ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកសំស្រ្កឹតនៅសំបូរព្រៃគុក K.440 (ភាគ ១)

សិលាចារឹកសំស្រ្កឹតនៅសំបូរព្រៃគុក K.440 (ភាគ ១)

បើយោងទៅតាមការសិក្សារបស់ប្រវត្តិវិទូដ៏ល្បីល្បាញ គឺលោក ម៉ៃឃើល វីឃើរី បានបញ្ជាក់ថា យ៉ាងហោចណាស់មានសិលាចារឹកចំនួន ៧ រកឃើញនៅតំបន់ប្រាសាទសំបូរព្រៃគុកដែលរៀបរាប់អំពីព្រះបាទឦសានវរ្ម័នទី១។ ក្នុងនោះ យើងសង្កេតឃើញថា មានតែសិលាចារឹកនៅក្រុមប្រាសាទយាយព័ន្ធប៉ុណ្ណោះដែលបានរំលេចច្រើនអំពីការពោលសរសើរព្រះអង្គ ហើយជាពិសេសសិលាចារឹកដែលចារនៅលើមេទ្វារកំពែងខាងកើតនៃក្រុមប្រាសាទយាយព័ន្ធ K.440 គឺមានព័ត៌មានអំពី    ព្រះមហាក្សត្រអង្គនេះច្រើនជាងគេបំផុត។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីអត្ថន័យ និងខ្លឹមសារទាំងស្រុងអំពីសិលាចារឹកនេះ ប៉ុន្តែនៅក្នុងភាគទី១ យើងនឹងបង្ហាញតែអក្សរចារឹកនៅមេទ្វារខាងត្បូងមួយចំហៀងសិនប៉ុណ្ណោះ ហើយមួយចំហៀងទៀតនៅលើមេទ្វារខាងជើងនឹងបង្ហាញនៅភាគទី២។ តើសិលាចារឹកដែលរកឃើញនៅមេទ្វារខាងត្បូងកំពែងខាងកើតនៃក្រុមប្រាសាទយាយព័ន្ធ មានអត្ថន័យយ៉ាងណាខ្លះ?

សំណេរនៅលើមេទ្វារកំពែងខាងកើតនៃក្រុមប្រាសាទយាយព័ន្ធ គឺផ្តើមសាច់រឿងពីមេទ្វារខាងត្បូងមក។ សិលាចារឹកនេះ សរសេរជាកំណាព្យសំស្រ្កឹតតាមបែបអនុស្តុភ ដែលមានស្លោកសរុបចំនួន ១៧ ហើយធ្លាប់សិក្សាដោយលោក ហ្សក សឺដេស ម្តងរួចមកហើយ។ យើងឃើញថា ចារឹកនេះមិនបានបញ្ជាក់ឈ្មោះអ្នកនិពន្ធទេ ពោល គឺមានត្រឹមបញ្ជាក់អំពីព្រះនាមព្រះបាទឦសានវរ្ម័នទី១ ដែលអត្ថន័យជាទូទៅរៀបរាប់យ៉ាងជាក់ច្បាស់អំពីបុគ្គលិកលក្ខណៈ ការគ្រប់គ្រង និងដឹកនាំប្រទេស និងរូបសម្បត្តិរបស់ទ្រង់។ តាមខ្លឹមសារនេះ ហាក់ដូចជាព្រះបាទឦសានវរ្ម័នទី១ មានរូបសម្បត្តិស្រស់សង្ហាណាស់ ព្រមទាំងមានចំណេះដឹង និងគុណធម៌ដ៏វិសេសវិសាលទៀតផង។ ក្នុងរាជ្យរបស់ទ្រង់ ទំនងជាតំបន់មួយចំនួនបានញាំញីដោយសឹកសង្គ្រាមផង ទើបបានជាកំណាព្យនេះមានរៀបរាប់ពីវីរភាពរបស់ទ្រង់ក្នុងសមរភូមិ។

