ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿកិច្ចលើកទង់តាម​ទំនៀមទម្លាប់ខ្មែរ​

កិច្ចលើកទង់តាម​ទំនៀមទម្លាប់ខ្មែរ​

ក្នុង​សង្គមខ្មែរ គេតែងសម្គាល់ឃើញអ្នកស្រុក​ធ្វើ​កិច្ច​សំខាន់មួយ​ពាក់​ព័ន្ធនឹង​ការ​លើក “ទង់​រលក” ឬ​ហៅ​ថា “ទង់​ព្រះសូត្រ” (តំបន់ខ្លះធ្វើកិច្ចលើកទង់ក្រពើដែរ) ទាំងក្នុង​​បុណ្យ​​​លក្ខណៈ​​បុគ្គល​ក្នុង​គ្រួសារ ឬ​បុណ្យ​​​​រួម​ក្នុង​ភូមិ។ ក្នុង​កិច្ច​នោះមាន​អាចារ្យ​​​​ជា​ប្រធាន​ ដឹកនាំ​​​ធ្វើ​បន្ទាប់ពី​កិច្ច​​ប្រុង​ពលី ឬ​ចប់​​​កិច្ច​បួង​សួង​នា​​វេលា​ល្ងាច​ថ្ងៃ​សូត្រ​មន្ត។ បើ​​​នៅ​ជុំវិញ​​​តំបន់​​អង្គរ អ្នក​ស្រុក​តែង​ហៅ​កិច្ច​លើក​ទង់​ថា “ឆាក​ហ៊ោ​លើក​ទង់” ដ្បិត​ពេល​នោះ​​មាន​មនុស្ស​​​​ច្រើន​​កុះករ​ ស្រែកហ៊ោ​​គគ្រឹក​​​គគ្រេង មុននឹង​លើក​​ទង់​​ឱ្យ​ខ្ពស់​ត្រដឹម​ត្រដែត​​ឡើង។ នៅ​​ក្នុង​​​ជំនឿ ​​​ពុទ្ធ​សាសនិក​ពន្យល់​ថា​ការ​បូជាលើក​ទង់​នេះ​​មាន​អានិសង្ឃ​​សម្រាប់​​ជាតិ​​ខាង​​​មុខ​​។ ប៉ុន្តែ​ក្នុង​​គំនិត​​​​អ្នកស្រាវជ្រាវ​យល់​​ថាឆាក​ហ៊ោ​លើក​ទង់​ក៏មាន​ន័យ​​​​ជា ​“ការ​​បញ្ចៀស” ឬ “បណ្តេញ​​​​ឧបទ្រព​ចង្រៃ” និង​ការ​ចាប់កំណើតកើតឡើងវិញដែរ។​

ចម្លាក់លើ​ហោជាងវត្ត​ល្អក់ (ខេត្ត​សៀមរាប) បង្ហាញពីការបូជាទង់ចំពោះព្រះស្តូប

ជាទូទៅ​ទង់រលក ឬទង់ព្រះសូត្រ​​​ ច្រើន​ធ្វើ​ពីកំណាត់​ពណ៌​ចម្រុះ ឬជួន​កាល​រំលេច​ដោយ​គ្រឿង​ចាំង​នានា​ដែលគេយកមក​ដេរ​ភ្ជាប់។ ចំពោះ​រូប​សណ្ឋាន​ទង់​រលក ឬទង់​ព្រះ​សូត្រក៏ពុំ​ខុស​​ពីទង់ក្រពើ ឬទង់អភិធម្មដែរ។ ​ទង់​រលក​មាន​រាង​ស្ទើរ​ដូច​ដង​ខ្លួន​មនុស្ស​ មាន​​​ឆ្អឹង ​​ក្បាល ខ្លួន ដៃ និងជើង​ អ្នកស្រុក​ខ្លះ​ថែមទាំង​ប៉ាក់ ឬ​ដេរ​ឱ្យ​មាន​​ភ្នែក​ទៀត ហើយ​​អ្នក​​ស្រាវជ្រាវ​មើល​ឃើញថា ទង់​ជា​វត្ថុដែលមានជីវិត។ ដូច្នេះហើយ​បាន​​ជា​អាចារ្យ​ត្រូវ​​បើក​​​ព្រះនេត្រ​សិន ក្រោយពេលដេរហើយ មុនយកទៅ​ប្រើលើក​ដំបូង​។ នៅ​​ពេល​មាន​​​បុណ្យ​​ធំៗ មុន​នឹងលើកត្រូវបំបួសទង់នោះសិន ហើយពេល​​ចប់​​បុណ្យ​ដាក់​​​ចុះ​​​​​​មក​វិញ គេ​ត្រូវ​​ផ្សឹកទង់នោះដែរ។ ទង់នេះ​តែង​ធ្វើ​កិច្ច​លើ​កក្នុង​ពិធី​​បុណ្យ​​​មាន​​លក្ខណៈ​​​​​សប្បាយ​​រីករាយ​​ដូចជា​បុណ្យ​នានានៅតាម​វត្ត​ ឬនៅផ្ទះ​អ្នក​ស្រុក។

