បណិធានកថា

ពាក្យ បណិនធានកថា យើងច្រើនឃើញនៅក្នុងគម្ពីរបាលីព្រះពុទ្ធសាសនាដែលនិយាយពីការតាំងចិត្តរបស់សាវ័កព្រះសម្មាសម្ពុទ្ធដើម្បីប្រារព្ធកិច្ចណាមួយ។ ជាក់ស្ដែងនៅក្នុងអដ្ឋកថាខុទ្ទកបាឋៈ សុត្តារម្ភោនៃរតនៈសុត្ត ព្រះអដ្ឋកថាចារ្យបានតែងបណិធានកថាមួយសូត្រឈ្មោះ រតនសុត្តារម្ភោ (ខ្មែរហៅថាធម៌បណិធាន)។ ធម៌បណិធាននៃរតនៈសូត្រ រៀបរាប់អំពីការអធិដ្ឋានរបស់ព្រះអានន្ទត្ថេរ ហើយលោកសូត្រអស់បីយាមក្នុងរាត្រីនៅក្នុងកំផែងក្រុងវេសាលី។ ពាក្យថា បណិធានកថា យើងអាចនិយាយឱ្យងាយយល់បានគឺជាពាក្យបួងសួង ពាក្យអធិដ្ឋាន ការតាំងចិត្ត សេចក្ដីប្រាថ្នា ដែលកើតឡើងពីកុសលកម្មបច្ចុប្បន្ន ហើយសុំសម្រេចផលបុណ្យនៅអនាគតកាល។ ពាក្យនេះយើងពុំសូវឃើញនៅលើអក្សរថ្មក្ដី លើសាស្ត្រា លើក្រាំង និងសំណេរចាស់ៗ ប៉ុន្តែខ្មែរមានអត្ថបទបណិធានតាំងពីសម័យបុរាណមកដល់សម័យបច្ចុប្បន្នតាមរយៈការប្រតិបត្តិសាសនា។ នៅក្នុងការគោរពប្រតិបត្តិសាសនាមនុស្សខ្មែរតែងតែភ្ជាប់និស្ស័យខ្លួនទៅនិងទេព ដែលខ្លួនគោរពបូជាដូចជា ព្រះព្រហ្ម ព្រះឥសូរ ព្រះនារាយណ៍ និងព្រះពុទ្ធ។ រាល់អំពើបុណ្យកុសលដែលកើតចេញពី៖ ការកសាងទេវស្ថាន ការធ្វើអំណោយ(ស្រែ ចម្ការ ​ខ្ញុំប្រុសស្រី ដើមឈើ ស្រូវ អង្ករ គោ ក្របី…) ការស្អាងប្រតិមា ការស្អាងភ្នំខ្សាច់ សាងគម្ពីរ សាស្ត្រា ក្រាំង បំបួសកូន ប្រស់ខ្ញុំ សាងវិហារ សាលា ប្រមេ​ រនាំងមុខដាច់សុទ្ធតែបួងសួង អធិដ្ឋាន ប្រាថ្នា សុំឱ្យផលបុណ្យជួយសម្រេចតាមបំណងរបស់ខ្លួន។  ពាក្យ បួងសួង អធិដ្ឋាន ប្រាថ្នាគ្មានអ្វីក្រៅពីចង់បានផលតបត្រឡប់មកវិញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងអ្នកដទៃជាអ្នកគុណមកលើខ្លួន។ បច្ចុប្បន្នពាក្យទាំងអស់នេះចាស់ទុំខ្មែរទន្ទេញចេះចាំយ៉ាងរត់មាត់ក្លាយជាកម្រងពាក្យសម្រាប់ឱ្យពរជ័យនៅភូមិស្រុក វត្តអារាមនានា។​ ទោះបីជាអត្ថបទ បណិធានប្រើក្នុងវប្បធម៌ខ្មែរយ៉ាងទូលំទូលាយក៏ពិតមែន តែមិនទាន់ចំណងជើងណាមួយបញ្ជាក់ឈ្មោះថា បណិធានកថា​ ឡើយ។ នៅក្នុងទីនេះយើងអាចកំណត់ប្រភេទអត្ថបទ អធិដ្ឋាន ប្រាថ្នា ជាបណិធានកថាបានដោយសម្អាងទៅលើសាស្ត្រាកណ្ឌព្រះវិភង្គ ខ្សែ២ ចារនៅថ្ងៃសុក្រ ១០កើត ខែបុស្ស ព.ស.២៥០៣ នៅសន្លឹកខាងចុងក្រោយបន្ទាប់ពីប្រាប់ពីថ្ងៃខែចារចប់ រួចហើយអ្នកចារសរសេរបញ្ជាក់ថា បណិធានកថា ក្នុងសញ្ញខណ្ឌដែលបញ្ជាក់ពីឈ្មោះចំណងជើងអត្ថបទហើយរៀបរាប់សេចក្ដីអធិដ្ឋានប្រាថ្នារបស់អ្នកចារ(រូបលេខ១)។ ដូច្នេះគេអាចធ្វើចំណាត់ថ្នាក់កម្រងពាក្យបួងសួង អធិដ្ឋាន ប្រាថ្នា ជាបណិធានកថា។

១- ប្រភេទបណិធានកថា

តាមការសង្កេតកន្លងមកយើងអាចបែងចែកប្រភេទបណិធានកថាជាពីរប្រភេទ៖

សងគុណ៖ ជាធម្មតាគុណទោសក្នុងផ្នត់គំនិតខ្មែរចាត់ទុកជារឿងសំខាន់មួយការប្រាស្រ័យទាក់ទងគ្នាមិនថាក្នុងរង្វង់គ្រួសារឬសង្គម។ ឯការប្រាស្រ័យនោះតែងតែមានកំហុសឆ្គង ការជួយសង្គ្រោះទៅតាមតួនាទីជាម្ដាយ ឪពុក កូន ប្ដី ប្រពន្ធ អ្នកគ្រប់គ្រងប្រទេស ទេព្តា សត្វ រុក្ខជាតិ។ ប៉ុន្តែការសងគុណក្នុងអត្ថបទបណិធានកថា យើងឃើញការសងគុណមាតាបិតា (រូបលេខ២, ៣,៤) គ្រូបាអាចារ្យ(រូបលេខ៥) ប្ដី (រូបលេខ៦)។

នេះព្រះនាងលោ អ្នកណី អ្នកថើ ធ្វើបុណ្យសងគុណឪពុក

ប្រយោជន៍បរលោក៖ ក្រៅពីប្រយោជន៍បច្ចុប្បន្នមនុស្សរំពឹងចង់បានផលបុណ្យទៅលោកខាងមុខបន្ទាប់ពីខ្លួនស្លាប់ទៅ ហើយសង្ឃឹមផលបុណ្យរបស់ខ្លួនដែលខំកសាងនោះអាចជួយនាំព្រលឹងវិញ្ញាណខ្លួនដាក់ដល់ឋានបរមសុខ​ សួគ៌ទេវលោក ព្រះនិព្វាន។ ម្យ៉ាងទៀតដើម្បីទ្រទ្រង់សាសនាឱ្យគ្រប់៥០០០វស្សា ឬប្រាថ្នាជាព្រះពុទ្ធ ជាកន្សៃសាព៌េជ្ញ ជាអរិយបុគ្គលថ្នាក់ណាមួយនៅក្នុងសាសនាព្រះសិអារ្យមេត្រី(រូបលេខ៧, ៨, ៩)។

បណិធានកថារបស់លោក ខៅ និងប្រពន្ធធំឈ្មោះនាង ហ៊ូ ប្រពន្ធតូចឈ្មោះនាង ជុំ កំណើតនៅស្រុកសៀមរាបបានគូររឿងព្រះសីធាតុ(ពុទ្ធប្បវត្តិ)ដើម្បីប្រាថ្នាលាបាបកម្មពៀរ​ លាជម្ងឺទាំងពួង លាភាពអាក្រក់ ប្រាថ្នាសម្បត្តិបរិបូណ៌ក្នុងអនាគតកាល(លំនាំដូចពាក្យលារបស់ជ័យនន្ទក្នុងសិលាចារឹកជ័យនន្ទK.301)។

– បណិធានកថាក្នុងសិល្បៈខ្មែរ

បណិធានកថាគេចារឹកទុកដើម្បីបញ្ជាក់ពីអំពើបុណ្យដែលបានបំពេញនិងសេចក្ដីអធិដ្ឋាន ប្រាថ្នាជាសក្ខីកម្ម។​ ជាទូទៅគេចារឹកទុកនៅលើ៖សំណង់ស្ថាបត្យកម្ម៖ នៅរាល់សំណង់ពុទ្ធសាសនា កុដិ សាលា ព្រះវិហារ ក្លោងទ្វារ ចេតិយ អ្នកជួយឧបត្ថម្ភកសាងតែងចារឹកបណិធានកថានៅវត្ថុដែលខ្លួនជួយកសាង។ ខាងក្រោមជាបណិធានកថារបស់អ្នកធ្វើរនាំងមុខដាច់ ក្លោងទ្វារ(រូបលេខ១០ដល់១៦)។

ព្រះពុទ្ធបដិមា៖ គេចារឹកបណិធាននៅខាងក្រោយបល្ល័ង្គ ជ្រីខាងលើបល្ល័ង្គ ជ្រីខាងក្រោមបល្ល័ង្គ លើក្បាច់កន្ទុយត្រីខាងមុខបល្ល័ង្គ និងជាយចីវរ(រូបលេខ១៧ដល់២០)។

សាស្ត្រា៖ បណិធានកថាដែលរកឃើញច្រើនជាគេគឺនៅលើសាស្ត្រាព្រោះសម័យបុរាណគេនិយមចារសាស្ត្រាដើម្បីកត់ត្រាទុកអត្ថបទមេរៀន រឿងល្បែង ក្រមច្បាប់ ក្បួនទំនាយស្រុកទេស ពង្សាវតារ។ គេចារឹក បណិធានកថា នៅក្របមុខ និងសន្លឹកចុងក្រោយ(រូបលេខ២១, ២២)។

គម្ពីរធម៌៖ មកដល់សម័យទំនើបការបោះពុម្ពសៀវភៅការតែសម្បូរបែប​ទំនៀមចារសាស្ត្រាក៏សឹងតែបាត់បង់មិនសូវអ្នកចាប់អារម្មណ៍ ប៉ុន្តែគំនិតគុណទោស បាបបុណ្យនៅតែមានក្នុងគំនិតជានិច្ច។ ជាក់ស្ដែងនៅសម័យប្រែគម្ពីរព្រះត្រៃបិដក មានសៀវភៅធម៌ជាច្រើនមុខ ច្រើនចំណងជើងបានបោះពុម្ពផ្សាយក្រោមការឧបត្ថម្ភអ្នកមានសទ្ធាជាវដាក់វត្តជាបុណ្យកុសល និងជាប្រយោជន៍ដល់សាសនា(រូបលេខ២៣, ២៤)។

ជារួមមកវិញ បណិនកថា ជាពាក្យមានក្នុងគំនិតស្ដែងឡើងជាអត្ថបទតាមរយៈសិលាខ្មែរសម័យបុរាណ ជាពាក្យអធិដ្ឋានក្នុងសេចក្ដីផ្ដើមសាស្ត្រាល្បែងសម័យកណ្ដាលចុងអត្ថបទសាស្ត្រាល្បែង និងនៅលើក្របសាស្ត្រាចម្លងនាសម័យទំនើប។ ពាក្យទាំងអស់នោះបានចារឹកទុកនៅលើថ្ម សាស្ត្រា បដិមា និងវត្ថុជាគ្រឿងបូជាចំពោះសាសនាដែលបង្ហាញពីសក្ខីភាពនៃសទ្ធា ជំនឿ និងវត្ថុបំណងពីការកសាង៖ ប្រាសាទ សាស្ត្រា ក្រាំង បដិមា ចេតិយ គំនូរ គម្ពីរធម៌ទាំងនោះដើម្បីប្រយោជន៍បច្ចុប្បន្ន និងប្រយោជន៍បរលោក៕

អត្ថបទដោយ៖ រឹម ទិត្យបញ្ញា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!