ទំព័រដើមសិល្បៈព្រះវិហារ​ចាស់នៅវត្តល្វេ

ព្រះវិហារ​ចាស់នៅវត្តល្វេ

នៅក្នុង​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម មាន​វត្ត​ជា​ច្រើន​បាន​កសាងឡើង​នៅ​តាម​បណ្តោយ​ដងទន្លេមួយដែល​អ្នកស្រុក​ហៅថា “​ទន្លេតូច”។ បើរាប់ត្រួសៗ​វត្ត​បុរាណ​មួយ​ចំនួន​​​​​​​នៅ​​ក្នុង​តំបន់នេះ​​មាន​​​ដូចជា ​​​វត្ត​ពង្រ​ វត្ត​ជំនីក វត្ត​មហា​​លាភ និង​វត្ត​ល្វេ​​ជាដើម។ មក​ដល់​បច្ចុប្បន្ន គេ​សង្កេត​ឃើញថា​ក្នុង​វត្ត​ទាំងនោះ ភាគច្រើន​នៅ​មាន​ព្រះ​វិហារ​​​បុរាណ​ដែល​​​​សេស​សល់​ពីការ​បំផ្លិច​បំផ្លាញ​ក្នុង​​​សម័យ​​​សង្រ្គាម។ ជាក់ស្តែង ​វត្ត​ល្វេស្ថិត​នៅ​ត្រើយ​ម្ខាង​​នៃ​​ដង​ទន្លេតូច​​ គឺ​ជាវត្ត​មាន​ព្រះវិហារ​ចាស់​មួយខ្នង​ មានគំនូរ​បុរាណ​យ៉ាង​ល្អ​គូរ​នៅ​​លើ​​ហប់​ខ្យល់​ជុំវិញ។ ប៉ុន្តែ​បន្ទាប់ពី​វត្តនេះបាន​កសាង​ព្រះវិហារធំ​ថ្មី​មួយទៀតកាល​ពី​ឆ្នាំ​២០០១ ព្រះ​វិហារ​ចាស់ដែល​និយាយមកខាងលើ ​ហាក់ដូចជាត្រូវ​ទុកចោល​ ពុំសូវមាន​ការ​ថែទាំ​ បោសសម្អាត ឬ​ចូល​ទៅ​គោរព​ប្រតិបត្តិ​​​​ដូច​​បុរាណ​​កាល​ឡើយ។

សភាពខាងក្រៅនៃព្រះវិហារ​ចាស់​ក្នុងវត្ត​ល្វេសព្វថ្ងៃ (ថតពីព្រះវិហារថ្មី)

ព្រះវិហារ​ចាស់នៅក្នុង​វត្តល្វេ គឺជាប្រភេទព្រះវិហារ​បុរាណ​​ ​ទំហំ​តូច​ល្មម សង់​លើ​ខឿន​១ថ្នាក់​ ​មាន​បណ្តោយ​ប្រហែល​២០​ម៉ែត្រ និង​ទទឹង​​ជាង​១០ម៉ែត្រ។ នៅលើ​សសរ​​ខាងក្នុង​ជាប់​នឹង​បល្ល័ង្ក​ព្រះជីវ៍​ ​ឃើញ​មាន​ចំណារ​​មួយ​បន្ទាត់ខ្លី​ (រលុបចុងបន្ទាត់បន្តិច) មាន​​សេចក្តីថា “ព្រះពុទ្ធ​ស្សករាជ្យ​ត្រូវ​សាស្នា​អត្តិកត្តា​កន្លង​ទៅបាន​​២៤៥៨” ​ពោលគឺ​ត្រូវ​​នឹង​រវាង​ឆ្នាំ​​១៩១៥ ហើយ​ដែល​​គេ​សន្និដ្ឋាន​ថា​​ជា​ឆ្នាំ​រៀបចំ​ជួស​ជុល ឬរចនា​ក្បាច់​ទឹប​មាស​​ក្នុង​ព្រះ​វិហារ​។ មិន​តែ​​ប៉ុណ្ណោះ បើ​តាម​​អ្នក​ស្រាវជ្រាវ Danielle និង Dominique-Pieree Guéret យល់​ថា​ព្រះវិហារ​ខាងលើ ​សង់​​ក្នុង​ចុង​សតវត្សរ៍​​ទី​១៩​។​ ទន្ទឹមនឹង​នេះ បើផ្អែក​តាម​​​រូបថត​ឯកសារ​​​របស់សាលាបារាំងចុង​បូព៌ាប្រទេស​​ (EFEO) ថតនៅក្នុង​ឆ្នាំ​១៩២៩ ឃើញ​​ថា​ព្រះវិហារ​ចាស់​​វត្ត​ល្វេ​ គឺជា​ព្រះ​វិហារ​ឈើ ពុំមែន​ជញ្ជាំង​​រៀប​​ឥដ្ឋ​ដូច​សព្វ​ថ្ងៃ​ឡើយ ​ហើយ​ការ​លម្អ​នៅ​លើ​​ហោជាង​ទាំង​ពីរ​ហាក់​នៅ​រក្សា​ទម្រង់​ដើម​ទាំងស្រុង។ ប៉ុន្តែ​ទោះជា​យ៉ាង​ណាក្តី ចាស់​ទុំ​​ខ្លះ​ដំណាល​ថា ក្នុង​​សម័យ​សង្រ្គាម​ ​ ព្រះវិហារ​ចាស់​វត្ត​ល្វេនេះ​​បាន​ប្រើ​​ធ្វើ​ជា​​កន្លែ​ងព្យាបាល​​អ្នក​ជំងឺ ហើយវាយ​បំផ្លាញព្រះបដិមាព្រះជីវ៍​ផង​។

បច្ចុប្បន្ន​ព្រះវិហារ​ចាស់វត្តល្វេ គឺជា​សំណង់បេតិកភណ្ឌ​​មួយ​នៅ​ក្នុង​បរិវេណ​វត្ត​​ដែល​​មាន​ដំបូល​ប្រក់​ក្បឿង​ស្រកាលេញ បំពាក់​ជហ្វា​បួន ​ជញ្ជាំង​រៀបឥដ្ឋបូក​បាយអរ និង​មាន​​សសរ​ឈើមូលចំនួន​​២៨​ដើម។ ព្រះ​វិហារ​នេះមានទ្វារខាងមុខ​២ និងខាងក្រោយ​២​។ ចំណែក​ឯ​ជញ្ជាំងចំហៀង​​ទាំង​​សង​ខាង ​​មាន​បង្អួច​សរុប​១២ ហើយលើ​ជញ្ជាំង​ខាង​មុខ និង​ខាងក្រោយ​ត្រង់​ចន្លោះ​ទ្វារ​ ​មាន​កូន​បង្អួច​ម្ខាង១ដូចគ្នា។ នៅ​ជ្រុង​ទាំងបួន មាន​បង្អួច​បញ្ឆោត២ផង​ដែរ​​។ សន្លឹក​ទ្វារ និង​បង្អួច​​​ទាំងអស់​ពុំ​មាន​​ក្បាច់​​លម្អ​អ្វី​ឡើយ ពោល​​គឺ​ជា​​បន្ទះ​​ក្តារ​​លាត ដែល​​ទំនង​ជួស​ជុល​​រៀបចំ​នៅ​​​ក្រោយ​​​សង្រ្គាម។ ប៉ុន្តែ​នៅ​​​ផ្នែក​​​ខាង​​​លើ​ទ្វារ បង្អួច​​នីមួយៗ​មាន​​ក្បាច់​លម្អ​​​រាង​ជា​ពាក់​កណ្តាល​រង្វង់​ផ្កាប់​​លើ​ស៊ុម​​​ទ្វារ និង​បង្អួច​​ទាំង​​នោះ​។ ដោយឡែក​ចំពោះរចនាសម្ព័ន្ធគ្រឿង​បង្គុំផ្នែក​ខាងលើ គេឃើញសាងឡើង​​ដោយ​មាន​ស្លាប​ដំបូល​ជ្រាល​ចុះ​ជាថ្នាក់ៗ លម្អដោយ​ជហ្វា​ពីរនៅចុង​មេដំបូល​ខាងមុខ ជហ្វា​ពីរ​ទៀត​នៅចុង​មេដំបូលខាងក្រោយ​ ដូច​ព្រះវិហារ​បុរាណ​ដទៃទៀត​ដែរ។  នៅ​តាម​ចុង​ចែង​ដំបូល លម្អដោយ​នាគ​ចែង​ ហើយ​នៅតាម​រងស្បូវ​ជុំវិញ លម្អ​ដោយ​​​ក្បាច់​កញ្ចាំង​ និង​ក្បាច់ផ្សេងៗទៀតឆ្លាក់​ពីឈើបិទ​កញ្ចក់​​។