ពាក់​ព័ន្ធ​នឹង​ជំនឿ​លើ​ទង់ បើ​ផ្អែក​​​តាម​សាស្រ្តា “​អានិសង្ស​​ទង់ពិតាន” ​បាន​និយាយ​ថា កាល​ក្នុង​ភទ្ទកប្ប​ព្រះពុទ្ធ​កស្សបៈ មានបុរសទុរគតម្នាក់ប្រកបរបររកឧស​​និង​បេះ​ផល្លា​នុផល​ក្នុង​​ព្រៃ។ ថ្ងៃមួយ​បុរស​កំសត់​បាន​ប្រទះឃើញ​ព្រះស្តូបបុរាណ​កណ្តាល​ព្រៃ ក៏​កើត​​​ចិត្ត​ត្រេក​អរ​ថ្លាសទ្ធា ចូល​ទៅកាច់ផ្កា​ស្បូវភ្លាំង និង​ហែក​សំពត់ធ្វើទង់​បូជា​ព្រះ​ស្តូប​​នោះ​។ លុះ​អស់​អាយុសង្ខារ​ បុរស​នោះក៏បាន​ទៅកើត​នៅស្ថាន​ភិមាន​​ប្រាសាទ​ទេព មាន​លម្អ​ដោយ​ទង់​ និង​ព្រឹក្សា​នានា​ជាទីសុខសាន្តមនោរម្យ។ ប្រហែល​ដោយជាប់​​​ជំនឿក្នុង​និទាន​​ខាង​លើ​​​ ទើប​នៅតាម​​ព្រះ​វិហារ​មួយ​​ចំនួន​ គេ​តែងឃើញ​មាន​​ឆ្លាក់​ឧទ្ទិស​ដល់​​​ព្រះ​ចូឡា​មណីយចេតិយ ​ដែល​មាន​ទង់រលក​​មួយ​គូ​នៅលើ​ហោជាង។ មិន​​តែ​ប៉ុណ្ណោះ ពុទ្ធ​​សាសនិក​​ក្នុង​ស្រុកភូមិខ្លះ ក៏តែង​​នាំ​គ្នា​កាត់​ដេរសាង​ទង់​ ដង្ហែ​ថ្វាយ​ដល់​​វត្ត​ជិត​ឆ្ងាយ​នានា​​​ទៅតាម​ជំនឿ និង​ទំនៀមជា​ហូរហែ​។ នៅ​ក្នុង​ទិដ្ឋភាពនេះ ភាគ​ច្រើន​គេ​កាត់​ទង់​ពី​កំណាត់​​ពណ៌ចម្រុះ​ សាង​ឡើង​ឱ្យ​មាន​​ទំហំធំ និង​រចនា​លម្អ​ដោយ​ដេរ​ភ្ជាប់​​​កញ្ចក់ ឬប៉ាក់​ឌិន​​​​គ្រឿង​ចែង​ចាំង​ភ្លឺភ្លេកនានា​ និង​ចង​កណ្តឹង​ ដង្ហែ​បូជា​ប្រទក្សិណ​ជុំវិញ​​ព្រះ​​​វិហារ​​ មុន​នឹង​​លើកចង​បង្ហូត​​ទៅ​ចុង​ដងទង់​ខាង​​មុខ​ព្រះវិហារ​។ ​

