, កាត់ព្រះកេសា, ធ្វើទុក្ខកិរិយា និងនាងសុជាតាថ្វាយចង្ហាន់។ ជញ្ជាំងខាងលិចមានសាច់រឿងដូចជា ព្រះអង្គគង់លើស្បូវភ្លាំង, ផ្ចាញ់មារ (ចំខាងក្រោយបល្ល័ង្កព្រះជីវ៍)និងប្រោសបញ្ចវគ្គីយ៍។ ជញ្ជាំងខាងជើងមានសាច់រឿងដូចជា ប្រោសយសកុលបុត្រ, ប្រោសព្រះបាទពិម្ពិសារ, ប្រោសពុទ្ធបិតា, ប្រោសញាតិវង្ស, ធ្វើចតុរង្គមហាសនិ្នបាត, ប្រោសពុទ្ធមាតានៅឋានត្រៃត្រឹង្ស, មារនិមន្តព្រះអង្គចូលបរិនិព្វាន, និងព្រះអង្គទ្រង់ដាក់អាយុសង្ខារ។ ចំណែកឯលើជញ្ជាំងខាងកើតគឺមានសាច់រឿង៣ផ្ទាំងបន្តរឿងជញ្ជាំងខាងជើងគឺ “ព្រះអង្គទ្រង់ប្រឈួន” គូរខាងឆ្វេង “ទ្រង់បរិនិព្វាន” គូរកណ្តាល និង “ថ្វាយព្រះភ្លើងព្រះបរមសពព្រះសម្មាសម្ពុទ្ធ” គូរខាងស្តាំ។ រីឯនៅតាមផ្ទៃជញ្ជាំងត្រង់ចន្លោះទ្វារនិងបង្អួច គេគូរព្រះកាយវិការផ្សេងៗរបស់ព្រះពុទ្ធដូចជាសមាធិ, ទ្រង់បាត្រ, និងគូរព្រះអគ្គសាវ័កគង់ប្រចាំទិសតូចធំនានាដូចជា ព្រះសារីបុត្រ (ទក្សិណ), ឧបាលិ (និរតី), ព្រះអានន្ទ (បស្ចិម), មោគ្គល្លាន (ឧត្តរ), ព្រះគវប្បតិ ឬព្រះខ្វាមក៍ (ពាយ័ព្យ), រាហុល (ឦសាន), និងកោណ្ឌញ្ញ (បូព៌)។

ទ្រង់បរិនិព្វាន
សង្ខេបសេចក្តីមក ព្រះវិហារវត្តវារិន្ទ ឬវត្តព្រែកលៀប គឺជាព្រះវិហារបុរាណមួយដែលមានលក្ខណៈដើមមួយភាគស្រដៀងព្រះវិហារវត្តចិនដំដែក។ សាច់រឿងគំនូរបុរាណលើហប់ខ្យល់ភាគច្រើនជារឿងក្នុងជាតក ដែលជាទីនិយមក្នុងគំនូរតាមវត្ត។ ចំណែកឯគំនូរថ្មីដែលគូរលើជញ្ជាំងជុំវិញមានលំនាំជាគំនូរបុរាណមួយបែប ដែលគេតែងនិយមឃើញគូរសព្វថ្ងៃ៕
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត