ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿពិធីសំពះព្រះខែរបស់ជាតិពិន្ធុខ្មែរនៅខេត្តសុផាន់បុរី (សុវណ្ណបុរី) ប្រទេសថៃ

ពិធីសំពះព្រះខែរបស់ជាតិពិន្ធុខ្មែរនៅខេត្តសុផាន់បុរី (សុវណ្ណបុរី) ប្រទេសថៃ

ពិធីបុណ្យសំពះព្រះខែជាពិធីបុណ្យមួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងជំនឿនៃសង្គមខ្មែរ។ យើងសង្កេតឃើញថាពិធីសំពះខែនេះមានរៀបចំឡើងនៅគ្រប់ស្រទាប់មនុស្សខ្មែរតាំងពីថ្នាក់ដឹងនាំកំពូលរបស់ប្រទេសរហូតដល់ប្រជាជនសមញ្ញធម្មតា ដោយគេតែងប្រារពធ្វើពិធីសំពះព្រះខែនេះនៅថ្ងៃទី១៥ កើត ខែកត្តិក ជារៀងរាល់ឆ្នាំ។ ពិធីសំពះព្រះខែមិនត្រឹមតែមាននៅក្នុងប្រទេសបច្ចុប្បន្ននោះទេ តែយើងក៏ឃើញមានការរៀបចំកិច្ចពិធីនេះនៅក្នុងចំណោមជាតិពិន្ធុខ្មែរដែលរស់នៅក្នុងទឹកដីថៃបច្ចុប្បន្នផងដែរ។ ជាក់ស្ដែងក្រុមជាតិពិន្ធុខ្មែរដែលរស់ក្នុងឃុំតុនពោធិ៍ ឃុំបឹងខាន់ និងឃុំតាលិងឆាន់ នៃក្រុង   សុផាន់បុរីប្រទេសថៃជាដើម។

តាមការស្រាវជ្រាវកន្លងមកបានឱ្យដឹងថា ជាតិពិន្ធុខ្មែរដែលបានមកតាំងទីលំនៅក្នុងខេត្តសុផាន់បុរីនេះ ប្រហែលជាប្រជាជនដែលសៀមកេណ្ឌពីបាត់ដំបងនៅក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះន័ងក្លៅចៅយូហួ ឬស្ដេចរាមាទី៣។ ហេតុការណ៍នេះកើតឡើងនៅពេលដែលមេទ័ពថៃឈ្មោះចៅពញាបឌិនតេជោ (សិង្ហ សិង្ហសេនី) ទទួលបញ្ជាពីស្ដេចរាមាទី៣ឱ្យនាំព្រះអង្គអិមនិងព្រះអង្គឌួងលើកទ័ពមកខ្មែរដើម្បីច្បាំងនឹងយួននៅឆ្នាំ១៨៣២ តែការលើកទ័ពមកច្បាំងនៅគ្រានោះ ទ័ពសៀមមិនទទួលបានជោគជ័យទេ។ ក្រោយមកមេទ័ពសៀមបានលើកទ័ពមកតាំងនៅបាត់ដំបង និងបាននាំព្រះអង្គអឹមនិងព្រះអង្គឌួងមកគង់នៅបាត់ដំបង។ ចំណែកមេទ័ពសៀមរូបនេះក៏បានដកទ័ពទៅបាងកកវិញ ព្រមទាំងបានកេណ្ឌប្រជារាស្ត្រខ្មែរមួយចំនួនទៅជាមួយផង។ ប្រជារាស្ត្រដែលសៀមបានកេណ្ឌទៅ ត្រូវគេបញ្ជូនឱ្យទៅរស់នៅម្ដុំខេត្តសុផាន់បុរីនេះឯង។ ហេតុការណ៍នេះក៏ត្រូវគ្នានឹងកំណត់ហេតុអំពីរឿងក្ដីរបស់ស្ដ្រីខ្មែរម្នាក់ឈ្មោះប៉ែនដែលត្រូវគេកេណ្ឌពីបាត់ដំបងឱ្យមករស់នៅសុផាន់បុរីនៅសម័យស្ដេចរាមាទី៣។ នាងប៉ែនបានលួចមានស្នេហ៍ជាមួយអន្ទិតយេមដែលទើបនឹងសឹកថ្មីៗ ហើយប្រុងនឹងនាំគ្នារស់ទៀតផង។ តាម
រយៈកំណត់ហេតុនេះធ្វើឱ្យដឹងថា ពិតជាមានប្រជាជនខ្មែរដែលត្រូវគេកេណ្ឌពីបាត់ដំបងមករស់នៅក្នុងខេត្តសុផាន់បុរីមែន។

ពិធីសំពះព្រះខែនៃជាតិពិន្ធុខ្មែរនៅខេត្តសុផាន់បុរីតែងរួមគ្នាធ្វើពិធីនៅតាមវត្តអារាមនៃទីប្រជុំជនរៀងៗខ្លួន ដូចជា វត្តសាមថងក្នុងឃុំតាលិងឆាន់ និងវត្តប្រជុំជនក្នុងឃុំបានពោធិ៍។ ដោយឡែកកិច្ចពិធីសំពះព្រះខែវិញក៏មានលក្ខណៈខុសគ្នាតិចតួចទៅតាមតំបន់រៀងខ្លួនដែរ និងមិនមានលក្ខណៈដូចគ្នាទាំងស្រុងទៅនឹងកិច្ចពិធីសំពះព្រះខែនៅកម្ពុជាដែរ។ យ៉ាងណាក្ដីយើងនៅតែអាចសង្កេតឃើញលក្ខណៈរួមគ្នារវាងពិធីសំពះព្រះខែនៅកម្ពុជា និងនៅសុផាន់បុរីបានយ៉ាងច្បាស់ដែរ។

ក្រឡាន អំបុក និងចេកដែលអ្នកស្រុកយកទៅធ្វើកិច្ចពិធីនៅវត្តប្រជុំជន
(រូបថត៖ ศูนย์ข้อมูลสารสนเทศคณะสงฆ์ภาค ๑๔)

ពិធីសំពះព្រះខែរបស់ជាតិពិន្ធុខ្មែរនៅសុផាន់បុរីរៀបចំឡើងនៅថ្ងៃទី១៥កើត ខែកត្តិក ជារៀងរាល់ឆ្នាំដូចខ្មែរនៅកម្ពុជាដែរ។ ប៉ុន្ដែនៅមុនថ្ងៃប្រារព្ធពិធីមួយថ្ងៃ ព្រះសង្ឃបានដឹកនាំប្រជាជនក្នុងភូមិ ដើម្បីរៀបចំតុបតែងលម្អទីតាំងប្រារព្ធពិធី​ ដោយគេជ្រើសរើសទីតាំងដែលស្រឡះល្អនៅក្នុងវត្ត ដើម្បីអាចមើលឃើញព្រះច័ន្ទបានយ៉ាងច្បាស់អំឡុងកិច្ចពិធីនៅពេលយប់​។ នៅវត្តខ្លះដូចវត្តសាមថង គេមានរៀបចំធ្វើរាជវ័តិដោយមានច្រកចូលចំនួនពីរ​ៗ នៅតាមទិសធំទាំង៤ ផ្នែកខាងក្នុងរាជវ័តិមានរៀចធំអាសនៈសម្រាប់តម្កល់ព្រះពុទ្ធរូប និងអាសនៈសម្រាប់ព្រះសង្ឃគង់ នៅខាងមុខអាសនៈសង្ឃជាកន្លែងអង្គុយរបស់អ្នកស្រុក។ ចំណែកវត្តខ្លះមិនមានធ្វើរាជវ័តិទេ តែគេរៀនអាសនៈព្រះសង្ឃនៅក្នុងរោងតូចមួយនៅកណ្ដាលធ្លាវត្តវិញ។ នៅខាងក្រៅរាជវ័តិទល់មុខអាសនៈ​របស់ព្រះសង្ឃ មានរៀបចំស្នួមួយមានកម្ពស់ត្រឹមក្បាលសម្រាប់ដោតទៀតផ្សងទឹកភ្លៀង។

