ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់ត្រីសូល៍ និងថ្មគោលព្រហ្មញ្ញសាសនាតំណាងត្រីមូត៌ិនៅស.វ.ទី៧

ចម្លាក់ត្រីសូល៍ និងថ្មគោលព្រហ្មញ្ញសាសនាតំណាងត្រីមូត៌ិនៅស.វ.ទី៧

នៅពេលដែលព្រហ្មញ្ញសាសនាហូរចូលមកក្នុងសង្គមខ្មែរ​ គេតែងឃើញមានចម្លាក់ជាច្រើនដែលពាក់ព័ន្ធទៅនឹងសាសនាមួយនេះ។ នៅក្នុងនោះ នៅស.វ.ទី៧​ យ៉ាងហោចណាស់ គេបានរកឃើញចម្លាក់ត្រីសូល៍ និងថ្មគោលដែលមានចម្លាក់តំណាងត្រីមូត៌ិ (ព្រះសិវ ព្រះវិស្ណុ និងព្រះព្រហ្ម) ចំនួន ៤ ដែលមានរួមមានដូចជា ចម្លាក់ថ្មគោលរូបត្រីសូល៍ដោតជាប់នឹងថូទឹករកឃើញនៅវិហារធំ (អណ្តូងស្វាយ) ខេត្តកំពង់ចាម (រូបលេខ១), ចម្លាក់ត្រីសូល៍ដោតជាប់នឹងថូទឹករកឃើញនៅខេត្តគៀនជាំង ភាគខាងត្បូងប្រទេសវៀតណាម (រូបលេខ២), ថ្មគោលមានចម្លាក់ត្រីមូត៌ិរកឃើញនៅទួលកំណប់ ខេត្តក្រចេះ (រូបលេខ៣) និងបន្ទះថ្មមានចម្លាក់ត្រីមូត៌ិរកឃើញនៅខេត្តអាតឺពើ ប្រទេសឡាវ (រូបលខ៤)។ តើចម្លាក់ទាំងនេះអាចមានអត្ថន័យយ៉ាងដូចម្តេច?

រូបលខ១ ជាថ្មគោលព្រហ្មញ្ញសាសនាមានចម្លាក់រូបត្រីសូល៍ដោតជាប់ជាមួយថូទឹក និងមានរូបពូថៅមួយផុសចេញពីមាត់ថូទឹក ដែលរកឃើញនៅឆ្នាំ១៩១៩​​ ដោយលោក George Groslier ហើយលោក Victor Golobew បានបញ្ជូនវត្ថុបុរាណនេះទៅកាន់សារមន្ទីរជាតិកម្ពុជានៅឆ្នាំ១៩២១។ នៅលើថ្មគោលមានចម្លាក់ត្រីសូល៍នេះ មានសិលាចារឹកចំនួន ២ បន្ទាត់ ស្មើនឹង ១ ស្លោក ចុះបញ្ជីលេខ K.520 ហើយធ្លាប់សិក្សាដោយលោក Louis Finot នៅឆ្នាំ១៩២០។ សិលាចារឹកនេះរៀបរាប់អំពីព្រាហ្មណ៍ម្នាក់បានទម្លាក់ធ្មេញរបស់គាត់ចូលទៅក្នុងមាត់ភោជ នៅពេលគាត់មានអាយុ ៨០ ឆ្នាំ ហើយគាត់បានតម្កល់ទុកវានៅបាតត្រីសូល៍ បន្ទាប់ពីគាត់បានស្ថាបនាសិវលិង្គរួច។ រូបលេខ២ ជាប្រភេទថ្មគោលដែលមានចម្លាក់ត្រីសូល៍រកឃើញនៅភាគខាងត្បូងប្រទេសវៀតណាម គឺមានទម្រង់ស្រដៀងរូបលេខ១ ដោយមានចម្លាក់ថូទឹកនៅខាងក្រោមដូចគ្នា​ ប៉ុន្តែ វាមិនមានសិលាចារឹក ហើយមិនមានរូបចម្លាក់ពូថៅដូចថ្មគោលរូបលេខ១ទេ។ រូបលេខ៣ បង្ហាញអំពីកេតនភណ្ឌតំណាងទេពធំៗទាំងបីនៃព្រហ្មញ្ញសាសនា ដែលរកឃើញនៅទួលកំណប់ ខេត្តក្រចេះនៅដើមទសវត្សរ៍ ១៨៩០ ដោយលោក Adhemar Léclère ហើយបានបញ្ជូនទៅកាន់សារមន្ទីរឥណ្ឌូចិននៅ Trocadéro ប្រទេសបារាំង នៅក្នុងឆ្នាំ១៨៩៧ ព្រមទាំងបញ្ជូនបន្តទៅកាន់សារមន្ទីរហ្គីមេ នាទីក្រុងប៉ារីស នៅក្នុងឆ្នាំ១៩២៧។ កេតនភណ្ឌតំណាងទេពទាំងបីទាំងអម្បាលម៉ាន គេតម្កល់នៅលើទម្រមួយដែលមានផ្កានៅពីក្រោម ហើយព័ទ្ធជុំវិញដោយសំណង់រាងដូចមណ្ឌបដែលគេប្រទះឃើញនៅតួប៉ម S2 (ក្រុមយាយព័ន្ធ តំបន់ប្រាសាទសំបូរព្រៃគុក)។ ក្នុងនោះ ផ្នែកកណ្តាលមានត្រីសូល៍និងពូថៅដែលដុះចេញពីផ្កា ជាកេតនភណ្ឌតំណាងព្រះសិវ, ផ្នែកខាងឆ្វេងមានថូទឹកពិសិដ្ឋ ផ្គាំ ផ្កាឈូក ជាកេតនភណ្ឌតំណាងព្រះព្រហ្ម និងផ្នែកខាងស្តាំមានចម្លាក់កងចក្រ ខ្យងស័ង្ខ ដំបង និងដំបងមានរាងដូចដុំមូលនៅពីលើ (និម្មិតរូបតំណាងផែនដី) ជាកេតនភណ្ឌតំណាងព្រះវិស្ណុ។ ចំណែក រូបលេខ៤ បង្ហាញកេតនភណ្ឌតំណាងទេពធំៗទាំងបីដូចគ្នា ដែលនៅផ្នែកកណ្តាលមានត្រីសូល៍ក្នុងលក្ខណៈដូចជាបង្គោលមួយដែលមានពូថៅមួយផុសចេញពីដងខ្លួន (តំណាងព្រះសិវ), ផ្នែកខាងឆ្វេងជារូបថូទឹក ផ្គាំ និងផ្កា (តំណាងព្រះព្រហ្ម) ហើយផ្នែកខាងស្តាំមានចម្លាក់រូបសសរមួយទ្រកងចក្រ (តំណាងព្រះវិស្ណុ)។

រូបលេខ៥

កន្លងមក មានអ្នកស្រាវជ្រាវមួយចំនួន តែងតែប្រៀបធៀបថ្មគោលរូបលេខ១ និងលេខ២ ជាមួយសសរដ៏ខ្ពស់មួយរកឃើញនៅតំបន់ Mathura ភាគខាងជើងប្រទេសឥណ្ឌា (រូបលេខ៥)។ នៅលើសសរនោះ មានចម្លាក់រូបត្រីសូល៍ រូបព្រះលាគុលីសកាន់ដំបង (ស្ថាបនិកនិកាយបសុបត) ហើយគេដោតសសរនោះជាប់ជាមួយអណ្តូងពិសិដ្ឋមួយ។ លើសពីនេះ នៅលើសសរមានសិលាចារឹកដែលចារក្នុងរាជ្យស្តេចចន្រ្ទគុប្តទី២ (រវាងគ.ស.៣៨០) ដែលរៀបរាប់អំពីការអនុវត្តប្រពៃណីនិកាយបសុបតពាក់ព័ន្ធនឹងការបង្កើតឱ្យមាន “តិថ៌” (ទឹកពិសិដ្ឋ)។ ដូច្នេះហើយ រូបលេខ១ និងលេខ២ ដែលមានថូទឹកទ្រពីក្រោមត្រីសូល៍នោះ ក៏មិនខុសអ្វីពីសសរត្រីសូល៍នៅ Mathura ដែលទ្រពីក្រោមដោយអណ្តូងពិសិដ្ឋដែរ ពោល គឺវាមានលក្ខណៈខុសគ្នាត្រង់ថា រូបមួយដាក់នៅលើអណ្តូង និងរូបមួយទៀតដាក់នៅលើថូទឹកជាតំណាង។ វាជាគំនិតតែមួយពាក់ព័ន្ធនឹងជំនឿនៃការបន្សុទ្ធទឹកមួយកន្លែង ឱ្យក្លាយជាទឹកពិសិដ្ឋនៅក្នុងនិកាយបសុបត។ នៅក្នុងនិកាយនេះ គេតែងចាត់ទុកទឹកពិសិដ្ឋ (តិថ៌) ឬ ទន្លេគង្គា ជាកន្លែងលាងជម្រះបាបកម្ម ហើយសូម្បីតែព្រះឥសូរផងក៏ធ្លាប់ទៅលាងជម្រះបាបដោយទឹកទន្លេគង្គាដូចគ្នា។

អ្វីដែលគួរកត់សម្គាល់ថា ការតម្កល់រូបថ្មគោលមានចម្លាក់ត្រីសូល៍ និងកេតនភណ្ឌដទៃទៀតជាគំនិតនៃការបន្សុទ្ធទឹកធម្មជាតិឱ្យក្លាយជាទឹកពិសិដ្ឋនេះ វាមានភាពស៊ីសង្វាក់គ្នាជាមួយនឹងទីតាំងរកឃើញថ្មគោលដែលបានរៀបរាប់ខាងលើ។ ជាក់ស្តែង រូបលេខ១ រកឃើញនៅវិហារធំ (អណ្តូងស្វាយ) វាស្ថិតនៅជាប់នឹងមាត់ទន្លេមេគង្គ, រូបលេខ២ ទីតាំងដើមស្ថិតនៅតាមបណ្តោយទន្លេមេគង្គដូចគ្នា។ ចំណែក រូបលេខ៣ ដែលរកឃើញនៅទួលកំណប់ខេត្តក៏ស្ថិតនៅឆ្ងាយពីទន្លេមេគង្គដែរ និងរូបលេខ៤ ក៏ស្ថិតនៅមិនឆ្ងាយពីទន្លេសេកុង។ ក្នុងន័យនេះ មានន័យថា ការតម្កល់ថ្មគោលមានរូបត្រីសូល៍ និងកេតនភណ្ឌទេពទាំងបីនេះ គឺទំនងក្នុងបំណងសុំឱ្យទឹកភ្លៀងដែលធ្លាក់ប៉ះចំថ្មគោលទាំងនេះ នឹងបង្កើតបានជាទឹកពិសិដ្ឋសម្រាប់លាងជម្រះបាបហូរចូលទៅក្នុងទន្លេធម្មជាតិ ដើម្បីឱ្យទន្លេទាំងនោះបង្កើតបានទៅជាទឹកពិសិដ្ឋមួយសម្រាប់ប្រោះព្រំដល់ជីវិតនៅលើផែនដី។

ជារួមមក ការបង្ហាញចម្លាក់ត្រីសូល៍ និងថ្មគោលមានចម្លាក់កេតនភណ្ឌទេពសំខាន់ៗទាំងបី (ត្រីមូត៌ិ) នៃព្រហ្មញ្ញសាសនា ទំនងជាប្រពៃណីមួយពាក់ព័ន្ធនឹងការបន្សុទ្ធទឹកធម្មជាតិឱ្យក្លាយជាទឹកពិសិដ្ឋ ហើយប្រពៃណីនេះកើតចេញពីការប្រណិប័តន៍និកាយដ៏ចំណាស់មួយនៅក្នុងលទ្ធិសៃវនិយមដែលគេស្គាល់ថា “និកាយបសុបត”។ និកាយបសុបតនេះប្រហែលហូរចូលមកស្រុកខ្មែរតាមរយៈពួកព្រាហ្មណ៍នៃនិកាយនេះ នៅរវាងស.វ.ទី៧ ហើយបានក្លាយទៅជានិកាយដ៏លេចធ្លោនៅក្នុងសង្គមខ្មែរនៅសម័យអង្គរ៕

————————

Shiva Trident and Pillar represented in the 7th Century

There are at least two Shiva tridents and vases of plenty and two steles of Brahmanism depicting attributes of Trimurti found in the seventh century. All of these artifacts are likely to be placed in areas near significant water sources and it is an idea of purifying natural water into sacred water (tirtha) to wash away sins. This concept is related to one of the oldest sects in Shaivism called the “Pashupata”, as seen in the Mathura region of northern India, with a high pillar attached to a sacred well and there is an image of Shiva trident and Lord Lakulisha (founder of Pashupata sect) holding a club on the pillar.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!