មុននឹងប្រែខ្លឹមសារទាំងស្រុងនៃសិលាចារឹកនេះ ខ្ញុំសូមសម្រាយដោយសង្ខេបអំពីស្លោកនីមួយៗជាមុនសិន។ ក្នុងនោះស្លោកទី១ រៀបរាប់ពីព្រះឦឝ្វរ (ឥសូរ) ក្រោមរូបភាពជាលិង្គមាននាមថា ស្រីប្រហសិតេស្វរ ដែលមានន័យថាសំណើចព្រះឥសូរ ឬព្រះឥសូរទ្រង់ញញឹម។ ព្រះស្រីប្រហសិតេស្វរ ជាឧត្តមសិវលិង្គ ដែលជាប្រធានក្នុងក្រុមប្រាសាទយាយព័ន្ធ ឬហៅថាក្រុមខាងត្បូងនេះ ហើយលិង្គនេះតម្កល់នូវត្រង់ប្រាង្គកណ្តាលនៃប្រាសាទយាយព័ន្ធ។ នៅក្នុងស្លោកនេះថែមទាំងបានលែងវោហារសព្ទថា ព្រះស្រីប្រហសិតេស្វរ មានពន្លឺរស្មីចែងចាំង ដែលប្រដូចទៅនឹងផែនប្រឹថពី ក្នុងសមុទ្រពណ៌មាស។   មីចែងចាំង ដែលប្រដូចទៅនឹងផែនប្រឹមុនសិន។ ក្នុងនោះស្លោកទី១ ខណៈ់រឿងពីមេទ្វារខាងត្បូងមក។ហាញនៅភាគទី២។ ័យ និងខ្លឹមសារទាំងស្រុងអំពីសិលាស្លោកទី២ ពោលសរសើរគុណធម៌របស់ព្រះបាទស្រីសានវម៌្មទី១  ដោយប្រើវោហារសព្ទពីរោះដូចជា ឝ្រីមតាម៑ អវនីន្ទ្រាណាម៑ អន្វយាម្វរ ភាស្វតះ (ព្រះអង្គ ប្រដូចដួងព្រះសូរិយាកំពុងបញ្ចេញរស្មីចឹញ្ចែងចឹញ្ចាចលើអាកាសា ទ្រង់ជាព្រះញាតិវង្សរបស់ព្រះមហាក្សត្រ ដែលមានជ័យមង្គល)។ ក្នុងអត្ថបទសិលាចារឹកបានប្រដូចអំណាចរបស់ទ្រង់ទៅនឹងកំដៅរបស់ព្រះសូរិយា ពោលគឺនៅពេលទ្រង់ស្ថិតនៅចំកណ្តាលមណ្ឌល ទ្រង់មានកំដៅ ឬ អំណាចដែលមិនអាចមានជនណាម្នាក់មកប្រដូចបានឡើយ។

ការផ្តិតសិលាចារឹកមេទ្វារខាងត្បូង នៃកំពែងខាងកើត ក្រុមប្រាសាទយាយព័ន្ធ K.440

ស្លោកទី៣ ពោលសរសើរសរីរៈគុណលក្ខណៈសម្រស់របស់ព្រះបាទឝ្រីឝានវម៌្មទី១ ថាមានសម្រស់ល្អគន់ឥតបីគណនា បើនរណាបានឃើញ ឬគយគន់ហើយរមែងពេញដោយហោចទៅសូម្បីតែព្រះនាងរតិដែលជាទេវីរបស់ព្រះកាមទេពក៏ភ្លាត់ព្រះឱស្ឋពោលថា ខ្លួនដូចទៅនិងស្រីមេម៉ាយអញ្ចឹងដែរ។ ស្លោកទី៤ រៀបរាប់ថាទ្រង់ពេញព្រះរាជហឫទ័យចំពោះតែចំណេះវិទ្យា បើទោះជាទ្រង់កំពុងស្ថិតនៅក្នុងយុវវ័យក៏ដោយ ហើយនារីក្រមុំទាំងឡាយរមែងមិនហ៊ានចោមរោមទ្រង់នោះទេ បើទោះបីទ្រង់មានព្រះរូបឆោមលោមពណ៌គួរជាទីប្រាថ្នាក៏ដោយ។ ស្លោកទី៥ មានការរលុបអស់អត្ថន័យជាច្រើន ដូច្នេះអត្ថន័យមិនពេញលេញឡើយ។ ស្លោកទី៦ ពណ៌នាអំពីសិរីយសរបស់ព្រះមហាក្សត្រ ដែលប្រដាប់ដោយរត្នវត្ថុទាំងឡាយ ប្រដូចទៅនឹងមហាសមុទ្រដែលអនុបាលដោយភ្នំ។ ស្លោកទី៧ រៀបរាប់ថាព្រះអង្គប្រសើរពេកក្រៃ មិនមាននរណាអាចប្រដូច ឬស្មើបាន ដោយហោចសូម្បីតែស្ត្រីជនទាំងឡាយ ទ្រព្យសម្បត្តិទាំងឡាយក៏មិនប្រសើរដូចឡើយ។

ស្លោកទី៨ រៀបរាប់ថាគុណលក្ខណៈរបស់ទ្រង់រឹងមាំក្រៃលែង ដែលទទួលបានការស្រោចស្រពដោយមន្ត្រ។ ស្លោកទី៩ រៀបរាប់ថាព្រះអង្គ គឺជាព្រះមហាក្សត្រប្រកបដោយសុចរឹត ជាមហាក្សត្រមានចិត្តកត្តញ្ញូភក្តិចំពោះគ្រូបាធ្យាយ បើទោះបីទ្រង់មានកំណើតជាក្សត្រ និងមានយសធំក៏ដោយ ហើយទ្រង់អាចនឹងពង្រីកដែនវិស័យបន្ថែម។ ស្លោកទី១០ រៀបរាប់ថាសាធុសប្បុរសទាំងឡាយ ពោលសរសើរព្រះអង្គថា ទ្រង់ជាក្សត្រដែលតែងផ្តល់ទីជ្រកកោនអាស្រ័យដល់ជនទាំងពួង ព្រះអង្គស្អប់ខ្ពើមអំពើបាប (ទោស) ហើយព្រះអង្គបានលើកតម្កើងភាពត្រឹមត្រូវដោយប្រកាសយកអំពើអាក្រក់ធ្វើជាសត្រូវទី១របស់ព្រះអង្គ។ ស្លោកទី១១ ពណ៌នាអំពីគុណលក្ខណៈសម្បត្តិរូបឆោមលោមពណ៌ព្រះបាទស្រីសានវម៌្មទី១ដោយពាក្យថា ព្រះស្រីវរអង្គ (រូបរាង្គកាយដ៏ល្អប្រសើរស្រស់ស្អាត) ដោយការពោលសរសើរទ្រង់ច្រើនដង បង្ហាញឱ្យដឹងថា ព្រះបាទស្រីសានវម៌្មទី១ទំនងជាមានរូបសម្បត្តិស្រស់សង្ហាណាស់។ ស្លោកទី១២ ដល់ទី១៧ រៀបរាប់អំពីលក្ខណៈសម្បត្តិ សិរីយស ភាពអស្ចារ្យ និងគោលនយោបាយទាំងបីរបស់ទ្រង់ក្នុងការដឹកនាំប្រទេស។

សំណៅផ្តិតសិលាចារឹកមេទ្វារខាងត្បូង នៃកំពែងខាងកើត ក្រុមប្រាសាទយាយព័ន្ធ K.440

(ផ្តិតដោយ៖ កំ វណ្ណារ៉ា និង ម៉ង់ វ៉ាលី)

អត្ថបទចារឹកដើម

មេទ្វារខាងត្បូង

១.        ……….វ ជយតិ                 ស ឝ្រីប្រហសិ[តេឝ្វរះ]

