“ជាតក” ជារឿងដែលនិយាយពីជាតិទាំងឡាយរបស់ព្រះពោធិសត្វ មុនជាតិដែលព្រះអង្គបានត្រាស់ជាព្រះពុទ្ធ។ រឿងនេះមានប្រភពដើមនៅក្នុងគម្ពីរ “សុត្តន្តបិដក” ឬ “ព្រះសូត្របិដក”។ សុត្តន្តបិដកមានចែកជាច្រើនក្រុមទៀតហៅថា“និកាយ”។ ក្នុងបណ្តានិកាយទាំងនោះ មាននិកាយមួយឈ្មោះថា“ខុទ្ទកនិកាយ” ដែលចែកជារឿងមួយពួកៗទៀតហៅថា“និបាត”។ និបាតទាំងអស់មានចំនួន២២ ហើយក្នុងនិបាតទាំង២២នោះមានជាតកសរុបទាំងអស់ចំនួន៥៥០។ តួលេខ៥៥០នេះគ្រាន់តែជាចំនួនប្រហាក់ប្រហែល ឬតួលេខនិម្មិតឡើងប៉ុណ្ណោះ ព្រោះបើរាប់ជាតកទាំងអស់ក្នុងគម្ពីរបាលី (ព្រះត្រៃបិដក) ក្តី ឬ សៀវភៅដែលលោកសាស្ត្រាចារ្យ E.B.Cowell បកប្រែហើយបោះពុម្ពផ្សាយជាភាសាអង់គ្លេសក្តី គឺមានតែ៥៤៧ប៉ុណ្ណោះ។ ក្នុងចំណោមជាតកទាំង៥៤៧នេះទៀតសោត គឺជួនកាលមានរឿងខ្លះដូចគ្នា ឬក៏រឿងពីរបីបញ្ចូលគ្នាតែមួយកើតចេញជារឿងថ្មីមួយទៀត។ តាមពិតទៅ ព្រះត្រៃបិដកអធិប្បាយអំពីជាតកជាគាថាខ្លីៗប៉ុណ្ណោះ ហើយពិបាកយល់ណាស់។ គាថាទាំងនោះទៀតសោត ជួនកាលជាបញ្ហា ជាសុភាសិត ជានិទាន ឬជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធចំពោះសាវ័កណាមួយរបស់ព្រះអង្គ ឬក៏ជាការប្រៀបធៀបនូវទង្វើរបស់ពុទ្ធសាសនិកណាម្នាក់ទៅនឹងតួអង្គក្នុងរឿងជាតក ឬពេលខ្លះជាដើមបទ ឬសេចក្តីសង្ខេបរបស់ជាតកនោះតែម្តង។ ម៉្លោះហើយ ប្រសិនបើចង់ដឹងអំពីរឿងជាតកពេញលេញ និងងាយយល់នោះ គឺត្រូវមើលនៅក្នុងគម្ពីរ “អដ្ឋកថា” ដែលជាគម្ពីរអធិប្បាយសម្រាយចេញពីគម្ពីរព្រះត្រៃបិដក។
ជាតកជាគម្ពីរពុទ្ធសាសនាធំមួយដែលប្រមូលផ្តុំដោយរឿងចាស់ៗជាច្រើនបញ្ចូលគ្នារួមមានរឿងព្រេង និងរឿងទេពកថាជាដើម។ គេពុំដឹងច្បាស់ថា តើរឿងនេះកើតឡើងយ៉ាងដូចម្តេចឡើយ។ ប៉ុន្តែបើតាមពុទ្ធសាសនិកជនជឿពីបរមបុរាណមកថា នៅពេលដែលជួបរឿងរ៉ាវពិបាកដោះស្រាយក្នុងឱកាសយាងទេសនាប្រោសសត្វក្រោយត្រាស់ដឹង ព្រះពុទ្ធគោតមតែងអត្ថាធិប្បាយពន្យល់ហេតុការណ៍ដែលកើតឡើងនាពេលនោះ ដោយនិទានរឿងអតីតកំណើតរបស់ព្រះអង្គកាលនៅជាពោធិសត្វ ដែលស្រដៀងទៅនឹងព្រឹត្តិការណ៍នោះ។ តាមរយៈរឿងនិទាននោះ ព្រះពុទ្ធពោលសរសើរនូវសេចក្តីប្រតិបត្តិល្អរបស់តួអង្គព្រះពោធិសត្វក្នុងរឿង ហើយក៏យកជាឧទាហរណ៍ដើម្បីទូន្មានសាវកទាំង ឡាយពីទង្វើជាសីលធម៌, មេត្តា, ករុណា…..