នៅព្រឹកថ្ងៃបន្ទាប់ដែលជាថ្ងៃប្រារព្ធពិធី គេរៀបចំសិតទៀនសម្រាប់ធ្វើពិធីផ្សងទឹកភ្លៀងនៅពេលពាក់កណ្ដាលយប់។ ចំពោះការសិតទៀនវិញ គឺធ្វើឡើងដោយព្រះសង្ឃនិងព្រឹទ្ធាចារ្យដែលជាចាស់ទុំនៅក្នុងភូមិដែលមាននាទីរៀបចំកិច្ចពិធី ដោយគេយកក្រមួនទៀនដែលព្រះសង្ឃដុតសល់អំឡុងពេលចូលវស្សាមកស្លរំលាយជាមួយនឹងក្រមួនទៀនដែលសល់ពីការដុតផ្សងទឹកភ្លៀងពីឆ្នាំទៅ។ បន្ទាប់មកគេយកទឹកទៀនដែលរលាយនោះមកច្រកក្នុងពុម្ពទៀនដែលជាបំពង់ឫស្សីទំហំប៉ុនគ្នា ដោយមានអំបោះឆៅ៩សរសៃធ្វើស្នួនៅចំកណ្ដាលផង។ ក្រោយពីទៀនរឹងល្អហើយ គេយកទៀនមកថ្លឹងឱ្យស្មើគ្នា កាលបើលើស គេត្រូវកោសយកសាច់ចេញឱ្យទាល់តែទម្ងន់ស្មើគ្នា។ ចំនួនទៀនអាចមាន៣ដើម ៦ដើម ឬ១២ដើមនៅតាមការកំណត់នៃវត្តនីមួយៗ។ ជាក់ស្ដែងនៅវត្តសាមថងប្រើទៀន៣ដើម វត្តប្រជុំជនប្រើទៀន៦ដើម និងវត្តឥន្ទ្រក្សេមប្រើទៀន១២ដើម ជាដើម។ ចំពោះគ្រឿងតង្វាយសំខាន់ដែលអ្នកស្រុកនាំយកមកប្រគេនព្រះសង្ឃនិងសម្រាប់ថ្វាយដល់ទេវតារួម ចេក អំបុក និងក្រឡាន។ អ្នកស្រុកនាំយកក្រឡាន អំបុកនិងចេកទៅដាក់នៅក្នុងចានដែក ឬកញ្ឆេដែលវត្តបានត្រៀមទុកនៅក្នុងរោងពិធី ឬវត្តខ្លះរៀបអំបុកនឹងចេកដាក់ចានដោយឡែកសម្រាប់ព្រះសង្ឃបាចនៅអំឡុងពេលកិច្ចពិធី។

ក្រឡាន អំបុក និងចេកដែលអ្នកស្រុកយកទៅធ្វើកិច្ចពិធីនៅវត្តប្រជុំជន
(រូបថត៖ ศูนย์ข้อมูลสารสนเทศคณะสงฆ์ภาค ๑๔)

នៅវេលាជិតពាក់កណ្ដាលអធ្រាត្រ អ្នកដំណើរការកិច្ចពិធី៣នាក់ស្លៀកសពាក់សដែលគេសន្មតថាជា ព្រាហ្មណ៍ នឹងនាំអ្នកស្រុកសូត្រមន្តសមាទានសីល។ ក្រោយសមាទានសីលចប់ ព្រាហ្មណ៍សូត្រអញ្ជើញទេវតា​ ម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិ ឱ្យមកទទួលដង្វា​យដែលអ្នកស្រុកបានរៀបថ្វាយ។ នៅពេលព្រះច័ន្ទរះចំត្រង់ក្បាលហើយ ព្រាហ្មណ៍ក៏អារាធនាព្រះសង្ឃចម្រើនព្រះបរិត្ត និងចាប់ផ្ដើមដុតទៀតដើម្បីផ្សងទឹកភ្លៀងផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ នៅអំឡុងពេលសម្រក់ទៀនផ្សងទឹកភ្លៀងនោះ ព្រះសង្ឃក៏ចាប់ផ្ដើមបាចអំបុកនិងចេកមកលើអ្នកស្រុកដែលកំពុងអង្គុយស្ដាប់ព្រះបរិត្ត ដោយការបាចនេះអ្នកស្រុកពន្យល់ថា ជានិមិត្តរូបដំណាងឱ្យទឹកភ្លៀងដែលធ្លាក់មក ដែលប្រការនេះមានទំនាក់ទំនងនឹងរឿងភោគផល។ ទំនៀមដែលព្រះសង្ឃបាចអំបុកបែបនេះ យើងក៏ឃើញមានធ្វើនៅតំបន់ខ្លះក្នុងខេត្តកំពង់ចាមនិងខេត្តសៀមរាបនៃប្រទេសកម្ពុជាដែរ។

ព្រះសង្ឃបាចអំបុកនិងចេកក្នុងពិធីសំពះព្រះខែវត្តសាមថង
(រូបថត៖ ชายพงษ์ เด็กเมืองเหน่อ)

របៀបព្យាករណ៍អំពីដំណើរទឹកភ្លៀងរបស់ព្រាហ្មណ៍ទាំង៣មិនមានអ្វីខុសពីខ្មែរនៅកម្ពុជាទេ ដោយទៀននីមួយៗ គេតំណាងឱ្យរយៈពេលនៃរដូវភ្លៀង។ ឧទាហរណ៍នៅវត្តសាម​ថង គេប្រើទៀនចំនួន៣ដើម ដោយទៀនទី១តំណាងឱ្យដើមរដូវវស្សាដែលមានរយៈ​ពេល២ខែ ទៀនទី២តំណាងឱ្យពាក់កណ្ដាលរដូវវស្សាដែលមានរយៈ​ពេល២ខែ និងទៀនទី៣តំណាងឱ្យចុងរដូវវស្សាដែលមានរយៈពេល២ខែដែរ។ កាលណាបើទឹកទៀននីមួយៗស្រក់ខ្លាំងគេកំណត់ថាមានភ្លៀងច្រើននៅតាមរដូវមួយៗ តែបើទឹកទៀនស្រក់យឺតគេកំណត់ថាមានភ្លៀងតិច(រូបភាព។ ដូចនេះការសម្រក់ទៀងដើម្បីផ្សងពីដំណើរទឹកភ្លៀងនោះ ពិតណាស់គឺធ្វើឡើងដើម្បីចង់ដឹងពីភោគផលរបស់កសិករសម្រាប់ឆ្នាំក្រោយ​តាម​​រយៈ​​ការមើលលទ្ធផលនៃការផ្សងទឹកភ្លៀង។ ប្រការនេះមិនមានអ្វីខុសគ្នាពីគំនិតនៃសម្រក់ទៀនផ្សងទឹកនៅកម្ពុជានោះទេ។ តាមរយៈទំនៀមសំពះព្រះខែរបស់ជាតិពិន្ធុខ្មែរនៅខេត្តសុផាន់បុរីបានឆ្លុះបញ្ជាំងឱ្យឃើញអំពី ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងជីវភាពរស់នៅរបស់ខ្មែរជាមួយនឹងការងារកសិកម្ម​ បើទោះបីជាមានការផ្លាស់ប្ដូរទីកន្លែងរស់នៅយ៉ាងណាក៏ដោយ។ ការប្រតិបត្តិទំនៀមទម្លាប់ប្រពៃណីដែលទាក់ទងនឹងកសិកម្មមួយនេះនៅតែមានជីវិតយ៉ាងរស់រវើកក្នុងពីជីវភាពរស់នៅរបស់មនុស្សខ្មែរនៅសុផាន់បុរី៕

អត្ថបទដោយ៖ លោក ឡេង ស៊ីរ៉ង់

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!