          យស្យាង្គ[ ភាសា មគ្នេវ]        ទ្រុតហេមាម្វុធៅ មហី។

២.       ឝ្រីមតាមវនីន្ទ្រាណា               មន្វយាម្វរភាស្វតះ

          មណ្ឌលេមធ្យមស្យាបិ             ប្រតាបោ យស្យ ទុស្សហះ។

៣.       យំ កាន្តវបុឞំ ទ្ឫឞ្ដ្វា                  វិស្មិតេវាភវទ្រតិះ

          អហោ នុ មិថ្យា  វៃធវ្យ              វញ្ចិតាស្មិ ចិរាទិតិ។

៤.       ឝ្រីតរុណ្យាបរិឞ្វក្តះ                 កាម្យរូបោ យុវាបិយះ

          ភុក្តាសុ វ្ឫទ្ធៃវ៌ិ្វទ្យាសុ                 រក្តXបរិណតាឞ្វបិ។

៥.       ស្វយំ…………………                   ……….មយិតាបិយះ

          ភក្តវត្សល…..យុ……               ………….សូរិភិះ។

៦.        រត្នៃរុទន្វានិវ យX                      បរិបូណ៌្ណោប្យនុន្នតិះ

          បាតា………បក្ឞានិ                 ន្ទ្រាទបិ មហីភ្ឫតាំ។

៧.       បរេឞាំ វិត្តទារេឞុ                      យស្យ ណិភោ និរាស្បទះ

          ស្ថិត+កេវលមាចារ                 សុក្ឫតា..តកីត៌ិ្តឞុ។

៨.       ទ្ឫឍមូលា ទុរារោហា              ពហុឝាខាX បរោហិណះ

          មន្ត្រាម្វុសិក្តា វលិទា               យស្យ ជយមហីរុហាះ។

៩.        ប្រថមោ ភូត៑ សុវ្ឫត្តានាំ             គុរុភក្តិមតាញ្ច យះ

           ឝក្ត្យា វិឞយមយ៌្យាទាំ             គុរុណាំ លង្ឃយន្នបិ។

១០.     ន សវ៌្វាឝ្រយ ឥត្យុក្ត               ស្សជ្ជនៃរិយតៃវ យះ

           ទោឞៃយ៌្យទរិសម្បក៌្ក               ទប៌្បាទិវ ន សេវិតះ។

១១.     យំ មនោហារិលាវន្យ               មិក្ឞមានា វរាង្គនាះ

          និមេឞមបិ នេត្រាណា             មរិគ្ឫហ្យមមំ្សត។

១២.     មហីយោ យស្យ និស្សំខ្យ        មុបលភ្យាំមលំ យឝះ

          ធាតាបិ នុ ជគត ស្ឫឞ្ដ              មល្បមិត្យមនុឝោចតិ។

១៣.     យស្យាភិយានេ រជសា             វលាមទ៌្ទភុវា ភុវះ

          វរណម៑ សត្វភេទានាំ              អាវិឞ្ក្ឫតតមំ តម។

១៤.     យស្យ ឝក្តិត្រយវតា               នយេន បរភូភ្ឫតះ

          ក្ឫតា រសជ្ញាX បាតស្យ             រូឍមូលាះ ក្ឞីតាវបិ។

១៥.     ស្វាថ៌ោបសរជ៌្ជនោ ភូត្វា                      បរាត៌្ថម៑ មុខ្យវ្ឫតិ្តតះ

          យX ប្រណេតាភវទ៑ ទ្រវ្យេ        គុណឝព្ទ ឥវោទិតះ។

១៦.     ប្ឫថ្វាទីនាំ ឝ្រុតា ឝក្តិរ              អឝ្រទ្ធេយាបិ សាំប្រតៃះ

          នីតា សំភាវ្យតាំ យស្យ            ទ្ឫឞ្ដ្វា សំយតិ វិក្រមម៑។

១៧.     ប្រត្យហំ ភូបតិឝិខា                  រត្នវ្យតិករាង្ឝុភិះ

          នីតៅ ឝវលតាំ យស្យ              ចរណាវមលាវបិ។

បំណកប្រែ

មេទ្វារខាងត្បូង

១. ព្រះស្រីប្រហសិតេស្វរអង្គនោះ រមែងមានជ័យជម្នះ…ព្រះរូបរាង្គកាយរបស់ព្រះស្រីប្រហសិតេស្វរអង្គនោះទ្រង់មានពន្លឺភ្លឺចែងចាំង  ដូច្នេះឯងទើបពោលថា ផែនដី នៅក្នុងសមុទ្រមាស (ពណ៌ក្រហមដូចមាស)។

២. ស្តេចផែនដីអង្គនោះ ព្រះអង្គមានព្រះកិត្តិសព្ទល្បីល្បាញ ព្រះអង្គជាប់ព្រះញាតិវង្សខាងសូរ្យវង្ស ព្រះអង្គប្រដូចទៅនឹងដួងព្រះអាទិត្យនៅលើអាកាសវេហា ដោយហោចទៅសូម្បីតែព្រះអង្គគង់នៅក្នុងកណ្តាលមណ្ឌល (រាជមន្ទីរ) ក៏ដោយ ក៏ព្រះអង្គទ្រង់មានកំដៅ (អំណាច)មិនមានបុគ្គលណាអាចទប់ទល់បានឡើយ។

