ប្រាសាទចារ មានទីតាំងស្ថិតនៅភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ប្រាសាទនេះកសាងឡើងនៅរវាងចុងស.វ.ទី១០ មានខឿនជាថ្នាក់ៗ និងមានប្រាង្គឬក្ដីចំនួនបី។ នៅប្រាសាទនេះ មានសិលាចារឹកចំនួនពីរផ្ទាំងជាភាសាខ្មែរ ចុះលេខសម្គាល់ K.២៥៧ ចារលើមេទ្វារខាងត្បូងចំនួន៤៥បន្ទាត់ និងនៅមេទ្វារខាងជើងចំនួន៣៩បន្ទាត់។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញតែសិលាចារឹកនៅមេទ្វារខាងត្បូងប៉ុណ្ណោះ។
ខាងក្រោមនេះជាអត្ថន័យសំខាន់ៗរបស់សិលាចារឹក៖
១- នាមហាសករាជឆ្នាំ៩០១ ត្រូវនឹងគ្រិស្ដសករាជឆ្នាំ៩៧៩ ថ្ងៃអាទិត្យ ទី៥កើត ខែជេស្ឋ មានព្រះរាជបញ្ជារបស់ព្រះបាទស្រីជ័យវម៌្មទេវទី៥ បានត្រាស់ដល់កំស្ដែងព្រះគ្រូ និងមន្ត្រីសែស្រឡាយរាជវង្ស៣នាក់ គឺកំស្ដែងស្រីវីរេន្ទ្រវម៌្ម កំស្ដែងវី-រេន្ទ្រាធិបតីវម៌្ម កំស្ដែងស្រីមហីធរវម៌្ម ឱ្យទៅប្រទានដីនៅឯស្ទឹងដល់មន្ត្រី៤នាក់ ដើម្បីចាត់ចែងបង្កើតជាស្រុក តម្កល់ព្រះ និងឱ្យក្រុមគ្រួសារអ្នកទាំងនោះរស់នៅ។
២- ព្រះដែលតម្កល់មានដូចជា ព្រះសិវលិង្គ ព្រះបរមេសូរ ព្រះភគវតីចំនួន២ ដាក់អាស្រ័យផលរួមជាមួយនឹងប្រាសាទព្រះគម្ដែងជគតស្រីភទ្រេសូរ ក្នុងសហ-គមន៍ប្រាសាទលិង្គបុរ ត្រូវនឹងតំបន់កោះកេរសព្វថ្ងៃ។ ចំណែកឯប្រាសាទព្រះនារា-យណ៍ ត្រូវដាក់រួមអាស្រ័យផលជាមួយប្រាសាទព្រះគម្ដែងអញស្រីចាម្បេសូរ។ រូបប្រតិមាព្រះដែលសាងតម្កល់នោះ មានព្រះបរមេសូរ(ឥសូរ) និងព្រះភគវតី(ឧមា) ឆ្លាក់ក្នុងទម្រង់រូបរាងមុខមាត់របស់មនុស្ស គឺព្រះបរមេសូរ មានមុខមាត់ជាកំស្ដែងស្រីរាជបតីវម៌្ម ព្រះភគវតី១មានមុខមាត់ជាតាញគម្ដែងអញ ព្រះភគវតីមួយទៀតមានមុខមាត់ជាតេងដូន ដែលជាជីដូនរបស់កំស្ដែងអញស្រីនរបតីវីរវម៌្ម និងម្រតាញខ្លោញស្រីជយាយុធវម៌្ម។ អ្នកទាំងនោះ សុទ្ធតែជាអ្នកជាប់សែស្រឡាយរាជវង្ស។ ទំនៀមបែបនេះ យើងសង្កេតឃើញមានតាំងពីបុរាណ រហូតមកដល់សម័យទំនើប ដូចជាព្រះបាទនរោត្តមត្រាស់បង្គាប់ឱ្យសាងព្រះពុទ្ធស្រីអារ្យមៃត្រីមួយអង្គ យកលំនាំតាមកម្ពស់កម្ពរបស់ទ្រង់។ ដូចគ្នាដែរ គំនូរនៅតាមវត្តមួយចំនួនក៏មានគូរគំនូរព្រះបាទបរមរតនៈកោដ្ឋ នៅក្នុងសាច់រឿងពុទ្ធប្រវត្តិផងដែរ។ នេះជារបៀបមួយ ដែលភ្ជាប់ខ្លួនមនុស្សទៅនឹងទេព។
៣- សេចក្ដីចុងក្រោយ គឺជាការកំណត់ពីព្រំដីដែលត្រូវថ្វាយទៅប្រាសាទទាំងនោះ ដោយមានបញ្ជាក់អំពីប្រភពដែលទទួលបានដីនោះ ដូចជាបានមកដោយព្រះរាជប្រទាន ការដោះដូរ និងការជាវជាដើម។
អត្ថបទដើមជាអក្សរខ្មែរទំនើប
អត្ថបទប្រែសម្រួល
(១) //៙//៩០១ឝកបញ្ចមីកេត៑ជេ្យឞ្ថតោយចន្ទ្រមាសវៃឝាខោ—— (២) អាទិត្យវារបុឞ្យនក្ឞត្រនុមាន៑វ្រះឝាសនធូលីជេង៑វ្រះកម្រ[[តេង៑]] (៣) អញ៑ឝ្រីជយវម៌្មទេវតស្ដេង៑អញ៑វ្រះគុរុកំស្ដេង៑ឝ្រីវីរេន្ទ្រវម៌្មកំស្ដេង៑ឝ្រី[[វីរេ]] (៤) ន្ទ្រាធិបតិវម៌្មកំស្ដេង៑ឝ្រីមហីធរវម៌្មប្រេទៅឱយ៑វ្រះករុណាប្រសាទភូមិអាយ៑ (៥) ឆ្ទីង៑តតាញ៑កម្រតេង៑អញ៑អាយ៑អាយ៑តកំសេ្ដង៑ឝ្រីរាជបតិវម៌្មតកំស្ដេង៑ឝ្រីនរ (៦) បតិវីរវម៌្មតម្រតាញ៑ខ្លោញ៑ឝ្រីជយាយុធវម៌្មបិចត៑ស្រុក៑ទុក៑វ្រះបិឱយ៑តកុលេត (៧) ស្ត្រីជនផោង៑អង្គ្វយ្តគី·វ្រះកម្រតេង៑អញ៑ឝិវលិង្គ·វ្រះកម្រតេង៑អញ៑បរមេឝ្វរ (៨) រូបកំស្ដេង៑ឝ្រីរាជបតិវម៌្ម·វ្រះកម្រតេង៑អញ៑ភគវតីរូបតាញ៑កម្រតេង៑អញ៑ (៩) វ្រះកម្រតេង៑អញ៑ភគវតីរូបតេង៑ត្វន៑តយាកំស្តេង៑ឝ្រីនរបតិវីរវម៌្មម្រតាញ៑ (១០) ខ្លោញ៑ឝ្រីជយាយុធវម៌្ម·សំគណនុកម្រតេង៑ជគត៑ឝ្រីភទ្រេឝ្វរអន្រាយ៑លិង្គបុរ (១១) វ្រះកម្រតេង៑អញ៑នារាយនសំគណនុវ្រះកម្រតេង៑អញ៑ឝ្រីចម្បេឝ្វរ//៙ (១២) ចង្វាត្តភូមិនេះតោយ៑បូវ៌្វអង្វេឆ្ទិងភូមិត្រវាង៑វ្លោង៑តតីម្រតាញ៑ត្រីខ្សាច៑(វ្លុក៑) (១៣) ឱយ្តកំស្ដេង៑ឝ្រីរាជបតិវម៌្ម·តោយ៑អគ្នេយប្រសប្តគិភូមិគុហេតតិវាប៑ហា– (១៤) អាប្តភ្ឫត្យនាឯកខ្ច្យអ្នក៑បង្គំថ្ប្វង៑និវេទនបិឱយ្តកំស្ដេង៑ឝ្រីរាជបតិវម៌្ម·តោយ៑ទក្ឞិណ (១៥) ប្រសប្តគិចំនត៑ស្ដេញ៑ឆោក៑ថ្មោ·តោយ៑នៃរ្ឭតីយប្រសប៑ត្រវាង៑ខ្ពស៑តោយ៑បឝ្ចិមប្រ (១៦) សប៑ឝិវជ្ញាន·តោយ៑វាយវ្យត្រវាង៑វេង៑ប្រសប៑នុរាមក្ឞេត្រ·តោយឧត្តរនុឥឝានប្រសប៑ (១៧) ភូមិកំស្ដេង៑ឝ្រីវីរេន្ទ្រវម៌្ម·ភូមិនាវាប៑វិស៑ភាគវតអង្គ្វយកំនុងចង្វាត៑នេះ[[កំស្ដេង៑]] (១៨) [[ឝ្រីរាជបតិ]]វម៌្មបង្គំថ្ប្វង៑និវេទនស្វំភូមិម្ឫតកធនអាយ៑–តិបិឱយ៑ថ្ន្វរតវាប៑វិស៑[[នុ]] (១៩) ភូមិស្ថលាប្រវចតីកំស្ដេង៑ឝ្រីនរបតិវីរវម៌្មទុញ៑នុវោទីបទិគះមាស៑ប្រាក៑ក្របីតវាប៑[អ្យត៑] (២០) ទឝាធិក្ឫតឆ្មាំវ្រះក្រលាផ្ទំឆោក៑គ្រគ្យរ៑·ភូមិភាគអន្លេម្វាយតោយបឝ្ចិមតិកំស្ដេង៑ឝ្រីរា (២១) ជបតិវម៌្មទុញ៑នុវោទីបទិគះថ្នប៑ចន្ល្យាក៑តវាប៑ស្វស្តិអ្នក៑វ្រះឆ្បារ៑·ភូមិត្រវាងខ្ពស៑- (២២) កំស្ដេង៑ឝ្រីរាជបតិវម៌្មជោវ៑នុវោទិបទិគះថ្នប៑ចន្ល្យាក៑ក្របីតឃោសំរាច៑អ្នក៑វ្រះត្រវាង៑- (២៣) ស្រុក៑តេំតន្នោត៑អាយ៑កន្តាល៑ទន្លេនុខ្ញុំផ្លេគិតិម្រតាញឝ្រីគុណបណ្ឌិតឱយ្តកំស្ដេង៑ឝ្រី (២៤) រាជបតិវម៌្មមន្មាន៑វ្រះឝាសនប្រេស្ថាបនារូបកំស្តេង៑ឝ្រីរាជបតិវម៌្មតិឱយ៑បំរេតរូបកំស្ដេង (២៥) ភូមិតំបុង៑តិវ្រះករុណាប្រសាទ·ភូមិតំបុង៑ភាគម្វាយតិទុក៑ថ្បល៑នុខ្ញុំផ្លេគិនាំវ្រះបយ៌្យ (២៦) ង៑ទៅលិង្គបុរ·ភូមិតំបុង៑ភាគម្វាយ៑ស្ដេង៑អញ៑វ្រះគុរុឱយ្តកំស្ដេង៑ឝ្រីនរបតិវីរវម៌្មស្ថាប (២៧) នាវ្រះឝិវលិង្គតគិសំគណនុលិង្គបុរសោត៑·ភាគម្វាយអាយ៑ល្ឱក៑ឱយ៑ចំនាំរង្កោលិះវ្យរតវ្រះ (២៨) វ្រាហ្មណឝាល·ភាគម្វាយអាយ៑វ្នុរវ៌្យាង៑ឱយ៑ទៅបំរេតវ្រះហេមឝ្ឫង្គគិរិ·ភាគម្វាយ៑រសោង៑ (២៩) ទៅតវ្រះកម្រតេង៑អញ៑ភគវតីរូបតេង៑ត្វន៑តយាកំស្ដេង៑ឝ្រីនរបតិវីរវម៌្ម·ភូមិគ (៣០) ម្រ្យាង៑តិទុញ៑តមុឞ្ដិយុធស្ថាបនាភគវតីមហិឞាសុរអាសនកន្លោង៑កម្រតេង៑អញ៑អា (៣១) យអង្វេទន្លេតគិ//ភូមិតេំស្លាម្ឫតកធនតិស្ដេង៑អញ៑វ្រះគុរុបង្គំថ្ប្វង៑និវេទនឱយ៑ (៣២) វ្រះករុណាប្រសាទស្ថាបនាឝិវលិង្គតគិសំគណនុកម្រតេង៑ជគត៑លិង្គបុរសោត៑// (៣៣) ភូមិចន្លត្តៃតិម្រតេញ៑ហ្ឫទយភាវឆ្មាំវ្រះក្រលាផ្ទំនាត្រីណិសំលាប៑តម្រ្យសារ៑នៃ (៣៤) កំស្ដេង៑វ្យរហេតុច្យស្រូវមន៑អ្យត្តម្រ្យនុសោង៑តម្រ្យកំស្ដេង៑ឱយ៑ភូមិចន្លត្តៃស្ថាបនា (៣៥) ឝិវលិង្គតគិសំគណនុលិង្គបុរសោត//ភូមិល៌ំស្លុត្តិវាប៑ជ្វាទឆ្មាំវ្រះក្រលាផ្ទំនាទោឱ (៣៦) យ្តកំស្ដេង៑·ភូមិស្នាំថ្គុះតិកំស្ដេង៑ឝ្រីរាជបតិវម៌្មទុញ៑តវាប៑ទាវគ៌្គធ្រុវបុរនុវៅទិបទិ (៣៧) គះចន្ល្យាក៑ក្របីស្ថាបនាវ្រះវិឃ្នេឝតគិឱយ៑ក្រិយាអាយ៑ឆ្ទិង៑//ភូមិល៌្លោតីកំស្ដេង៑ទុញ៑ត (៣៨) វាប៑គោកន្ម្យង៑បំរេនុប្រាក្កនុចន្ល្យាក្កបិចត៑ស្រុក៑ទុក៑ខ្ញុំឱយ្តវ្រះកម្រតេង៑អញ៑ភគវតិរូបតា (៣៩) ញ៑កម្រតេង៑អញ៑//ភូមិច្យត្ក្រាង៑ប្រមានមល្យាង៑តិកំស្ដេង៑ឝ្រីនរបតិវីរវម៌្មស្វំវ្រះករុណា (៤០) ប្រសាទបិចត៑ស្រុក៑ទុក៑ខ្ញុំតគិឱយ្ត៑វ្រះកម្រតេង៑អញ៑ភគវតីរូបតេង៑ត្វន៑តយាកំស្ដេង៑ឝ្រីនរ (៤១) បតិវីរវម៌្ម//ស្រុក៑រត្នបវ៌្វតប្រមាន៑ភីមបុរតិតេង៑មាតអ្នក៑ខ្លោញ៑កំស្ដេង៑ឝ្រីរាជបតិវម៌្មជ្វន្ត (៤២) វ្រះកំម្រតេង៑អញ៑បរមេឝ្វរតរូបកំស្ដេង៑ឝ្រីរាជបតិវម៌្មជ្វន៑ខ្ញុំសវាលវ្ឫទ្ធឝតម្វាយប្រវ្យល (៤៣) ភូមិស្ថលាប្រវចសោត៑តិម្រតាញ៑ខ្លោញឝ្រីជយាយុធវម៌្មទុញ៑នុគ្រលោង្តៃម្វាយខាល៑ (៤៤) ប្រាក៑ម្វាយងន៑ជ្យង៑ម្វាយជ្ញយៅម្វាយថ្នប៑យៅម្វាយតវាប៑អ្យត៑ទឝាធីក្ឫតឆ្មាំវ្រះក្រលាផ្ទំ (៤៥) ឆោក៑គ្រគ្យរ៑បិឱយ្តវ្រះកម្រតេង៑អញ៑ភគវតិរូបតេង៑ត្វន្តយាម្រតាញ៑ខ្លោញ៑ //
(១-៧) នាមហាសករាជឆ្នាំ ៩០១ ទី៥កើត ខែជេស្ឋ តាមខែចន្ទគតិ ខែពិសាខ—- ថ្ងៃអាទិត្យ នក្សត្របុស្ស នូវមានព្រះរាជសាសន៍ធូលីជើងព្រះគម្ដែងអញស្រីជ័យវម៌្មទេវ(ទី៥) ដល់ស្ដេងអញព្រះគ្រូ កំស្ដែងស្រីវីរេន្ទ្រវម៌្ម កំស្ដែងវីរេន្ទ្រាធិបតីវម៌្ម កំស្ដែងស្រីមហីធរវម៌្ម ត្រាស់ប្រើទៅឱ្យព្រះរាជប្រទានដីនៅឯឆ្ទឹងដល់តាញគម្ដែងអញនៅឯអ្វាយ ដល់កំស្ដែងស្រីរាជបតីវម៌្ម ដល់កំស្ដែងនរបតីវីរវម៌្ម ដល់ម្រតាញខ្លោញស្រីជយាយុធវម៌្ម ដើម្បីចាត់ស្រុក តម្កល់ព្រះ គប្បីឱ្យដល់ក្រុមគ្រួសារជាស្ដ្រីផោង រស់នៅទីនោះ។
(៧-១១) ព្រះគម្ដែងអញសិវលិង្គ ព្រះគម្ដែងអញបរមេសូរ(មាន)រូបកំស្ដែងស្រីរាជបតីវម៌្ម(ជាតំណាង) ព្រះគម្ដែងអញភគវតី(មាន)រូបតាញគម្ដែងអញ(ជាតំណាង) ព្រះគម្ដែងអញភគវតី(មាន)រូបតេងដូន ដែលជីយាយកំស្ដែងអញស្រីនរបតីវីរវម៌្ម(និង)ម្រតាញខ្លោញស្រីជយាយុធវម៌្ម (ដាក់)រួមក្រុមជាមួយគម្ដែងជគតស្រីភទ្រេសូរ (ក្នុង)អន្រាយលិង្គបុរ។ (ឯ)ព្រះគម្ដែងអញនារាយណ៍ (ដាក់)រួមក្រុមជាមួយព្រះគម្ដែងអញស្រីចម្បេសូរ។
(១២-១៧) នេះគឺព្រំដី។ ទៅកើតដល់ត្រង់ស្ទឹងបត់ ដីត្រពាំងព្លោង ដែលម្រតាញត្រីខ្សាច់ភ្លុកឱ្យដល់កំស្ដែងរាជបតីវម៌្ម។ ទៅអាគ្នេយ៍ប្រសប់នឹងដីគុហេ ដែលវាបហា—អ្នកបម្រើជំនិតថ្នាក់ឯក ខ្ចីយកទៅក្រាបថ្វាយបង្គំទូលថ្វាយសុំឱ្យដល់កំស្ដែងស្រីរាជបតីវម៌្ម។ ទៅត្បូងប្រសប់នឹងចំណតស្ដែងឆកថ្ម។ ទៅនិរតីប្រសប់ត្រពាំងខ្ពស់។ ទៅលិចប្រសប់សិវជ្ញាន។ ទៅពាយ័ព្យត្រពាំងវែងប្រសប់និងរាមក្សេត្រ។ ទៅជើងនិងឦសានប្រសប់ដីកំស្ដែងស្រីវីរេន្ទ្រវម៌្ម។
(១៧-៤៥) ដីវាបវិសជាភគវ័តដែលរស់នៅក្នុងព្រំដីនេះ។ កំស្ដែងស្រីរាជបតិវម៌្មក្រាបបង្គំទូលថ្វាយសុំដីជាទ្រព្យមរតកនៅឯ–តី ដើម្បីឱ្យជាថ្នូរដល់វាបវិស (ជាមួយ)ដីស្ថលាប្រវច(ដែល)កំស្ដែងស្រីនរបតីវីរវម៌្មទិញដោយថូវោទី កន្ថោរស្ដោះ មាស ប្រាក់ ក្របី ពីវាបអ្យត ទសាធិក្រឹត ជាឆ្មាំក្រលាផ្ទំ (នៅ)ឆោកគគីរ។ ដី១អន្លើ ទៅលិច កំស្ដែងស្រីរាជបតិវម៌្មទិញដោយថូវៅទិ កន្ថោរស្ដោះ សំពត់ដណ្ដប់ សម្លៀក ពីវាបសួស្ដីជាអ្នកព្រះច្បារ។ ដីត្រពាំងខ្ពស់ កំស្ដែងស្រីរាជបតីវម៌្ម ជាវដោយថូវៅទិ កន្ថោរស្ដោះ សំពត់ដណ្ដប់ សម្លៀក ក្របី ពីឃោសំរាច ជាអ្នកព្រះត្រពាំង។ ភូមិដើមត្នោតនៅកណ្ដាលទន្លេ និងអ្នកបម្រើការ គឺម្រតាញស្រីគុណបណ្ឌិតឱ្យដល់កំស្ដែងស្រីរាជបតីវម៌្ម។ មានព្រះរាជសាសន៍ ស្ដេចត្រាស់ប្រើស្ថាបនារូបកំស្ដែងស្រីរាជបតីវម៌្ម និងឱ្យអ្នកបម្រើរូបកំស្ដែង ព្រមទាំងដីតំបុង ជាព្រះរាជប្រទាន។ ភូមិតំបុងមួយភាគ ទុកសម្រាប់ហ្វូងចិញ្ចឹមសត្វ និងអ្នកបម្រើការ គឺសម្រាប់នាំព្រះប្រេងទៅលិង្គបុរ។ ភូមិតំបុងមួយភាគទៀត ស្ដែងអញព្រះគ្រូឱ្យដល់កំស្ដែងស្រីនរបតីវីរវម៌្ម(សម្រាប់)ស្ថាបនាព្រះសិវលិង្គ និងដាក់រួមក្រុមជាមួយលិង្គបុរផង។ ដីមួយភាគទៀតនៅឯល្អោក ឱ្យគ្រឿងរណ្ដាប់រៀបចំបូជាមានអង្ករ២លិះដល់ព្រះព្រាហ្មណ៍សាល។ ដីមួយភាគឯផ្នូររវៀង ឱ្យទៅអ្នកបម្រើព្រះហេមស្រឹង្គគិរី។ មួយភាគ សងទៅព្រះគម្ដែងអញភគវតី(មាន)រូប(តំណាងជា)តេងដូនជាយាយរបស់កំស្ដែងស្រីនរបតីវីរវម៌្ម។ ដីគម្រៀង ទិញពីអ្នកប្រដាល់ (សម្រាប់)ស្ថាបនាព្រះភគវតីមហិង្សាសុរជាអាស្នាព្រះនាងជាគម្ដែងអញនៅឯងជ្រុងបារាយណ៍។ ដីដើមស្លាជាទ្រព្យមរតក ស្ដែងញព្រះគ្រូក្រាបបង្គំទូលថ្វាយសុំជាព្រះរាជទានរបស់ព្រះករុណា ដើម្បីស្ថាបនាសិវលិង្គ រួមជាក្រុមជាមួយគម្ដែងជគតលិង្គបុរដែរ។ ដីនៅចន្លាត់ដៃ ម្រតេញហ្ឫទ័យភាព ជាឆ្មាំព្រះក្រលាផ្ទំថ្នាក់ត្រី (បាន)សម្លាប់ដំរីសារបស់កំស្ដែងចំនួន២ក្បាល ដោយហេតុ(វាមក)ស៊ីស្រូវ (ដ្បិត)ពុំមានដំរីសងដំរីរបស់កំស្ដែងវិញ (ក៏)ឱ្យដីចន្លាត់ដៃសម្រាប់ស្ថាបនាព្រះសិវលិង្គ ដើម្បីដាក់រួមក្រុមជាមួយលិង្គបុរដែរ។ ដីរលំស្លុត វាបជ្វាទជាឆ្មាំព្រះក្រលាផ្ទំថ្នាក់ទោ ឱ្យទៅកំស្ដែង។ ភូមិស្នាំថ្គុះ កំស្ដែងស្រីរាជបតីវម៌្ម ទិញពីវាបទា ជាក្រុមអ្នកធ្រុវបុរ ដោយថូវៅទិ កន្ថោរស្ដោះ សម្លៀង និងក្របី ដើម្បីស្ថាបនាព្រះគណេស(វិឃ្នេស) គឺឱ្យក្រយាបូជានៅឯស្ទឹង។ ដីរលោត កំស្ដែងទិញពីវាបគោជាអ្នកក្មេងបម្រើដោយប្រាក់និងសម្លៀក ដើម្បីចាត់ស្រុក ទុកខ្ញុំបម្រើ ថ្វាយដល់ព្រះគម្ដែងអញភគវតី(មាន)រូប(តំណាងជា)តាញគម្ដែងអញ។ ដីច្យតក្រាំង នៅប្រមានមល្យាង កំស្ដែងស្រីនរបតិវីរវម៌្មសុំព្រះករុណាព្រះរាជប្រទាន ដើម្បីចាត់ស្រុក ទុកខ្ញុំបម្រើ ថ្វាយព្រះគម្ដែងអញភគវី (មាន)រូប(តំណាងជា)តេងដូនជាយាយកំស្ដែងស្រីនរបតិវីរវម៌្ម។ ស្រុករត្នបព៌ត នៅប្រមានភីមបុរ តេងមាជាភរិយាកំស្ដែងស្រីរាជបតីវម៌្មថ្វាយដល់ព្រះគម្ដែងអញបរមេសូរ (មាន)រូប(តំណាង)ជាកំស្ដែងស្រីរាជបតីវម៌្ម និងថ្វាយអ្នកបម្រើក្មេងចាស់ចំនួន១០៧នាក់។ ភូមិស្ថលាប្រវចមួយទៀត ម្រតាញខ្លោញស្រីជយាយុធវម៌្មទិញដោយគ្រលោងដៃមួយ ខាលប្រាក់មួយទម្ងន់១ជញ្ជីង ជ្ញ១យៅ សំពត់ដណ្ដប់១យៅ ពីវាបអ្យត ជាទសាធិក្រឹត្យ និងជាឆ្មាំព្រះក្រលាផ្ទំនៅឆោកគគរី ដើម្បីថ្វាយដល់ព្រះគម្ដែងអញភគវតី(មាន)រូប(តំណាងជា)តេងដូនជាយាយរបស់ម្រតាញខ្លោញ៕
—————————-
Prasat Char Inscription K.257
The Prasat Char or Char Temple is located in Prasat Char Village, Doun Keo Commune, Puok District, and Seim Reap Province. It consists of three towers aligned and facing east. It was constructed in the late 10th century and contains two inscriptions on its doorjambs. The inventory number for the inscriptions is K.257 (S&N). Both inscriptions are written in the Old Khmer language, with the south doorjamb inscription consisting of 45 lines and the north inscription consisting of 39 lines. This article focuses on the south inscription.
The south inscription, found at the Prasat Char Temple, is a lengthy record of a royal decree issued by Jayavarman V. This decree granted land to four important individuals for the purpose of establishing sruk (villages) and sanctuaries. The decree also unified four deities under the authority of the High Lord of the World at Liṅgapura. The inscription provides detailed information about the land grant and also registers the four individuals’ acquisition of 18 tracts of land.
The inscription begins by mentioning the date according to the śaka era, which corresponds to the year 901, equivalent to 979 AD. On this specific date, a decree was issued by the respected monarch, His Majesty Śrī Jayavarmadeva (Jayavarman V), to the esteemed royal preceptor Śrī Vīrendravarman, Śrī Vīrendrādhipativarman, and Śrī Mahīdharavarman. The directive instructed them to proceed with the grant of a portion of riverside land to the esteemed individuals Śrī Rājapativarman, Śrī Narapativīravarman, and the esteemed chief lord Śrī Jayāyudhavarman. This grant aimed to establish a sruk, install an image, and ultimately provide a settlement for their female relatives.
The temples dedicated to the God and Goddess are linked to the central temple at Liṅgapura and Champeśvara. The deities are represented in human form, with the image of Shiva embodying Kaṃsteṅ Śrī Rājapatīvarmma, one of the Bhagavatī images representing the paternal grandmother of Kaṃsteṅ Śrī Narapativīravarman and the chief lord Śrī Jayāyudhavarman. Another Bhagavatī image portrays the lady associated with My High Lord. This exemplifies how humans establish a connection with the divine. The remaining content of the text addresses the delineation of land boundaries and the process of donating the land to the temples.
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង