ព្រះរាម គឺជាអវតារដ៏សំខាន់មួយក្នុងចំណោមអវតារសំខាន់ៗទាំង១០របស់ព្រះវិស្ណុ។ តួអង្គព្រះរាម គឺនិយាយនៅក្នុងរឿងរាមាយណដែលមានកត់ត្រានៅគម្ពីរបុរាណជាច្រើនក្នុងលទ្ធិវៃស្នវនិយម។ រឿងរាមាយណដ៏ល្បីល្បាញនៅស្រុកឥណ្ឌានេះ បានហូរចូលក្នុងសង្គមខ្មែរតាំងពីសម័យមុនអង្គរមកម្ល៉េះ តួយ៉ាងដូចមាននិយាយនៅក្នុងសិលាចារឹកវាលកន្ទេល K.359 (ស.វ.ទី៧) និងមានភស្តុតាងជាចម្លាក់ឥដ្ឋនៅក្រុមប្រាសាទយាយព័ន្ធ នៃតំបន់ប្រាសាទសំបូរព្រៃគុកជាដើម។ដោយឡែក ចំពោះបដិមាព្រះរាមវិញ គេប្រទះឃើញតែពីររូបប៉ុណ្ណោះនៅក្នុងសិល្បៈខ្មែរនាសម័យ បុរាណ ដែលបដិមាមួយរកឃើញនៅលើភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវ និងបដិមាមួយទៀតរកឃើញនៅប្រាសាទចិន តំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីបដិមាព្រះរាមចំនួន ១ រកឃើញនៅប្រាសាទចិន ដែលជាសិល្បៈរចនាបថកោះកេរ នាសតវត្សរ៍១០នៃគ្រឹស្តសករាជ។ តើបដិមាព្រះរាមនេះមានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?
បដិមាព្រះរាមនេះ តម្កល់នៅតួប៉មខ្លោងទ្វារខាងកើតនៃប្រាសាទចិន។ បដិមានេះទៀតសោត សិល្បករបុរាណបានតម្កល់ឱ្យនៅជាក្រុមជាមួយបដិមាផ្សេងទៀត ដែលជាតួអង្គសំខាន់ៗនៅក្នុងរឿងរាមាយណ ដូចជា ព្រះលក្ស្មណ៍ ហនុមាន វាលី និងសុគ្រីព។ ពោល គឺផ្ទុយនឹងខ្លោងទ្វារខាងលិចដែលគេតម្កល់បដិមាចំនួន ៩ អង្គ ដែលសុទ្ធសឹងជាតួអង្គសំខាន់ៗនៅក្នុងរឿងមហាភារត។ ចំណែក តួប៉មកណ្តាលរបស់ប្រាសាទតម្កល់បដិមាព្រះវិស្ណុ ក្នុងរូបភាពជាទេពដែលមានព្រះនាមថា “ស្រីបតី” (យោងសិលាចារឹក K.182)។ នៅក្នុងឆ្នាំ១៩៧២ ជនទុច្ចរឹតបានលួចបដិមាព្រះរាមនេះ និងបដិមាមួយចំនួនទៀតចេញពីទីតាំងដើម ដើម្បីលក់ចេញទៅកាន់ឈ្មួញនៅកជំនួញ នាំ១៩៧២ ជនទុច្ចរឹតបានលួចបដិមាព្រះរាមនេះ និងបដិមាមួយចំនួនទៀតចេញពីទីតាំងដើម ដើម្បីលក់ចេញទៅឈ្មួញបរទេស។ រត។ ចំណែក តួប៉មកណ្តបរទេស។ នៅមុនឆ្នាំ១៩៨៦ បដិមាព្រះរាមមកពីប្រាសាទចិន បានដាក់តាំងបង្ហាញនៅក្នុងវិចិត្រសាលមួយកន្លែងដែលមានឈ្មោះថា “Doris Weiner Gallery” ដែលមានទីតាំងស្ថិតនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច។ មកដល់ឆ្នាំ១៩៨៦ បដិមានេះគេបានលក់ចេញទៅឱ្យសារមន្ទីរមួយនៅក្នុងរដ្ឋកូឡូរ៉ាដូ សហរដ្ឋអាមេរិច ដែលមានឈ្មោះថាសារមន្ទីរ “Denver Art Museum”។ ជាង៣០ឆ្នាំក្រោយមក នៅក្នុងឆ្នាំ២០១៦ ក្រុមការងារសារមន្ទីរ Denver Art Museum ក៏បានសម្រេចប្រគល់បដិមានេះត្រឡប់មកកម្ពុជាវិញ ក្រោយពីមានការសិក្សាស្រាវជ្រាវរកប្រភពដើមយ៉ាងជាក់លាក់។ ការប្រគល់បដិមានេះមកវិញ គឺមានតែត្រឹមដងខ្លួនចុះមកក្រោមប៉ុណ្ណោះ ដោយព្រះសិរបានបាត់បង់ទៅហើយ។ ចំណែកឯ ធ្នូ និងជើងទម្រភ្ជាប់ជាមួយកជើង គេបានរកឃើញនៅទីតាំងដើម។ ដូច្នេះហើយ អ្នកជំនាញនៅសារមន្ទីរជាតិកម្ពុជា បានជួសជុលភ្ជាប់ជើង និងធ្នូជាមួយទេវរូប ដើម្បីយកដាក់តាំងបង្ហាញនៅក្នុងវិចិត្រសាលរបស់សារមន្ទីរ។