ទង់រលក ឬទង់ព្រះសូត្ររៀបចំក្នុង​រណ្តាប់បូជាក្នុង​កិច្ចប្រុង​ពលី

ដោយឡែក ចំពោះ​កិច្ចលើកទង់ ឬអ្នក​ស្រុក​រស់​នៅ​តំបន់​ភាគ​ខាងជើង​​ហៅរត់​មាត់​ថាឆាក​​​ហ៊ោលើកទង់ គឺ​តែង​​​ឃើញ​​​ក្នុង​ពិធី​បំបួស​នាគ សម្ពោធភូមិ ឆ្លង​ចេត្រ ឆាន់​សុំ​ទឹក​ភ្លៀង បុណ្យ​អភិសេក ថ្វាយ​ភ្លើង​ព្រះសព ឬពិធីបូជា​សពរួម​ក្នុងភូមិ​ជាដើម។ ប៉ុន្តែថ្វីបើ​កិច្ច​​លើកទង់ ឬឆាក​ហ៊ោ​លើក​ទង់​ធ្វើ​នៅខាងក្រោយកិច្ច​ប្រុងពលី ឬកិច្ច​បួងសួង តែ​ទង់​នោះ​​គេ​ត្រូវ​រៀបចំ​​​​ឱ្យ​បាន​​ស្រេច​​ទុកជាមួយ​​រណ្តាប់​បូជា​ប្រុង​ពលី និង​បួងសួង​ដែរ។ បន្ទាប់មក ប្រសិន​​​បើ​អ្នកស្រុក​ណា​មាន​សេចក្តីជ្រះថ្នាប្រាថ្នា​​ភ្ជាប់​និស្ស័យ​នឹង​ទង់ គេ​តែង​យក​​​ប្រាក់​ទៅ​​ដាក់​ចូលក្នុង​ថ្នក់ទង់ ឬដាក់​ក្នុង​ថង់ភ្ជាប់​នឹង​ទង់ មុននឹង​ធ្វើកិច្ច​លើក​​​ទង់​។ លុះ​អ្នកស្រុក​ចូលបូជា​ទង់ចប់ហើយ អាចារ្យក៏នាំសូត្រ​ “នមោ” បីចប់ និង​សូត្រ​ប្រកាស​​លើក​ទង់ទៅ​តាម​ទំនៀម។ ក្នុង​ពេល​នោះ គេយកក្បាល​ទង់​ចង​ភ្ជាប់​នឹង​ចុង​ឫស្សី ហើយ​លា​ខ្លួនទង់​ស្រប​នឹង​ដង ដោយមាន​អ្នកស្រុក​ច្រើន​កុះករ​ឈរ​ត្រៀម​ត្រា​កាន់ទ្រទង់ ហាក់​​ដូចជា​​ពុំអាច​ឱ្យ​ទង់​នោះប៉ះដីបានឡើយ។