៣. នរណាដែលបានគយគន់ឃើញហើយនូវព្រះវររូបកាយ ដែលមានរូបឆោមលោមពណ៌ល្អស្រស់ឆើតឆាយ ដោយហោចទៅសូម្បីតែនាងរតិ ក៏បានភ្ញាក់ដឹងខ្លួន ហើយបានពោលពាក្យដូច្នេះថា ឱហ្ន៎ ស្មានអញជាស្ត្រីមេម៉ាយយូរហើយទេតើ តែវាដូចជាមិនពិតនោះទេ។

៤. ស្រីតរុណ្យកញ្ញា (ស្រីក្រមុំព្រហ្មចារីយ៍) រមែងមិនហ៊ានចោមរោមជុំជិតព្រះអង្គនោះទេ បើទោះបីជាព្រះអង្គកំពុងនៅវ័យកំលោះ មានកាមរូប (ល្អស្រស់ឆើតឆាយ) ក៏ដោយ ដោយសារតែព្រះអង្គពេញចិត្តតែចំណេះវិជ្ជាមួយមុខប៉ុណ្ណោះ  ដោយព្រឹទ្ធាចារ្យទាំងឡាយបានបរិភោគ (អាស្រ័យហើយ) រីករាយពេញចិត្ត។

៥. ស្វយំ =ខ្លួនឯង ……………….បិយះ=សេចក្តីពេញចិត្ត ……ភក្តវត៑=មានសេចក្តីគោរព..សូរិភិះ=ដោយព្រះអាទិត្យទាំងឡាយ។

៦. ព្រះរាជាអង្គណា ទ្រង់បរិបូណ៍ដោយរត្នសម្បត្តិទាំងឡាយច្រើនប្រការ ដូចទៅនឹងមហាសមុទ្រ បាតា=ការពារដោយស្តេចភ្នំ។

៧. ព្រះអង្គមិនមានបុគ្គលណាប្រៀបប្រដូចបាន ភាពដែលមាននៅក្នុងស្ត្រី ឬទ្រព្យសម្បត្តិដ៏ល្អប្រសើរទាំងអស់ស្ថិតនៅក្បែរព្រះអង្គបាន ត្បិតថាព្រះអង្គទ្រង់ប្រព្រឹត្តតែអំពើល្អដ៏សុក្រឹត…ក្នុងកិត្តិគុណប៉ុណ្ណោះ។

៨. ព្រះអង្គ (ព្រះបាទស្រីសានវម៌្មទី១) មានមូល (ឫសគល់) ដ៏រឹងមាំក្រៃលែង មានបែកមែកសាខា មានដុះត្រួយពន្លកច្រើន ដោយបានការស្រោចស្រពដោយទឹកមន្ត្រ មានផ្លែផ្កាច្រើន នេះជាដើមជ័យព្រឹក្សរីកលូតលាស់ដុះដាលលើផែនដីទ្រង់។

៩. ស្ថិតនៅក្នុងចំណោមបុគ្គលដែលប្រព្រឹត្តអំពើសុចរឹតទាំងឡាយ បុគ្គលអ្នកគោរពនិងដឹងគុណចំពោះគ្រូបាធ្យាយ ព្រះអង្គ (ព្រះបាទស្រីសានវម៌្មទី១) ជាបុគ្គលទី១ មានប្រក្រតីប្រព្រឹត្តសុចរឹត មានភក្តីភាពចំពោះគ្រូបាធ្យាយ ទោះបីទ្រង់មានអំណាចធំក៏ពិតមែនក៏ដោយ។ ព្រះអង្គបានពង្រីកដែនវិស័យរបស់ទ្រង់ឱ្យធំទូលាយជាងគ្រូទាំងឡាយរបស់ទ្រង់ទៅទៀត។

១០. សាធុសប្បុរសជនទាំងឡាយដ៏ច្រើន ពោលសរសើរទ្រង់ថា ព្រះអង្គ (ព្រះបាទស្រីសានវម៌្មទី១) មិនត្រឹមតែជាទីជ្រកអាស្រ័យបណ្តាជនប៉ុណ្ណោះទេ ព្រះអង្គមិនប្រព្រឹត្តដោយនូវទោសទាំងឡាយ ដោយទ្រង់ប្រដូចនូវការសេពគប់នូវទោស (អំពើបាប) នេះថាជាសត្រូវរបស់ទ្រង់។