ចំណែកការ​លម្អលើ​ហោជាង​ព្រះវិហារ​ចាស់​វត្តល្វេ គេសង្កេតឃើញ​មាន​​លក្ខណៈ​​ពុំ​​ដូច​គ្នា​ឡើយ។ ​ហោជាង​ខាងកើត ​​​ឆ្លាក់​ពី​ឈើ​ក្នុង​ទម្រង់​ជា​ក្បាច់​ភ្ញីភ្លើង​ ព័ទ្ធ​ជុំវិញ​ទេព​មួយ​អង្គ​មាន​ព្រះហត្ថ៤ ​គង់​លើ​ដំរីក្បាល​បី (​ដំរីព្ធរាវ័ត) និង​​មាន​ទេវ​​តាលេច​​ចេញ​ពី​ខ្សែ​ក្បាច់​ត្រឹមពាក់​កណ្តាល​ខ្លួនប្រណម្យ​សងខាង​។ ថ្វីបើកេតនភណ្ឌខ្លះ​បាក់​របេះបាត់​ តែ​គេ​យល់ថាទេពអង្គនេះ​គឺជា “​ព្រះឥន្ទ្រ” ដែល​ជា​​លោក​បាល​ប្រចាំ​ថែរក្សា​ទិស​ខាង​កើត​។​ ​ចំពោះ​ហោជាង​ខាងលិច ឆ្លាក់​ពីឈើ​ជា​ក្បាច់​ភ្ញីភ្លើង​ដូចហោ​ជាង​ខាង​កើត ដែរ​ តែ​​នៅ​ផ្ទៃកណ្តាល​គេ​ឆ្លាក់​រូប​គ្រុឌ​ ​មាន​ដៃទាំងពីរ​ចាប់​កន្ទុយ​នាគ​ត្រដាង​​​ទៅ​លើ ​ជើង​ទាំង​ពីរជាន់​លើ​ក្បាល​នាគ មានលំនាំស្រដៀង​​ចម្លាក់​គ្រុឌហែកនាគតាម​ប្រាសាទ​​បុរាណ (រូប​លេខ​៧-៨)។​ ជា​អកុស ស្នាដៃសិល្បៈ​​លើ​ហោ​ជា​ង​ទាំងពីរ​បាន​ពុក​របេះ​ខូច​ បាត់​​ផ្នែក​ខ្លះ​​ដោយ​អន្លើ។ ប៉ុន្តែបើ​​​ផ្ទៀង​ផ្ទាត់​នឹង​​រូប​ថត​ឯកសារ​បារាំង​ថត​ឆ្នាំ​​១៩២៩ គេ​ឃើញ​ថា​ទឹកដៃសិល្បៈ​នៃក្បាច់​រចនា​ហោជាង​ទាំងពីរមានលក្ខណៈ​វិចិត្រ​ក្រៃលែង។

ហោជាង​ខាងកើត (រូបថត EFEO ឆ្នាំ​១៩២៩) និង​ស្ថានភាពបច្ចុប្បន្ន

ហោជាង​ខាងលិច (រូបថត EFEO ឆ្នាំ​១៩២៩) និង​ស្ថានភាពបច្ចុប្បន្ន

នៅ​ផ្នែក​ខាងក្នុង​ព្រះ​វិហារ​ គេសង់ឡើង​ដោយមាន​សសរ​ឈើ​​យ៉ាង​ប្រណីត​​​ចំនួន​​៤ជួរ ទុក​​​ល្វែងគ្រឹះ​ធំទូលាយមួយ​​នៅ​កណ្តាល អម​ដោយ​របៀង​សង​ខាង​ តែពុំមាន​​បាំងសាច​ឡើយ ពោលគឺធ្វើ​ជញ្ជាំង​ជិត​ជុំវិញតែម្តង។ ចំពោះ​សសរ​ (៤ដើម​អម​បល្ល័ង្កព្រះជីវ៍) និង​គ្រឿង​បង្គុំ​ឈើនៅផ្នែក​ខាងលើដូចជា ធ្នឹម ​ផ្ទោង ផ្លាន ​និង​បង្កង់ សុទ្ធ​​​តែ​រចនា​ទឹបមាស​ទាំង​អស់។ ប៉ុន្តែ​គួរឱ្យ​ស្តាយ សព្វថ្ងៃមានផ្នែក​​ខ្លះ​ត្រូវ​កណ្តៀរ​ចាប់​​ផ្តើម​​​ស៊ី​បំផ្លាញ និង​ពូនដីបន្តិចម្តងៗ ទន្ទឹម​គ្នា​នឹង​ការ​របេះរបក​ក្បាច់​ទឹប​មាស​ទាំង​នោះ​​ជា​បណ្តើរៗ​ (រូប​លេខ​១០)។ ចំណែក​ព្រះជីវ៍​ក្នុង​ព្រះវិហារ​នេះ​ តម្កល់​នៅ​លើ​បល្ល័ង្ក​យ៉ាង​ខ្ពស់​មួយ​​​នៅ​ចុង​ខាងលិច​ល្វែង​គ្រឹះ តែជា​ព្រះជីវ៍ថ្មី​កសាងឡើង​នៅក្នុង​ឆ្នាំ​១៩៨០។

ស្ថានភាពខ្លះនៃគ្រឿង​បង្គុំខាងលើ

នៅផ្នែកខាងក្នុងព្រះវិហារ​បុរាណ​នេះដែរ ពុំឃើញ​មាន​គំនូរ​នៅ​លើ​​ជញ្ជាំង​​ដូច​ព្រះ​វិហារ​ផ្សេងឡើយ ពោលគឺទុក​ជា​ជញ្ជាំង​លាត លាបពណ៌ស។ ប៉ុន្តែ​ផ្នែក​សំខាន់ៗ​ដែល​គេគូរគឺ សសរ ពិតាន និង​ហប់ខ្យល់។ នៅលើ​សសរទាំង​២៤ដើម ​ខាងមុខ​ព្រះជីវ៍ ក្រៅពី​គូរ​លម្អ​ជា​រូប​នាគ​ពេនព័ទ្ធចុះមក គេឃើញមាន​គូរតួអង្គក្នុង​ទេពកថាមួយចំនួននៅ​ចន្លោះរង្វេលខ្លួននាគ​ដូច​ជា ទេវតា យក្ស ហនុមាន អង្គទ គ្រុឌ កិន្នរ និង​សត្វផ្សេងៗ។

គំនូរ​លើ​ពិតាន (ពិតានឈើ) គេឃើញមាន​តែបួនផ្ទាំងប៉ុណ្ណោះ។ នៅចំពីលើ​ព្រះ​ជីវ៍ គេគូរ​រូបពន្លឺ​​ឆពណ្ណរង្សីជារាងរង្វង់យ៉ាង​ធំ។ ចំណែក​ឯ​បីផ្ទាំង​ផ្សេងទៀត គេគូរជា​រូប​​ព្រះអាទិត្យ ព្រះចន្រ្ទ និង​ទេវបុត្រ អមដោយរូបទេពនិករ​កាន់ផ្កាហោះហើរជុំវិញ។ រូប​វង់​ព្រះអាទិត្យ គេគូរបង្ហាញ​ទេវបុត្រគង់លើ​រាជរថ​ទឹម​រាជសីហ៍ ហើយរូបវង់​ព្រះចន្រ្ទ​គេ​គូរ​ទេវបុត្រ​គង់​រាជរថដែរ តែទឹម​គោ ស្រដៀងនឹង​គំនូរ​ព្រះចន្រ្ទនៅលើ​ពិតាន​ឈើ​​វត្ត​កណ្តាល​ ក្នុង​ស្រុកស្រីសន្ធរដែរ។ ដោយឡែកនៅលើ​ហប់ខ្យល់ ដែលជា​បន្ទះ​ការពារ​ខ្យល់ និងភ្លៀង​នៅចន្លោះ​ធ្នឹម​និង​ពិតាន គេសង្កេតឃើញមាន​គំនូរ​បុរាណតូចៗគូរព័ទ្ធជុំវិញល្វែងគ្រឹះ ហើយ​ពិបាក​នឹង​មើលផង។ ប៉ុន្តែបើ​​ពិនិត្យលម្អិត គេ​ដឹងថាប្រធាន​បទគូរលើ​ហប់ខ្យល់ព្រះវិហារ​ចាស់​វត្ត​ល្វេគឺ រឿងពុទ្ធប្រវត្តិ រឿងក្នុង​ជាតក និង​រឿង​ជ័យទត្តដែលកម្រឃើញមានគូរនៅតាមព្រះវិហារ​ផ្សេង។

សង្ខេបសេចក្តីមក ព្រះវិហារ​ចាស់ក្នុង​វត្ត​ល្វេគឺជា​សំណង់បេតិកភណ្ឌ​ប្រកប​ដោយ​​លក្ខណៈ​ស្ថាបត្យកម្ម និង​សិល្បៈ​បុរាណដ៏កម្រ។ ក្បាច់​លម្អ និង​គំនូរ​សាច់រឿង​នានា​ក្នុង​​ពុទ្ធ​​ប្រវត្តិ រឿង​ជាតក និង​រឿងជ័យ​ទត្តគូរនៅលើ​ហប់ខ្យល់ គឺជា​មូលដ្ឋាន​យ៉ាង​សំខាន់​សម្រាប់ការ​សិក្សា​បន្ថែម​ទៅ​ថ្ងៃខាងមុខ ​អំពី​ទំនាក់​ទំនង និងតួនាទី​សាច់រឿង​ព្រះពុទ្ធ​សាសនាក្នុង​ផ្នត់​គំនិតខ្មែរ​៕

អត្ថបទដោយ៖ ហៀង សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!