តាម​ធម្មតា ទិស​ដែល​តែង​ឃើញ​លើកទង់ គឺនៅឦសាន​ ឬ​ខាង​កើត​រោង​បុណ្យ ដ្បិត​​ជា​ទិស​ជំនឿ​នៃការ​​ចាប់កំណើត​ឡើងវិញ។ លើសពីនេះបើ​សង្កេត​ឱ្យល្អិត​​ត្រង់​​គល់​ដងទង់ អ្វី​ដែល​គួរ​ឱ្យ​ពិចារណា គេច្រើន​ពុំ​ដាំបញ្ចូលដង​ទង់​ទៅក្នុងដីផ្ទាល់​ទេ ពោលគឺ​គេដាប់គល់ដងទង់ ដោយ​​ប្រើ​​រនុក​​​ភ្ជាប់​​ទៅ​បង្គោល​ពីរដើម​សងខាង។​​​ ចំពោះ​ការ​លើកទង់ ឬឆាក​ហ៊ោ​លើក​ទង់​ គេតែងឃើញ​មាន​មនុស្ស​ម្នាក់​​ចាំស្រែក​ឆាក​ហ៊ោ​៣ដង ហើយ​ច្រើន​តែ​ជា​មនុស្ស​មាន​សំឡេង​ពីរោះគ្រលួច​ផង។ ពេលខ្លះ គេថែមទាំង​បន្លឺសំឡេង​ឃ្មោះ​ពេលស្រែក​ឆាក​ហ៊ោ​ចប់​មួយ​វគ្គ ហាក់ដូចជា​ឱ្យកិច្ច​នេះកាន់តែ​អឺងកងថែមទៀត។ បន្ទាប់​ពីលើករួចរាល់ហើយ គេ​រក្សា​ទុក​ទង់នោះមួយយប់ រហូតដល់​វេលា​ព្រឹក​ទើប​គេធ្វើ​កិច្ច​ផ្សឹក​ទង់​ដាក់​ចុះមកវិញ។ សរុបមក លើកទង់ ឬឆាក​ហ៊ោលើកទង់ គឺជា​​កិច្ច​យ៉ាង​សំខាន់​របស់​អ្នកស្រុក​​ដែល​មាន​អត្ថន័យ​​ពាក់ព័ន្ធនឹង​ព្រះពុទ្ធសាសនាផង និង​មានខ្លឹមសារ​ជា​ទំនៀម​​របស់​អ្នក​ស្រុក​ផង​។ ប៉ុន្តែ​​ប្រការ​សំខាន់បំផុត​ដែល​អ្នក​ស្រាវជ្រាវ​ចាប់អារម្មណ៍ គឺកិច្ច​លើកទង់​តែង​ធ្វើ​ក្រោយ​​កិច្ច​ប្រុង​ពលីរួច ដែល​ហាក់បង្ហាញឱ្យឃើញ​អត្ថន័យ​​ពាក់​ព័ន្ធនឹង​គំនិ​ “ស្លាប់-កើត” ពោល​គឺ​ប្រុងពលី ជាការ​បូជា (កប់រូបនាងគង្ហីង និង​រណ្តាប់) តែលើកទង់​សំដៅកិច្ច​ដែល​ឆ្ពោះ​ទៅលើ ជា​ស្ថាន​ខ្ពង់ខ្ពស់៕

ទង់រលកក្នុង​បុណ្យ​បូជា​សពរួមគ្នា​នៅភូមិ​ដូនអុន (តំបន់អង្គរ)

——————–

The ceremony of raising the flag in the traditional Khmer

In Cambodian society, local people are often seen holding an important ceremony related to raising “Tong Rolok or Tong Preah Sot”. Some areas are called crocodile flag ceremonies. The ceremony was led by the Arja after Prong Pili. In the Angkor area, local people call this ceremony the flag-raising “Cha Hor Loek Tong”.  In Buddhism, this ceremony is for the sake of the future nation, but in the opinion of scholars, this ceremony means the avoidance or expulsion of evil and rebirth. Tong rolok or Tong Preah Sot are usually made of colorful cloth or sometimes embellished with glitter. Tong Rolok are almost identical in shape of the people’s bodies, they have skulls, arms, and legs. Sometimes the local people even add eyes. That is why the Arja has an eye-opening ceremony.

Related to the belief in this flag, we also see paintings of historical stories on the walls of the vihara. Not only that, for the local Buddhists in some villages often make and build those flags to offer to nearby pagodas according to their beliefs and traditions. Separately, the locals in the Angkor area often hold this ceremony during the Bombos Nek ceremony, the inauguration of the village, the crossing of the Chet for rain, the wedding ceremony, and the cremation or cremation ceremony in the village. Usually, the direction of the flag is on the northeast or east side of the festival hall, which is the direction of the belief in rebirth. For raising the flag, the people in the Angkor area, saw a person waiting to shout three times, often with a beautiful voice.

In conclusion, the raising flag ceremony or Cha Hor Loek Tong’’is an important ceremony of the local people, related to Buddhism as well as local traditions. For the researcher, this ceremony has a meaning related to the concept of death and rebirth.

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!