គួរកត់សម្គាល់ថា បដិមានេះក៏មិនខុសពីបដិមាផ្សេងទៀតដែលរកឃើញនៅប្រាសាទចិនដែរ ពោល គឺសិល្បករសាងឡើងអំពីថ្មភក់មួយដុំធំភ្ជាប់គ្នាជាមួយជើងទម្រ ហើយបដិមាគឺមានទំហំធំ និងកម្ពស់ខ្ពស់ (ប្រវែងកម្ពស់ដែលនៅសល់ មិនគិតជើងទម្រ គឺ ១,៦០ ម៉ែត្រ)។ បដិមានេះសាងឡើងក្នុងទម្រង់ឈរដោយមានជំហរត្រង់ ព្រះហស្តឆ្វេងកាន់ដងធ្នូ (ព្រះហស្តឆ្វេងនេះបាក់បែក និងបាត់បង់ទៅហើយ) រីឯព្រះហស្តស្តាំមិនដឹងថាកាន់អ្វីនោះឡើយ ហើយបាក់ត្រឹមកែងដៃ។ នៅលើដងខ្លួនទេវរូបនេះ យើងឃើញមានលម្អដោយក្បាច់ផ្សេងៗក្នុងទម្រង់ជាគ្រឿងអល្លង្ការ។ នៅផ្នែកខាងខ្នងបដិមា សិល្បករឆ្លាក់ជាបំពង់ដាក់គ្រាប់ព្រួញភ្ជាប់មកជាមួយ។ ចំណែកឯសំពត់បដិមាព្រះរាមនេះវិញ គឺមានទម្រង់ដូចទៅនឹងបដិមាផ្សេងៗទៀតនៅក្នុងរចនាបថកោះកេរដែរ ពោល គឺសំពត់ខ្លីមានភ្លីច្រើន មានជាយធំមួយទម្លាក់មកបាំងខ្សែក្រវ៉ាត់ចង្កេះផ្នែកខាងមុខ និងមានជាយពីរជាន់ធ្លាក់មករាងដូចកន្ទុយត្រីដែលខាងក្នុងវែងជាងខាងក្រៅ។ ការទម្លាក់ជាយពីរជាន់រាងដូចកន្ទុយត្រីបែបនេះ គេធ្លាប់ឃើញមាននៅក្នុងរចនាបថបាខែង នាស.វ.ទី៩ ដែរ ប៉ុន្តែខុសគ្នាត្រង់ថា នៅរចនាបថបាខែងជាយខាងក្រៅវែងជាងជាយខាងក្នុង។
បដិមាព្រះរាមដែលរកឃើញនៅប្រាសាទចិននេះ មើលទៅមានលក្ខណៈខុសពីបដិមាព្រះរាមដែលគេរកឃើញនៅរចនាបថភ្នំដាជាច្រើនចំណុចគួរកត់សម្គាល់។ ជាពិសេស គឺនៅត្រង់ថាបដិមាព្រះរាមរចនាបថភ្នំដាមានកាច់ចង្កេះខ្លាំង (សំស្រ្កឹតហៅថា “ភង្គ”) ប៉ុន្តែបដិមាព្រះរាមនៅប្រាសាទចិនដែលស្ថិតនៅក្នុងរចនាបថកោះកេរមានជំហរត្រង់។ ម្យ៉ាងវិញទៀត ជើងទម្រ ដងខ្លួន និងសំពត់ក៏មិនដូចគ្នាដែរ។ លើសពីនេះ ប្រសិនបើមើលទៅលើទំហំខ្លួនបដិមាក៏កាន់តែខុសគ្នាឆ្ងាយ ដ្បិតជាទូទៅសិល្បៈនៅរចនាបថកោះកេរច្រើនតែផលិតឡើងដោយមានទំហំធំៗ។ ជារួមមក បដិមាព្រះរាមដែលរកឃើញនៅប្រាសាទចិន (តំបន់កោះកេរ) អាចចាត់ទុកថា គឺជាសិល្បៈដ៏កម្រមួយ ហើយមានលក្ខណៈល្អឯក។ ដ្បិត ចម្លាក់ដែលទាក់ទងនឹងព្រះរាមមានច្រើនណាស់ ប៉ុន្តែបដិមាព្រះរាមវិញ គឺមានតែពីរប៉ុណ្ណោះនៅក្នុងសិល្បៈខ្មែរ។ លក្ខណៈជាទូទៅ គឺមិនសូវខុសគ្នាប៉ុន្មានពីបដិមាផ្សេងៗទៀតដែលរកឃើញនៅប្រាសាទចិននោះទេ។ អ្វីដែលគួរឱ្យត្រេកអរបំផុតនោះគឺ បដិមាអង្គនេះបានធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញកាលពីឆ្នាំ២០១៦៕
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី