ទំព័រដើមប្រវត្តិសាស្ត្របដិមាព្រះគណេសរកឃើញនៅស្រះតាសេត (អង្គរធំ)

បដិមាព្រះគណេសរកឃើញនៅស្រះតាសេត (អង្គរធំ)

ព្រះគណេស គឺជាទេពដ៏មានប្រជាប្រិយភាពមួយនៅក្នុងសាសនាហិណ្ឌូ។ ទ្រង់ គឺជាបុត្រមួយរបស់ព្រះសិវ និងព្រះនាងបវ៌តី ហើយត្រូវជាបងប្អូនបង្កើតជាមួយព្រះស្កន្ទ។ គេចាត់ទុកព្រះគណេស គឺជាទេពតំណាងឱ្យបញ្ញា ចំណេះដឹង និងជាអ្នកកំចាត់ឧបសគ្គ ឬដាក់ឧបសគ្គ។ ចំពោះកំណើតរបស់ព្រះគណេស និងហេតុផលដែលព្រះអង្គមានព្រះសិរជាសត្វដំរី និងមានខ្លួនពោះកំប៉ោង គឺមាននិយាយខុសៗគ្នាទៅតាមគម្ពីរនីមួយៗ ដូចជា គម្ពីរលិង្គបុរាណ គម្ពីរសុប្រភេទគម គម្ពីរវរហបុរាណ គម្ពីរមត្យបុរាណ គម្ពីរស្កន្ទបុរាណ គម្ពីរសិវបុរាណ គម្ពីរវមនបុរាណ ។ល។ ចាប់តាំងពីសម័យមុនអង្គរមក ព្រះរាជា និងឥស្សរជនជាន់ខ្ពស់នៅសម័យបុរាណខ្មែរ តែងតែបានឧបត្ថម្ភឱ្យសាងសង់ព្រះគណេសតម្កល់នូវតាមទីសក្ការបូជាផ្សេងៗ ទើបប្រពៃណីនេះបានបន្តទៅដល់សម័យអង្គរ ហើយនៅសម័យបច្ចុប្បន្នទេពអង្គនេះក៏នៅតែមានភាពពេញនិយមសម្រាប់ប្រជាជនខ្មែរ ទោះបីសព្វថ្ងៃខ្មែរគោរពព្រះពុទ្ធសាសនាថេរវាទជ្រួតជ្រាបខ្លាំងយ៉ាងណាក៏ដោយ។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញអំពីប្រវត្តិ និងលក្ខណៈជាទូទៅរបស់បដិមាព្រះគណេសចំនួន ១ អង្គ ដែលគេរកឃើញនៅស្រះតាសេត (អង្គរធំ)។

បដិមាព្រះគណេសរកឃើញស្រះតាសេត (អង្គរធំ) (សព្វថ្ងៃតាំងបង្ហាញនៅសារមន្ទីរជាតិហ្គីមេ ប្រទេសបារាំង)

ស្រះតាសេត គឺសំដៅដល់ស្រះមួយដែលស្ថិតនៅទិសឦសានកំពែងក្រុងអង្គរធំ ហើយស្ថិតនៅមិនឆ្ងាយពីប្រាសាទឃ្លាំងខាងត្បូង និងប្រាសាទសួរព្រ័ត្រ (ប្រាសាទនាង១២) សណ្តូកតាមអ័ក្សពីកើតទៅលិច មានបណ្តោយប្រវែង ៩០ម៉ែត្រ និងមានទទឹង ៥០ម៉ែត្រ ហើយមានគែមធ្វើអំពីថ្មបាយក្រៀម។ ក្រៅអំពីបដិមាព្រះគណេសដែលយើងនឹងលើកយកមកបង្ហាញនេះ នៅស្រះតាសេតក៏ជាទីតាំងមួយដែលគេធ្លាប់រកឃើញបដិមាជាច្រើនទៀតផងដែរ។ អ្នកស្រាវជ្រាវជាច្រើនយល់ថា បដិមាព្រះគណេសដែលរកឃើញនៅស្រះតាសេតនេះ គឺជាសិល្បៈរចនាបថបាយ័ន្ត (ចុងស.វ.ទី១២ ដល់ដើមស.វ.ទី១៣) ហើយមានកម្ពស់ ៨២ សង់ទីម៉ែត្រ បណ្តោយ ៦៤ សង់ទីម៉ែត្រ និងទទឹង ៤៧ សង់ទីម៉ែត្រ។ បដិមានេះ បានដឹកជញ្ជូនយកទៅប្រទេសបារាំងក្នុងឆ្នាំ១៩៣១ ដោយសាលាបារាំងចុងបូព៌ាប្រទេស ហើយសព្វថ្ងៃកំពុងរក្សាទុកនៅសារមន្ទីរជាតិហ្គីមេ នាទីក្រុងប៉ារីស ដែលមានលេខសម្គាល់ MG 18052។ ទម្រង់ជាទូទៅរបស់បដិមានេះ គឺអង្គុយនៅលើថ្មទម្រភ្ជាប់គ្នាក្នុងរបៀប “វិរសន” (Virasana) (កាយវិការពែនភ្នែន ព្រះបាទខាងស្តាំដាក់គងនៅលើព្រះបាទខាងឆ្វេង) មានព្រះហស្តចំនួន ៤ ដោយព្រះហស្តខាងមុខចំនួន ២ ដាក់នៅលើជង្គង់ ដោយព្រះហស្តស្តាំកំពុងកាន់អាវុធអ្វីម្យ៉ាង និងព្រះហស្តឆ្វេងកំពុងកាន់ដុំមូល ឬចានគោម (?)។