។ គេជឿថា រឿងកំណើតព្រះពោធិសត្វដែលព្រះពុទ្ធនិទានឡើងទាំងអស់នោះ ត្រូវសាវករបស់ព្រះអង្គនិទានតៗគ្នា ហើយក្រោយពេលព្រះអង្គចូលព្រះបរិនិព្វាន រឿងទាំងនោះត្រូវគេប្រមូលបាន៥៥០ ហើយនិពន្ធចងក្រងជាគម្ពីរបាលីតែមួយហៅថា “គម្ពីរជាតក៥៥០ ឬកំណើត៥៥០” ក្នុងពេលធ្វើ “សង្គាយនានៅបត្ន” ដែលប្រារព្ធឡើងក្នុងអំឡុងឆ្នាំ២៥០មុនគ្រឹស្តសករាជ។ នៅឆ្នាំបន្ទាប់ពីសង្គាយនានោះ ពុទ្ធសា-សនិកទូតដ៏ល្បីឈ្មោះម្នាក់ឈ្មោះ មហិន្ទ បាននាំយកជាតកទាំងនោះទៅកាន់ប្រទេសសៃឡន (ស្រីលង្កា)។ ទៅដល់ទីនោះ “សេចក្តីអត្ថាធិប្បាយ”នូវព្រឹត្តិការណ៍កើតឡើងក្នុងជីវិតរបស់ព្រះពុទ្ធ ដែលនាំឱ្យព្រះអង្គលើកយកជាតកទៅសម្តែង ត្រូវគេបកប្រែទៅជាភាសា“សិង្ហល” (ភាសាស្រីលង្កា) ហើយត្រូវគេបកប្រែមកជាភាសាបាលីវិញនៅអំឡុងឆ្នាំ៤៣០នៃគ្រឹស្តសករាជ ដោយព្រះពុទ្ធឃោសា។ ប៉ុន្តែ អត្ថបទរឿងជាតកនៅរក្សាជាភាសាដើម ពោលគឺភាសាបាលីតាំងពីដើមរៀងមក។ រឿងជាតកត្រូវគេស្គាល់ថាជាអក្សរសាស្ត្រពុទ្ធសាសនា ដែលការអះអាងនេះគឺសម្អាងលើភស្តុតាងនៃសាច់រឿងជាតកឆ្លាក់នៅលើចេតិយសានឆិ, អមរវតី និងភារហុតក្នុងស្រុកឥណ្ឌាដែលចម្លាក់ខ្លះមានទាំងសរសេរចំណងជើងជាតកនោះផង។ តាមរយៈចម្លាក់ទាំងនោះបង្ហាញថា រឿងជាតកគឺត្រូវគេស្គាល់ជាទូទៅនៅក្នុងអំឡុងស.វ.ទី៣មុនគ្រឹស្តសករាជដែលពេលនោះត្រូវគេចាត់ទុកថាជារឿងពិសិដ្ឋ ឬរឿងសក្ការរបស់ពុទ្ធសាសនា។ មិនតែប៉ុណ្ណោះ នៅរវាងពាក់កណ្តាលស.វ.ទី៨នៃគ្រឹស្តសករាជ ជាតកបានផ្សាយចូលទៅតំបន់អារ៉ាប់ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ នៅពេលដែលអារ៉ាប់មានទំនាក់ទំនងជាមួយពួកអឺរ៉ុប ពួកគេក៏នាំរឿងនេះទៅកាន់អឺរ៉ុប ហើយមិនយូរប៉ុន្មាន ត្រូវគេបកប្រែទៅជាភាសាអឺរ៉ុប។ ម៉្លោះហើយ រឿងព្រេងនិទានរបស់អឺរ៉ុបក៏ទទួលឥទ្ធិពលពីជាតកនេះដែរ។
នៅរវាងដើមគ្រឹស្តសករាជ អារ្យធម៌ឥណ្ឌាបានផ្សព្វផ្សាយចូលមកតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងៗដែលជ្រួតជ្រាបអារ្យធម៌ឥណ្ឌា។ ដោយសារឥទ្ធិពលឥណ្ឌានេះហើយ ទើបប្រទេសកម្ពុជានាពេលនោះគោរពប្រតិបត្តិទាំងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា (ទាំងហីនយាននិងមហាយាន) តែសាសនាផ្លូវការនាពេលនោះ គឺព្រហ្មញ្ញសាសនា។ តឹកតាងនៃការគោរពព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនានោះ គឺបង្ហាញតាមរយៈប្រតិមា ដែលរកឃើញនៅស្រុកអង្គរបុរី ខេត្តតាកែវ ដែលកាលនោះជារាជធានី និងមណ្ឌលសាសនាយ៉ាងសំខាន់។ ប្រតិមាព្រហ្មញ្ញសាសនាមានដូចជាលិង្គ, ព្រះនារាយណ៍, ព្រះរាមជាដើម។ ចំណែកឯប្រតិមាព្រះពុទ្ធសាសនាមានព្រះពុទ្ធរូបនៅវត្តរំលក ដែលមានអាយុកាលចាស់ជាងគេ (ស.វ.ទី៦-៧?)។ ជាធម្មតា កាលណាសាសនាហូរចូលមក តែងតែនាំគម្ពីរមកជាមួយ។ ដូច្នេះ តាមរយៈព្រះពុទ្ធសាសនានេះហើយ ដែលខ្មែរស្គាល់គម្ពីរពុទ្ធសាសនាផ្សេងៗ ជាពិសេសគម្ពីរព្រះត្រៃបិដក។
ដូចពោលពីខាងលើរួចមកហើយថា សាសនាផ្លូវការដែលព្រះមហាក្សត្រគោរពគឺ ព្រហ្មញ្ញសាសនា។ លើកលែងតែនៅពាក់កណ្តាលស.វ.ទី១២ ដែលព្រះបាទ ធរណីន្ត្រវរ្ម័នទី២ ជាមហាក្សត្រដំបូងគេដែលកាន់ព្រះពុទ្ធសាសនា ហើយក្រោយមកក្នុងចុងស.វ.ទី១២ ព្រះរាជបុត្ររបស់ព្រះអង្គ គឺព្រះបាទ ជ័យវរ្ម័នទី៧ ក៏លើកតម្កើងព្រះពុទ្ធសាសនាមហាយានជាសាសនាផ្លូវការរបស់ចក្រភពទាំងមូល។ ម៉្លោះហើយ ពុំមានអ្វីគួរឱ្យឆ្ងល់ឡើយ ដែលប្រាសាទភាគច្រើនឆ្លាក់រឿងរ៉ាវទាក់ទងនឹងព្រហ្មញ្ញសាសនា។ ប៉ុន្តែ អ្វីគួរឱ្យចាប់អារម្មណ៍នោះគឺមានប្រាសាទព្រហ្មញ្ញសាសនាមួយចំនួនដែលឧទ្ទិសចំពោះព្រះនារាយណ៍ មានឆ្លាក់រឿងជាតកដែរ។ ឧទាហរណ៍ដូចជាប្រាសាទបន្ទាយសម្រែ (ស.វ.ទី១២), ប្រាសាទធម្មនន្ទ (ពាក់កណ្តាលស.វ.ទី១២), ប្រាសាទចៅសាយទេវតា (ពាក់កណ្តាលស.វ.ទី១២), ប្រាសាទបេងមាលា (ស.វ.ទី១២) ជាដើម មានដកស្រង់យកឈុតមួយចំនួនក្នុង “ព្រះវេស្សន្តរជាតក” (លេខរៀង៥៤៧) មកឆ្លាក់។ កាលដែលយករឿងពុទ្ធសាសនាទៅឆ្លាក់លើប្រាសាទព្រហ្មញ្ញសាសនាបែបនេះបង្ហាញឱ្យឃើញថា សង្គមខ្មែរពុំមានប្រកាន់និន្នាការសាសនាដាច់ណាត់ហួសហេតុនោះឡើយ ពោលគឺអាចរស់នៅជាមួយគ្នាដោយសុខដុមរមនា។ ផ្នត់គំនិតសន្តោសនិងគោរពគ្នាទៅវិញទៅមកក្នុងជំនឿសាសនាផ្សេងគ្នានេះ ជាលក្ខណៈនៃអារ្យធម៌ខ្មែរដែលមានរៀងមករហូតដល់បច្ចុប្បន្ន។ ក្រៅពីនេះ មានប្រាសាទពុទ្ធសាសនាដែលឆ្លាក់រឿងជាតកដូចជា៖ “សិលានិសង្ឃជាតក” (លេខរៀង១៩០) មានឆ្លាក់នៅប្រាសាទព្រះខ័ន និងប្រាសាទតានៃ (រូបលេខ១)។ “តេមិយ ឬ មូគបក្ខជាតក” (៥៣៨) បង្ហាញនៅលើចម្លាក់ប្រាសាទបាយ័ន។ “មហាជនកជាតក (៥៣៩) មាននៅប្រាសាទបាយ័ន និងនាគព័ន្ធ (រូបលេខ២)។ “សុវណ្ណសាម ឬសាមជាតក” (៥៤០) មានឆ្លាក់នៅប្រាសាទបាយ័ន (រូបលេខ៣)។ “ភូរិទត្តជាតក” (៥៤៣) បង្ហាញនៅប្រាសាទតាព្រហ្ម, បន្ទាយក្តី និងព្រះខ័ន។ “មហានារទកស្សប ឬនារទព្រហ្មជាតក” (៥៤៥) ឆ្លាក់នៅប្រាសាទបាយ័ន។ “វិធុរ ឬវិធូរបណ្ឌិតជាតក” (៥៤៦) មាននៅប្រាសាទបាយ័ន។ ប្រាសាទពុទ្ធសាសនាទាំងអស់នេះសុទ្ធសាងក្នុងអំឡុងចុងស.វ.ទី១២ និងស.វ.ទី១៣ ពោលគឺក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ចំណែកឯ “ព្រះវេស្សន្តរជាតក” គឺមានឆ្លាក់នៅប្រាសាទព្រះបាលីល័យ (ស.វ.ទី១២/១៣) ព្រមទាំងប្រាសាទព្រហ្មញ្ញសាសនា និងប្រាសាទពុទ្ធសាសនាទាំងអស់ដែលរៀបរាប់ពីខាងលើ។
គួរឱ្យចាប់អារម្មណ៍ថា នៅក្នុងចម្លាក់សម័យបុរាណ ក្រៅពី “សិលានិសង្ឃជាតក” គឺមានតែ “ទសជាតក” ពោលគឺជាតិចុងក្រោយទាំង១០នៃព្រះពោធិសត្វ ត្រូវគេដកស្រង់យកទៅឆ្លាក់។ ក្នុងចំណោមទសជាតកនេះទៀតសោត គឺព្រះវេស្សន្តរជាតកទទួលបានការរាប់អានខ្លាំងជាងគេ មិនថាសាសនាព្រហ្មញ្ញ ឬព្រះពុទ្ធ ត្បិតមានឈុតឆាកជាច្រើនត្រូវគេដកស្រង់យកទៅឆ្លាក់នៅតាមប្រាសាទទាំងព្រហ្មញ្ញ និងពុទ្ធសាសនា។ បើយកឈុតឆាកទាំងអស់ដែលគេឆ្លាក់នៅតាមប្រាសាទទាំងនោះមករៀបតាមលំដាប់លំដោយនៃសាច់រឿងឃើញថា សាច់រឿងព្រះវេស្សន្តរស្ទើរតែទាំង១៣កណ្ឌ ដែលរៀបរាប់នៅក្នុងគម្ពីរមហាជាតក៍ ត្រូវគេយកទៅឆ្លាក់។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺក្នុងចំណោមឈុតទាំងអស់នេះ គឺឈុត “ព្រះវេស្សន្តរប្រទានរាជកុមារទាំងពីរទៅតាជូជក”ត្រូវគេយកមកឆ្លាក់ច្រើនជាងគេទាំងនៅប្រាសាទព្រហ្មញ្ញ និងពុទ្ធសាសនា។ ចម្លាក់នេះប្រហែលជាចង់បង្ហាញពីទឹកព្រះទ័យព្រះមហាក្សត្រ ដែលលុះដោយទសពិធរាជធម៌ ពោលគឺកសាងនូវបារមី ពិសេសគឺ “ទានបារមី”។
(រូបថត៖ ជា សុជាតិ)
ឲ្យការត្រាស់ដឹងរបស់ព្រះពោធិសត្វក្នុងអនាគតជាតិ(?) (រូបលើ)
