ទំព័រដើមប្រវត្តិសាស្ត្រប្រវត្តិសិល្បៈសិលាចារឹកវត្តអង្គខ្វាវ K.៥៦០ ឬ K.៧៣៩

សិលាចារឹកវត្តអង្គខ្វាវ K.៥៦០ ឬ K.៧៣៩

សិលាចារឹកនេះ​ រកឃើញនៅចម្ងាយ​ប្រហែល ៥០០ ម៉ែត្រ ខាងកើតវត្ត​អង្គខ្វាវ ​​ដែល​ក្នុង​របាយការណ៍ឆ្នាំ​១៩២៣ សរសេរថា​វត្ត​នេះ​ស្ថិតក្នុងស្រុកបាទី ខេត្ត​តាកែវ ប៉ុន្ដែ​​បច្ចុប្បន្ន​ទីតាំងនោះ ស្ថិតនៅក្នុង ភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង​ ខេត្តតាកែវ។ អ្នកស្រុកដំណាលថា​ ដោយសារនៅទីវត្តនេះ មាន​អង្គមួយដែលមានដើម​ខ្វាវ​ដុះ ទើបហៅថាវត្តអង្គខ្វាវ ប៉ុន្ដែក្រោយមក​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ដាក់ឈ្មោះវត្តនេះបន្ថែមទៀតជា វត្តសិរីនិវេសន៍ ហៅវត្តអង្គខ្វាវ។

ជាធម្មតា ទីតាំង​ភាគច្រើន ដែលមានឈ្មោះហៅជា «អង្គ» ច្រើនតែ​ជា​បុរាណស្ថាន​ដែលបន្សល់ទុកមកតាំងពីសម័យមុនអង្គរនិងអង្គរ។ ពាក្យ «អង្គ» នេះ នៅសម័យមុនអង្គរ​ប្រើជា «អង្គណ» ឬ «អង្គន»។ តាម​ព័ត៌មាន​ក្នុងគេហទំព័រ https://cisark.mcfa.gov.kh បញ្ជាក់ថា វត្តនេះមានកសិន្ធុមួយ និងបំណែក​ផ្ទាំង​ថ្មស្រទាប់ឬថ្មថ្លើមអណ្ដើក ១ផ្ទាំង។

អត្ថបទ​ចារឹកនេះ សិក្សាដោយលោក ហ្ស៊ក សេដែស ចំនួន ២ដង។ លើកទី១ គឺ​នៅឆ្នាំ​១៩៤២ លោកបាន​ចុះបញ្ជីសិលាចារឹកនេះ ដាក់លេខ K.៥៦០។ ១០ឆ្នាំជាង​ក្រោយ​មក​ គឺលើកទី២ នៅឆ្នាំ​១៩៥៤ លោកបាន​ចុះបញ្ជីសិលាចារឹកនេះ ដាក់លេខ K.៧៣៩។ បញ្ហា​នេះបណ្ដាលមកពី សិលាចារឹកនេះកាលពីផ្តិតសំណៅលើកទី១​ នៅសល់រូបរាងល្អ​ច្រើន ប៉ុន្ដែក្រោយមក ទំនងជាមុនពេលយកមកសារមន្ទីរជាតិ នៅឆ្នាំ​១៩៣២ សិលាចារឹក​នេះ​បានបែក​បាក់ជាពីរផ្នែកធំៗ និង១ផ្នែកទៀតនៅជ្រុងខាងលើផ្នែកខាងឆ្វេង បានបាត់​បង់​ទៅ។ ក្រោយពេលដែលបាក់នេះ យកមករក្សាទុកនៅសារមន្ទីរភ្នំពេញ គេ​បានផ្ដិត និង​ផ្ដល់ព័ត៌មានដល់លោក ថាសិលាចារឹកនេះ​មានប្រភពមកពីខ្វាវ ខេត្តបាទី។ ប្រហែលមកពីបញ្ហាបាក់បែក ដាក់ប្រភពល្អៀង​គ្នា និងរយៈពេលយូរផង ទើបលោកពុំចាំ និងចុះលេខសម្គាល់ផ្សេងគ្នា ព្រមទាំង​មាន​អំណានផ្សេងគ្នាដោយអន្លើផង។

អត្ថបទចារឹកនេះ ចារនៅលើផ្ទាំងស្រទាប់ឬថ្មថ្លើមអណ្ដើក មានចំនួន​១៣បន្ទាត់ ដែលបន្ទាត់ទី១៣នោះ សឹករេចរឹល អានពុំដាច់ឡើយ។ អត្ថបទចារ​ដោយប្រើអក្សរ​ព្រាហ្មី​កម្លាយខ្មែរបុរាណ សរសេរជាភាសាខ្មែរបុរាណសម័យមុនអង្គរ និងពុំមានចុះកាលបរិច្ឆេទ​ទេ។ តាមលក្ខណៈតួអក្សរឬបុរាណលេខន៍ ​របស់សិលាចារឹក វាគួរតែស្ថិតនៅរវាង​ស.វ.ទី៧និងទី៨ នៃគ.ស.។ ចំណែកឯអត្ថន័យនៃអត្ថបទចារឹកនេះ គឺ​ជា​តង្វាយវត្ថុផ្សេងៗ ខ្ញុំបម្រើស្រីប្រុស និងស្រែ ថ្វាយ​ចំពោះព្រះគម្ដែងអញ​មណីសិវៈ។

យើង​សង្កេតឃើញមានបញ្ហាអំណានតួអក្សរ «ទ» «ដ» និងពាក្យ «ល្កាំ» ដែល​គួរ​តែ​ពិនិត្យមើលនៅទីនេះ។ នៅក្នុងអំណានទាំងពីរលើករបស់លោក ហ្ស៊ក សេដែស គាត់បាន​អាន​ពាក្យនៅខាងចុងបន្ទាត់ទី២ជា «ឃោទ»។ បើផ្អែកលើទម្រង់តួអក្សរ នៅសម័យមុនអង្គរ​ តួអក្សរ «ទ» និង «ដ» មានលក្ខណៈខុសគ្នាតែបន្ដិចប៉ុណ្ណោះ នៅចុងខ្សែតួអក្សរផ្នែកខាងស្ដាំខាងក្រោម។ ខ្សែតួអក្សរ «ទ» ទម្លាក់ចុះក្រោម ឯខ្សែតួអក្សរ «ដ» ទាញឡើងមក​លើ​បន្ដិច។​ តាមតួអក្សរនៅលើ​សិលាចារឹក យើងអាចឃើញយ៉ាងច្បាស់ថា ខ្សែខាងចុង​ផ្នែកខាងក្រោមនៃតួអក្សរ ទាញឡើងមកលើ ដែលយើងអាចសម្គាល់បានយ៉ាង​ច្បាស់​ថា​ជាអក្សរ «ដ»។ ម្យ៉ាងវិញទៀត ទោះបីជា​ភាគច្រើន យើងឃើញពាក្យនេះ​នៅក្នុងសិលាចារឹក​ដទៃទៀត ទាំងសម័យមុនអង្គរនិងអង្គរ សរសេរ​ជា «ឃោទ»​ ក្តី ក៏យើងឃើញមាន​សិលាចារឹកតិចតួចខ្លះទៀតសរសេរជា «ឃោដ» ដែរ ដូចជាសិលាចារឹក​មេលប់ K.១២៤៧ ជាដើម។ ពាក្យ «ឃោទ» នេះ លោកស្រីបណ្ឌិត ពៅ សាវរស ពន្យល់ថា​មានប្រភពមក​ពី​ភាសាប្រាក្រឹតថា «ឃោឌ» ត្រូវនឹងពាក្យសំស្ក្រឹតថា «ឃោទ» មានន័យថា «សេះ»។

ចំពោះពាក្យ «ល្កាំ» វិញ​ លោក សេដែស ពុំបានដឹងអត្ថន័យឡើយ ប៉ុន្ដែ​លោកថា​ពាក្យ​នេះលេចឡើងជាស្ថាននាមឈ្មោះស្រុកមួយ នៅ​អមោឃបូរ ក្នុងសិលាចារឹក​នៅកោះ​កេរ K.១៨៣-៦។ យ៉ាងនេះក្ដី យើងក៏ឃើញមានពាក្យនេះ នៅក្នុងសិលាចារឹក​សម័យ​អង្គរ រកឃើញនៅវត្តព្រះឥន្ទ្រកោសិយ K.២៦៣ ផ្ទាំងឃ ដែលវាជាវត្ថុស្ថិតនៅក្នុងប្រភេទតង្វាយ​ថូលោហៈ។ ដូច្នេះវាគួរតែជាប្រភេទថូលោហៈម្យ៉ាង​។ ចំណែកឯ​លោកស្រីបណ្ឌិត ពៅ​ សាវរស និងលោកបណ្ឌិត ឡុង សៀម វិញ ក៏ពុំបានពន្យល់ន័យពាក្យនេះ​ដែរ ប៉ុន្ដែ​លោក ហ្វីលីព ជេន្នើរ វិញ ពន្យល់ន័យពាក្យនេះថាជា អង្កាំ ឬខ្សែកអង្កាំ។

អត្ថបទដើមជាអក្សរខ្មែរទំនើប

១-      អំនោយ៑​បោញ៑វជ្រភេទអា(យ៑)ត​វ្រះកម្រតាង៑(អ)

