វង់ភ្លេងមហោរី

ប្រទេសកម្ពុជាមានអំណោយផលធម្មជាតិដ៏ឧត្តុង្គឧត្តម ផ្តល់ដល់ជីវិតរស់នៅនៃប្រជាជនខ្មែរប្រកបដោយទំនៀមទម្លាប់ប្រពៃណីដ៏ល្អថ្លៃថ្លា។ ក្នុងនោះធម្មជាតិក៏បានផ្តល់នៅវត្ថុធាតុដើមជាច្រើនដូចជា ដី ឈើ ឫស្សី វល្លិ៍ ដែក ស្បែកសត្វ ឆ្អឹង ភ្លុក និងសំបកខ្យងជាដើម ដែលអាចឱ្យមនុស្សទាញយកមកកែច្នៃប្រើប្រាស់ទៅតាមតម្រូវការប្រចាំថ្ងៃ និងផលិតជាឧបករណ៍តន្រ្តីផ្សេងៗដើម្បីជាការកែកម្សាន្ត។បុព្វបុរសខ្មែរបានច្នៃប្រឌិតប្រកបដោយទេពកោសល្យខ្ពស់ នូវឧបករណ៍តន្ត្រីដ៏សម្បូណ៌បែប​មានស្នែង ត្រែ ប៉ី ខ្លុយ ស្រឡៃ ព្លយ គែន ពិណទ្រ ឃឹម ម៉ិមខ្សែ១ ក្រពើ ចាប៉ី រនាត គង សម្ភោរ ស្គរ ឆាប​ និងឈឹង។ល។

ឧបករណ៍តន្រ្តីទាំងនេះ ជាទូទៅគេច្រើនប្រគំលេងនៅក្នុងវង់តន្ត្រីជាប្រភេទអារក្ខ អាពាហ៍ពិពាហ៍ អាយ៉ៃ ឆៃយ៉ាំ ពិណពាទ្យ និងមហោរី ជាដើម។ “មហោរី”​ សំដៅទៅលើ ចម្រៀង និងវង់តន្ត្រី។ ពាក្យ “មហោរី” ជាឈ្មោះរបស់សត្វស្លាបដែលយើងហៅថា “សត្វមហោរី”។ បើយើងនិយាយអំពីវង់តន្ត្រីវិញ​ គឺសំដៅយកវង់តន្ត្រីខ្នាតតូច ឬធំ ដែលមានឧបករណ៍ រនាតឯក រនាតធុង ទ្រឆេ ទ្រសោតូច ទ្រសោធំ ទ្រអ៊ូ ខ្លុយ ឃឹម ក្រពើ ថូន រមនា ឈឹង និង អ្នកច្រៀង។ ឧបករណ៍នៅក្នុងវង់តន្ត្រីមហោរី អាចមានច្រើន ឬតិចទៅតាមលទ្ធភាព និង ចំណង់ចំណូលចិត្តរបស់តន្ត្រីករ ឬអ្នកឧបត្ថម្ភកម្មវិធី។ ឧទាហរណ៍ វង់តន្ត្រីមហោរីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានបញ្ចូលទាំងទ្រកណ្តាល និងទ្រធំទៀតផង។

ចំពោះវង់តន្ត្រីខ្មែរឯទៀតដែលមានតួនាទីបម្រើឲ្យសាសនា ឬពិធីផ្សេងៗ ដូចជាវង់ តន្ត្រីអារក្ខ អាពាហ៍ពិពាហ៍ ប៉ីកែវ គងស្គរ ជាដើម។ វង់តន្ត្រីមហោរីបម្រើសកម្មភាព ឬព្រឹត្តិការណ៍ ក្រៅសាសនា។ វង់នេះ​ជាវង់តន្ត្រីដែលមានចារិតលក្ខណៈ និងសូរស្រាលដែលគេ​ច្រើនយក ទៅប្រើកំដរល្ខោនមហោរី និងរបាំប្រពៃណីខ្មែរ មានរបាំក្រាប់ របាំនេសាទ របាំអង្រែ ឬ របាំច្រូតស្រូវជាដើម។ ជាពិសេសនៅតាមទីជនបទស្រុកស្រែចម្ការ ក៏ដូចជាទីក្រុងគេតែង តែឮសូរតន្ត្រីមហោរីលេងនៅពេលបាយល្ងាច ឬក្រោយពេលបាយដើម្បីជាការកែកម្សាន្ត។

បទភ្លេងមហោរីមានដូចជា អណ្តើកស៊ីត្រកួន ខ្យល់បក់ជើងភ្នំ​ ស្រីលាវតូច ស្រីបុកស្រូវ ដំណើរខ្មែរ ផ្ទៃស្រុកខ្មែរ ខ្មែរច្រូតស្រូវ ខ្មែរក្រងផ្កា ឡាវគន់មើលព្រះច័ន្រ្ទ  ភូមាចាក់កង្កែប ចិនចុះទូក​ និងបារាំងស្រាវពួរ​ ជាដើម។

មហោរីសម័យ ឬមហោរីក្លាយ

ប្រទេសកម្ពុជាយើងក៏មានវង់តន្ត្រីមហោរីសម័យ ឬមហោរីក្លាយមួយដែរ។ វង់តន្ត្រីនេះ គឺគេរួមបញ្ចូលនូវឧកបករណ៍តន្ត្រីបស្ចឹមប្រទេសមានបង់ហ្សូ វីយ៉ូឡុង ខ្លុយដែក អាក់គ័រដេអុង និងអ៊័រក ជាដើម​ ដោយលេងបទដូចខាងលើនេះដែរ។

ចំពោះការលេងភ្លេងនេះ គឺគេច្រើនអ្នកច្រៀង ច្រៀងមួយល្បះ កំដរដោយថូន រមនា និងឈឹង រួចហើយគេឱ្យអ្នកភ្លេងទទួលមួយចប់ភ្លេង ឆ្លាស់គ្នារហូតដល់ចប់បទ។

អត្ថបទដើម៖ លោកបណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!