១១. វរ-អង្គនា = រូបរាង្គកាយទាំងឡាយដ៏ល្អប្រសើររបស់ទ្រង់ កាលមើលនូវរូបល្អសោភានៃព្រះអង្គដែលមានរូបស្រស់ស្អាត នឹកក្នុងចិត្តថាគ្រាន់តែក្រលែកមើលមួយប៉ព្រឹចភ្នែក ដូចជាចាប់បានសត្រូវទៅហើយ។

១២. ព្រះសិរីយសដ៏ល្អបរិសុទ្ធឥតមន្ទិលសៅហ្មងដ៏ធំ មានច្រើនអនេករាប់មិនអស់ ព្រះធាតា (ទេពបង្កើតលោក) ទ្រង់មានព្រះតម្រិះតូចចិត្តថា ផែនដីដែលទ្រង់គ្រប់គ្រងនេះតូចពេកណាស់។

១៣. អភិយានេ រជសា= នៅពេលចូលទៅក្បែរព្រះរាជា ធូលីដីហុយទ្រលោមមកលើផែនដី ដែលបង្កើតឡើងដោយកងទ័ពរបស់ទ្រង់ បង្កើតបានជាភាពងងឹតខ្មួលខ្មាញ់ បានបង្ហាញអំពីភាពខុសប្លែកគ្នារវាងសត្វ។

១៤. គោលនយោបាយរបស់ព្រះអង្គ (ព្រះបាទស្រីសានវម៌្មទី១) បានបង្កើតឡើងដោយ គោលការណ៍៣យ៉ាង នៃអំណាចរបស់ព្រះអង្គ បានធ្វើឱ្យព្រះរាជាក្រៅដែនអាណាចក្រ(បរទេស) ពេញចិត្ត (សាទរជាមួយគោលនយោបាយ) និងដួលរលំអំណាច បើទោះបីជាគេមានឫសគល់រឹងមាំនៅក្នុងដែនដីរបស់គេក៏ដោយ។

១៥. ព្រះអង្គទ្រង់ព្រះតម្រិះនូវអត្ថប្រយោជន៍ ដោយការប្រព្រឹត្តដ៏ឧត្តមរបស់ទ្រង់ ដោយព្រះអង្គបានបង្កើតប្រយោជន៍ដល់អ្នកដទៃ ដូចជាការបង្ហាញនូវគុណធម៌។

១៦. អំណាចដែលបានកំណត់ថាជាប្ឫថុជាដើម និងជនដទៃ វាមានលក្ខណៈអស្ចារ្យណាស់ ទោះបីជាវាមិនគួរឱ្យជឿក៏ដោយ តែបានបង្ហាញឱ្យគេឃើញយ៉ាងច្បាស់ អំពីតម្លៃក្នុងពេលប្រយុទ្ធ។

១៧. ជាប្រក្រតី ពន្លឺភ្លើងបានភ្លឺផ្លេកចែងចាំងភ្លឺឡើង ជាគ្រឿងរណ្តាប់ដោយរត្នាលង្ការ ប្រដាប់នៅលើព្រះភ្នួងសិរសាចុះមកក្រោមរបស់ព្រះមហាក្សត្រ បានភ្លឺជះចែងចាំងរស្មីភ្លឺត្រចះត្រចង់ មានពណ៌ល្អចម្រុះពណ៌ជះទៅលើព្រះបាទាទាំងគូដែលល្អបរិសុទ្ធឥតសៅហ្មង។ ជារួមមក សិលាចារឹកនេះ អាចចាត់ទុកថា គឺជាសិលាចារឹកដែលចារឹកល្អបំផុតរកឃើញក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ដោយអ្នកនិពន្ធពូកែក្នុងការប្រើប្រាស់ពាក្យពេចន៍ ណែងណងល្គឹកល្គង ពីរោះរណ្តំ តាមបែបសព្ទាលង្ការពិធី និងអថ៌ាលង្ការពិធី។ សិលាចារឹកនេះ បានផ្តល់នូវ​ព័ត៌មានជាច្រើនទាក់ទងនឹងបុគ្គលិកលក្ខណៈសម្បត្តិ និងរបៀបរបបគ្រប់គ្រងប្រទេសរបស់ព្រះបាទឦសានវរ្ម័នទី១៕

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!