២- ​     [ញ៑]មណិឝិវល្កាំ១ក្លស៑លង្គៅ១ចរាទន៑ហុំ១ក្ឱល៑១ក្ញុំឃោដវា

៣-     -ទវិ១វាអគត៑១វាត្គរ៑១វាក្មៅ១វាចិវៅ១វាត្រេង៑១វាបោយ៑១វា

៤-      -យ៑១វាចោង៑១វាទ្វាទឝី១វាវ្រៅស្ដច៑១វាចេង៑១វាសា១វាហិតង្ក

៥-      (រ១) វាករិត៑១គេ១០-៧ក្ញុំតកន្តៃយ៑អ្មេស្រឥប៑១កុស្រឥប៑១

៦-      [កុ]-ត្យស៑១កុត្មេង៑១កុវ្នំ១កុ(ជុង៑)១(កុ)–១កុត្កះ១កោន៑កុ១មេវ

៧-      -១កុវង៑១កុយុល៑១កោន៑កុ១កុចេហ្វ៑កន៑១កោន៑កុ(១)

៨-      (កុ-)ភទ្រ១កោន៑កុ១(កុ)—១(កុ)ស្ដៅ១កុសេង៑ទៃវ១កុកញ្ចេ–

៩-      –វ្ងា១កោន៑កុ១សវាលវ្ឫទ្ធគេ២០-១០-១ស្រេវ្នាក៑ស្រុក៑១–

១០-    [[ស្រេ]]ត្រសេក៑ស្រេត្រវង៑អាវាសស្រេកុមារឝិលស្រេ—

១១-    –ស្រេកំលុង៑​ត្នល៑ស្រេបាស៑កន្ទោញ៑ស្រេវ្នុរ៑អំវោល—

១២-    –១០ក្របិទ្នេំ១តោង៑តេំ១០ស្លាតេំ​ស្លិក៑១—–

១៣-   (អត្ថបទដាច់)​

អត្ថបទប្រែសម្រួល

តង្វាយរបស់បោញវជ្រភេទថ្វាយចំពោះព្រះគម្ដែងអញ​មណីសិវៈ (មាន) ល្កាំ១ ក្លស់​ស្ពាន់១ ចរាក្រអូប១ ជង្រុក១។ អ្នកបម្រើប្រុស (មាន) វា-ទវិ១ វាអគត១ វាត្គរ១ វាក្មៅ១ វាចិវៅ១ វាត្រេង១ វាបោយ១ វា-យ១ វាចោង១ វាទ្វាទឝី១ វាវ្រៅស្ដច១ វាចេង១ វាសា១ វាហិតង្ករ១ វាករិត១ (សរុបអ្នកបម្រើប្រុស) ១៧នាក់។ អ្នកបម្រើស្រី (មាន) ម៉ែស្រឥប១ កុស្រឥប១ កុ-ត្យស១ កុត្មេង១ កុវ្នំ១ កុជុង១ កុត្កះ១ កូនកុ១ មេវ-១ កុវង១ កុយុល១ កូន​កុ១ កុចេហ្វកន១ កូនកុ១ កុ-ភទ្រ១ កូនកុ១ កុស្ដៅ១ កុសេងទៃវ១ កុកញ្ចេ– កុ–វ្ងា១ កូនកុ១ សរុបទាំងក្មេងចាស់ ៣១នាក់។ ស្រែព្នាក់ស្រុក១ ស្រែត្រសេក ស្រែត្រពាំងអាវាស ស្រេកុមារសិល ស្រែកំលុងថ្នល់ ស្រែបាសកន្ទោញ ស្រេផ្នុរអំវោល–១០ ក្របី១នឹម ដូង១០ដើម ស្លា៤០០ដើម(១ស្លឹក)—–។

ពន្យល់ពាក្យ

កន្ដៃ                     មនុស្សស្រី ពាក្យសម្គាល់មនុស្សស្រី។

ឃោដ                   មនុស្សប្រុស។

វា                         ពាក្យសម្គាល់អ្នកបម្រើប្រុស នាសម័យមុនអង្គរ។

កុ                         ពាក្យសម្គាល់អ្នកបម្រើស្រី នាសម័យមុនអង្គរ។

បោញ                  ឋានន្តរនាមមន្ត្រី ឬព្រាហ្មណ៍សម័យមុនអង្គរ។

ក្លស៑                     (ឆត្រ)ក្លស់ ឬថូក្លស់។

ទន៑ហុំ                   គ្រឿងក្រអូប។

លង្គៅ                   ស្ពាន់។

ក្ឱល៑                     ជង្រុក។

សវាលវ្ឫទ្ធ              ក្មេងចាស់។

ទ្នេំ                       នឹម។

តេំ                       ដើម។

ត្នេំ                       ខ្នាតឯកសារដើមឈើ។

តោង៑                    ដូង។

ស្រេ                     ស្រែ។

ត្នល៑                     ថ្នល់។

កំលុង៑                   កំលុង ក្នុង។

វ្នាក៑                      ព្នាក់។

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!