បំណែកព្រះហស្តផ្នែកខាងក្រោយនៃបដិមាព្រះគណេសរកឃើញនៅស្រះតាសេត

ចំណែកព្រះហស្តខាងក្រោយ ២ ទៀត បានបាក់បែកទៅហើយ។ ប៉ុន្តែ ព្រះហស្តខាងក្រោយដែលបាត់បង់នេះទំនងជាដាក់លើកឡើងលើកម្ពស់ស្មើនឹងព្រះកាណ៌របស់ទ្រង់ (ត្រចៀក) ដ្បិតគេធ្លាប់ឃើញចម្លាក់ព្រះគណេសមួយធ្វើអំពីសំរិទ្ធដែលកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជាមានទម្រង់ព្រះហស្តបែបនេះដែរ។ ព្រះហស្តមួយក្នុងចំណោមព្រះហស្តទាំងពីរខាងក្រោយ កាន់កងចក្រ ដ្បិតគេបានរកឃើញបំណែកព្រះហស្តមួយកាន់កងចក្រនៅស្រះតាសេតនេះស្រាប់ ហើយព្រះហស្តម្ខាងទៀតទំនងជាកាន់ខ្យងស័ង្ខ (?) ព្រោះគេធ្លាប់ឃើញបដិមាព្រះគណេសខ្មែរមួយចំនួនមានព្រះហស្តខាងក្រោយកាន់កងចក្រ និងខ្យងស័ង្ខដូចគ្នា។ នៅលើព្រះកាយនៃបដិមា គេបានតុ​បតែងបដិមាព្រះគណេសជាមួយពស់ឬនាគ ក្នុងទម្រង់ជាខ្សែពិសិដ្ឋចំនួន ៣ ជាន់ ហើយក្បាលរបស់ពស់ឬនាគស្ថិតនៅលើដើមទ្រូង។ ការលម្អបែបនេះ ក៏មាននៅលើព្រះហស្តរបស់ទ្រង់ផងដែរ។ បដិមាព្រះគណេសនេះ មានព្រះសិរលម្អដោយម្កុដរាងដូចភ្នំ (គិរីម្កុដ) ដែលលម្អដោយក្បាច់ផ្កាផ្សេងៗក្នុងទម្រង់ជាក្បាច់អង្គរ។ ព្រះកាណ៌របស់ទ្រង់ បានបាក់បែកទៅហើយ តែស្លាកស្នាមដែលយើងអាចមើលឃើញ គឺមានប្រវែងវែងដូចបដិមាព្រះគណេសដទៃទៀតដែលគេធ្លាប់ឃើញនៅសម័យអង្គរដែរ។ រីឯភ្លុករបស់ទ្រង់ គឺដាច់ខាងចុងបាត់ទៅហើយ នៅសល់ត្រឹមពោះកំប៉ោង។ លើសពីនេះ ការលម្អសំពត់របស់បដិមានេះ គឺមានទម្រង់ទៅរកសិល្បៈខ្មែររចនាបថបាយ័ន្ត ដោយស្លៀកសំពត់ខ្លី គ្មានផ្នត់ជារាងហោប៉ៅ ចងរឹតដោយខ្សែក្រវ៉ាត់មួយ ផ្នត់ជារាងយុថ្កាសាមញ្ញនៅពីមុខនិងក្រោយ។

ជារួមមក បដិមាព្រះគណេសធ្វើអំពីថ្មភក់ដែលរកឃើញនៅស្រះតាសេត ស្ថិតនៅមិនឆ្ងាយពីប្រាសាទឃ្លាំងខាងត្បូង និងប្រាសាទសួរព្រ័ត្រ គឺមានទម្រង់ជាសិល្បៈរចនាបថបាយ័ន្ត ស្រដៀងនឹងបដិមាធ្វើពីសំរិទ្ធដែលកំពុងរក្សាទុកនៅសារមន្ទីរជាតិកម្ពុជាដែរ។ ការបង្កើតបដិមានេះ ស្តែងឱ្យឃើញពីជំនឿ និងការគោរពប្រណិប័តន៍ចំពោះព្រះគណេសយ៉ាងពេញនិយមនៅសម័យបុរាណ ពោល គឺតាំងពីរវាងស.វ.ទី៦មក ការគោរពព្រះគណេសនៅក្នុងសង្គមខ្មែរមានសន្ទុះខ្លាំងក្លារួចទៅហើយ៕

———————

Ganesha found at Srah Ta Set (Angkor Thom)

Ganesha is a deity representing wisdom, and knowledge, a destroyer of obstacles and a setter of obstacles, and is one of the sons of Shiva. This deity has been greatly favored by the kings, dignitaries, and the ancient Khmer people, especially during the pre-Angkorian and Angkorian periods. This article will manifest a Ganesha statue found in Srah Ta Set, not far from the Southern Khleang Temple and Sour Proth Temple. This statue is in the Bayon style of the late 12th to early 13th century, with four arms (the two arms are lost), sitting in the Virasana posture, and of special note, it resembles a bronze statue of Ganesha housed in the National Museum of Cambodia. The presence of the sandstone statue of Ganesha found in Srah Ta Set illustrates the steadfast worship of this deity by the ancient Khmer people.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!