នៅរវាងស.វ.ទី១៤ ព្រះពុទ្ធសាសនាថេរវាទបានជ្រាបចូលមករហូតចាក់គ្រឹះយ៉ាងមាំក្នុងសង្គមខ្មែរ។ ប្រហែលដោយសារមនោគមថេរវាទនេះហើយ ទើបបានជាសំណង់សម្រាប់ធ្វើកិច្ចប្រតិបត្តិក្នុងពិធីសាសនាត្រូវផ្លាស់ប្តូរពីប្រាសាទទៅជាព្រះវិហារវិញ។ ចំណែករឿងរ៉ាវក្នុងគម្ពីរសាសនាដែលធ្លាប់តែឆ្លាក់ ក៏ប្រហែលជាប្តូរមកគូរវិញដែរ។ មកទល់នឹងពេលនេះ ទសជាតកនៅតែជារឿងដ៏ពេញនិយមសម្រាប់គំនូរនៅតាមវត្ត។ ឈុតមួយចំនួនធំពិសេសព្រះវេស្សន្តរជាតក ដែលធ្លាប់ឃើញឆ្លាក់នៅតាមប្រាសាទ បានបន្តជីវិតមកដល់គំនូរនៅតាមវត្ត ហើយក្លាយជាប្រពៃណី សម្រាប់ការដកស្រង់យកឈុតទសជាតកមកគូរនៅតាមវត្តមកដល់សព្វថ្ងៃ។
គំនូរក្នុងសាលាឆាន់វត្តព្រះពុទ្ធអណ្តែត ខេត្តកណ្តាល
មិនត្រឹមតែប៉ុណ្ណេះ ចម្លាក់ដែលពោលមកនេះក៏ប្រហែលជាជះឥទ្ធិពលទៅលើគំនូរប្រទេសជិតខាងថែមទៀត ទោះដោយផ្ទាល់ក្តី ឬប្រយោលក្តី។ ម៉្លោះហើយ បានជាយើងសង្កេតឃើញថា គំនូរទសជាតកស្ទើរតែដូចគ្នានៅគ្រប់វត្តមិនថានៅស្រុកខ្មែរ, សៀម និងលាវនោះទេ។ ដូចសម័យបុរាណដែរ ក្រៅពីទសជាតក យើងសង្កេតឃើញមានជាតកដទៃទៀតបី-បួនប៉ុណ្ណោះដែលគេលើកយកមកគូរដូចជា៖ ទេវធម្មជាតក (រឿងទី៦), កុលាវកជាតក (រឿងទី៣១), សសបណ្ឌិតជាតក (រឿងទី៣១៦) (រូបលេខ៨)និងឧម្មាទន្តីជាតក (រឿងទី៥២៧)។
ទសជាតកមានប្រជាប្រិយភាពជាងគេបំផុត មិនថានៅស្រុកខ្មែរ, លាវ, សៀម ឬភូមាឡើយ។ ម៉្លោះហើយ មិនមានអ្វីគួរឱ្យឆ្ងល់ឡើយ ដែលទសជាតកត្រូវគេដកស្រង់យកទៅឆ្លាក់ ឬគូរនៅតាមទីសក្ការៈនានា។ លើសពីនេះទៅទៀត ព្រះវេស្សន្តរជាតក គឺជារឿងចុងក្រោយបង្អស់ រឹតតែល្បីល្បាញខ្លាំងក្នុងចំណោមអ្នកកាន់ពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍ រហូតដល់មានពិធីបុណ្យមួយដែលនៅស្រុកខ្មែរហៅថា “ទេសន៍មហាជាតក៍”។ នៅស្រុកលាវក៏មានពិធីបុណ្យនេះដែរ គ្រាន់តែតាមសម្តីលាវថា “ប៊ុនផៈវេត”។ ចំណែកនៅស្រុកសៀមហៅ “ថេតមហាឆាត” តែនៅសៀមភាគឦសានគេច្រើនហៅ “ប៊ុនផៈវេត”ដូចនៅស្រុកលាវដែរ ដោយសារមានជនជាតិលាវច្រើនរស់នៅទីនោះ។ ក្នុងពិធីបុណ្យនេះ ព្រះសង្ឃលើកយកព្រះវេស្សន្តរជាតកមកទេសន៍ឱ្យអ្នកស្រុកស្តាប់។ ពិធីបុណ្យនេះពុំមែនសម្រាប់តែសាសនាប៉ុណ្ណោះទេ តែជាពិធីសម្រាប់សង្គមទាំងមូល ព្រោះប្រារព្ធឡើងដើម្បីសូមឱ្យមានសេចក្តីសុខដល់ស្រុកទេស ពិសេសឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់។ ពិធីនោះតែងមានព្រះសង្ឃ និងអ្នកស្រុកពីទីកន្លែងផ្សេងៗមកចូលរួមយ៉ាងច្រើនកុះករ៕
អត្ថបទដោយ៖ លោក សាន ផល្លា
១ សំដៅលើ “ព្រះពុទ្ធគោតម” ដែលពុទ្ធសានិកជនកំពុងគោរពប